
គោលបំណងមេរៀន
នៅចុងបញ្ចប់នៃមេរៀនសិក្ខាកាមនឹងអាច៖
- កំណត់និយមន័យពាក្យគន្លឹះទាក់ទងនឹងមូលដ្ឋាននៃអាហារូបត្ថម្ភ
- ប្រាប់ឈ្មោះក្រុមអាហារទាំងបីក្រុមដោយរៀបរាប់ពីតួនាទីរបស់ក្រុមអាហារនីមួយៗ
នៅក្នុងរាងកាយ និងផ្តល់ឧទាហរណ៍ដែលមាននៅក្នុងអាហារក្រុមនីមួយៗ - អាចរៀបរាប់បានថា “តើថាមពលជាអ្វី” និងរៀបរាប់ពីតម្រូវការថាមពលសម្រាប់ក្រុមមនុស្សផ្សេងគ្នា
- យល់អំពីការផ្លាស់ប្តូរនៃតម្រូវការអាហារូបត្ថម្ភក្នុងវដ្តជីវិតរបស់មនុស្ស
រយៈពេល៖ ៣ម៉ោងកន្លះ
សម្ភារៈជំនួយបង្រៀន
- “កពា្ចប់សម្ភារៈអាហារល្អ”
- ផ្ទាំងរូបភាពអំពីអាហារទាំងបីក្រុមរបស់អង្គការ ហេឡែនខេលល័រអន្តរជាតិ/កម្មវិធីជាតិអាហារូបត្ថម្ភ
- ក្រដាសផ្ទាំងធំ ឬក្តារខៀនសម្រាប់សរសេរហ្វឺត
- ហ្វឺតសម្រាប់សរសេរ
- កូនបាល់
- រូបភាពបាយក្នុងចានយកចេញពីកញ្ចប់សម្ភារៈ
- រូបភាពដើមស្រូវដែលលូតលាស់ល្អ (ខ្ពស់) និងលូតលាស់មិនល្អ (ទាប)
- បង់ស្អិត ឬម្ជុល
វិធីសាស្ត្របង្រៀន
- ការធ្វើបទបង្ហាញដោយមានការចូលរួម
- ការបំផុសគំនិត
- ពិភាក្សាក្រុម
- ល្បែង
សេចក្តីផ្តើម
រាងកាយមនុស្សយើងផ្សំឡើងដោយសារអាហារ និងទឹកដែលយើងបរិភោគ។ អាហារ និងទឹកមានផ្ទុកសារជាតិចិញ្ចឹមផ្សេងៗហើយសារធាតុចិញ្ចឹមនីមួយៗផ្តល់អត្ថប្រយោជន៍ខុសៗគ្នាដល់រាងកាយយើង។ សារជាតិចិញ្ចឹមខ្លះផ្តល់ឱ្យរាងកាយយើងនូវថាមពលខ្លះការពារយើងពីជំងឺ ហើយខ្លះទៀតជួយឱ្យសាច់ដុំ និងឆ្អឹងរបស់យើងលូតលាស់បានល្អដែលធ្វើឱ្យយើងមានសុខភាពមាំមួន។រាងកាយរបស់យើងត្រូវការរាល់សារជាតិចិញ្ចឹមទាំងនេះដើម្បីដំណើរការមុខងារសរីរាង្គឱ្យបានល្អ និងធ្វើឱ្យយើងមានសុខភាពល្អ និងរក្សាទម្ងន់បានល្អធម្មតា។ អាហារូបត្ថម្ភល្អបានមកពីការបរិភោគអាហារផ្សេងៗច្រើនមុខដែលចេញពីក្រុមអាហារផ្សេងគ្នាតាមបរិមាណមួយដែលត្រឹមត្រូវហើយវាផ្តល់សារជាតិចិញ្ចឹមទាំងនោះតាមតម្រូវការរបស់រាងកាយដើម្បីបានសុខភាពល្អ។ ការបរិភោគអាហារក្នុងបរិមាណច្រើនតែមួយមុខនឹងបណ្តាលឱ្យមានអតុល្យភាពក្នុងរាងកាយ និងនាំឱ្យរាងកាយមានជំងឺផ្សេងៗ។ ទារកអាចទទួលបានសារធាតុចិញ្ចឹមសម្រាប់លូតលាស់បានតែតាមរយៈការបំបៅដោះម្តាយ ឬតាមការបៅទឹកដោះគោម្សៅតែប៉ុណ្ណោះ (អាហារជំនួស) ក្នុងរយៈពេល៦ខែ។
បន្ទាប់ពីដំណាក់កាលនេះ ស្ត្រីជាមាតាអាចឱ្យទារកបរិភោគអាហារជាលើកដំបូងបាន។ ក្នុងមេរៀននេះយើងនឹងសិក្សាអំពីគោលការណ៍ជាមូលដ្ឋាននៃអាហារូបត្ថម្ភខ្លះៗ សម្រាប់មនុស្សពេញវ័យ និងកុមារ។ នៅផ្នែកក្រោយៗនៃវគ្គបណ្តុះបណ្តាលនេះ យើងនឹងសិក្សាអំពីបញ្ហាអាហារូបត្ថម្ភជាក់លាក់សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា។
- សួរសំណួរ
មុននឹងបង្ហាញគោលបំណងេមរៀន សួរអ្នកចូលរួម៖ តើមាននរណាមានសំណួរ ឬទេ?
បង្ហាញពីគោលបំណងមេរៀន
អ្នកសម្របសម្រួលបង្ហាញពីគោលបំណងនៃការសិក្សា (ដែលបានសរសេរដាក់លើក្រដាសផ្ទាំងធំ) ហើយសុំឱ្យសិក្ខាកាមម្នាក់អានឮៗដល់ក្រុម។ ពិភាក្សាអំពីគោលបំណងនីមួយៗជាមួយសិក្ខាកាម ដើម្បីឱ្យប្រាកដថាពួកគេបានយល់ពីខ្លឹមសាររបស់គោលបំណងមេរៀនបានច្បាស់លាស់។
នៅចុងបញ្ចប់នៃមេរៀនសិក្ខាកាមទាំងអស់នឹងអាច៖
- កំណត់និយមន័យពាក្យគន្លឹះទាក់ទងនឹងមូលដ្ឋាននៃអាហារូបត្ថម្ភ
- ប្រាប់ឈ្មោះក្រុមអាហារទាំងបីក្រុមដោយរៀបរាប់ពីតួនាទីរបស់ក្រុមអាហារនីមួយៗ
នៅក្នុងរាងកាយ និងផ្តល់ឧទាហរណ៍ដែលមាននៅក្នុងអាហារក្រុមនីមួយៗ - អាចរៀបរាប់បានថា “តើថាមពលជាអ្វី” និងរៀបរាប់ពីតម្រូវការថាមពលសម្រាប់ក្រុមមនុស្សផ្សេងគ្នា
- យល់អំពីការផ្លាស់ប្តូរនៃតម្រូវការអាហារូបត្ថម្ភក្នុងវដ្តជីវិតរបស់មនុស្ស។
គោលបំណងទី១
សិក្ខាកាមនឹងអាចកំណត់និយមន័យពាក្យគន្លឹះទាក់ទងនឹងមូលដ្ឋាននៃអាហារូបត្ថម្ភ
វិធីសាស្ត្របង្រៀន៖ វិធីសាស្ត្របង្រៀនតាមបែបចូលរួម
ចាប់ផ្តើមការធ្វើបទបង្ហាញដោយសួរសំណួរទៅសិក្ខាកាមថា តើ “អាហារ” និង“អាហារូបត្ថម្ភ” មានអត្ថន័យខុសគ្នាយ៉ាងដូចម្តេច?
សរសេររាល់ចម្លើយដែលសិក្ខាកាមឆ្លើយនៅលើក្តារខៀន។
- អាហារ៖ ជាអ្វីដែលយើងអាចបរិភោគ និងផឹកបានហើយវាផ្តល់ថាមពល និងសារជាតិចិញ្ចឹមដល់រាងកាយដើម្បីជួយឱ្យរាងកាយអាចបំពេញមុខងារផ្សេងៗ។
- អាហារូបត្ថម្ភ៖ ជាដំណើរការនៃការស្រូបយក និងការរំលាយអាហាររបស់រាងកាយសម្រាប់ការលូតលាស់ការបន្តពូជ និងការរក្សាសុខភាព។
សំណួរ៖ តើពាក្យ“សារជាតិចិញ្ចឹម” “មីក្រូសារជាតិ” និង“ម៉ាក្រូសារជាតិ” មានអត្ថន័យខុសគ្នាដូចម្តេច?
- សារជាតិចិញ្ចឹម៖ ជាសារធាតុដែលមានក្នុងអាហារដែលអាចត្រូវបានទទួលមេតាបូលិក ដើម្បីផ្តល់ថាមពលសម្រាប់ការរក្សាជួសជុល និងផលិតជាលិកានៃរាងកាយ។
- សារជាតិចិញ្ចឹមចែកចេញជា៖
- ម៉ាក្រូសារជាតិ៖ ជាតិស្ករ ប្រូតេអ៊ីន និងជាតិខ្លាញ់ (ត្រូវការក្នុងបរិមាណច្រើន)
- មីក្រូសារជាតិ៖ ជីវជាតិផ្សេងៗ និងជាតិខនិជ (ត្រូវការក្នុងបរិមាណតិចតួច)
គោលបំណងទី២
សិក្ខាកាមនឹងអាចប្រាប់ឈ្មោះក្រុមអាហារទាំងបីក្រុម ដោយរៀបរាប់ពីតួនាទីរបស់ក្រុមអាហារនីមួយៗ
វិធីសាស្ត្របង្រៀន៖ការធ្វើបទបង្ហាញការពិភាក្សាក្រុមល្បែង
បិទផ្ទាំងរូបភាពរបស់អង្គការហេឡែនខេលល័រអន្តរជាតិ/កម្មវិធីជាតិអាហារូបត្ថម្ភស្តីពីអាហារទាំងបីក្រុម នៅកន្លែងណាដែលសិក្ខាកាមអាចមើលឃើញបានច្បាស់។
សំណួរ៖ “តើអ្នកស្គាល់អាហារទាំងបីក្រុមនេះដែរទេ?”
សុំឱ្យសិក្ខាកាមរៀបរាប់ពីអាហារទាំងបីក្រុមរួចចង្អុលនៅលើផ្ទាំងរូបភាព។
ពន្យល់ថា៖ ប្រភេទអាហារនិមួួយៗមានប្រយោជន៍ផ្សេងៗគ្នាដល់រាងកាយរបស់យើង។ អាហារទាំងបីក្រុមនេះរួមមាន៖
- អាហារថាមពល៖ គឺអាហារពពួកជាតិម្សៅ ផ្អែមដូចជា បាយ គុយទាវ មី នំប័ុង ដំឡូង ប្រេងឆា ៘ ជាធម្មតាអាហារថាមពលបានមកពីរុក្ខជាតិដែលមានពណ៌ស ឬពណ៌ត្នោត។ អាហារក្រុមនេះជាប្រភពដ៏សំខាន់នៃកាបូអ៊ីដ្រាត និងជាតិខ្លាញ់ ដែលផ្តល់ថាមពលសម្រាប់រាងកាយ។
- អាហារស្ថាបនារាងកាយ៖ សំដៅលើអាហារពពួកជាតិសាច់ ស៊ុត ដូចជាសាច់ ត្រី អន្ទង់ ស៊ុត កង្កែប ថ្លើម មាន់ ផលិតផលធ្វើពីទឹកដោះគោ ទឹកសណ្តែក សណ្តែកបាយ សណ្តែកសៀង និងតៅហ៊ូ៘ អាហារស្ថាបនារាងកាយនេះ ជាធម្មតាបានមកពីសាច់សត្វ ប៉ុន្តែគ្រាប់ផ្លែឈើ និងសណ្តែក (ដូចជា សណ្តែកសៀង ឬសណ្តែកបាយ) ក៏ជាអាហារស្ថាបនារាងកាយដែរ។ អាហារស្ថាបនារាងកាយមានផ្ទុកប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការលូតលាស់ និងភាពមាំមួន និងធ្វើឱ្យសាច់ដុំរឹងមាំ និងមានមុខងារល្អប្រសើរ។
- អាហារការពាររាងកាយ៖ មានពពួកបន្លែ ឬផ្លែឈើពណ៌លឿងទុំ ឬពណ៌បៃតងចាស់មានដូចជា ត្រកួន ស្ពៃ ស្លឹកបាស ស្លឹកងប់ ល្ពៅ ការ៉ុត ល្ហុងទុំ ស្វាយទុំ ។ល។ អាហារការពាររាងកាយផ្ទុកនូវជីវជាតិសំខាន់ៗជាច្រើន និងជាតិខនិជ ដែលដំណើរការជាមួយអាហារស្ថាបនារាងកាយ និងអាហារថាមពលដើម្បីជួយរាងកាយរបស់យើងប្រឆាំងនឹងការឆ្លងរោគផ្សេងៗរក្សាទម្ងន់ឱ្យមានលំនឹងល្អ និងការពារជំងឺ និងមេរោគផ្សេងៗ។
ពន្យល់៖ ដើម្បីទទួលបានសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ យើងត្រូវបរិភោគអាហារប្រភេទផ្សេងៗគ្នា។ អាហារមួយប្រភេទពុំមានផ្ទុកសារជាតិចិញ្ចឹមគ្រប់គ្រាន់ទេ។ អាហារល្អគួរតែជាបន្សំនៃអាហារទាំងបីក្រុម នៅក្នុងបរិមាណគ្រប់គ្រាន់។ មនុស្សផ្សេងគ្នា ត្រូវការបរិមាណអាហារខុសគ្នា (ឧ. ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងអ្នករស់នៅជាមួយមេរោគអេដស៍ ត្រូវការអាហារច្រើនជាងធម្មតា) និងត្រូវការល្បាយអាហារផ្សេងគ្នា (ក្មេងៗ ឬអ្នកជំងឺត្រូវការអាហារទន់ៗ ឬកិនឱ្យម៉ត់)។ ការរៀបចំ ឬរបៀបចម្អិនអាហារក៏មានឥទ្ធិពលទៅលើកម្រិតជីវជាតិដែរ ដូចជាស្ងោរ ចំហុយ បក ឬមិនបកសំបក ឆ្អិន ឬឆៅ ជាដើម។
បិទក្រដាសផ្ទាំងធំលើជញ្ជាំង ឬនៅក្បែរផ្ទាំងរូបភាពនៃកម្មវិធីជាតិអាហារូបត្ថម្ភ រួចយកហ្វឺតគូសក្រដាសបែងចែកជាបីផ្នែក។
សំណួរ៖ តើអ្នកអាចប្រាប់ឈ្មោះអាហារថាមពល អាហារសាងសង់ និងអាហារការពារខ្លះៗដែលប្រជាជនក្នុងតំបន់របស់អ្នកចូលចិត្តបរិភោគជាធម្មតាឬទេ?
ចូរសរសេរឈ្មោះអាហារដែសិក្ខាកាមឆ្លើយ ទៅតាមផ្នែក នៅលើនៃក្រដាសផ្ទាំងធំ។ បន្ថែមអាហារសំខាន់ៗ ប្រសិនបើសិក្ខាកាមមិនបានរៀបរាប់។
ពន្យល់៖ អាហារមួយចំនួនដែលមានបង្ហាញនៅក្នុងផ្ទាំងរូបភាពនេះអាចនឹងមានតម្លៃថ្លៃសម្រាប់អ្នកក្រទិញជារៀងរាល់ថ្ងៃ ប៉ុន្តែុមានអាហារជាច្រើនប្រភេទផ្សេងទៀតដែលពួកគាត់អាចស្វែងរកបាននៅក្នុងសហគមន៍ ដើម្បីទទួលទានបានជាប្រចាំ។ យើងគួរស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីជួយពួកគេឱ្យមានលទ្ធភាពទទួលបានអាហារទាំងនេះដូចជាតាមរយៈ ការដាំសួនដំណាំតាមផ្ទះ ឬជួយពួកគាត់ក្នុងការបង្កើតសកម្មភាពរកប្រាក់ចំណូលផ្សេងៗ ជាដើម។
សុំឱ្យសិក្ខាកាមក្រឡេកមើលផ្ទាំងរូបភាពអំពីអាហារទាំងបីក្រុមរបស់កម្មវិធីជាតិអាហារូបត្ថម្ភ។
សំណួរ៖ តើការបរិភោគ អាហារដែលមានតុល្យភាពល្អមានន័យដូចម្តេច?
ពន្យល់ដល់សិក្ខាកាមថា៖ អាហារដែលមានតុល្យភាពល្អមានន័យថា យើងបរិភោគអាហារ និងភេសជ្ជៈពីអាហារក្រុមទាំងបី ឱ្យបានរាល់ថ្ងៃ។ ប្រសិនបើយើងបរិភោគតែអាហារមកពីក្រុមតែមួយ ដូចជា ក្រុមអាហារថាមពល នោះរាងកាយរបស់យើងនឹងមិនលូតលាស់ល្អ ឬមិនអាចការពារយើងពីការឆ្លងមេរោគបានឡើយ។ អាហារតាមក្រុមនីមួយៗផ្តល់នូវសារជាតិចិញ្ចឹមដែលមានសារៈសំខាន់ចំពោះរូបរាងកាយ។ ការទទួលទានបានល្អអាចជួយឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មានសុខភាពល្អ និងឆ្លើយតបបានល្អទៅនឹងការប្រើប្រាស់ឱសថ។ វាមានសារៈសំខាន់ណាស់ក្នុងការបរិភោគទឹកឱ្យបានច្រើន ជាពិសេសទឹកដាំបានឆ្អិនល្អ (យ៉ាងតិចប្រាំបីកែវក្នុងមួយថ្ងៃ)។
ភេសជ្ជៈ និងសារធាតុរាវ
ទឹកមានសារៈសំខាន់ណាស់ចំពោះជីវិត និងក្នុងការរស់នៅប្រចាំថ្ងៃ។ មនុស្សម្នាក់ត្រូវការវត្ថុរាវប្រហែលពីរលីត្រក្នុងមួយថ្ងៃ។ រាងកាយរបស់មនុស្សត្រូវការទឹកកាន់តែច្រើននៅពេល៖
- ស្ថិតនៅក្នុងអាកាសធាតុក្តៅ
- កំពុងធ្វើការ ឬធ្វើសកម្មភាពរាងកាយ ច្រើនជាងមុន
- បែកញើស ឬកើតរាករូស ក្អួត និងក្តៅខ្លួន។
សារធាតុរាវ ជាពិសេសទឹក មានសារៈសំខាន់ក្នុងការបង្កើតទឹកដោះម្តាយបានល្អ។ ស្ត្រីជាច្រើនស្រេកទឹក ក្នុងពេលបំបៅដោះកូន និងជាសញ្ញាមួយដែលបង្ហាញថាពួកគាត់ត្រូវការបរិភោគទឹកឱ្យបានច្រើន។ ក្មេងៗក៏ត្រូវការទឹកគ្រប់គ្រាន់ដែរ ប៉ុន្តែមិនត្រូវឱ្យក្មេងៗទទួលទានធាតុរាវផ្សេងៗជំនួសអាហារនោះទេ។ សូមចងចាំថា ការបំបៅទឹកដោះកូនតែមួយមុខ (សម្រាប់ទារកក្រោមអាយុ៦ខែ) មិនត្រូវការទឹកបន្ថែមទេ។ ចូរប្រើទឹកពីអណ្តូងដែលគ្រប/ការពារបានល្អ ឬប្រភពទឹកសមស្រប ដោយត្រូវយកទឹកនោះទៅដាំឱ្យពុះបានរយៈពេលយ៉ាងហោច១០នាទី និងរក្សាទុកនៅកន្លែងស្អាត។
ក្រៅពីការបរិភោគទឹកស្អាតដែលមានសុវត្ថិភាព សូមបរិភោគសារធាតុរាវផ្សេងៗទៀតដូចជា ទឹកតែ ទឹកផ្លែឈើស្រស់ ទឹកដូង ផលិតផលធ្វើពីទឹកដោះគោ ទឹកសណ្តែក ទឹកស៊ុប ៘
សំណួរ៖ តើអតិថិជនរបស់អ្នកបរិភោគអាហារមានតុល្យភាពល្អដែរទេ? តើក្រុមអាហារមួយណាដែលពួកគេបរិភោគច្រើនជាងគេ? តើក្រុមអាហារមួយណាពួកគេបរិភោគតិច ជាងគេ? តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីលើកទឹកចិត្តឱ្យពួកគេបរិភោគអាហារទាំងបីក្រុម? តើភេសជ្ជៈអ្វីដែលពួកគេបរិភោគ?
ប្រាប់សិក្ខាកាមថា៖ ឥឡូវនេះ យើងនឹងលេងល្បែងមួយដើម្បីជួយយើងឱ្យចងចាំពីអត្ថប្រយោជន៍នៃក្រុមអាហារទាំងបី។
សុំឱ្យសិក្ខាកាមក្រោកឈរឡើងជារង្វង់ ឱ្យពួកគេសម្រេចធ្វើចលនាមួយដើម្បីតំណាងឱ្យអាហារមួយក្រុម ដូច្នេះពួកគេត្រូវកំណត់ចលនាចំនួនបី។ ខាងក្រោមនេះគឺជាឧទាហរណ៍៖
- កាយវិការដើរ ឬរត់មួយកន្លែង តំណាងឱ្យក្រុមអាហារថាមពល។
- កាយវិការបញ្ចោញសាច់ដុំដៃ រលាស់ដៃ ឬដាក់ឱ្យដៃទាំងពីឱ្យខ្ពស់ទៅលើក្បាល តំណាងឱ្យក្រុមស្ថាបនារាងកាយ។
- ចង្អុលក្បាល ឬទ្រូង ឬទាំងពីរ តំណាងឱ្យក្រុមអាហារការពាររាងកាយ។
សុំឱ្យសិក្ខាកាមទាំងអស់ហាត់ធ្វើចលនាដែលបានព្រមព្រៀងគ្នា។ អ្នកសម្របសម្រួលចាប់ផ្តើមលេងល្បែងនេះដោយចង្អុលទៅកាន់សិក្ខាកាមម្នាក់ រួចនិយាយឈ្មោះអាហារមួយ (ឧ. ដូង ចេក បង្គារ ខ្នុរ) ៘ ពេលត្រូវបានចង្អុល សិក្ខាកាមឆ្លើយក្រុមអាហារឱ្យបានត្រឹមត្រូវ បន្ទាប់មកធ្វើចលនាតំណាងឱ្យក្រុមអាហារនេះ (ឧ. ដូង ស្ថិតក្នុងក្រុមអាហារថាមពល ដូច្នេះសិក្ខាកាមដើរ ឬរត់នៅមួយកន្លែង។ ចេក ស្ថិតនៅក្នុងក្រុម អាហារការពារ ដូច្នេះសិក្ខាកាមចង្អុលក្បាល ឬដើមទ្រូងរបស់គាត់ ៘) សិក្ខាកាមម្នាក់ៗបន្តធ្វើចលនារបស់ខ្លួនរហូត ទាល់តែអ្នកសម្របសម្រួលចង្អុលទៅកាន់ពួកគេម្តងទៀតជាមួយឈ្មោះអាហារផ្សេង ឬរហូតដល់ល្បែងនេះចប់។
- កំណត់សម្គាល់
ខាងក្រោមនេះជាល្បែងដែលទាក់ទងនឹងអាហារ ដែលអាចជួយសិក្ខាកាមក្្នុងការបែងចែកក្រុមអាហារបានច្បាស់លាស់ពីក្រុមអាហារ និងអាហារចម្រុះដែលគេច្រើនចម្អិននៅផ្ទះ។
សង្ខេបខ្លឹមសារ៖
សុំឱ្យសិក្ខាកាមរំលឹកឡើងវិញនូវអាហារទាំងបីក្រុម និងគោលបំណងនៃការបរិភោគអាហារទាំងបីក្រុមនេះ។
ល្បែងសំដែងអំពីប្រភេទអាហារ
- ផ្តល់ក្រដាសតូចៗ យ៉ាងតិចពីរសន្លឹក ដល់សិក្ខាកាមម្នាក់ៗ និងសុំឱ្យពួកគេគូរ ឬសរសេរឈ្មោះគ្រឿងផ្សំនៅលើក្រដាស។ គ្រឿងផ្សំអាចជាអាហារណាមួយ ដូចជាសាច់សត្វ បន្លែ ឬផ្លែឈើណាមួយ ៘ ដោយក្រដាសមួយសន្លឹកសម្រាប់សរសេរមួយមុខ និងមិនអាចសរសេរមុខម្ហូបដែលលាយគ្រឿងហើយស្រេចនោះទេ (ឧ. មិនអាចសរសេរ សម្លត្រីបានទេ)។
- ប្រមូលក្រដាសទាំងអស់ ហើយដាក់លាយចូលគ្នានៅក្នុងកន្ត្រកមួយ។ សរសេរឈ្មោះក្រុមអាហារទាំងបី នៅលើក្រដាសផ្ទាំងធំៗចំនួនបីផ្ទាំង ដាក់លាតត្រដាងនៅលើកំរាលកណ្តាលបន្ទប់។
- សុំឱ្យសិក្ខាកាមម្នាក់ៗយកក្រដាស២សន្លឹកចេញពីកន្ត្រក ហើយបិតលើក្រដាសផ្ទាំងធំ ទៅតាមក្រុមអាហារ។ សួរក្រុមធំថា តើមានការបែងចែកត្រឹមត្រូវ ឬទេ។
ល្បែងអាហារចម្រុះ
នៅពេលបែងចែកប្រភេទអាហារខាងលើរួច គូររូបចានបីដោយដាក់ឈ្មោះថា អាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាច។ សុំសិក្ខាកាមស្ម័គ្រចិត្តបីនាក់ ឡើងមកបង្កើតអាហារដោយប្រើគ្រឿងផ្សំនៅលើក្រដាសផ្ទាំងធំ។ អ្នកស្ម័គ្រចិត្តម្នាក់ៗ រើសយកក្រដាសគ្រឿងផ្សំ និងបង្កើតជាអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច។ ព្យាយាមរៀបចំឱ្យមានប្រភេទអាហារ/គ្រឿងផ្សំច្រើនមុខ។
ដឹកនាំការពិភាក្សាជាមួយសិក្ខាកាម ដោយប្រើសំណួរខាងក្រោម៖
- តើអាហារនេះជាអាហារសុខភាព ចម្រុះ និងមានតុល្យភាពទេ?
- តើភេសជ្ជៈអ្វីខ្លះដែលអាចទទួលទានបានជាមួយអាហារពេលនីមួយៗ?
- ធ្វើដូចម្តេចដើម្បីលើកទឹកចិត្តអ្នករស់នៅជាមួយមេរោគអេដស៍ឱ្យបរិភោគអាហារដែលមានបន្លែ និងផ្លែឈើចម្រុះ?
គោលបំណងទី៣៖
សិក្ខាកាមនឹងអាចរៀបរាប់ថាអាចរៀបរាប់បានថា “តើថាមពលជាអ្វី” និងរៀបរាប់ពីតម្រូវការថាមពលសម្រាប់ក្រុមមនុស្សផ្សេងគ្នា
វិធីសាស្ត្របង្រៀន៖បទបង្ហាញ និងការប្រលងតេស្ត
ប្រាប់សិក្ខាកាមថា៖ យើងនឹងមានបទបង្ហាញខ្លីមួយ ហើយបន្ទាប់មកលេងល្បែងសំណួរមួយ ដូច្នេះសូមព្យាយាមចងចាំអ្វីដែលអ្នកនឹងឃើញ និងបានស្តាប់ឮ។
យើងបរិភោគអាហារដើម្បីបំពេញថាមពល បន្តលូតលាស់ និងជួលជុល/ថែទាំរាងកាយ។ “កាឡូរី” គឺជាឯកតារង្វាស់ថាមពលដែលយើងទទួលបានពីអាហារដែលយើងបរិភោគ។ ទាំងនេះគឺជាឧទាហរណ៍ខ្លះៗ នៃឯកតារង្វាស់ដែលយើងប្រើជាប្រចាំសម្រាប់ ពេលវេលា ចម្ងាយ និងទម្ងន់។
ឧទាហរណ៍នៃឯកតារង្វាស់
- នាទី និងម៉ោង- ររង្វាស់ពេលវេលា
- អង្សាសេ(oC)- រង្វាស់សីតុណ្ហភាព
- ម៉ែត្រ(ម)- រង្វាស់ចម្ងាយ
- ក្រាម(ក្រ)- រង្វាស់ទម្ងន់
- កាឡូរី(កឡរ)- រង្វាស់ថាមពលដែលបានមកពីអាហារដែលយើងបរិភោគ
ពន្យល់៖ រាល់អាហារ និងភេសជ្ជៈទាំងអស់មានផ្ទុកទៅដោយកាឡូរី (ថាមពល)។ ក្នុងកញ្ចប់សម្ភារៈនេះនៅពេលដែលយើងនិយាយពីកាឡូរីដែលមានក្នុងអាហារ គឺយើងសំដៅលើ“ថាមពល”។ បាយ សម្ល ប្រេងឆា ស្ករ សាច់ ត្រី បន្លែ ផ្លែឈើជាដើមសុទ្ធតែផ្តល់កាឡូរី។ អាហារ និងភេសជ្ជៈទាំងអស់អាចផ្តល់ថាមពល តិច ឬច្រើន។ អាហារដូចជា ប្រេងឆា សាច់ និង ផ្លែឈើមួយចំនួនដូចជាចេក ក្នុង១ក្រាមមានថាមពលច្រើនជាងបាយធម្មតា។ បន្លែបៃតងមានបរិមាណថាមពលទាប ប៉ុន្តែនេះមិនមានន័យថា វាគ្មានសារៈសំខាន់នោះទេ។ បន្លែទាំងនេះមានសារៈសំខាន់ណាស់ ព្រោះពួកវាមានជីវជាតិច្រើនមុខដែលជួយថែទាំយើងឱ្យមានសុខភាពល្អ។
ភេសជ្ជៈភាគច្រើនមានកាឡូរី ឧទាហរណ៍ ទឹកផ្លែឈើ ទឹកដោះគោ ទឹកសណ្តែក និងភេសជ្ជៈដែលមានជាតិស្ករ។ ទឹកធម្មតា និងទឹកតែដែលគ្មានជាតិស្ករ គ្មានកាឡូរីទេ។ ប៉ុន្តែមិនមែនមានន័យថាទឹកធម្មតាមិនសំខាន់នោះទេ។ ទឹកមានសារៈសំខាន់ណាស់ ព្រោះរាងកាយត្រូវការជាតិទឹកជានិច្ចដើម្បីសម្រួលដំណើរមុខងារសរីរាង្គ និងទប់ទល់នឹងជំងឺ។
បង្ហាញចានបាយនៅក្នុងកញ្ចប់សម្ភារៈហើយសួរសំណួរ៖
តើចានបាយមួយណាផ្តល់កាឡូរីច្រើនជាងគេ?
ពន្យល់៖ បាយក្នុងបរិមាណខុសគ្នាមានបរិមាណកាឡូរីខុសគ្នាដែរ។ បើអ្នកកាន់តែបរិភោគច្រើន អ្នកកាន់តែទទួលកាឡូរីច្រើនដែរ។ មនុស្សមានតម្រូវការផ្សេងគ្នាដូច្នេះ ត្រូវការបរិភោគបរិមាណអាហារផ្សេងគ្នាដែរ អាស្រ័យលើអាយុ ភេទ និងសកម្មភាព ឬមានផ្ទៃពោះ បំបៅដោះកូន ឬមានជំងឺ ឬអត់។ មនុស្សធាត់ ឬលើសទម្ងន់ ពេលខ្លះត្រូវព្យាយាមកំណត់កាឡូរីត្រូវទទួលទាន (តមអាហារ)។ មនុស្សស្គម ឬមនុស្សមានជំងឺត្រូវការបន្ថែមកាឡូរី ដើម្បីឡើងទម្ងន់ ឬកុំឱ្យស្គមពេក។ មានន័យថាពួកគេត្រូវការបរិភោគអាហារបន្ថែមជាទូទៅ ឬត្រូវបន្ថែមអាហារជាក់លាក់ណាមួយដែលមានកាឡូរី ខ្ពស់ទៅក្នុងរបបអាហារដែលមានស្រាប់។
- កំណត់សម្គាល់
អ្នកមិនចាំបាច់ចងចាំចំនួនពិតប្រាកដនៃតម្រូវការថាមពលសម្រាប់ក្រុមនីមួយៗទេ ប៉ុន្តែសំខាន់អ្នកត្រូវដឹងថា អ្នកណាត្រូវការថាមពលបន្ថែម និងហេតុអ្វី។
សុំឱ្យសិក្ខាកាម មើលតារាងដែលបង្ហាញពីតម្រូវការកាឡូរីប្រចាំថ្ងៃសម្រាប់មនុស្ស រួមទាំងអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងឯកសារមេរៀនទី២ (ក្នុងសៀវភៅសម្រាប់អ្នកចូលរួម)។
សរសេរ និងពន្យល់ដល់សិក្ខាកាម អំពីព័ត៌មានខាងក្រោម លើក្រដាសផ្ទាំងធំ។ យើងចាប់ផ្តើមជាមួយមនុស្សពេញវ័យ(បុរស និងស្ត្រី)៖
- បុរសត្រូវការប្រហែល ២៥០០ កាឡូរីក្នុងមួយថ្ងៃ
- ស្ត្រីត្រូវការប្រហែល ២០០០ កាឡូរីក្នុងមួយថ្ងៃ
សំនួរ៖ ហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះ និងស្រី្តបំបៅដោះកូនត្រូវការថាមពលបន្ថែម?
បន្ទាប់ពីសិក្ខាកាមមានឱកាសឆ្លើយសំណួររួច ពន្យល់ថា៖ រាងកាយរបស់ស្រ្តីមានផ្ទៃពោះត្រូវការថាមពលបន្ថែមដើម្បីទ្រទ្រង់ទារកក្នុងផ្ទៃ និងនៅពេលគាត់បំបៅដោះកូន។ ដូច្នេះ ពួកគាត់ត្រូវការថាមពលច្រើនទៀតដើម្បីទ្រទ្រង់កិច្ចការបន្ថែមទាំងនេះ។
ក្មេងភាគច្រើន លើកលែងក្មេងអាយុ១៥–១៨ឆ្នាំ មានតម្រូវការថាមពលតិចជាង មនុស្សពេញវ័យ។ ប៉ុន្តែ បើនិយាយពីតម្រូវការថាមពលក្នុងទម្ងន់ខ្លួនមួយគីឡូក្រាមវិញ
ក្រុម | តម្រូវការថាមពល | កំណើនភាគរយ |
មនុស្សប្រុស | ២៥០០ កាឡូរី/ថ្ងៃ | – |
មនុស្សស្រី | ២០០០ កាឡូរី/ថ្ងៃ | – |
ស្ត្រីមានផ្ទៃពោះ | ត្រូវការបន្ថែម ២០០ ទៅ ៥០០ កាឡូរី/ថ្ងៃ | ១០ (ត្រីមាសទី២) |
ស្ត្រីបំបៅកូនដោយទឹកដោះ | ត្រូវបន្ថែម ៥០០ កាឡូរី/ថ្ងៃ | ២៥ |
ក្មេង និងវ័យជំទង់(អាយុ ០–១៩ឆ្នាំ) | ពី៥២0 ទៅ ២៧៥៥ កាឡូរី/ថ្ងៃ | |
អ្នករស់នៅជាមួយមេរោគអេដស៍ | ||
បុរសដែលរស់នៅជាមួយមេរោគអេដស៍ | ត្រូវការបន្ថែម ២៥០កាឡូរី/ថ្ងៃ | ១០ |
ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍ | ត្រូវការបន្ថែម ២០០កាឡូរី/ថ្ងៃ | ១០ |
ក្មេងដែលរស់នៅជាមួយមេរោគអេដស៍ | ផ្សេងៗ ត្រូវការបន្ថែម ១០% | ១០ |
ស្ត្រីមានផ្ទៃពោះដែលរស់នៅជាមួយមេរោគអេដស៍ | ត្រូវការបន្ថែម ៧០០កាឡូរី/ថ្ងៃ | ៣៥ |
ស្ត្រីបំបៅកូនដោយទឹកដោះដែលរស់នៅជាមួយមេរោគអេដស៍ | ត្រូវការបន្ថែម ៧០០កាឡូរី/ថ្ងៃ | ៣៥ |
អ្នករស់នៅជាមួយមេរោគអេដស៍ដែលឈឺ | ||
ក្មេងដែលរស់នៅជាមួយមេរោគអេដស៍ ហើយមានទម្ងន់មិនគ្រប់ ឬមានរោគសញ្ញាផ្សេងៗ | បន្ថែមចាប់ពី ២០%ឡើង | ២០ |
មនុស្សប្រុសដែលរស់នៅជាមួយមេរោគអេដស៍ហើយមានជំងឺ | ត្រូវការបន្ថែម ៥០០ទៅ ៧៥០កាឡូរី/ថ្ងៃ | ២០ ទៅ៣០ |
ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍ ហើយមានជំងឺ | ត្រូវការបន្ថែម ៤០០ទៅ ៦០០ កាឡូរី/ថ្ងៃ | ២០ ទៅ៣០ |
ក្មេងដែលរស់នៅជាមួយមេរោគអេដស៍ហើយមានជំងឺ (កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ) | ៥០ ទៅ១០០% | ៥០ ទៅ១០០ |
ប្រភព៖ FAO 2002, WHO 2004, WHO 2005
ក្មេងត្រូវការថាមពលច្រើនជាង។ មានន័យថា បើធៀបនឹងទម្ងន់ ក្មេងមានតម្រូវការបរិភោគច្រើនជាងមនុស្សពេញវ័យ ជាពិសេសក្នុងរយៈពេលបីខែដំបូងបន្ទាប់ពីកើត។
ពន្យល់និងបង្ហាញនូវសំណេរលើក្រដាសផ្ទាំងធំដូចខាងក្រោម៖
- បុរសដែលរស់នៅជាមួយមេរោគអេដស៍ (តែគ្មានជំងឺ) ត្រូវការថាមពល ២០% ថែមទៀត។ សរុបប្រហែល ២៧៥០កាឡូរី/ថ្ងៃ។
- ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍ (តែគ្មានជំងឺ) ត្រូវការថាមពល ២០% ថែមទៀត។ សរុបប្រហែល ២២០០ កាឡូរី/ថ្ងៃ។
- កុមារដែលរស់នៅជាមួយមេរោគអេដស៍ (តែគ្មានជំងឺ) ក៏ត្រូវការថាមពល ២០% ថែមទៀតដែរ។ សរុប ៥២០ ទៅ ២៧៥៥កាឡូរី/ថ្ងៃ អាស្រ័យលើអាយុកុមារ។
សំនួរ៖ អ្នកគិតថា ហេតុអ្វីបានជាអ្នករស់នៅជាមួយមេរោគអេដស៍ត្រូវការប្រើប្រាស់ ថាមពលបន្ថែម?
ពន្យល់៖ នៅពេលមនុស្សម្នាក់បានឆ្លងមេរោគដូចជាមេរោគអេដស៍ រាងកាយរបស់គេ ត្រូវការប្រើប្រាស់ថាមពលច្រើន និងសារជាតិចិញ្ចឹមពីអាហារ ដើម្បីការពាររាងកាយ ប្រឆាំងមេរោគ និងថែទាំរាងកាយឱ្យមានសុខភាពល្អ។ ហេតុដូច្នេះ នៅពេលមានជំងឺ ពួកគេត្រូវការថាមពលកាន់តែច្រើន។
អ្នករស់នៅជាមួយមេរោគអេដស៍ត្រូវថាមពលបន្ថែម។ សូមលើកទឹកចិត្តឱ្យពួកគេ៖
- បង្កើនភាពញឹកញាប់ក្នុងការបរិភោគអាហារពេល និងអាហារសម្រន់៖ គេអាចបន្ថែមថាមពលតាមរយៈ ការបរិភោគអាហារបន្ថែមជាប្រចាំ ឬបរិភោគឱ្យបានញឹកញាប់ជាងមុន ដូចជាអាហារតិចៗ នៅចន្លោះបីទៅបួនម៉ោងម្តង។
- បង្កើនបរិមាណនៃអាហារ៖ គេអាចបង្កើនថាមពលតាមរយៈការបរិភោគអាហារបន្ថែម ឧ. បន្ថែមអាហារមួយ ឬពីរក្តាប់ដៃ។
- បង្កើនភាពចម្រុះនៃអាហារផ្សេងៗ ដែលសំបូរទៅដោយសារជាតិចិញ្ចឹម និងសិ្ថតនៅក្នុងក្រុមអាហារទាំងបី។
ចាំបាច់ត្រូវពន្យល់ប្រាប់សិក្ខាកាមថា ពេលបន្ថែមថាមពល មិនគួរបន្ថែមតែអាហារក្នុងក្រុមណាមួយតែមួយមុខនោះទេ គឺត្រូវបន្ថែមឱ្យបានសមាមាត្រគ្នានៅក្នុងគ្រប់ក្រុមអាហារទាំងអស់។
ពន្យល់និងបង្ហាញនូវអ្វីដែលអ្នកសរសេរលើក្រដាសផ្ទាំងធំ៖
- បុរសដែលរស់នៅជាមួយមេរោគអេដស៍ (និងឈឺដោយសារជំងឺឆ្លង) ត្រូវការថាមពលបន្ថែម ២០–៣០% ។ សរុបប្រហែល ៣១២៥កាឡូរី/ថ្ងៃ។
- ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍ (និងឈឺដោយសារជំងឺឆ្លង តែមិនស្រកទម្ងន់) ត្រូវការថាមពលបន្ថែម២០–៣០%។ សរុបប្រហែល ២៥០០កាឡូរី/ថ្ងៃ។
- ក្មេងដែលរស់នៅជាមួយមេរោគអេដស៍ (និងឈឺដោយសារជំងឺឆ្លង) ត្រូវការថាមពលបន្ថែម ២០–៣០%។
- ក្មេងដែលរស់នៅជាមួយមេរោគអេដស៍ (និងឈឺដោយសារជំងឺឆ្លង និងស្រកទម្ងន់) ត្រូវការថាមពលបន្ថែម ៥០–១០០%។
សង្ខេបខ្លឹមសារ៖
សួរសំណួរដល់សិក្ខាកាម ហើយទុកឱ្យពួកគេឆ្លើយ៖
- តើនរណាត្រូវការថាមពលច្រើនជាងរវាងបុរស និងស្ត្រីមានផ្ទៃពោះ និង/ឬស្ត្រីបំបៅដោះកូន?
ចម្លើយ៖ ស្ត្រីមានផ្ទៃពោះ និង/ឬ ស្ត្រីបំបៅដោះកូន - តើនរណាត្រូវការថាមពលច្រើនជាងរវាង អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកគ្មានផ្ទុកមេរោគអេដស៍?
ចម្លើយ៖ អ្នករស់នៅជាមួយមេរោគអេដស៍ - តើនរណាត្រូវការថាមពលច្រើនជាងរវាង អ្នករស់នៅជាមួយមេរោគអេដស៍ ដែលមានជំងឺ និងអ្នករស់នៅជាមួយមេរោគអេដស៍ដែលគ្មានជំងឺ?
ចម្លើយ៖ អ្នករស់នៅជាមួយមេរោគអេដស៍ដែលមានជំងឺ - តើនរណាត្រូវការថាមពលច្រើនជាងរវាង ក្មេងដែលមានជំងឺ និងក្មេងគ្មានជំងឺ?
ចម្លើយ៖ ក្មេងដែលមានជំងឺ
សុំឱ្យសិក្ខាកាមក្រោកឈរជារង្វង់។ អ្នកសម្របសម្រួលនឹងបោះកូនបាល់ទៅកាន់សិក្ខាកាមម្នាក់ ហើយសួរមួយសំណួរ។ ប្រសិនបើគាត់ឆ្លើយសំណួរនេះពុំត្រឹមត្រូវទេ គាត់នឹងត្រូវច្រៀងចម្រៀងមួយបទ ឬរាំ រួចគាត់ត្រូវបោះកូនបាល់បន្តទៅកាន់សិក្ខាកាមផ្សេងទៀត ដែលត្រូវព្យាយាមឆ្លើយសំណួរដដែល។ នៅពេលមានអ្នកឆ្លើយសំណួរនេះត្រូវ អ្នកសម្របសម្រួលនឹងសួរសំណួរថ្មី និងបោះបាល់ទៅកាន់សិក្ខាកាមបន្តទៀត។
បោះកូនបាល់កាត់រង្វង់ទៅកាន់អ្នកដែលនៅទល់មុខគ្នា កុំហុចឱ្យអ្នកនៅជាប់គ្នា។ កុំបោះបាល់ឱ្យអ្នកដែលបានឆ្លើយសំណួររួចហើយ។ ធ្វើយ៉ាងណាឱ្យសិក្ខាកាមមានឱកាសឆ្លើយសំណួរឱ្យបានគ្រប់គ្នា។
សំណួរសម្រាប់ល្បែងចោទសួរខាងលើនេះ៖
- តើកាឡូរីជារង្វាស់សម្រាប់អ្វី?
ចម្លើយ៖ កាឡូរីជារង្វាស់សម្រាប់ថាមពលបានមកពីចំណីអាហារដែលយើងបរិភោគ។ - តើចំណីអាហារទាំងអស់សុទ្ធតែមានថាមពល ឬតែមួយចំនួនទេ?
ចម្លើយ៖ ចំណីអាហារទាំងអស់សុទ្ធតែមានថាមពល។ - តើអ្នកណាត្រូវការថាមពលច្រើនជាងរវាង អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកគ្មានផ្ទុកមេរោគអេដស៍?
ចម្លើយ៖ អ្នករស់នៅជាមួយមេរោគអេដស៍ត្រូវការថាមពលបន្ថែមច្រើនជាងអ្នកមិនផ្ទុកមេរោគអេដស៍។ - តើអ្នកណាត្រូវការថាមពលច្រើនជាងរវាងអ្នករស់នៅជាមួយមេរោគអេដស៍ដែលមានជំងឺ និងអ្នករស់នៅជាមួយមេរោគអេដស៍ដែលគ្មានជំងឺ?
ចម្លើយ៖ អ្នករស់នៅជាមួយមេរោគអេដស៍ដែលមានជំងឺត្រូវការថាមពលច្រើនជាង។ - តើក្រុមអាហារទាំងបីមានអ្វីខ្លះ?
ចម្លើយ៖ អាហារថាមពល អាហារស្ថាបនារាងកាយ និងអាហារការពាររាងកាយ។ - តើសាច់សត្វស្ថិតក្នុងក្រុមមួយណា?
ចម្លើយ៖ ក្រុមអាហារស្ថាបនារាងកាយ។ - តើបាយ គុយទាវ និងស្ករ ស្ថិតក្នុងក្រុមមួយណា?
ចម្លើយ៖ ក្រុមអាហារថាមពល។ - តើបន្លែ និងផ្លែឈើស្ថិតក្នុងក្រុមមួយណា?
ចម្លើយ៖ ក្រុមអាហារការពាររាងកាយ។ - តើអាហារមានតុល្យភាពមានន័យដូចម្តេច?
ចម្លើយ៖ គឺជាការបរិភោគចំណីអាហារ និងភេសជ្ជៈនៃក្រុមអាហារទាំងបីរៀងរាល់ថ្ងៃ។
អ្នកសម្របសម្រួលអាចបន្ថែមសំណួរខ្លួនឯង ដើម្បីរម្លឹកខ្លឹមសារក្នុងមេរៀននេះ។
នៅចុងបញ្ចប់នៃល្បែងចោទសួរនេះ អបអរសាទរដល់សិក្ខាកាមដែលបានឆ្លើយត្រឹមត្រូវ និងថ្លែងអំណរគុណដល់ពួកគេដែលបានចូលរួមច្រៀង/រាំកំសាន្តជាមួយក្រុម។
គោលបំណងទី៤
សិក្ខាកាមអាចយល់អំពីការផ្លាស់ប្តូរនៃតម្រូវការអាហារូបត្ថម្ភក្នុងវដ្តជីវិតរបស់មនុស្ស
វិធីសាស្ត្របង្រៀន៖ ការធ្វើបទបង្ហាញ និងការបំផុសគំនិត
ពន្យល់៖ តម្រូវការអាហារូបត្ថម្ភមានភាពខុសគ្នាទៅតាមដំណាក់កាលក្នុងវដ្តជីវិត។ ថ្វីបើយើងត្រូវការជីវជាតិអាហារជាមូលដ្ឋានដូចគ្នាក៏ដោយ នៅក្នុងដំណាក់កាលជីវិតនីមួយៗ មនុស្សមានតម្រូវការអាហារូបត្ថម្ភជាក់លាក់ផ្សេងៗគ្នា។ ជាធម្មតា កង្វះអាហារូបត្ថម្ភចាប់ផ្តើមតាំងពីកើតឡើងនៅមុនកំណើត និងបន្តរហូតដល់វ័យជំទង់ និងពេញវ័យ ជាពិសេសសម្រាប់ក្មេងស្រី និងស្ត្រី។
កង្វះអាហារូបត្ថម្ភអាចបន្តពីមួយជំនាន់ទៅមួយជំនាន់ផ្សេងទៀត។ ក្មេងស្រីដែលមានការលូតលាស់ខ្សោយនឹងក្លាយជាស្ត្រីក្រិន និងអាចបង្កើតបាននូវទារកតូច ដែលអាចក្លាយទៅជា ក្មេងតូចល្អិត និងក្លាយទៅជាក្មេងជំទង់តូច រួចក្លាយទៅជាមនុស្សពេញវ័យតូច។ ស្ត្រីដែលមានផ្ទៃពោះនៅវ័យក្មេង អាចបង្កើនគ្រោះថ្នាក់ដោយសារកង្វះទម្ងន់ទារកនៅពេលកើត និងពិបាកក្នុងចាកចេញពីវដ្តនៃកង្វះអាហារូបត្ថម្ភ។
យើងត្រូវការចាំបាច់នូវអាហារូបត្ថម្ភល្អ ដើម្បីទ្រទ្រង់នៅក្នុងគ្រប់ដំណាក់កាលនៃវដ្តជីវិតមុនកំណើតទារកភាព កុមារភាព វ័យជំទង់ និងពេលពេញវ័យ។ នៅក្នុងមេរៀននេះ យើងនឹងរម្លឹកពីតម្រូវការនៃអាហារូបត្ថម្ភទៅតាមដំណាក់កាលនៃរដ្តជីវិត គឺនៅពេលស្ត្រីមានផ្ទៃពោះ(មុនកើត) ស្ត្រីក្រោយពេលកើតនិងបំបៅដោះ ទារក កុមារភាព (មុនពេលចូលរៀន និងគ្រប់អាយុចូលរៀន) វ័យជំទង់ និងពេញវ័យ។ យើងអាចកែប្រែឱ្យស្ថានភាពអាហារូបត្ថម្ភបានប្រសើរឡើង នៅក្នុងគ្រប់ដំណាក់កាលនៃវដ្ដជីវិត និងបង្ការកង្វះអាហារូបត្ថម្ភបាន។

ឱ្យសិក្ខាកាមទាំងអស់ក្រឡេកមើលដ្យាក្រាមនៃ “អាហារូបត្ថម្ភពេញមួយវដ្តជីវិត”។
ដំណាក់កាលជីវិត៖
- មុនពេលកើត៖ -៩ ទៅ ០ខែ
- ទារក៖ ០ ទៅ ១២ខែ
- កុមារតូច៖ ១ ទៅ ១០ឆ្នាំ
- ក្មេងវ័យជំទង់៖ ១០ ទៅ ១៩ឆ្នាំ
- ជនពេញវ័យ៖ ១៩ឆ្នាំឡើង
ការមានផ្ទៃពោះ និងការផលិតទឹកដោះ៖
ពេលមានផ្ទៃពោះគឺជាពេលវេលាដ៏សំខាន់ក្នុងជីវិតរបស់ស្ត្រី។ មុនពេលសម្រាល ទារកដែលនៅក្នុងផ្ទៃអាចប្រឈមនឹងការឆ្លងមេរោគអេដស៍។ ទម្ងន់ទារកអាចរងឥទ្ធិពលពីកម្រិតអាហារូបត្ថម្ភរបស់ម្តាយ។ ប្រសិនបើម្តាយខ្វះអាហារូបត្ថម្ភ ឬគ្មានអាហារូបត្ថម្ភ បម្រុងទុកបានល្អទេ ឬបើមានគំលាតនៃការមានផ្ទៃពោះខ្លី ឬមានផ្ទៃពោះច្រើនដង ទារកក្នុងផ្ទៃមិនអាចលូតលាស់ ឬកើនទម្ងន់បានល្អឡើយ។ ទារកដែលកើតមកមានទម្ងន់ទាប (តិចជាង ២.៥ គីឡូ) អាចមានសុខភាពទន់ខ្សោយជាងទារកដែលកើតមកមានទម្ងន់លើស ២.៥ គីឡូ។ ទារកមិនគ្រប់ទម្ងន់អាចប្រឈមមុខខ្ពស់នឹងអត្រាមរណភាព ឬអាចអាចក្រិន ឬតឿ ដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ ភាពក្រិនដែលកើតឡើងនៅអាយុក្មេងខ្ចី កាត់បន្ថយសមត្ថភាពខួរក្បាល និងអាចទំនងជាបន្តរហូតដល់វ័យជំទង់ និងពេញវ័យ។
សំនួរ៖ ហេតុអ្វីបានជាអាហារូបត្ថម្ភល្អមានសារៈសំខាន់ចំពោះស្ត្រីមានផ្ទៃពោះ?
បន្ទាប់មកពន្យល់៖ ដើម្បីលូតលាស់បានល្អ ទារកត្រូវការម្តាយមានសុខភាពល្អ និងអាហារូបត្ថម្ភគ្រប់គ្រាន់។ ស្ត្រីមានផ្ទៃពោះមានតម្រូវការអាហារូបត្ថម្ភបន្ថែម ដោយសារតែការផ្លាស់ប្តូរក្នុងរាងកាយរបស់គាត់ និងតម្រូវការលូតលាស់របស់ទារកក្នុងផ្ទៃ។ ស្ត្រីមានផ្ទៃពោះទាំងអស់មានតម្រូវការដូចគ្នា នេះមិនថាពួកគេមានឆ្លងមេរោគអេដស៍ ឬអត់នោះទេ។ តម្រូវការថាមពលកើនឡើងដោយសារ៖
- ជំងឺ និងការឆ្លងមេរោគ៖ អ្នករស់នៅជាមួយមេរោគអេដស៍ដែលមានផ្ទៃពោះត្រូវការថាមពលបន្ថែមសម្រាប់ ការលូតលាស់របស់ទារក និងដើម្បីប្រឆាំងទប់ទល់នឹងមេរោគ។ មេរោគឆ្លង ឬជំងឺធ្វើឱ្យមានតម្រូវការថាមពលកើនឡើងបន្ថែមចន្លោះពី ២០–៣០% (ប្រហែល បាយ២ចានចង្កឹះក្នុងមួយថ្ងៃ)
- អាហារូបត្ថម្ភមិនគ្រប់គ្រាន់ ឬការមានផ្ទៃពោះនៅវ័យក្មេង ឬការមានផ្ទៃពោះដែលមានទម្ងន់មិនគ្រប់ ក៏ធ្វើឱ្យរាងកាយមានតម្រូវការអាហារូបត្ថម្ភបន្ថែមដែរ។
- ការងារ និងសកម្មភាពផ្សេងៗ៖ បើស្ត្រីមានផ្ទៃពោះធ្វើការងារច្រើន ឧទាហរណ៍មើលថែក្មេងតូចៗ និងប្រមូលផលដំណាំ គាត់នឹងមានតម្រូវការថាមពលច្រើនជាងស្ត្រីមានផ្ទៃពោះម្នាក់មិនសូវធ្វើសកម្មភាពការងារច្រើន។
យកល្អ មាតាគួរទទួលបានអាហារចម្រុះគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះ។ តម្រូវការកាឡូរីបន្ថែម (២០០–៥០០កាឡូរី/ថ្ងៃ)ក្នុងពេលមានផ្ទៃពោះគឺជារឿងចាំបាច់ ប៉ុន្តែរឹតតែសំខាន់ទៅទៀតគឺអាហារត្រូវមានជីវជាតិចិញ្ចឹមកាន់តែច្រើន។
ពន្យល់៖ បន្តិចទៀតក្នុងពេល យើងនឹងសិក្សាលម្អិតទៅលើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អលេខ២១ (ការបរិភោគត្រឹមត្រូវនៅពេលមានផ្ទៃពោះ ឬបំបៅដោះកូន)។
បន្តការធ្វើបទបង្ហាញ៖ តម្រូវការថាមពល ចំពោះស្ត្រីមានផ្ទៃពោះដែលគ្មានផ្ទុកមេរោគអេដស៍ និងមានទម្ងន់ធម្មតាគឺមានតិចតួចនៅក្នុងត្រីមាសដំបូង ប៉ុន្តែវាមានការកើនឡើងនៅត្រីមាសទីពីរ និងទីបី។ ដូច្នេះ គាត់ត្រូវការថាមពលបន្ថែមដើម្បីឱ្យមានការកើនឡើងទម្ងន់គ្រប់គ្រាន់ ហើយទារកក្នុងផ្ទៃមានអាហារូបត្ថម្ភគ្រប់គ្រាន់ដើម្បីលូតលាស់ល្អ។
ស្ត្រីបំបៅដោះកូនត្រូវការថាមពលប្រហែលនឹងស្ត្រីមានផ្ទៃពោះនៅក្នុងត្រីមាសទី៣ដែរ។ បើម្តាយមានថាមពលគ្រប់គ្រាន់សម្រាប់បំបៅដោះ វាងនឹងមិនធ្វើឱ្យថាមពលរបស់គាត់បាត់បង់ច្រើនលើសលប់ពេក។
អនុសាសន៍អំពីភាពញឹកញាប់ក្នុងការបរិភោគអាហារ សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនដែលរស់នៅជាមួយមេរោគអេដស៍៖
ភាពញឹកញាប់នៃអាហារពេល និងអាហារសម្រន់ | ||
ស្ត្រីមានផ្ទៃពោះ | អាហារពេល៣ពេល និងអាហាសម្រន់១ដង | |
ស្ត្រីមានផ្ទៃពោះរស់នៅជាមួយមេរោគអេដស៍ | ត្រីមាសទី១ | អាហារពេល៣ពេល និងអាហារសម្រន់២ដង |
ត្រីមាសទី២-៣ | អាហារពេល៣ពេល និងអាហារ សម្រន់២ដង ឬយ៉ាងតិច អាហារពេល ៤ពេល | |
ស្ត្រីមានផ្ទៃពោះ រស់នៅជាមួយមេរោគអេដស៍ និងមានជំងឺ | យ៉ាងតិច អាហារពេល ៤ពេល និង | |
ស្ត្រីបំបៅដោះកូន រស់នៅជាមួយមេរោគអេដស៍ | អាហារពេល៣ពេល និងអាហារសម្រន់២ដង | |
ស្ត្រីបំបៅដោះកូន រស់នៅជាមួយមេរោគអេដស៍ និងមានជំងឺ | យ៉ាងតិចអាហារពេល ៤ពេល និង |
សួរសិក្ខាកាមថា៖ តើអ្នកនឹងណែនាំឱ្យស្ត្រីបរិភោគអ្វី បើគាត់ត្រូវការអាហារពេល ឬអាហារសម្រន់បន្ថែមក្នុងមួយថ្ងៃ? សរសេរចម្លើយសិក្ខាកាមលើក្តារខៀន។
ពន្យល់៖ ការបរិភោគ អាហារស្ថាបនារាងកាយ (អាហារសម្បូរប្រូតេអ៊ីន) និងអាហារការពាររាងកាយ (អាហារមានជីវជាតិ និងរ៉ែខនិជខ្ពស់) មានសារៈសំខាន់ណាស់។ ការមានផ្ទៃពោះ និងបំបៅដោះកូនធ្វើឱ្យកើនឡើងនូវតម្រូវការប្រូតេអ៊ីនសម្រាប់ ដូច្នេះពួកគាត់ត្រូវការប្រូតេអ៊ីនបន្ថែមប្រហែល១៥%។ បរិមាណបន្ថែមនេះស្មើនឹង ប្រូតេអ៊ីន១០ក្រាម ដែលអាចទទួលបានពី៖ សាច់ត្រី/សាច់មាន់/សាច់ជ្រូកចម្អិនរួច១/៤ ចានចង្កឹះ ឬតៅហ៊ូ៦ស្លាបព្រាបាយ ឬទឹកដោះគោ/ទឹកសណ្តែក១ចានចង្កឹះ ឬសណ្តែកបាយចម្អិនរួច៣/៤ចាន ឬស៊ុតពីរគ្រាប់ ឬគ្រាប់សណ្តែក១/៣ចានចង្កឹះ។ ជាទូទៅ គេអាចបំពេញតម្រូវការប្រូតេអ៊ីនបន្ថែម ដោយគ្រាន់តែបន្ថែមបរិមាណអាហារដែលបរិភោគជាធម្មតា។ ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍ពុំមានតម្រូវការប្រូតេអ៊ីនច្រើនជាងស្ត្រីធម្មតាទេ។
សំនួរ៖ តើពួកគាត់មានតម្រូវការអ្វីផ្សេងទៀតទេ?
ពន្យល់៖ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនមានការកំណើនតម្រូវការជីវជាតិ (មីក្រូសារជាតិ) មួយចំនួនតូចសម្រាប់ការវិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។ ការបរិភោគអាហារចម្រុះច្រើនប្រភេទនឹងអាចបំពេញតម្រូវការជីវជាតិនេះបាន។ ស្ត្រីដែលគ្មានលទ្ធភាពក្នុងការបិភោគអាហារចម្រុះនឹងប្រឈមនឹងកង្វះអាហារូបត្ថម្ភ។ សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន កាល់ស្យូម ជាតិដែក ជាតិផូឡាត អ៊ីយ៉ូដ ស័ង្កសី និងជីវជាតិអា គឺជាជីវជាតិសំខាន់ៗ ដែលអាចទទួលបានមកពីប្រភពដូចនៅក្នុងតារាងបន្ទាប់។
ជីវជាតិ | ប្រភព |
កាល់ស្យូម | ត្រីល្អិតមានឆ្អឹង កំពឹស បង្កង កាពិ ប្រហុក ទឹកដោះគោ តៅហ៊ូ ឬសណ្តែកដី យ៉ាងតិច៣ពេលក្នុងមួយថ្ងៃ (ឧ. បរិភោគទឹកដោះគោ៣កែវ/ថ្ងៃ) |
ជាតិដែក | សាច់ត្រី ខ្ចៅខ្យង ស៊ុត បន្លែសន្លឹកពណ៌បៃតង។ ក្រៅពីនេះ ជាធម្មតាស្ត្រីត្រូវការជាតិដែកបន្ថែមដើម្បីចៀសវាងភាពស្លេកស្លាំង ជាពិសេសបើមិនបានបរិភោគសាច់ពណ៌ក្រហមទៀងទាត់ |
ជាតិផូឡាត | បន្លែស្លឹកបៃតងគ្រាប់ស្រូវសាលី ផ្លែឈើ នំប័ុង អាហារដែលមានជីវជាតិបន្ថែម។ ក្រៅពីនេះ ជាទូទៅស្ត្រីត្រូវការជីវជាតិផូឡាតបន្ថែម ដើម្បីចៀសវាងបញ្ហាចំពោះទារកក្នុងផ្ទៃ |
អ៊ីយ៉ូត | មានក្នុងអំបិលអ៊ីយ៉ូដ បន្លែ។ បន្ថែមអំបិលអ៊ីយ៉ូដតិចៗជាប្រចាំទៅក្នុងអាហារនឹងអាចបំពេញតាមតម្រូវការអីុយ៉ូតគ្រប់គ្រាន់ |
ស័ង្កសី | សាច់ត្រី សាច់ ផ្លែឈើ និងបន្លែអន្លក់ |
ជីវជាតិអា | ល្ហុង ស្វាយ ទឹកដោះគោ ស៊ុត ថ្លើម បន្លែស្លឹកបៃតង និងការ៉ុត |
- កំណត់សម្គាល់
ស្ត្រីមានផ្ទៃពោះ និងទារកងាយរងគ្រោះដោយភាពស្លេកស្លាំងដោយសារកង្វះជាតិដែក ហើយមេរោគអេដស៍រឹតតែបង្កើនភាពងាយរងគ្រោះនេះ។ អាហារដែលបានពីសាច់សត្វមាន សារៈសំខាន់សម្រាប់ទទួលទានអំឡុងពេលមានផ្ទៃពោះ ព្រោះវាជាប្រភពអាហារដែលសម្បូរជាតិដែក។ ជាតិដែកដែលបានមកពីសាច់សត្វជ្រាបចូលបានយ៉ាងល្អទៅក្នុងរាងកាយ។ វាកាត់បន្ថយភាពស្លេកស្លាំង ឫកង្វះឈាមក្រហម។ ដូច្នេះ វាមានសារៈសំខាន់ណាស់ នៅក្នុងការបង្កើនការបរិភោគអាហារសាច់សត្វ។ បន្លែស្លឹក បៃតង និងសណ្តែកមានផ្ទុកជាតិដែក ប៉ុន្តែជាតិដែកនេះអាចមិនជ្រាបចូលបានល្អក្នុងរាងកាយទេ។ ទោះជាយ៉ាងនេះក្តី គេអាចបង្កើនការជ្រាបជាតិដែកតាមរយៈការបរិភោគអាហារមានជាតិវីតាមីនសេ ដូចជាប៉េងប៉ោះ ឬក្រូចឆ្មា។
អំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការជីវជាតិវីតាមីនអា បន្ថែម ប៉ុន្តែត្រូវប្រុងប្រយ័ត្នកុំទទួលទានជីវជាតិអា ហួសកម្រិត ដែលអាចបង្កភាពមិនប្រក្រតីចំពោះទារក។ បើខ្វះជាតិវីតាមីនអា វិធីដែលល្អបំផុតក្នុងការស្រូបយកជីវជាតិនេះគឺតាមរយៈការទទួលទានអាហារ។
ការផ្តល់ជីវជាតិបន្ថែមដល់ស្ត្រីមានផ្ទៃពោះដែលរស់នៅជាមួយមេរោគអេដស៍គួរតែធ្វើឡើងតាមបទដ្ឋានជាតិស្តីពីការថែទាំមុនសម្រាលសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមមើល អនុសញ្ញាស្តីពីការគ្រប់គ្រងមាតុភាពគ្មានគ្រោះថ្នាក់ក្នុងគ្លីនិក ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល ព្រមទាំងគោលការណ៍ណែនាំ និងគោលនយោបាយជាតិស្តីអំពីអាហារបន្ថែមមីក្រូសារជាតិ ដើម្បីគាំពារ និងត្រួតពិនិត្យកង្វះអាហារូបត្ថម្ភនៅកម្ពុជា ដែលរៀបចំឡើងដោយកម្មវិធីជាតិអាហារូបត្ថម្ភ ឆ្នាំ២០១១។
ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវការកើនទម្ងន់អំឡុងពេលមានផ្ទៃពោះ ដើម្បី៖
- ការលូតលាស់ និងការវិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ
- ការផ្លាស់ប្តូរនៃរាងកាយរបស់ម្តាយអំឡុងពេលមានផ្ទៃពោះ
របបអាហារគ្រប់គ្រាន់ធ្វើឱ្យកើនទម្ងន់បានល្អ អាស្រ័យទៅលើសន្ទស្សន៍ម៉ាស់រាងកាយរបស់ម្តាយ។ បើម្តាយមានទម្ងន់មិនគ្រប់គ្រាន់ កំណើនទម្ងន់អាចលើស១៦គីឡូក្រាម អំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើម្តាយលើសទម្ងន់ កំណើនទម្ងន់អាចតិចជាង៨គីឡូក្រាម។ កំណើនទម្ងន់របស់ស្ត្រីអំឡុងពេលមានផ្ទៃពោះអាស្រ័យទៅលើទម្ងន់មុនពេលមានផ្ទៃពោះរបស់គាត់។ សម្រាប់ស្ត្រីដែលមានសុខភាពល្អ កំណើនទម្ងន់ជាមធ្យមក្នុងអំឡុងពេលមានផ្ទៃពោះ គឺនៅចន្លោះ១២–១៥គីឡូក្រាម។
ស្ត្រីមានផ្ទៃពោះដែលកើនទម្ងន់មិនគ្រប់គ្រាន់ ច្រើនបង្កើតបានទារកមិនគ្រប់ទម្ងន់។ ទារកដែលកើតមិនគ្រប់ទម្ងន់ មិនអាចលូតលាស់បានល្អ និងងាយរងគ្រោះដោយសារ ការឆ្លងរោគ និងកង្វះអាហារូបត្ថម្ភ ជាងទារកដែលមានទម្ងន់ធម្មតា។
កំណើនទម្ងន់ និងអាហារូបត្ថម្ភល្អធ្វើឱ្យទារកលូតលាស់ និងវិវឌ្ឍន៍បានធម្មតា កើតគ្រប់ខែ និងមានទម្ងន់ល្អធម្មតា (ចន្លោះ២.៥ ទៅ ៤គីឡូក្រាម)។ ក្រៅពីនេះ ម្តាយនឹងអាចមានលទ្ធភាពទទួលបានវិធីបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន។
តារាងខាងក្រោមនេះបង្ហាញនូវកំណើនទម្ងន់ជាទូទៅក្នុងអំឡុងពេលមានផ្ទៃពោះ ដោយផ្អែកលើទម្ងន់មុនមានផ្ទៃពោះ។ វាគ្រាន់តែជាព័ត៌មានទូទៅប៉ុណ្ណោះ។ ស្ត្រីមានផ្ទៃពោះគួរតែពិនិត្យសុខភាពឱ្យបានទៀងទាត់ជាមួយអ្នកជំនាញសុខភាព។
ទម្ងន់មុនពេលមានផ្ទៃពោះសន្ទស្សន៍ម៉ាស់រាងកាយ (BMI) | ការឡើងទម្ងន់សរុប |
ទម្ងន់មិនគ្រប់ (ក្រោមជាង ១៨,៥) | ១២,៥ ទៅ ១៨ គីឡូក្រាម |
ទម្ងន់ធម្មតា (១៨,៦ ទៅ ២៤,០) | ១២,៥ ទៅ ១៦ គីឡូក្រាម |
លើសទម្ងន់ (២៥,០ ទៅ ២៩,៩) | ៧ ទៅ ១១,៥ គីឡូក្រាម |
ធាត់ជ្រុល (លើស ឬស្មើ ៣០,០) | ៤,៥ ទៅ ៩ គីឡូក្រាម |
ប្រភព៖ កំណើនទម្ងន់អំឡុងពេលមានផ្ទៃពោះ៖ សេក្តីណែនាំរបស់វិទ្យាស្ថានវេជ្ជសាស្ត្រ (IOM) ២០០៩។
បន្តការធ្វើបទបង្ហាញ៖ ស្ត្រីមានផ្ទៃពោះប្រឈមនឹងគ្រោះថ្នាក់ខ្ពស់នឹងជំងឺដែលបណ្តាលមកពីអាហារ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះ គួរមានវិធានការការពារត្រឹមត្រូវ។ ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងទទួលទានសាច់ ត្រី និងស៊ុតដែលឆៅ ឬមិនឆ្អិនល្អ។ ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះ គួរតែរម្ងាប់មេរោគ ឬកម្តៅតាមដែលអាចធ្វើទៅបាន។
សកម្មភាពបំផុសគំនិត
- កំណត់សម្គាល់
ចម្លើយត្រឹមត្រូវមានដូចជា៖
- ពិសារទឹកស្អាត/ដាំពុះ
- លាងដៃនឹងសាប៊ូ
- លាងសម្អាតផ្លែឈើ និងបន្លែ
- រៀបចំចម្អិនម្ហូបអាហារដែលមានប្រភពពីសត្វឱ្យហ្មត់ចត់ និងឆ្អិនល្អ
- ចៀសវាងទទួលទានសាច់ ត្រី និងស៊ុតឆៅ ឬមិនឆ្អិនល្អក្នុងពេលមានផ្ទៃពោះ។
សំនួរ៖ “តើការអនុវត្តន៍រៀបចំអាហារណាខ្លះដែលអ្នកគួរតែណែនាំដល់ស្ត្រីមានផ្ទៃពោះដើម្បីចៀសវាងជំងឺបណ្តាលមកពីអាហារ”?
កត់ត្រាចម្លើយលើក្តារខៀន ឬផ្ទាំងក្រដាស រួចពន្យល់បន្ថែម។
ពន្យល់៖ ក្រៅពីការបរិភោគត្រឹមត្រូវ មានកត្តាដទៃទៀតដែលស្ត្រីគួរចៀសវាងក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។
- ការជក់បារី៖ ការជក់បារីនៅពេលមានផ្ទៃពោះធ្វើឱ្យម្តាយនិងកូននៅក្នុងផ្ទៃប្រឈមនឹងបញ្ហាសុខភាពខ្ពស់ ដូចជា រលូត ឬកូនកើតមិនគ្រប់ខែ។ ម្តាយដែលជក់បារីបង្កើនឱកាសខ្ពស់ទេ្វរដង ក្នុងការបង្កើតកូនមិនគ្រប់ទម្ងន់។
- ជាតិស្រា៖ ការប្រើប្រាស់ជាតិស្រាច្រើនហួសប្រមាណនៅពេលមានផ្ទៃពោះបង្កគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃ ជាពិសេសនៅក្នុងត្រីមាសដំបូង។ ជាទូទៅគេណែនាំឱ្យស្ត្រីមានផ្ទៃពោះតមគ្រឿងស្រវឹង ព្រោះពុំមានគោលការណ៍ណែនាំអំពីការកំណត់ការប្រើប្រាស់ជាតិស្រវឹងនៅក្នុងកម្រិតសុវត្ថិភាពនោះទេ។ គេទទួលស្គាល់ថា ស្ត្រីមានដែលមានផ្ទៃពោះច្រើនខែ អាចទទួលទានគ្រឿងស្រវឹងក្នុងបរិមាណតិចតួច និងអាចមិនបង្កឱ្យមានគ្រោះថ្នាក់។
- ថ្នាំ៖ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះគួរត្រូវជៀសវាងថ្នាំញៀន ឬថ្នាំខុសច្បាប់ផ្សេងៗ។ ក្រៅពីនេះ រាល់ការប្រើប្រាស់ឱសថ ត្រូវពិនិត្យមើលការណែនាំ និងប្រាកដាថា វាមិនប៉ះពាល់ដល់សុខភាពអំឡុងពេលមានផ្ទៃពោះ។ ក្នុងអំឡុងពេលបំបៅដោះកូន ថ្នាំអាចជ្រាបចូលទៅក្នុងខ្លួនទារកតាមរយៈទឹកដោះ ដែលអាចធ្វើឱ្យទារកញៀននឹងថ្នាំនោះ។
- ជាតិកាហ្វេអ៊ីន៖ ស្ត្រីមានផ្ទៃពោះគួរទទួលទានកាហ្វេតិចជាងបួនពែងក្នុងមួយថ្ងៃ ពីព្រោះការទទួលទានជាតិកាហ្វេអ៊ីនហួសប្រមាណធ្វើឱ្យប៉ះពាល់ដល់ ការលូតលាស់របស់ទារកក្នុងផ្ទៃ។ កាហ្វេអ៊ីនក៏អាចប៉ះពាល់ដល់ដំណេករបស់ទារកដែលបៅដោះម្តាយផងដែរ។
ទារក និងកុមារអាយុពី០-២៤ខែ
ពន្យល់៖ ដំណើរជីវិតរបស់ទារករីកលូតលាស់ចាប់តាំងពីពេលកើត រហូតដល់អាយុ២២ខែ។ ក្នុងករណីដែលម្តាយជ្រើសរើសយកវិធីបំបៅកូនដោយទឹកដោះម្តាយ ទារកនឹងប្រឈមនឹងការឆ្លងមេរោគអេដស៍ក្នុងកម្រិតទាប។ ការឆ្លងមេរោគអេដស៍តាមរយៈទឹកដោះម្តាយគឺជាគ្រោះថ្នាក់មួយ ក៏ប៉ុន្តែគេអាចកាត់បន្ថយគ្រោះថ្នាក់នេះបានច្រើន ប្រសិនបើម្តាយបំបៅដោះកូនសុទ្ធ និងប្រើប្រាស់ ឱសថប្រឆាំងនឹងមេរោគអេដស៍។
ដូចដែលយើងបានពិភាក្សាខាងដើម តម្រូវការថាមពលរបស់ទារកមានកម្រិតខ្ពស់ ព្រោះនេះជាពេលដែលទារកមានការរីកលូតលាស់ឆាប់រហ័ស។ តម្រូវការថាមពលខ្ពស់បង្កើនឱ្យមានការប្រឈមកង្វះអាហារូបត្ថម្ភនៅក្នុងវ័យនេះ។
ទារកភាពគឺជាដំណាក់កាលមួយដែលទារក ងាយរងគ្រោះដោយសារជំងឺ និងមេរោគផ្សេងៗដែលបណ្តាលមកពីបរិយាកាសដែលមានមេរោគ និងផ្តល់អាហារដោយគ្មានសុវត្ថិភាព។ ការផ្តល់អាហារដែលគ្មានសុវត្ថិភាពអាចបង្កឱ្យទារករាករូស ដែលជាបញ្ហាចម្បងបណ្តាលឱ្យទារកស្លាប់ទូទាំងពិភពលោក។
គេអាចដឹងថាទារកមានមេរោគអេដស៍ ប្រសិនបើមានចេញរោគសញ្ញានៃមេរោគ ហើយម្តាយទារកត្រូវបានគេដឹងថាមានផ្ទុកមេរោគអេដស៍។ ការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍(ART) អាចនឹងមិនមានសម្រាប់ពួកគេ។ កុមារអាចមានជំងឺររាករូស និងជំងឺឆ្លងដោយសារការផ្តល់អាហារជំនួស ដោយគ្មានសុវត្ថិភាព។ អាហារូបត្ថម្ភមិនគ្រប់គ្រាន់ក្នុងអំឡុងពេល១២ខែដំបូង អាចធ្វើឱ្យកុមារខ្វះអាហារូបត្ថម្ភ និងបង្អាក់ដល់ការលូតលាស់(ក្រិន)។ នៅពេលអាយុប្រាំមួយខែ ត្រូវផ្តល់អាហារបន្ថែមដែលមានជាតិដែកខ្ពស់ បន្ថែមពីលើទឹកដោះម្តាយ និងទឹកដោះគោម្សៅ។ កុមារដែលមានរបបអាហារមិនគ្រប់គ្រាន់ច្រើនខ្វះជាតិដែក។
ការផ្តល់អាហារដល់ទារក
ពន្យល់៖ ការផ្តល់អាហារដល់ទារកមានឥទ្ធិពលដល់ការស្លាប់រស់របស់ទារក និងកុមារ។ ការផ្តល់អាហារដល់ទារក និងកុមារតូចៗឱ្យបានល្អគឺជាមូលដ្ឋានគ្រឹះសម្រាប់ជីវិត សុខភាព អាហារូបត្ថម្ភ និងការរីកលូតលាស់របស់កុមារ ប៉ុន្តែកុមារភាគច្រើនមិនបានទួួលការផ្តល់អាហារត្រឹមត្រូវឡើយ។ គោលការណ៍ណែនាំជាសកលស្តីអំពីការផ្តល់អាហារដល់ទារក និងកុមារចែងថា៖
- បំបៅដោះទារកក្នុងពេលមួយម៉ោងបន្ទាប់ពីកើត
- បំបៅដោះសុទ្ធតែមួយមុខគត់ ចាប់តាំងពីពេលកើតរហូតដល់អាយុ៦ខែ
- ផ្តល់អាហារបន្ថែមដល់កុមារដែលមានអាយុចាប់ពី៦ខែឡើងទៅ
- ត្រូវបន្តបំបៅដោះម្តាយរហូតដល់អាយុ២ឆ្នាំ ឬលើសពីនោះ
- កំណត់សម្គាល់
ការបំបៅកូនដោយទឹកដោះសុទ្ធមានន័យថា៖
- ទារកត្រូវទទួលទានទឹកដោះម្តាយ
- ទារកអាចទទួលផងដែរនូវ ថ្នាំបន្តក់ ថ្នាំទឹក (ជីវជាតិផ្សេងៗ ជាតិខនិជ ថ្នាំពេទ្យ)
- ទារកមិនគួរទទួល អ្វីផ្សេងក្រៅពីនេះទេ។
អង្គការសុខភាពពិភពលោកណែនាំថា ម្តាយគ្រប់រូប មិនថាពួកគេមានផ្ទុកមេរោគអេដស៍ឬក៏អត់ ត្រូវបំបៅកូនដោយទឹកដោះម្តាយសុទ្ធ ដែលមានន័យថា មិនត្រូវផ្តល់សារធាតុរាវ ឬអាហារដទៃ ដល់ទារកក្នុងអំឡុងពេល៦ខែដំបូងឡើយ។ បន្ទាប់ពីរយៈពេលប្រាំមួយខែ ទារកអាចចាប់ផ្តើមទទួលអាហារបន្ថែមក្រៅពីទឹកដោះម្តាយបាន។ ម្តាយគ្រប់រូបដែលគ្មានផ្ទុកមេរោគអេដស៍គប្បីត្រូវបំបៅដោះកូនរហូតដល់ទារកមានអាយុ២ឆ្នាំ ឬច្រើនជាងនេះ។ ការបំបៅដោះសុទ្ធតែមួយមុខគត់ផ្តល់អត្ថប្រយោជន៍លើផ្នែកសារជាតិចិញ្ចឹម សុខភាព និងភាពស្និទ្ធស្នាលដល់ទារក។
សកម្មភាពបំផុសគំនិត
សំណួរ៖ “តើការបំបៅដោះកូនមានអត្ថប្រយោជន៍អ្វីខ្លះ”? បំផុសគំនិតអំពីអត្ថប្រយោជន៍នៃការបំបៅដោះ។ ព្យាយាមបំផុសគំនិតសំខាន់ៗដូចខាងក្រោម៖
ទឹកដោះម្តាយ | ការបំបៅដោះម្តាយដល់កូន |
គឺជាសារជាតិចិញ្ចឹមដ៏ល្អឥតខ្ចោះ៖ វាផ្តល់សារជាតិចិញ្ចឹមគ្រប់ប្រភេទដែលទារកត្រូវការ | បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងម្តាយ និងទារក |
ងាយស្រួលរំលាយ មានប្រសិទ្ធភាពក្នុងការស្រូបយកជីវជាតិ | ជួយឱ្យទារកមានអារម្មណ៍កក់ក្តៅ និងរីករាយ |
ការពារប្រឆាំងនឹងការឆ្លងរោគ និងជំងឺផ្សេងៗ | ការពារសុខភាពមាតា |
មិនចំណាយថវិកា មានអនាម័យអាចប្រើបានភ្លាម | ជួយពន្យាគំលាតនៃការមានផ្ទៃពោះពីកូនមួយទៅកូនមួយទៀត |
មានជាតិទឹកគ្រប់គ្រាន់ ទោះបីជាពេលអាកាសធាតុក្តៅក៏ដោយ | |
ពិភាក្សាអំពីគ្រោះថ្នាក់នៃការបំបៅដោះ និងបញ្ហាប្រឈម
- ប្រឈមនឹងការចម្លងមេរោគអេដស៍ពីម្តាយទៅទារក៖ ទារកអាចឆ្លងមេរោគអេដស៍តាមរយៈការបំបៅដោះម្តាយ។ ទោះជាយ៉ាងនេះក៏ដោយ បន្សំនៃការបំបៅដោះសុទ្ធតែមួយមុខគត់ និងការប្រើប្រាស់សេវាព្យាបាលប្រឆាំងនឹងមេរោគអេដស៍ អាចកាត់បន្ថយគ្រោះនៃការឆ្លងនេះបាន។
- ត្រូវបំបៅទឹកដោះម្តាយសុទ្ធសម្រាប់រយៈពេល៦ខែដំបូង មិនត្រូវបំបៅចម្រុះ (ឧទាហរណ៍៖ ទឹកដោះម្តាយ និងទឹកដោះគោ ឬអាហារក្នុងពេលតែមួយទេ)
- ប្រសិនបើម្តាយឈឺខ្លាំង អាចនឹងមានការលំបាកក្នុងការបំបៅដោះកូន។
ការផ្តល់អាហារដល់ទារកក្នុងបរិបទមានផ្ទុកមេរោគអេដស៍
- ពាក្យសំខាន់ៗ
- ការបំបៅដោះសុទ្ធ គឺការផ្តល់ទឹកដោះម្តាយតែមួយមុខគត់ និងមិនទទួលវត្ថុរាវ ឬរឹងផ្សេងទៀត សូម្បីតែទឹក លើកលែងតែដំណក់ថ្នាំជីវជាតិ ជាតិខនិជ ឬថ្នាំពេទ្យ។
- ការផ្តល់អាហារជំនួស ជាការផ្តល់អាហារដោយមិនឱ្យទារកបៅទឹកដោះម្តាយ ជាធម្មតាគឺបៅទឹកដោះគោម្សៅ។
- ការផ្តល់អាហារចម្រុះ ជាការផ្តល់ទឹកដោះម្តាយ និងអាហារ ឬសារធាតុរាវផ្សេងៗ រួមទាំងទឹកដោះគោម្សៅ ទឹកដោះសត្វ ឬទឹក។ ការផ្តល់អាហារចម្រុះមុនអាយុ៦ខែ បង្កឱកាសខ្ពស់ក្នុងការចម្លងមេរោគអេដស៍ពីម្តាយដែលមានផ្ទុកមេរោគអេដស៍ទៅកូន។
ចាប់ពីពេលកើតរហូតដល់អាយុ៦ខែ
ការបំបៅដោះសុទ្ធ
ពន្យល់៖ គោលការណែនាំជាតិស្តីពី “ការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន” (របស់ក្រសួងសុខាភិបាលកម្ពុជា ២០១១) ណែនាំ និងលើកទឹកចិត្តដល់ស្ត្រីគ្រប់រូប ទោះផ្ទុក ឬមិនផ្ទុករោគអេដស៍ ឱ្យបំបៅដោះម្តាយសុទ្ធតែមួយមុខគត់ដល់ទារកសម្រាប់រយៈពេល៦ខែដំបូង។ ម្តាយបំបៅដោះកូន ដែលមានផ្ទុកមេរោគអេដស៍គួរតែប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអេដស៍ (ARV) រហូតដល់មួយសប្តាហ៍បន្ទាប់ពីបពា្ឈប់ការបំបៅដោះពេញលេញ ដើម្បីបង្ការការឆ្លងមេរោគអេដស៍តាមរយៈទឹកដោះ។ ទារកដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ទាំងអស់ គួរតែទទួលបានឱសថប្រឆាំងមេរោគអេដស៍ជាប្រចាំរាល់ថ្ងៃ ចាប់តាំងពីពេលកើតរហូតដល់អាយុ៦សប្តាហ៍ ទោះជាម្តាយជ្រើសរើសយកវិធីបំបៅបែបណាក៏ដោយ។
អត្រានៃការចម្លងពីម្តាយទៅកូន ដោយសារការបំបៅដោះម្តាយ ត្រូវបានគេប៉ាន់ស្មានថាមានជាទូទៅប្រហែលជា៥ទៅ២០% ដែោយវាមានកត្តាជះឥទ្ធិពលជាច្រើន។ គេមិនអាចប៉ាន់ស្មានអំពីគ្រោះថ្នាក់នៃការឆ្លងពិតប្រាកដទៅលើករណីបុគ្គលម្នាក់ៗឡើយ។ កត្តាដែលធ្វើឱ្យមានការកើនឡើងនូវគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍អំឡុងពេលបំបៅដោះកូនរួមមាន៖
- កម្រិតអាហារូបត្ថម្ភរបស់ម្តាយខ្សត់ខ្សោយ (កង្វះអាហារូបត្ថម្ភ)
- អត្រាផ្ទុកមេរោគរបស់ម្តាយនៅពេលបំបៅដោះ៖ ម្តាយដែលមានកម្រិតផ្ទុកមេរោគកាន់តែខ្ពស់អាចបង្កើនគ្រោះថ្នាក់កាន់តែខ្លាំងក្នុងការចម្លងមេរោគអេដស៍តាមរយៈទឹកដោះ។ ម្តាយដែលជ្រើសរើសប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអេដស៍តែងមានកម្រិតផ្ទុកមេរោគអេដស៍ទាប ដូច្នេះ គ្រោះថ្នាក់ក្នុងការចម្លងពីម្តាយទៅកូនក៏មានកម្រិតទាបដែរ។
- រយៈពេលនៃការបំបៅដោះកូន៖ ម្តាយបំបៅដោះកូនកាន់តែយូរ គ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍កាន់តែខ្ពស់។ ការស្រាវជ្រាវខ្លះបង្ហាញថាគ្រោះថ្នាក់នេះកើនឡើងខ្ពស់ក្រោយរយៈពេល៦ខែ។
- ការបំបៅការបំបៅចំរុះ (បំបៅដោះម្តាយ រួមជាមួយការបំបៅជំនួស) គឺជាកត្តាដ៏សំខាន់បំផុតមួយដែលបង្កើនគ្រោះថ្នាក់នៃការចម្លងមេរោគ។
- បូសដោះ (ខ្ទុះកើតមានបណ្តាលមកពីមេរោគ) ក្បាលដោះដាច់រលាត់ (ប្រេះ) និងរោគរលាកដោះ (រលាកញឹកញាប់ បង្កឱ្យកើតរោគឆ្លង) សុទ្ធតែជាឱកាសនៃការបញ្ជូនឈាម និងផ្លាស់ស្មាដែលមានមេរោគអេដស៍កម្រិតខ្ពស់
- ម្តាយដែលមានជំងឺអេដស៍ក្នុងដំណាក់កាលធ្ងន់ មានប្រព័ន្ធការពាររាងកាយខ្សោយ និងងាយឆ្លងរោគផ្សេងៗ
- ជំងឺកើតនៅលើមាត់ទារក ដូចជា ផ្សិត (ជ្រាំង) និងពងបែកក្នុងមាត់ អាចបង្កឱកាសចម្លងមេរោគនៅក្នុងទឹកដោះម្តាយ ទៅក្នុងឈាមកុមារដោយផ្ទាល់។
ការពិភាក្សាដោយចំហ៖ សួរសំនួរថា “តើអ្នកគិតថា អ្វីខ្លះជាឧបសគ្គចំពោះការបំបៅដោះ ម្តាយសុទ្ធតែមួយមុខគត់ នៅក្នុងប្រទេសកម្ពុជា”?
សម្របសម្រួលការពិភាក្សា និងសង្ខេបខ្លឹមសារ។
ការផ្តល់អាហារជំនួស
ពន្យល់៖ ឥឡូវយើងនឹងនិយាយអំពីការផ្តល់អាហារជំនួស។ ម្តាយរស់នៅជាមួយមេរោគអេដស៍ដែលមិនបំបៅកូនដោយទឹកដោះខ្លួន គួរតែផ្តល់នូវទឹកដោះគោម្សៅដែលផលិតតាមស្តង់ដាអន្តរជាតិ ទៅឱ្យទារកដែលគ្មានមេរោគអេដស៍ ឬទារកដែលមិនដឹងស្ថានភាពច្បាស់ អាស្រ័យទៅតាមលក្ខខណ្ឌ។ មិនត្រូវផ្តល់អាហារជំនួសដោយលាយជាមួយទឹកដោះគោឆៅ ទឹកសណ្តែក ឬទឹកដោះគោខាប់ឡើយ។ វាមានសារៈសំខាន់ណាស់ ត្រូវបំបៅដោយទឹកដោះគោម្សៅសុទ្ធសម្រាប់ ៦ខែដំបូង ចៀសវាងការផ្តល់អាហារចម្រុះ មិនត្រូវលាយការបំបៅដោះ ឬបន្ថែមអាហារដទៃឡើយ។ បើជ្រើសរើសយកការផ្តល់អាហារជំនួស មិនត្រូវចាប់ផ្តើមបំបៅដោះម្តាយឡើងវិញឡើយ។
ដើម្បីផ្តល់អាហារដោយសុវត្ថិភាពសម្រាប់ទារកដោយប្រើម្សៅទឹកដោះគោ ម្តាយ ឬអ្នកថែទាំត្រូវគោរពតាមលក្ខខណ្ឌខាងក្រោម៖
- ត្រូវធានាឱ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងក្នុងសហគមន៍ និង
- ត្រូវផ្តល់ទឹកដោះគោម្សៅឱ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ការលូតលាស់ និងការវិវឌ្ឍន៍របស់ទារក និង
- ត្រូវរៀបចំទឹកដោះគោម្សៅឱ្យដោយសុវត្ថិភាព មានអនាម័យ និងគ្រប់គ្រាន់ជាប្រចាំ ដើម្បីចៀសវាងជំងឺររាករូស និងកង្វះអាហារូបត្ថម្ភ និង
- ឱ្យទារកបៅទឹកដោះគោម្សៅសុទ្ធក្នុងរយៈពេល៦ខែដំបូង ហើយគ្រួសារទាំងមូលត្រូវយល់ព្រមគាំទ្រអនុវត្តតាមវិធី នេះ និង
- អាចទទួលបានវិធីថែទាំសុខភាពសមស្របសម្រាប់កុមារ។
ការផ្តល់អាហារជំនួសដោយប្រើទឹកដោះគោម្សៅអាចប្រឈមនឹងការបង្កឱ្យមានជំងឺរាករូស ជំងឺដង្ហើម និងកង្វះអាហារូបត្ថម្ភ ប្រសិនបើមិនបានរៀបចំត្រឹមត្រូវ និងប្រកបដោយអនាម័យ។ ការផ្តល់អាហារជំនួសមិនបង្កឱ្យមានការប្រឈមនឹងការឆ្លងមេរោគអេដស៍ឡើយ។
ពិភាក្សាអំពីការប្រឈមនៃការផ្តល់អាហារជំនួស៖
- ទឹកដោះគោម្សៅមិនមានអង្គបដិបក្ខដែលអាចការពារទារកពីការឆ្លងរោគឡើយ
- ការរើសអើង
- ត្រូវការពេលវេលា ចំណេះដឹង និងជំនាញគ្រប់គ្រាន់ដើម្បីរៀបចំទឹកដោះគោម្សៅ
- ត្រូវបន្តទិញទឹកដោះគោម្សៅឱ្យមានជាប់ជានិច្ច
- អាចប្រឈមនឹងជំងឺ
- តម្លៃថ្លៃ
កុមារអាយុចាប់ពី៦ខែឡើងទៅ
បន្ទាប់មក ពន្យល់អំពីអនុសាសន៍របស់ “គោលការណ៍ណែនាំជាតិស្តីពី ការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន”៖
- ម្តាយរស់នៅជាមួយមេរោគអេដស៍ដែលមានទារកផ្ទុកមេរោគអេដស៍ (HIV DNA PCR Test Positive) គួរណែនាំឱ្យផ្តល់អាហារបន្ថែមដល់ ទារក និងបន្តបំបៅដោះកូនរហូតដល់កូនមានអាយុ ២៤ខែ ឬលើសពីនោះ
- ម្តាយរស់នៅជាមួយមេរោគអេដស៍ដែលមានទារកមិនផ្ទុកមេរោគអេដស៍ (HIV DNA PCR Test Negative) ឬមិនបានដឹងថាមានផ្ទុកមេរោគអេដស៍ គួរណែនាំឱ្យផ្តល់អាហារបន្ថែម និងបន្តបំបៅដោះកូនរហូតដល់កូនមានអាយុ ១២ខែ
- នៅក្នុងប្រទេសកម្ពុជា កុមារភាគច្រើនលូតលាស់បានល្អចាប់ពីកើតរហូតដល់អាយុ៦ខែ ព្រោះពួកគេទទួលបានទឹកដោះម្តាយច្រើន។ ប៉ុន្តែបន្ទាប់ពីអាយុ៦ខែកុមារភាគច្រើនមិនលូតលាស់បានល្អដូចមុនឡើយ ព្រោះពួកគេមិនទទួលបានអាហារបន្ថែមសមស្រប និងគ្រប់គ្រាន់។ ទឹកដោះម្តាយនៅតែមានសារៈសំខាន់ខ្លាំង ព្រោះសារជាតិចិញ្ចឹមនៅក្នុងទឹកដោះអាចជួយពួកគេក្នុងការលូតលាស់ និងប្រឆាំងជំងឺផ្សេងៗ។
សកម្មភាពបំផុសគំនិត៖
បង្ហាញសិក្ខាកាមនូវរូបភាពនៃការលូតលាស់របស់ដើមស្រូវ។ ប្រសិនបើមានការលំបាកក្នុងការបង្ហាញ អ្នកសម្របសម្រួលអាចគូសរូបភាពនេះឱ្យធំៗនៅលើក្រដាសផ្ទាំងធំ។
សំណួរ៖ តើអ្វីដែលធ្វើឱ្យដើមស្រូវលូតលាស់បានខ្ពស់?
សរសេរចម្លើយទាំងអស់លើក្រដាសផ្ទាំងធំ (ទឹក ជី ពន្លឺព្រះអាទិត្យ ការការពារពីសត្វ ស្មៅ និងរុក្ខជាតិឥតប្រយោជន៍ផ្សេងៗ ៘)
ដើមស្រូវដែលលូតលាស់កាន់តែខ្ពស់ល្អនឹងផ្តល់នូវទិន្នផលកាន់តែខ្ពស់។ ទន្ទឹមនឹងនោះ យើងក៏ត្រូវដាក់ជី និងមើលថែដីស្រែដោយយកចិត្តទុកដាក់ដែរ។
កុមារក៏មិនខុសពីដើមស្រូវដែរ ដើម្បីឱ្យពួកគេអាចលូតលាស់ ធំធាត់ មានសុខភាពល្អ និងឈ្លាសវៃ យើងត្រូវព្យាយាមផ្តល់ឱ្យពួកគេនូវអាហារូបត្ថម្ភល្អៗ ដើម្បីឱ្យកុមារមានផលិតភាពក្នុងជីវិតរបស់ពួកគេ។
- កំណត់សម្គាល់
អាហារបន្ថែមជាអាហារដែលផ្តល់ឱ្យទារកចាប់ពីអាយុ៦ខែ ជាអាហារបង្គ្រប់ទៅលើទឹកដោះម្តាយ ឬទឹកដោះគោជំនួស។ បន្ទាប់ពីអាយុ៦ខែ ទឹកដោះម្តាយ ឬទឹកដោះគោជំនួសតែមួយមុខមិនអាចឆ្លើយតបទៅនឹងតម្រូវការអាហារូបត្ថម្ភបានទេ។ នៅអាយុ៦ខែ រាងកាយកុមារបានវិវឌ្ឍល្មមនឹងអាចបរិភោគអាហារផ្សេងៗ និងបង្កើនសមត្ថភាពប្រើប្រាស់ដៃ អណ្តាត និងមាត់សម្រាប់បរិភោគអាហារ។
កុមារមានការប្រឈមខ្ពស់នឹងកង្វះអាហារូបត្ថម្ភ ប្រសិនបើអាហារបន្ថែមគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ឬមានបរិមាណតិចតួច។ កុមារត្រូវការពេលវេលា និងការជួយជ្រោមជ្រែងខ្លាំង ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភរបស់ពួកគេ ព្រោះក្នុងវ័យនេះ កុមារត្រូវការជំនួយគ្រប់ពេលវេលា សូម្បីតែពេលបរិភោគអាហារ និងទឹក។
- កំណត់សម្គាល់
តម្រូវការជាតិដែកសម្រាប់ទារក និងកុមារតូចៗ៖
- កុមារអាយុ៧–១២ខែ៖ ត្រូវការជាតិដែក១១មីលីក្រាមក្នុងមួយថ្ងៃ ទទួលបានពីការបរិភោគបបរថ្លើមចំនួន ៦ស្លាបព្រាបាយ ឬចម្អិនជាមួយបន្លែបៃតងចំណុះ ៣/៤ចានចង្កឹះ ឬក៏បបរដែលផ្សំល្ពៅ/ដំឡូងជ្វាកិន៣ចានចង្កឹះ លាយថ្លើមឆ្អិនចំណុះ ៤.៥ស្លាបព្រាបាយ និងបន្លែបៃតងចំណុះកន្លះចានចង្កឹះ។
- កុមារមានអាយុ១-៥ឆ្នាំ៖ ត្រូវការជាតិដែក៩-១០មីលីក្រាមក្នុងមួយថ្ងៃ ដែលទទួលបានពីការបរិភោគថ្លើមមានបរិមាណស្មើនឹងពាក់កណ្តាលចានចង្កឹះ និងបន្លែបៃតងចំណុះមួយចានចង្កឹះ ឬក្រលៀនចម្អិនចំណុះ ២/៤ ចានចង្កឹះ ឬបន្លែបៃតងចម្អិនមានចំណុះ១ចានចង្កឹះ ឬតៅហ៊ូ២ចានចង្កឹះ។
ប្រភព៖ តម្រូវការជីវជាតិ និងជាតិខនិជសម្រាប់មនុស្ស ឆ្នាំ២០០២ របស់អង្គការស្បៀងអាហារ និងកសិកម្ម/អង្គការសុខភាពពិភពលោក។
បន្តការធ្វើបទបង្ហាញ៖ អាហារបន្ថែមត្រូវតែសម្បូរទៅដោយថាមពល ជាតិប្រូតេអ៊ីន និង មីក្រូសារជាតិ។ គួរជ្រើសរើសអាហារដែលងាយស្រួលបរិភោគ និងសមស្របតាមដំណាក់កាលវិវឌ្ឍន៍របស់កុមារ ដូចជា អាហារដែលក្មេងងាយចាប់យកដាក់ក្នុងមាត់។ អាហារចេញពីសាច់សត្វ ដូចជា សាច់ខួរ ឬថ្លើម ត្រី អាហារសមុទ្រ ស៊ុត និងទឹកដោះគោ សុទ្ធតែសម្បូរដោយសារជាតិចិញ្ចឹមជាតិដែក និងជីវជាតិអា។ បើមានគេបន្ថែមជាតិដែកចូលទៅក្នុងអាហារ ដូចជា នំ គ្រាប់ធញ្ញជាតិ និងអាហារផ្សេងៗ នោះវានឹងជួយឱ្យកុមារអាចបំពេញតម្រូវការជាតិដែកនៅក្នុងរាងកាយរបស់ពួកគេ។
បាយ សម្ល និងបបរសមិនគ្រប់គ្រាន់ឱ្យកុមារតូចៗលូតលាត់បានល្អនោះទេ។ កុមារត្រូវការ “បបរខាប់គ្រប់គ្រឿង” (ខាប់ដល់ពេលដួសក៏មិនស្រក់ចេញពីស្លាបព្រាដែរ) ក្នុងបរិមាណត្រឹមត្រូវ។ បបរខាប់គ្រប់គ្រឿងជាបបរដែលមានលាយ៖
- ត្រី ស៊ុត ឈាម សាច់ចិញ្ច្រាំ តៅហ៊ូ និងសណ្តែកបាយ
- បន្លែដូចជា ស្លឹកត្រកួន ស្លឹកផ្ទី ល្ពៅ ដំឡូងជ្វា និងបន្លែផ្សេងៗទៀត
- ប្រេងឆា
- អំបិលអ៊ីយ៉ូដ
រូបភាពនេះបង្ហាញពីគ្រឿងផ្សំមួយចំនួនសម្រាប់ចម្អិនបបរខាប់គ្រប់គ្រឿងដែលមានគ្រប់សារជាតិចិញ្ចឹម។ វានឹងជួយឱ្យកុមារដែលបរិភោគបបរនេះមានកម្ពស់ខ្ពស់ រឹងមាំ ឆ្លាត និងរៀនឆាប់ចេះ។
អាយុ | ភាពញឹកញាប់ | បរិមាណអាហារក្នុង១ពេល | អាហារបន្ថែម |
៦ ខែ | ២ ដង/ថ្ងៃ | ២-៣ ស្លាបព្រា | ទឹកដោះម្តាយ យ៉ាងតិច៨ដង |
៧-៨ ខែ | ៣ ដង/ថ្ងៃ | ១/២ចាន (២៥០ម.ល) | ទឹកដោះម្តាយ យ៉ាងតិច៨ដង |
៩-១១ ខែ | ៣ ដង/ថ្ងៃ | ជិតពេញមួយចាន | អាហារសម្រន់១ដង/ថ្ងៃ បន្ថែម ទឹកដោះម្តាយ យ៉ាងតិច៦ដង |
២២-២៤ | ៣ ដង/ថ្ងៃ | ពេញមួយចាន | អាហារសម្រន់ ២ដង/ថ្ងៃ បន្ថែម ទឹកដោះម្តាយ យ៉ាងតិច៣ដង |
ប្រភព៖ គោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារ
មជ្ឍមណ្ឌលជាតិសុខភាពមាតា និងកុមារ ២០០៩
ចំពោះកុមារដែលមានសុខភាពល្អជាធម្មតា អាហារបន្ថែមដែលត្រូវផ្តល់ឱ្យមានដូចនៅក្នុងតារាងខាងលើ។
ពន្យល់បន្ថែមអំពីព័ត៌មានខាងលើថា៖ ទឹកដោះគឺជាប្រភពដ៏សំខាន់នៃអាហារូបត្ថម្ភ រហូតដល់កុមារមានអាយុ២ឆ្នាំ។
ពន្យល់៖ កុមារដែលបៅដោះម្តាយ ដែលមានពីអាយុ៦ខែទៅ២ឆ្នាំ អាចបំពេញតម្រូវការសារជាតិចិញ្ចឹម និងថាមពលបាន ៥០% ពីទឹកដោះ។ បន្ទាប់ពីអាយុ១២ខែ តម្រូវការអាហារបន្ថែមកើនឡើងកាន់តែច្រើន ហើយកុមារចាប់ផ្តើមបរិភោគអាហារដូចគ្នានឹងអាហារដែលសមាជិកគ្រួសារដទៃបរិភោគដែរ ដូច្នេះធ្វើ ឱ្យតម្រូវការសារជាតិចិញ្ចឹម និងថាមពលរបស់កុមារថយចុះមកត្រឹម៣០%។ ដើម្បីទូទាត់ចំពោះការមិនបានបៅដោះម្តាយ ទារកត្រូវការសារធាតុចិញ្ចឹមពីអាហារក្នុងបរិមាណកាន់តែច្រើន។ ទារកដែលមិនបៅដោះម្តាយ គួរបរិភោគអាហារពេល៤–៥ពេលក្នុងមួយថ្ងៃ និងបន្ថែមអាហារសម្រន់១ឬ២ដងទៀត។ អង្គការសុខភាពពិភពលោកណែនាំឱ្យផ្តល់អាហារឱ្យគ្រប់គ្រាន់តាមតម្រូវការរបស់កុមារ ឬតាមចំណង់បរិភោគរបស់ពួកគេ។
កំណត់សម្គាល់អំពីទារកដែលរស់នៅជាមួយមេរោគអេដស៍៖
- កុមារដែលរស់នៅជាមួយមេរោគអេដស៍ត្រូវការថាមពល និងសារជាតិចិញ្ចឹមបន្ថែម ដើម្បីលូតលាស់ និងប្រឆាំងនឹងការឆ្លងរោគផ្សេងៗ ដូច្នេះពួកគេត្រូវការបរិភោគអាហារច្រើនជាងកុមារធម្មតា
- ទារកដែលរស់នៅជាមួយមេរោគអេដស៍តែមិនឈឺគួរទទួលបានអាហារបន្ថែម១ដង/ថ្ងៃ
- ទារកដែលរស់នៅជាមួយមេរោគអេដស៍ ហើយឈឺ ឬកំពុងស្រកទម្ងន់ គួរទទួលបានអាហារច្រើនជាងកុមារធម្មតា២ដង។
យុទ្ធសាស្ត្រសម្រាប់កុមារ និងទារក (អាយុពី ៦– ២៤ខែ)៖
- កម្មវិធីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន
- ទឹកស្អាត និងអាហារបន្ថែម
- លើទឹកចិត្តម្តាយ/អាណាព្យាបាលក្នុងការថែទាំ និងយកចិត្តទុកដាក់ដល់ទារក
- ផ្តល់អាហារចម្រុះ សម្រាប់ទ្រទ្រង់ការលូតលាស់ឆាប់រហ័សរបស់កុមារ ក្នុងរយៈពេល ២ឆ្នាំដំបូង
- ត្រូវមានតុល្យភាពអាហារសមរម្យសម្រាប់ការវិវឌ្ឍន៍របស់កុមារ
- ម្តាយឬអណាព្យាបាលគួរលើកទឹកចិត្តឱ្យកុមារបរិភោគអាហារឱ្យបានគ្រប់គ្រាន់ស្របទៅតាមវ័យរបស់ពួកគេ
- ផ្តល់អាហារទៅតាមតម្រូវការ ដោយត្រូវអត់ធ្មត់ និងលើកទឹកចិត្តឱ្យកុមារបរិភោគអាហារ
- កុមារមានអាយុ៦–២៤ខែមានការប្រឈមខ្ពស់នឹងបញ្ហាកង្វះអាហារូបត្ថម្ភ
- បើរកឃើញថាមានការលូតលាស់មិនល្អ ឬអាហារូបត្ថម្ភខ្សត់ខ្សោយ ត្រូវរកដំណោះស្រាយឱ្យបានឆាប់រហ័ស។
រយៈពេល៖ ១៥នាទី
ការណែនាំអំពីសកម្មភាព៖
- បែងចែកសិក្ខាកាមជា៦ក្រុម
- បំផុសគំនិតសិក្ខាកាមអំពី វិធីសាស្ត្របពា្ឈប់កង្វះអាហារូបត្ថម្ភនៅក្នុងដំណាក់កាលនៃវដ្តជីវិត
- ក្រុមទី១ និងទី២៖ ទារកភាព និងការឈានចូលវ័យកុមារ (អាយុ០-២៤ខែ)
- ក្រុមទី៣ និងទី៤៖ កុមារភាព (អាយុ ២-៩ ឆ្នាំ)
- ក្រុមទី៥ និងទី៦៖ វ័យជំទង់ (អាយុ ១០-១៩ ឆ្នាំ)
- សុំឱ្យក្រុមនិមួយៗធ្វើបទបង្ហាញពីប្រធានបទរបស់ខ្លួនទៅក្រុមដទៃ
- សម្របសម្រួលការពិភាក្សា និងសង្ខេបខ្លឹមសារ
កំណត់សម្គាល់៖
ចម្លើយអំពីព័ត៌មានសំខាន់អំពីការបពា្ឈប់វដ្តនៃបញ្ហាកង្វះអាហារូបត្ថម្ភអាចរួមមាន៖
ទារកភាព និងការឈានចូលវ័យកុមារ(ចាប់ពីកើតរហូតដល់២៤ខែ)
- បំបៅដោះម្តាយសុទ្ធសម្រាប់ទារកអាយុពី 0-៦ ខែ
- បំបៅទឹកដោះដំបូង (ក្នុងរយៈពេលមួយម៉ោងក្រោយពេលសម្រាល)
- អាហារបន្ថែមសម្រាប់កុមារ ពេលមានអាយុ ៦ខែ
- ផ្តល់អាហារឱ្យបានសមស្រប
- អនាម័យខ្ពស់
- ដោះស្រាយបញ្ហាលូតលាស់មិនល្អ និងកង្វះអាហារូបត្ថម្ភ ឱ្យបានឆាប់រហ័ស
- ឱ្យកុមារបរិភោគ “បបរខាប់គ្រប់គ្រឿង” តាមបរិមាណត្រឹមត្រូវ
- បំបៅដោះកូនឱ្យបានញឹកញាប់ចំពោះកុមារដែលមានជំងឺ
- ចាក់វ៉ាក់សាំងបង្ការ
កុមារភាព (អាយុចាប់ពី ២-៩ ឆ្នាំ)
- ផ្តល់អាហារដែលសម្បូរសារជាតិចិញ្ចឹម ដែលបានមកពីក្រុមអាហារទាំងបី
- ចូលរួមតាមដានការលូតលាស់របស់កុមារជាប្រចាំ
- ព្យាបាលរោគសញ្ញា និងការឆ្លងនៃមេរោគអេដស៍ឱ្យបានលឿន
- ការចាក់វ៉ាក់សាំងបង្ការ
- រស់នៅមានអនាម័យល្អ
- ផ្តល់អាហារដែលសម្បូរជីវជាតិអា ជាតិដែក និងជាតិអ៊ីយ៉ូដ
វ័យជំទង់ (អាយុចាប់ពី ១០-១៩ ឆ្នាំ)
- ការបង្កើនការបរិភោគអាហារដើម្បីសម្រួលដល់ “សន្ទុះការលូតលាស់”
- បំបាត់កង្វះជាតិដែកតាមរយៈការបរិភោគអាហារដែលសម្បូរជាតិដែកជាពិសេសសម្រាប់ក្មេងស្រីជំទង់
- បង្ការ និងព្យាបាលការឆ្លងរោគផ្សេងៗ
កុមារអាយុពី ៣-៥ឆ្នាំ(កុមារមត្តេយ្យ)
បន្តការធ្វើបទបង្ហាញ៖ វ័យមិនទាន់គ្រប់អាយុចូលរៀនជាអំឡុងពេលដែលរាងកាយកុមារមិនមានការលូតលាស់ឆាប់រហ័សទេ ហើយក៏ជាពេលដែលកុមារមិនមានចំណង់បរិភោគខ្លាំងដែរ។ កុមារមួយចំនួនក្នុងក្រុមអាយុនេះ រើសអាហារ និងមិនបរិភោគអាហារណាដែលពួកគេមិនចូលចិត្តឡើយ។ ហេតុដូច្នេះ ត្រូវផ្តល់អាហារឱ្យបានច្រើនមុខ ទាំងអាហារពេល និងអាហារសម្រន់ ដើម្បីឱ្យកុមារបរិភោគទៅតាមចំណង់ពួកគេ ពោលគឺគ្មានការបង្ខំ ឬឈ្លោះប្រកែកអ្វីទាំងអស់។ ការបរិភោគអាហារជាប្រចាំពេញមួយថ្ងៃមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យកុមារមានភាពសកម្ម។ ត្រូវឱ្យកុមារបរិភោគអាហារក្នុងបរិមាណល្មម ពី៥–៦ដងក្នុងមួយថ្ងៃ។ កុមារក្នុងវ័យនេះរពឹសខ្លាំងណាស់។ ពួកគេអាចនឹងគិតតែពីលេងនេះលេងនោះ ដោយភ្លេចគិតពីការបរិភោគអាហារក៏មាន។ ជារឿយៗ កុមារតែងចូលចិត្តបរិភោគបាយ ព្រោះបាយមានរសជាតិឆ្ងាញ់សម្រាប់ពួកគេ ហើយពួកគេក៏មិនខ្វល់ពីរសជាតិផ្សេងៗ ឬក៏ប្រភេទអាហារផ្សេងឡើយ។ ការព្យាយាមឱ្យកុមារបរិភោគអាហារឱ្យបានច្រើនប្រភេទអាចជាការលំបាក ហើយវាកាន់តែលំបាកថែមទៀតបើកុមារមិនស្រួលខ្លួន។។
កុមារដែលមិនទាន់គ្រប់អាយុចូលរៀនមានក្រពះតូច ដែលធ្វើឱ្យពួកគេមិនអាចបរិភោគអាហារបានច្រើនក្នុងពេលបរិភោគម្តងៗ។ ពួកគេគួរបរិភោគអាហារដែលសម្បូរ សារជាតិចិញ្ចឹម ដើម្បីឆ្លើយតបទៅនឹងតម្រូវការមីក្រូសារជាតិ និងតម្រូវការថាមពលរបស់រាងកាយ។ មីក្រូសារជាតិសំខាន់ៗ សម្រាប់កុមារនៅក្នុងក្រុមអាយុនេះមាន៖
- ជីវជាតិអា៖ សាច់ ថ្លើម ក្រលៀន(សត្វ) ស៊ុតលឿង ត្រីធំតូច បន្លែពណ៌លឿង និងពណ៌ទឹកក្រូច និងផ្លែឈើពណ៌លឿង និងពណ៌ទឹកក្រូច (ឧ. ខ្នុរ ស្វាយទុំ ល្ហុងទុំ)បន្លែស្លឹកពណ៌បៃតងចាស់ (ឧ. ផ្ទីរ ត្រកួន)។
- ជាតិដែក៖ សាច់ពណ៌ក្រហម សាច់មាន់ ស៊ុត សណ្តែក តៅហ៊ូ និងបន្លែស្លឹកពណ៌បៃតងចាស់
- អ៊ីយ៉ូដ៖ ប្រើអំបិលអ៊ីយ៉ូដជាគ្រឿងផ្សំក្នុងការចម្អិនម្ហូប
- កាល់ស្យូមសម្រាប់ការលូតលាស់ឆ្អឹង៖ ទឹកដោះគោ តៅហ៊ូ
សំនួរ៖ ហេតុអ្វីបានជាកុមារមុនអាយុចូលរៀន ជាទូទៅបរិភោគអាហារមិនគ្រប់គ្រាន់?
ពន្យល់៖ កុមារត្រូវការអាហារឱ្យបានច្រើនមុខ មិនមែនតែអាហារធម្មតាដដែលៗនៅក្នុងក្រុមណាមួយនោះទេ។ ឧទាហរណ៍ បើកុមារបរិភោគតែបាយមួយមុខក្នុងបរិមាណច្រើន នោះក្រពះពួកគេនឹងគ្មានចន្លោះទំនេរសម្រាប់ដាក់បន្លែ សាច់ ផ្លែឈើ ទឹកដោះគោ និងតៅហ៊ូ ទេ។ ក្រៅពីអាហារពេល ចូរផ្តល់អាហារសម្រន់ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដល់កុមារ ឧទាហរណ៍ ចេកទុំ ស្វាយ ល្ហុង និងទឹកដោះគោ ឬទឹកសណ្តែក។
អាហារូបត្ថម្ភល្អសម្រាប់កុមារក្នុងវ័យមិនទាន់គ្រប់អាយុចូលរៀនមានសារៈសំខាន់ណាស់សម្រាប់អនាគតពួកគេ។ កុមារតូចៗអាយុក្រោមប្រាំឆ្នាំ ដែលរស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះនឹងកង្វះអាហារូបត្ថម្ភស្រួចស្រាវ។ កុមារដែលរស់នៅជាមួយមេរោគអេដស៍ តែងមានជំងឺកុមារផ្សេងៗ ដូចជា ជំងឺត្រចៀក និងជំងឺសួត ញឹកញាប់ជាងកុមារធម្មតា។ រាករូស និងគ្រុនក្តៅ ឧស្សាហ៍កើតមាន និងមានសភាពធ្ងន់ធ្ងរចំពោះកុមារដែលរស់នៅជាមួយមេរោគអេដស៍។ រោគសញ្ញានៃមេរោគអេដស៍ដូចជា រាករូស និងជំងឺឆ្លងផ្សេងៗ នឹងធ្វើឱ្យកុមារខ្វះអាហារូបត្ថម្ភកាន់តែខ្លាំង។ កុមារដែលខ្វះអាហារូបត្ថម្ភយូរអង្វែងនឹងពុំមានការលូតលាស់ល្អដូចការរំពឹងទុកឡើយ។ កុមារនឹងមានកម្ពស់ទាបធៀបនឹងអាយុរបស់គេ (ក្រិន)។
កុមារអាយុលើសពី៥ឆ្នាំ (កុមារគ្រប់អាយុចូលរៀន)
ចាប់ផ្តើមការធ្វើបទបង្ហាញដោយនិយាយថា៖ កុមារគ្រប់អាយុចូលរៀនត្រូវការអាហារូបត្ថម្ភល្អដើម្បីឱ្យរាងកាយរបស់ពួកគេលូតលាស់ អាចធ្វើសកម្មភាពផ្សេងៗ រត់លេង និងរៀន ជាដើម។ ពួកគេត្រូវការបរិភោគអាហារពេល ៣ពេល និងអាហារសម្រន់ ២ដងក្នុងមួយថ្ងៃ ដោយមានចម្រុះនូវអាហារទាំងបីក្រុម។
សំណួរ៖ តើអ្នកនៅចាំក្រុមអាហារទាំង៣ដែលយើងបានរៀនដែរទេ?
បន្តការធ្វើបទបង្ហាញ៖ កុមារគ្រប់អាយុចូលរៀនប្រឈមនឹងកង្វះអាហារូបត្ថម្ភតិចជាងកុមារតូចៗ ព្រោះរាងកាយរបស់ពួកគេមានការលូតលាស់យឺតជាងនៅតូច។ ការលូតលាស់ឆាប់រហ័សរបស់កុមារមាន៣ដំណាក់កាលផ្សេងៗគ្នាគឺ ក្នុងវ័យទារកភាព វ័យចន្លោះពីអាយុ៦–៨ឆ្នាំ (ឬវ័យលូតលាស់លឿនពាក់កណ្តាល) និងវ័យជំទង់។ កុមារស្ថិតក្នុងវ័យចូលរៀនមានភាពធននឹងការឆ្លងរោគផ្សេងៗ។ ក្រពះរបស់ពួកគេរីកធំជាងមុន ដូច្នេះពួកគេអាចបរិភោគអាហារបានកាន់តែច្រើន។
កុមារគ្រប់អាយុចូលរៀនអាចមានកម្ពស់ទាបធៀបនឹងអាយុ បណ្តាលមកពីកង្វះអាហារូបត្ថម្ភកាលពីពួកគេនៅតូច។ កុមារទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតពីភាពក្រីក្រ អាចត្រូវបានបង្ខំឱ្យបោះបង់ការសិក្សា និងទៅជួយធ្វើការងារដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ។ ពេលមានលុយមិនគ្រប់គ្រាន់ កុមារជារឿយៗមិនបានបរិភោគអាហារ។ ប្រការនេះ បង្កើនការប្រឈមនឹងកង្វះអាហារូបត្ថម្ភ និងការចុះខ្សោយនៃសុខភាពរាងកាយ។ ពួកគេត្រូវដើរក្នុងចម្ងាយយ៉ាងឆ្ងាយ ដើម្បីទៅសាលា ដោយបានបរិភោគអាហារពេលព្រឹកតែបន្តិចបន្តួច ឬក៏មិនបានបរិភោគអ្វីសោះក៏មាន។ ភាពក្រក្រីអាចធ្វើឱ្យកុមាររងគ្រោះកាន់តែខ្លាំង នឹងអាចឈានដល់ភាពមិនប្រក្រតីនៃសុខភាពផ្លូវចិត្ត។
កុមារគ្រប់អាយុចូលរៀនអាចនឹងស្លេកស្លាំង ឬមានខ្វះជីវជាតិអា ដោយសារតែក្នុងរបបអាហាររបស់ពួកគេមិនមានជាតិដែក និងជីវជាតិអាគ្រប់គ្រាន់ ឬអាចបណ្តាលពីការឆ្លងរោគផ្សេងៗ។ ការរក្សាជាតិដែកឱ្យបានគ្រាប់គ្រាន់មានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់មុខងារនៃការគិតនិងប្រព័ន្ធភាពសុាំរបស់រាងកាយ។ កុមារគ្រប់អាយុចូលរៀនដែលរស់នៅជាមួយមេរោគអេដស៍ត្រូវការអាហារកាន់តែច្រើន ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ ដែលកើនឡើងដោយ សារការឆ្លងមេរោគអេដស៍ ព្រមទាំងដើម្បីទ្រទ្រង់ការលូតលាស់របស់ពួកគេ។
សំនួរ៖ តើវិធីសាស្ត្រដោះស្រាយអ្វីខ្លះសម្រាប់កុមារ? រំលឹកឡើងវិញនូវចម្លើយរបស់ក្រុមទី៣ និងទី៤ និងត្រូវបំពេញចន្លោះខ្វះខាតបើចាំបាច់។
ចម្លើយរួមមាន៖
- អាហារដែលសម្បូរសារជាតិចិញ្ចឹម បានមកពីក្រុមអាហារទាំងបី
- ថាមពលគ្រប់គ្រាន់ដើម្បីការលូតលាស់
- ចំណង់បរិភោគអាហារ និងការបរិភោគអាហារអាចនឹងប្រែប្រួល។ រាងកាយកុមារអាចស្រូបយកថាមពលបានល្អ នៅពេលដែលពួកគេមានសុខភាពល្អ។
- អនុវត្តអនាម័យល្អ ឧ. លាងសម្អាតដៃនឹងសាប៊ូ ជាមួយទឹកស្អាត
- ផឹកស្អាត គឺមិនត្រូវផឹកភេសជ្ជៈដែលមានជាតិ កាហ្វេអ៊ីន (ឧ. តែ កូកាកូឡា)
- ទទួលទានទឹកផ្លែឈើក្នុងកម្រិតសមរម្យ ចៀសវាងភេសជ្ជៈដែលគ្មានសារធាតុ ចិញ្ចឹមដូចជា តែ កាហ្វេ សូដា និងភេសជ្ជៈដែលមានជាតិស្ករ ឬភេសជ្ជៈមានពណ៌
- ការព្យាបាលរោគសញ្ញា និងការឆ្លងនៃមេរោគអេដស៍ និងការជ្រៀតចូលនៃមេរោគឱ្យបានទាន់ពេលវេលា (មេរៀនទី៦)
- ចូលរួមតាមដានការលូតលាស់ឱ្យបានជាប្រចាំ និងមានកិច្ចពិភាក្សាដើម្បីធានាឱ្យកុមារលូតលាស់បានល្អ និងអាចដឹងអំពីកង្វះអាហារូបត្ថម្ភដែលពួកគេអាចមាន (ឧ. ស្គមស្គាំងខ្លាំង ឬហើម)
- ព្យាបាលកង្វះអាហារូបត្ថម្ភ
- សារៈសំខាន់នៃការបង្កើតទម្លាប់បរិភោគត្រឹមត្រូវ ឱ្យបានពេញមួយជីវិត។
វ័យជំទង់ (អាយុពី ១០-១៩ឆ្នាំ)
ពន្យល់ថា៖ ឥឡូវនេះយើងនឹងសិក្សាពីសារៈសំខាន់នៃអាហារូបត្ថម្ភក្នុងវ័យជំទង់។ ថ្ងៃនេះពួកគេស្ថិតក្នុង វ័យជំទង់ តែថ្ងៃស្អែកពួកគេនឹងក្លាយជាមនុស្សពេញវ័យ។ អង្គការសុខភាពពិភពលោក(WHO) បានកំណត់វ័យជំទង់ស្ថិតក្នុងចន្លោះពីអាយុនៅចន្លោះពី១០ ទៅ ១៩ឆ្នាំ។
សកម្មភាពបំផុសគំនិត
សំនួរ៖ ហេតុអ្វីបានជាអាហារូបត្ថម្ភល្អមានសារៈសំខាន់ចំពោះមនុស្សវ័យជំទង់? កត់ត្រា និងពង្រីកគំនិតដែលពួកគាត់ឆ្លើយ នៅលើក្តារខៀន ឬក្រដាសផ្ទាំងធំ។
បន្តការធ្វើបទបង្ហាញ៖ វ័យជំទង់គឺជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍន៍របស់រូបរាងកាយនៅក្នុងវដ្តជីវិត។ ហើយវាក៏ជាពេលដែលមានការផ្លាស់ប្តូរទាំងរូបរាងកាយ និងផ្លូវចិត្តដែរ។ ល្បឿននៃការលូតលាស់របស់រូបរាងកាយមានភាពឆាប់រហ័សតែនៅក្នុងឆ្នាំដំបូងនៃជីវិតប៉ុណ្ណោះ។ ហេតុដូច្នេះ វ័យជំទង់ផ្តល់នូវឱកាសម្តងទៀតក្នុងការលូតលាស់ដើម្បីបំពេញតុល្យភាពរាងកាយដែលខ្វះខាតក្នុងវ័យទារកភាព។ ការទទួលបានអាហារូបត្ថម្ភល្អមុនពេលពេញវ័យ (ប្រហែល១៨–២៤ខែ បន្ទាប់ពីរដូវដំបូង សម្រាប់ក្មេងស្រី) គឺជាឱកាសក្នុងការបំពេញតម្រូវការអាហារូបត្ថម្ភដែលខ្វះខាតក្នុងដំណាក់កាលកុមារភាព។
កាលណាក្មេងជំទង់មានការលូតលាស់កម្ពស់ល្អ វានឹងផ្តល់ប្រយោជន៍យ៉ាងច្រើននៅពេលពួកគេក្លាយទៅជាមនុស្សពេញវ័យ ដូចជាសមត្ថភាពបំពេញការងារខ្ពស់ ងាយស្រួលក្នុងការផ្តល់កំណើតកូន និងកាត់បន្ថយគ្រោះថ្នាក់ ចំពោះមាតានៅពេលសម្រាល និងជួយកាត់បន្ថយលទ្ធភាពក្នុងការបង្កើតកូនមិនគ្រប់ទម្ងន់។
ក្មេងប្រុស និងក្មេងស្រីមានដំណើរនៃការលូតលាស់ពេញវ័យខុសគ្នា។ ក្មេងស្រីចាប់ផ្តើមលូតលាស់លឿន ជាមធ្យមនៅអាយុ១០ឆ្នាំ និងលូតលាស់លឿនបំផុតនៅអាយុ១២ឆ្នាំ។ ចំណែក ក្មេងប្រុសចាប់ផ្តើមលូតលាស់លឿន ជាមធ្យមនៅអាយុ១២ឆ្នាំ និងលូតលឿនបំផុតនៅអាយុ១៥ឆ្នាំ។ ក្មេងស្រីលូតកម្ពស់ដល់ចំណុចអតិបរិមានៅអាយុ១៦ឆ្នាំ ចំណែកក្មេងប្រុសកម្ពស់ដល់ចំណុចអតិបរិមានៅអាយុ១៨ឆ្នាំ។
វ័យជំទង់ជាវ័យដែលរាងកាយត្រូវការអាហារូបត្ថម្ភយ៉ាងចាំបាច់បំផុតពីព្រោះ ការលូតលាស់លឿន និងការវិវឌ្ឍន៍នៃរូបរាងកាយបង្កឱ្យមានតម្រូវការសារជាតិចិញ្ចឹមកាន់តែច្រើន។ រាងកាយត្រូវការសារជាតិចិញ្ចឹម (ប្រូតេអ៊ីន កាល់ស្យូម ជាតិដែក) និងថាមពលបន្ថែម ដោយសារតែការលូតលាស់របស់រាងកាយ ការប្រែក្លាយជាមនុស្សពេញវ័យ និងការប្រែប្រួលនៃសមាសភាពរាងកាយមានការកើនឡើង។ ការស្រូបយកអាហារ និងសារជាតិចិញ្ចឹមរបស់រាងកាយក្មេងវ័យជំទង់រងឥទ្ធិពលពីកត្តាជាច្រើនដូចជា សេដ្ឋកិច្ច-សង្គម វប្បធម៌ និងបំលាស់ប្តូរនៃការរស់នៅ។ តម្រូវការសារជាតិចិញ្ចឹមកើនឡើងកាន់តែខ្លាំងនៅពេលដែលរាងកាយចាប់ផ្តើមលូតលាស់ខ្លាំង ឬនៅពេលដែលស្ត្រីមានផ្ទៃពោះនៅវ័យក្មេង។
ក្មេងជំទង់តែងចង់បរិភោគអាហារច្រើនមុខខុសៗគ្នា ដូចដែលពួកគេធ្លាប់បានបរិភោគកាលពីនៅក្មេង។ ពួកគេនឹងមានទម្លាប់បរិភោគអាហារពេល និងអាហារសម្រន់នៅខាងក្រៅ ដោយគ្មានការគ្រប់គ្រង។ ជារឿយៗ ការបរិភោគអាហាររបស់ពួកគេមិនបានកំណត់បរិមាណត្រឹមត្រូវឡើយ។ ភាពមមាញឹកនៅសាលារៀន និងសកម្មភាពប្រចាំថ្ងៃអាធ្វើឱ្យពួកគេមិនអាចនៅបរិភោគតែអាហារមិនបានគ្រប់គ្រាន់ ឬពេលខ្លះអាចនឹងមិនបរិភោគអាហារពេល ឬអាហារសម្រន់ផងក៏មាន។ ការបរិភោគអាហារ តិចៗ តែញឹកញាប់ (ឧទាហរណ៍៦ដងក្នុងមួយថ្ងៃ) គឺជាប្រការល្អបំផុតដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់ក្មេងនៅក្នុងក្រុមអាយុនេះ។ នៅពេលដែលមនុស្សជំទង់មិនបានបរិភោគ អាហារពួកគេនឹងបរិភោគអាហារដែលគ្មានប្រយោជន៍ដូចជា ភេសជ្ជៈ បង្អែម និងដំឡូងបំពង ជាដើម ដែលក្នុងអាហារទាំងនោះមានសារធាតុចិញ្ចឹមតិចតួចបំផុត។
គោលដៅរបស់ក្មេងជំទង់៖
- បំពេញតម្រូវការសារជាតិចិញ្ចឹមខ្ពស់ តាមរយៈការបរិភោគអាហារផ្សេងៗឱ្យបានគ្រប់គ្រាន់
- លូតលាស់ពេញលេញ និងលូតកម្ពស់ដល់ចំណុចអតិបរមាមាននៅពេលពេញវ័យ
- បានទទួលការព្យាបាលរោគសញ្ញានៃមេរោគអេដស៍ទាន់ពេលវេលាដើម្បីចៀសវាងការចំណាយថាមពលរាងកាយច្រើន និងកត្តាដែលអាចបន្ថយដល់ការស្រូបយកសារជាតិចិញ្ចឹម ដូចជាការមិនឃ្លានបាយ និងរាករុាំរ៉ៃ។
- មានសុខភាពល្អគ្រប់គ្រាន់ដើម្បីចូលសាលារៀន និងមានការវិវឌ្ឍន៍ការគិតបានប្រសើរបំផុត
- ទទួលបានជាតិកាល់ស្យូម និងជីវជាតិដេ បានច្រើនបំផុតដើម្បីឆ្អឹងលូតលាស់ល្អ និងរឹងមាំ
- មានផ្ទៃពោះក្រោយពេលការលូតលាស់បានចប់សព្វគ្រប់។ ការមានផ្ទៃពោះក្នុងវ័យជំទង់មិនត្រឹមតែធ្វើឱ្យមានគ្រោះថ្នាក់ខ្ពស់ដល់ម្តាយ និងទារកទេ វាថែមទាំងបង្អាក់ដល់ការវិវឌ្ឍន៍ផ្លូវកាយ ផ្លូវចិត្ត និងសង្គមរបស់ម្តាយផងដែរ។ ក្នុងករណីមានផ្ទៃពោះនៅវ័យជំទង់ ទាំងម្តាយ និងទាំងទារកក្នុងផ្ទៃ ប្រជែងគ្នាក្នុងការស្រូបយកថាមពល និងសារជាតិចិញ្ចឹមដើម្បីបំពេញតម្រូវការរៀងៗខ្លួន។
បញ្ហាទូទៅរបស់ក្មេងជំទង់៖
- រោគសញ្ញាមេរោគអេដស៍អាចធ្វើឱ្យការបរិភោគ និងការបឺតស្រូបអាហារ ធ្លាក់ចុះ(ដូចគ្នានឹងមនុស្សពេញវ័យដែរ)
- ការស្រកទម្ងន់អាចបណ្តាលមកពីការស្រូបយក ឬការបរិភោគអាហារមិនគ្រប់គ្រាន់ រួមជាមួយតម្រូវការថាមពលខ្ពស់
- សមត្ថភាពការងារ និងបញ្ញាអាចធ្លាក់ចុះ ដោយសារកង្វះអាហារូបត្ថម្ភរយៈពេលយូរ និងការលូតលាស់មិនល្អ
- ស្លេកស្លាំងដោយសារកង្វះជាតិដែក ដែលអាចបណ្តាលមកពីការស្រូបយកជាតិដែកពីរបបអាហារមិនគ្រប់គ្រាន់ ក្នុងខណៈពេលមានតម្រូវការជាតិដែកខ្ពស់ដោយសារការលូតលាស់លឿនក្នុងវ័យជំទង់ និងការមករដូវរបស់ក្មេងស្រី
- ការលូតលាស់យឺត និងភាពយឺតយ៉ាវក្នុងការពេញវ័យ អាចបណ្តាលមកពីកង្វះអាហារូបត្ថម្ភរយៈពេលយូរ។
- ការមានផ្ទៃពោះក្នុងវ័យជំទង់ (ដូចដែលបានពិភាក្សាខាងលើ)
- សុខភាពផ្លូវចិត្ត និងសុខភាពសង្គមអាចចុះខ្សោយ
- ការប្រើប្រាស់ថ្នាំញៀន ថ្នាំជក់ និងជាតិស្រាអាចធ្វើឱ្យរាងកាយស្រូបយកអាហារមិនល្អ គ្មានសុវត្ថិភាពចំណីអាហារ និងមានបញ្ហាសុខភាពផ្លូវចិត្ត។
វិធីសាស្ត្រដោះស្រាយសម្រាប់ក្មេងជំទង់៖
- ដើម្បីឱ្យក្មេងជំទង់អាចឆ្លើយតបនឹងតម្រូវការអាហារូបត្ថម្ភរបស់ខ្លួនបាន ពួកគេត្រូវដឹងថាពួកគេត្រូវបរិភោគអាហារអ្វី និងក្នុងបរិមាណប៉ុន្មាន។ ការអប់រំ និងចំណេះដឹងអំពីអាហារ និងអាហារូបត្ថម្ភនឹងជួយឱ្យក្មេងវ័យជំទង់អាចឆ្លើយតបបានទៅនឹងតម្រូវការអាហារូបត្ថម្ភ និងលើកកម្ពស់សុខភាពរបស់ពួកគេ។
- ការបរិភោគអាហារដែលសម្បូរជាតិស័ង្កសី កាល់ស្យូម ជាតិដែក និងជីវជាតិអាដែលបានមកពីអាហារចម្រុះ និងអាហាបំប៉ន ឬគ្រាប់វីតាមីន នឹងជំរុញឱ្យមានអាហារូបត្ថម្ភគ្រប់គ្រាន់។
- រោគសញ្ញា និងស្ថានភាពជំងឺធ្វើឱ្យមានការស្រូបចូលអាហារមិនបានល្អ ដូច្នេះគួរតែព្យាបាលឱ្យឆាប់រហ័សដើម្បីកាត់បន្ថយផលប៉ះពាល់ក្នុងការស្រូបយកអាហារមិនបានល្អរយៈពេលយូរ (មើលមេរៀនទី ៦)។
- ទទួលបានការអប់រំ និងថែទាំសុខភាព រួមមានការពន្យាកំណើត ឬការពន្យាការមានផ្ទៃពោះរហូតដល់ក្មេងស្រីជំទង់ជាម្តាយលូតលាស់បានពេញលេញ និងដល់កម្ពស់អតិបរមាសិន។
- ទៅរក ឬស្វែងរកនូវការគាំទ្រពីសង្គម និងផ្នែកសុខភាពផ្លូវចិត្ត។
មនុស្សពេញវ័យ (អាយុ១៩ឆ្នាំឡើងទៅ)
ពន្យល់សិក្ខាកាមថា៖ នៅពេលយើងឈានដល់ដំណាក់កាលពេញវ័យ ភាគច្រើនការលូតលាស់ និងការអភិវឌ្ឍន៍របស់យើងមានលក្ខណៈប្រសើរ និងត្រូវបញ្ចប់។ នៅក្នុងដំណាក់កាលនេះ អាហារូបត្ថម្ភមានមុខងារថែរក្សាសុខភាពឱ្យបានល្អ និងឱ្យមានសកម្មភាពជីវិតរស់រវើក ដូច្នេះមនុស្សពេញវ័យនឹងអាចចៀសផុតស្ទើរទាំងស្រុងពីគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺតាមវ័យ។ មិនថាយើងមានអាយុប៉ុន្មានទេ រាងកាយយើងនៅត្រូវការរបបអាហារដែលមានជីវជាតិ ដើម្បីបំពេញមុខងារសរីរាង្គឱ្យបានល្អ។ មនុស្សពេញវ័យត្រូវការរបបអាហារដែលមានសារជាតិចិញ្ចឹម និងបរិមាណដែលមានតុល្យភាព ដែលទទួលបានមកពីក្រុមអាហារទាំងបី។ ការរៀបចំអាហារ និងទុកដាក់ឱ្យមានអនាម័យល្អពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ការជំងឺ។ មនុស្សប្រុសត្រូវការកាឡូរីច្រើនជាងមនុស្សស្រី ប៉ុន្តែមនុស្សស្រីត្រូវការជាតិដែកច្រើនជាងមនុស្សប្រុស។
ចាំបាច់ត្រូវធ្វើលំហាត់ប្រាណ និងចលនារាងកាយឱ្យបានច្រើនជាង៣០នាទីក្នុងមួយថ្ងៃ ដើម្បីថែរក្សាសុខភាពឱ្យបានល្អ។ ទម្ងន់ដែលមានសុខភាពល្អធម្មតាអាចបង្ហាញតាមរយៈការដែលមនុស្សម្នាក់មិនស្គមពេក ឬមិនធាត់ពេក។ នៅពេលដែលមនុស្សមានទម្ងន់ដែលមានសុខភាពល្អធម្មតា ពួកគេប្រឈមគ្រោះថ្នាក់ទាបចំពោះការវិវត្តន៍នៃជំងឺ ឬមេរោគផ្សេងៗ។ ពួកគេនឹងមានភាពរស់រវើក អារម្មណ៍ល្អ និងមានថាមពលគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃ។
គោលបំណងនៃល្បែងនេះ គឺដើម្បីផ្តល់ឱកាសឱ្យសិក្ខាកាមបង្ហាញពីចំណេះដឹងរបស់ពួកគេ និងសន្ធឹងខ្លួនរបស់គេ និងកាត់បន្ថយអារម្មណ៍អស់កម្លាំង។
សុំឱ្យសិក្ខាកាមឈរមួយជួរ ពីទាបទៅខ្ពស់។ ឱ្យក្រដាសស្អិតទៅសិក្ខាកាមម្នាក់មួយសន្លឹក និងសរសេរលេខលើក្រដាសស្អិតនីមួយៗ (ពីលេខ១ដល់លេខខ្ពស់បំផុត)។ ចាប់ផ្តើមជាមួយអ្នកដែលទាបជាងគេ សួរគាត់មួយសំណួរ (ដែលមានក្នុងជំហានទី២ ល្បែងចោទសួរ នៃគោលបំណងទី៣ )។ នៅពេលគាត់ឆ្លើយសំណួរបានត្រឹមត្រូវ ប្រាប់ឱ្យគាត់សន្ធឹងដៃឡើងឱ្យខ្ពស់ រួចបិតក្រដាសស្អិតនោះទៅលើជញ្ជាំងឱ្យខ្ពស់បំផុត តាមដែលគាត់អាចធ្វើបាន។ គាត់អាចលោតបានបើគាត់ចង់។
បើសិក្ខាកាមមានចំនួនច្រើនជាងសំណួរ អ្នកសម្របសម្រួលអាចប្រើសំណួរដដែលមួយចំនួន ឬបង្កើតសំណួរថ្មីដែលទាក់ទងនឹងមេរៀន។ សិក្ខាកាមនីមួយៗត្រូវឆ្លើយសំណួរឱ្យបានត្រឹមត្រូវ មុនពេលពួកគេអាចបិទលេខរបស់ពួកគេនៅលើជញ្ជាំង។ ប្រសិនបើពួកគេមិនដឹងចម្លើយត្រឹម ពួកគេអាចទទួលជំនួយពីអ្នកស្ម័គ្រចិត្តផ្សេងបាន ប៉ុន្តែអ្នកដែលឆ្លើយមិនត្រូវ មិនអាចចូលរួមប្រកួតក្នុងការសន្ធឹងបិតក្រដាសទេ។ សិក្ខាកាមដែលអាចបិតលេខបានខ្ពស់ជាងគេនៅលើជញ្ជាំងគឺជាអ្នកឈ្នះ។ អបអរសាទរពួកគេ។
សង្ខេបខ្លឹមសារមេរៀន
សុំឱ្យសិក្ខាកាមមើលឯកសារមេរៀនទីពីរ (សៀវភៅសម្រាប់សិក្ខាកាម) ហើយប្រាប់ពួកគេថា រាល់ព័ត៌មានទាំងអស់ដែលបានពិភាក្សាកន្លងមកក្នុងមេរៀនទីពីរគឺមាននៅក្នុងឯកសារមេរៀននេះ។