logo
logo

មេរៀនទី១៖ សេចក្តីផ្តើមនៃ“កញ្ចប់សម្ភារៈអាហារល្អ” (Facilitator KH)

Want create site? With Free visual composer you can do it easy.

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀនសិក្ខាកាមនឹងអាចរៀបរាប់អំពី៖

  1. គោលបំណងនៃកញ្ចប់សម្ភារៈអាហារល្អ
  2. ក្រុមគោលដៅត្រឹមត្រូវសម្រាប់ការធ្វើការប្រឹក្សាអំពីអាហារូបត្ថម្ភដោយប្រើប្រាស់កញ្ចប់សម្ភារៈនេះ
  3. សមាសភាពចម្បងៗដែលមាននៅក្នុងកញ្ចប់សម្ភារៈអាហារល្អ

រយៈពេល៖ ១ ម៉ោង

សម្ភារៈជំនួយបង្រៀន

  • “កញ្ចប់សម្ភារៈអាហារល្អ”
  • ច្បាប់ចម្លងនៃកូនសៀវភៅស្តីពី “ការថែទាំខ្លួនឯង” របស់អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI)
  • ច្បាប់ចម្លងនៃឯកសារជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពី “អាហារូបត្ថម្ភ និងមេរោគអេដស៍របស់អង្គការខាណា (KHANA)”
  • ច្បាប់ចម្លងនៃសៀវភៅស្តីពី “ការចិញ្ចឹមបីបាច់បន្ថែមសម្រាប់ក្មេងអាយុពី៦ទៅ២៣ខែ” របស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO)
  • ច្បាប់ចម្លងនៃសៀវភៅផ្ទាំងរូបភាពស្តីពី “ការលើកកម្ពស់ ការគាំទ្រការចញ្ចឹម និងថែទាំទារក និងកុមារតូចៗនៅក្នុងសហគមន៍ស្រឡាញ់ទារក (BFCI)” របស់កម្មវិធីជាតិអាហារូបត្ថម្ភ
  • ច្បាប់ចម្លងស្តីពី “ឯកសារជំនួយបង្ហាញការដាំស្ល”
  • ក្រដាសផ្ទាំងធំ ឬក្តារខៀន
  • ហ្វឺតសម្រាប់សរសេរ
  • ស្ទីកគ័រពណ៌

វិធីសាស្ត្របង្រៀន

  • ការបំផុសគំនិត
  • ការធ្វើបង្ហាញ
  • ការពិភាក្សាក្រុម និង
  • ការធ្វើបទបង្ហាញរបស់សិក្ខាកាម

សេចក្តីផ្តើម

ដើម្បីឱ្យមានសុខភាពល្អ និងរស់នៅប្រកបដោយភាពស្រស់ស្រាយក្នុងជីវិត អ្នករស់នៅជាមួយមេរោគអេដស៍ត្រូវយកចិត្តទុកដាក់ថែទាំជាពិសេសដល់សុខភាពខ្លួនឯង។ មានកិច្ចការជាច្រើនដែលពួកគេអាចធ្វើដើម្បីឱ្យមានសុខភាពល្អ ដូចជា រក្សាអនាម័យខ្លួនប្រាណ សម្អាតគេហដ្ឋានឱ្យបានស្អាតដើម្បីចៀសវាងការឆ្លងរោគផ្សេងៗបរិភោគអាហារឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ប្រើឱសថឱ្យបានត្រឹមត្រូវ ធ្វើចលនា និងលំហាត់ប្រាណទៀងទាត់ និងបន្តអនុវត្តឥរិយាបថវិជ្ជមាន។

នៅក្នុងប្រទេសកម្ពុជាការផ្តល់សេវាសុខភាពសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ទាំងនៅក្នុងគ្រឹះស្ថានសុខាភិបាលក៏ដូចជាសហគមន៍ទាំងមូលកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះរួមបញ្ចូលនូវសេវាផ្សេងៗនៅក្នុងមន្ទីរពេទ្យ មណ្ឌលសុខភាព (HC) គ្លីនិកព្យាបាលជំងឺឱកាសនិយម/ព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគ (OI/ART) និងជាពិសេស ការផ្តល់សេវាសុខភាពពីក្រុមថែទាំតាមផ្ទះ (HBCTs)។ អ្នកគឺជាប្រភពដ៏មានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន និងការគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍ ហើយអ្នកក៏ត្រូវទទួលការបណ្តុះបណ្តាល និងការគាំទ្រឱ្យបានល្អផងដែរ ដើម្បីធ្វើឱ្យការងាររបស់អ្នកកាន់តែប្រសើរឡើង។

បង្ហាញពីគោលបំណងមេរៀន

អ្នកសម្របសម្រួលបង្ហាញគោលបំណងនៃការសិក្សា (ដែលសរសេរដាក់លើក្រដាសផ្ទាំងធំ) ហើយសុំឱ្យសិក្ខាកាមម្នាក់អានគោលបំណងទាំងនោះឱ្យឮៗដល់សិក្ខាកាមទាំងអស់។ ពិភាក្សាពីគោលបំណងនីមួយៗជាមួយសិក្ខាកាមទាំងអស់ដើម្បីឱ្យប្រាកដថាពួកគេបានយល់ច្បាស់។

ណែនាំមេរៀនដោយរៀបរាប់អំពីខ្លឹមសាររួម។ មេរៀនទាំងនោះនឹងផ្តោតលើ៖

  • ប្រវត្តិរបស់ “កញ្ចប់សម្ភារៈអាហារល្អ”
  • គោលបំណងនៃការប្រើ“កញ្ចប់សម្ភារៈអាហារល្អ”
  • ក្រុមគោលដៅនៃ“កញ្ចប់សម្ភារៈអាហារល្អ”
  • ខ្លឹមសារនៃ “កញ្ចប់សម្ភារៈអាហារល្អ”
  • សំណួរសាកល្បង

គោលបំណងនៃការសិក្សា៖

នៅចុងបញ្ចប់នៃមេរៀនសិក្ខាកាមទាំងអស់នឹងអាចរៀបរាប់អំពី៖

  1. គោលបំណងនៃកញ្ចប់សម្ភារៈអាហារល្អ
  2. ក្រុមគោលដៅត្រឹមត្រូវសម្រាប់ការធ្វើការប្រឹក្សាអំពីអាហារូបត្ថម្ភ ដោយប្រើប្រាស់កញ្ចប់សម្ភារៈនេះ
  3. សមាសភាពចម្បងៗដែលមាននៅក្នុងកញ្ចប់សម្ភារៈអាហារល្អ

គោលបំណងទី១៖

សិក្ខាកាមនឹងអាចរៀបរាប់អំពីគោលបំណងនៃកញ្ចប់សម្ភារៈអាហារល្អ

វិធីសាស្ត្របង្រៀន៖ ការបំផុសគំនិត និងការធ្វើបទបង្ហាញ

ជំហានទី១៖ ការបំផុសគំនិត

រយៈពេល៖ ២០នាទី

ការណែនាំពីសកម្មភាព៖

អ្នកសម្របសម្រួលចាប់ផ្តើមមេរៀនដោយសួរទៅកាន់សិក្ខាកាមថា “ហេតុអ្វីបានជាអាហារូបត្ថម្ភល្អមានសារៈសំខាន់ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍”?

ពេលសិក្ខាកាមឆ្លើយ អ្នកសម្របសម្រួលសរសេរចម្លើយនៅលើក្រដាសផ្ទាំងធំ។

ពិភាក្សា និងសង្ខេបខ្លឹមសារ

អាហារូបត្ថម្ភ និងមេរោគអេដស៍មានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ដូច្នេះហើយអ្នករស់នៅជាមួយមេរោគអេដស៍ចាំបាច់ត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះអាហារ បរិមាណអាហារ និងភាពញឹកញាប់ដែលត្រូវទទួលទានអាហារ។ ដោយសារតែសារពាង្គកាយរបស់ពួកគេកំពុងតែប្រឆាំងនឹងមេរោគ អ្នករស់នៅជាមួយមេរោគអេដស៍ត្រូវទទួលទានប្រភេទអាហារដែលមានសារធាតុចិញ្ចឹមច្រើនជាងអ្នកដែលគ្មានផ្ទុកមេរោគអេដស៍។ សារពាង្គកាយរបស់អ្នករស់នៅជាមួយមេរោគអេដស៍ត្រូវការថាមពល និងសារជាតិចិញ្ចឹមបន្ថែមដើម្បីប្រឆាំងនឹងមេរោគ។ ប៉ុន្តែពេលខ្លះចំណុចនេះមានការពិបាកសម្រាប់ពួកគាត់ ដោយសារតែស្ថានភាពជំងឺ និងឱសថព្យាបាលដែលពួកគាត់ប្រើជាប្រចាំធ្វើឱ្យប៉ះពាល់ដល់រសជាតិអាហារ ឬក៏អាចធ្វើឱ្យពួកគាត់បាត់បង់ចំណង់បរិភោគ។ បញ្ហាជាទូទៅដែលធ្វើឱ្យពួកគាត់មានការពិបាកក្នុងការទទួលទានមានដូចជា អាការៈក្អួតចង្អោរ និងឈឺមាត់ ជាដើម។ អ្នករស់នៅជាមួយមេរោគអេដស៍ភាគច្រើនជាអ្នកមានជីវភាពក្រខ្សត់ ហើយពួកគាត់ពិបាកក្នុងការលៃលករកអាហារសមរម្យគ្រប់គ្រាន់ដើម្បីទទួលទាន។ អារម្មណ៍ឯកោ អស់កម្លាំង និងពិបាកចិត្តក៏ជាមូលហេតុដែលធ្វើឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មិនចង់បរិភោគ ឬមិនបានរៀបចំអាហារឱ្យបានត្រឹមត្រូវសម្រាប់ខ្លួនដែរ។

មេរោគអេដស៍ក៏អាចធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សារធាតុចិញ្ចឹមរបស់រាងកាយ ដែលជាហេតុធ្វើឱ្យសារពាង្គកាយពិបាកទប់ទល់ប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ។ ការស្រកទម្ងន់គឺជាសញ្ញាគ្រោះថ្នាក់ចម្បងមួយនៃការឆ្លងជំងឺឱកាសនិយម (OI) និងបញ្ហាផ្សេងៗ ដូចជា បញ្ហាចិត្តសង្គម ដែលកើតមានឡើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍។ ជំងឺរាករូសអាចបណ្តាលឱ្យអាហារដែលបានទទួលទានហូរចេញលឿនពេក ដែលជាហេតុធ្វើឱ្យសារពាង្គកាយមិនបានស្រូបយក និងប្រើប្រាស់សារជាតិចិញ្ចឹម។ ទាំងនេះជាហេតុបណ្តាលឱ្យអ្នកជំងឺស្រកទម្ងន់ និងខ្វះអាហារូបត្ថម្ភ។ វាមានសារៈសំខាន់ណាស់សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ក្នុងការរក្សាទម្ងន់ដើម្បីប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។

បើទោះបីជាអ្នករស់នៅជាមួយមេរោគអេដស៍ស្ថិតក្នុងស្ថានភាពគ្មានជំងឺក៏ដោយក៏អាហារូបត្ថម្ភល្អមានសារៈសំខាន់ចំពោះសុខមាលភាពរបស់ពួកគាត់ដែរ ព្រោះអាហារទាំងនេះអាចជួយរក្សាឱ្យរាងកាយរឹងមាំ។ សារពាង្គកាយអាចទប់ទល់នឹងការឆ្លងមេរោគ និងពន្យាការវិវឌ្ឍន៍ទៅជាជំងឺអេដស៍។ អាហារូបត្ថម្ភល្អមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលទើបតែឆ្លងមេរោគអេដស៍។ ការប្រឹក្សាអំពីអាហារូបត្ថម្ភ និងការអប់រំទាន់ពេលវេលាអាចធ្វើឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មានឱកាសបង្កើតនូវទម្លាប់បរិភោគល្អ ចេះស្វះស្វែងរកអាហារត្រឹមត្រូវ និងចេះថែទាំសុខភាពបានត្រឹមត្រូវ។

កញ្ចប់សម្ភារៈអាហារល្អគឺជាឧបករណ៍សម្រាប់អប់រំ ផ្តល់ប្រឹក្សា ដោះស្រាយបញ្ហា និងផ្លាស់ប្តូរការប្រព្រឹត្ត ដែលនឹងជម្រុញឱ្យអ្នកផ្តល់ប្រឹក្សាអាចជួយអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងការកំណត់បញ្ហា និងស្វែងរកដំណោះស្រាយទៅលើបញ្ហាប្រឈមចំពោះអាហារ និងសុខភាពដែលអ្នករស់នៅជាមួយមេរោគអេដស៍ជួបប្រទះរាល់ថ្ងៃ។ កញ្ចប់សម្ភារៈនេះនឹងជួយឱ្យអ្នក និងអតិថិជន ក្នុងការជ្រើសរើសអាហារដែលអាចរកបាន ដើម្បីឱ្យពួកគាត់អាចទទួលទានបានគ្រប់គ្រាន់ និងរក្សាទម្ងន់បានល្អធម្មតា។ ស្ត្រីរស់នៅជាមួយមេរោគអេដស៍ដែលមានផ្ទៃពោះ និងស្ត្រីរស់នៅជាមួយមេរោគអេដស៍ដែលកំពុងបំបៅដោះកូន ក៏ដូចជាកុមារដែលប្រឈមនឹងមេរោគអេដស៍ និងកុមារដែលរស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះដោយសារបញ្ហាអាហារូបត្ថម្ភ ហើយពួកគេមានតម្រូវការអាហារូបត្ថម្ភច្រើនជាងធម្មតា។

ជំហានទី២៖ ការធ្វើបទបង្ហាញ

ពន្យល់៖ នៅកម្ពុជា សម្ភារៈអប់រំទាក់ទងនឹងអាហារូបត្ថម្ភ និងមេរោគអេដស៍ធ្លាប់មានគេរៀបរៀងឡើងដែរហើយ។ បង្ហាញសិក្ខាកាមនូវសៀវភៅស៊េរី “ការថែទាំដោយខ្លួនឯង” (ជាពិសេសសៀវភៅស៊េរីទី២ និងស៊េរីទី៤) របស់អង្គការសុខភាពគ្រួសារអន្តរជាតិ។

កូនសៀវភៅភាគទី២នៅក្នុងស៊េរីនេះមានបង្ហាញពីព័ត៌មានទូទៅអំពីអាហារូបត្ថម្ភនៅទំព័រទី៨ដែលត្រូវបានរៀបចំឡើងសម្រាប់ឱ្យអ្នករស់នៅជាមួយមេរោគអេដស៍អាន និងប្រើប្រាស់ដោយខ្លួនឯង។ សៀវភៅនេះ មានព័ត៌មាន និងដំបូន្មានល្អៗអំពីការថែទាំជំងឺ និងរោគសញ្ញាផ្សេងៗ។ សៀវភៅនេះផ្តល់នូវចំណេះដឹងជាច្រើន អមដោយរូបគំនូរស្អាតៗ និងលើកទឹកចិត្តឱ្យអ្នកជំងឺមានអារម្មណ៍ស្ងប់ស្ងាត់ និងវិជ្ជមាន ដើម្បីឱ្យពួកគេអាចបន្សាុំជីវិតរស់នៅបានល្អជាមួយមេរោគអេដស៍។

សៀវភៅភាគទី៤នៅក្នុងស៊េរីនេះមានបង្ហាញពីព័ត៌មានអំពីសុខភាពសម្រាប់អ្នករស់នៅជាមួយមេរោគអេដេស៍ ដែលមានផ្ទៃពោះ និងស្ត្រីដែលបានសម្រាលកូនរួច (ទំព័រទី៤ និងទី២០)។ សៀវភៅនេះក៏មានព័ត៌មានបន្ថែមអំពីការផ្តល់ចំណីបន្ថែមសម្រាប់ទារកអាយុ៦–២៤ខែ ដើម្បីឱ្យទារករឹងមាំ និងមានសុខភាពល្អ (ទំព័រទី២៦ និងទី៣២)។ សូមកត់សម្គាល់ថាព័ត៌មាននៅក្នុងសៀវភៅនេះដែលណែនាំអំពីការចិញ្ចឹមទារកអាយុក្រោម៦ខែ ដែលរស់នៅជាមួយមេរោគអេដស៍ មិនអនុលោមទៅតាមអនុសាសន៍ណែនាំបច្ចុប្បន្នទេ។

សួរទៅសិក្ខាកាមថា៖ តើអ្នកបានប្រើសៀវភៅស៊េរីថែទាំសុខភាពដោយខ្លួនឯងនេះឬនៅ? តើអ្នកប្រើវាដូចម្តេច? តើអ្នកបានឃើញខ្លឹមសារអំពីអាហារូបត្ថម្ភនៅក្នុងសៀវភៅនេះឬទេ?

បង្ហាញសិក្ខាកាមនូវសៀវភៅបណ្តុះបណ្តាលរបស់អង្គការខាណាស្តីពីមេរោគអេដស៍ និងអាហារូបត្ថម្ភ (ប្រសិនបើមាន។)

នេះជាសៀវភៅមគ្គុទេសដ៏ល្អ ដែលបង្រៀននូវចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ និងអាហារូបត្ថម្ភ (ជាពិសេសសម្រាប់អ្នកផ្តល់សេវាថែទាំ ដូចជាក្រុមថែទាំតាមផ្ទះជាដើម)។ សៀវភៅនេះមានប្រធានបទសំខាន់ជាច្រើនដូចជា៖

  1. អាហារូបត្ថម្ភទូទៅ រួមទាំងអាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ
  2. មេរោគអេដស៍ និងអាហារូបត្ថម្ភ
  3. អាហារូបត្ថម្ភ និងអន្តរកម្មឱសថប្រឆាំងនឹងមេរោគអេដស៍ (ART) រួមទាំងផលរំខាន
  4. អាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍
  5. ការទទួលទានទឹកដែលមានសុវត្ថិភាព និងអនាម័យ។

បង្ហាញសិក្ខាកាមនូវឯកសារជំនួយអំពីរបៀបដាំស្លសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍។ សៀវភៅនេះផលិតឡើងដើម្បីណែនាំអំពីរបៀបធ្វើបទបង្ហាញពីការដាំស្លសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍។ សៀវភៅនេះក៏មានខ្លឹមសារអាហារូបត្ថម្ភដែរ ដោយបង្ហាញពីអាហារ និងការទទួលទានដើម្បីសុខភាព និងមានប្រមូលផ្តុំទៅដោយវិធីងាយៗក្នុងការរៀបចំមុខម្ហូបដែលពួកគេអាចរកបាន។

ពន្យល់៖ មានឯកសារជាច្រើនដែលនិយាយពីទំនាក់ទំនងនៃអាហារូបត្ថម្ភចំពោះមាតា និងទារកដែលសិក្ខាកាមអាចយកទៅប្រឹក្សាជាមួយ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ស្ត្រីជាមាតាទូទៅ ឪពុក និងសមាជិកគ្រួសារផ្សេងៗទៀត ឬអ្នកមើលថែ (ឧ. ជីដូនជីតា)។

  • កំណត់សម្គាល់

    ពន្យល់ពីចំនុចនេះប្រសិនបើមានសិក្ខាកាមធ្វើការជាមួយស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន ក៏ដូចជាកុមារដែលប្រឈមការឆ្លងមេរោគអេដស៍ និងកុមារដែលបានឆ្លងមេរោគអេដស៍។

បង្ហាញសិក្ខាកាមនូវសៀវភៅសន្លឹកផ្ទាត់ស្តីពី ការលើកកម្ពស់ ការគាំទ្រ ការចិញ្ចឹម ការថែទាំទារក និងកុមារតូចៗនៅក្នុងសហគមន៍ស្រឡាញ់ទារកដែលរៀបចំឡើងដោយកម្មវិធីជាតិអាហារូបត្ថម្ភ។

សៀវភៅសន្លឹកផ្ទាត់នេះប្រើសម្រាប់ការបង្រៀននៅតាមសហគមន៍ ដើម្បីឱ្យស្ត្រីជាមាតា និងអាណាព្យាបាល ក៏ដូចជាសមាជិកសហគមន៍ដទៃបានយល់ពីវិធីសាស្ត្របំបៅកូនដោយទឹកដោះ និងការផ្តល់អាហារបន្ថែម។ ធនធានសំខាន់មួយទៀតនៅក្នុងនោះ គឺ““ការផ្តល់អាហារបន្ថែមសម្រាប់កុមារអាយុ៦–២៣ខែ ដែលជាសៀវភៅធ្វើម្ហូបសម្រាប់មាតា និងអាណាព្យាបាល”របស់អង្គការស្បៀងអាហារ និងកសិកម្ម។ សៀវភៅនេះផ្តល់ការណែនាំពីរបៀបរៀបចំ អាហារូបត្ថម្ភ និងអាហារបន្ថែមសម្រាប់កុមារតូចៗ។

Did you find apk for android? You can find new Free Android Games and apps.