logo
logo

មេរៀនទី២ ចំណេះដឹងជាមូលដ្ឋាននៃអាហារូបត្ថម្ភ (Participant KH)

Want create site? With Free visual composer you can do it easy.

ពាក្យគន្លឹះអំពីអាហារូបត្ថម្ភ

អាហារ ជាអ្វីដែលយើងអាចបរិភោគ និងផឹកបានហើយវាផ្តល់ថាមពល និងសារជាតិចិញ្ចឹមដល់រាងកាយដើម្បីជួយឱ្យរាងកាយអាចបំពេញមុខងារផ្សេងៗ។

អាហារូបត្ថម្ភ ជាដំណើរការនៃការស្រូបយក និងការរំលាយអាហាររបស់រាងកាយសម្រាប់ការលូតលាស់ការបន្តពូជ និងការរក្សាសុខភាព។

សារជាតិចិញ្ចឹម ជាសារធាតុដែលមានក្នុងអាហារដែលអាចត្រូវបានទទួលមេតាបូលិក ដើម្បីផ្តល់ថាមពលសម្រាប់ការរក្សាជួសជុល និងផលិតជាលិកានៃរាងកាយ។ សារជាតិចិញ្ចឹមចែកចេញជាម៉ាក្រូសារជាតិ និងមីក្រូសារជាតិ។

  • ម៉ាក្រូសារជាតិ ជាតិស្ករ ប្រូតេអ៊ីន និងជាតិខ្លាញ់ (ត្រូវការក្នុងបរិមាណច្រើន)
  • មីក្រូសារជាតិ ជីវជាតិផ្សេងៗ និងជាតិខនិជ (ត្រូវការក្នុងបរិមាណតិចតួច)

ក្រុមអាហារទាំងបី

  1. អាហារថាមពល៖ គឺអាហារពពួកជាតិម្សៅ ផ្អែមដូចជា បាយ គុយទាវ មី នំប័ុង ដំឡូង ប្រេងឆា ៘ ជាធម្មតាអាហារថាមពលបានមកពីរុក្ខជាតិដែលមានពណ៌ស ឬពណ៌ត្នោត។ អាហារក្រុមនេះជាប្រភពដ៏សំខាន់នៃកាបូអ៊ីដ្រាត និងជាតិខ្លាញ់ ដែលផ្តល់ថាមពលសម្រាប់រាងកាយ។
  2. អាហារស្ថាបនារាងកាយ៖ សំដៅលើអាហារពពួកជាតិសាច់ ស៊ុត ដូចជាសាច់ ត្រី អន្ទង់ ស៊ុត កង្កែប ថ្លើម មាន់ ផលិតផលធ្វើពីទឹកដោះគោ ទឹកសណ្តែក សណ្តែកបាយ សណ្តែកសៀង និងតៅហ៊ូ៘ អាហារស្ថាបនារាងកាយនេះ ជាធម្មតាបានមកពីសាច់សត្វ ប៉ុន្តែគ្រាប់ផ្លែឈើ និងសណ្តែក (ដូចជា សណ្តែកសៀង ឬសណ្តែកបាយ) ក៏ជាអាហារស្ថាបនារាងកាយដែរ។ អាហារស្ថាបនារាងកាយមានផ្ទុកប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការលូតលាស់ និងភាពមាំមួន និងធ្វើឱ្យសាច់ដុំរឹងមាំ និងមានមុខងារល្អប្រសើរ។
  3. អាហារការពាររាងកាយ៖ មានពពួកបន្លែ ឬផ្លែឈើពណ៌លឿងទុំ ឬពណ៌បៃតងចាស់មានដូចជា ត្រកួន ស្ពៃ ស្លឹកបាស ស្លឹកងប់ ល្ពៅ ការ៉ុត ល្ហុងទុំ ស្វាយទុំ ។ល។ អាហារការពាររាងកាយផ្ទុកនូវជីវជាតិសំខាន់ៗជាច្រើន និងជាតិខនិជ ដែលដំណើរការជាមួយអាហារស្ថាបនារាងកាយ និងអាហារថាមពលដើម្បីជួយរាងកាយរបស់យើងប្រឆាំងនឹងការឆ្លងរោគផ្សេងៗរក្សាទម្ងន់ឱ្យមានលំនឹងល្អ និងការពារជំងឺ និងមេរោគផ្សេងៗ។

មនុស្សគួរព្យាយាមបរិភោគអាហារទាំងបីក្រុមជារៀងរាល់ថ្ងៃ ដើម្បីរក្សាតុល្យភាពក្នុង រាងកាយ និងមានសុខភាពល្អ។ អាហារដែលមានតុល្យភាពល្អមានន័យថាយើងបរិភោគអាហារ និងភេសជ្ជៈពីអាហារក្រុមទាំងបី ឱ្យបានរាល់ថ្ងៃ។ ប្រសិនបើយើងបរិភោគតែអាហារមកពីក្រុមតែមួយ ដូចជា ក្រុមអាហារថាមពល នោះរាងកាយរបស់យើងនឹងមិនលូតលាស់ល្អ ឬមិនអាចការពារយើងពីការឆ្លងមេរោគបានឡើយ។ អាហារតាមក្រុមនីមួយៗផ្តល់នូវសារជាតិចិញ្ចឹមដែលមានសារៈសំខាន់ចំពោះរូបរាងកាយ។ ការទទួលទានបានល្អអាចជួយឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មានសុខភាពល្អ និងឆ្លើយតបបានល្អទៅនឹងការប្រើប្រាស់ឱសថ។ វាមានសារៈសំខាន់ណាស់ក្នុងការបរិភោគទឹកឱ្យបានច្រើន ជាពិសេសទឹកដាំបានឆ្អិនល្អ (យ៉ាងតិចប្រាំបីកែវក្នុងមួយថ្ងៃ)។

ភេសជ្ជៈ និងសារធាតុរាវ

ទឹកមានសារៈសំខាន់ណាស់ចំពោះជីវិត និងក្នុងការរស់នៅប្រចាំថ្ងៃ។ មនុស្សម្នាក់ត្រូវការវត្ថុរាវប្រហែលពីរលីត្រក្នុងមួយថ្ងៃ។ រាងកាយរបស់មនុស្សត្រូវការទឹកកាន់តែច្រើននៅពេល៖

  • ស្ថិតនៅក្នុងអាកាសធាតុក្តៅ
  • កំពុងធ្វើការ ឬធ្វើសកម្មភាពរាងកាយ ច្រើនជាងមុន
  • បែកញើស ឬកើតរាករូស ក្អួត និងក្តៅខ្លួន។

សារធាតុរាវ ជាពិសេសទឹក មានសារៈសំខាន់ក្នុងការបង្កើតទឹកដោះម្តាយបានល្អ។ ស្ត្រីជាច្រើនស្រេកទឹក ក្នុងពេលបំបៅដោះកូន និងជាសញ្ញាមួយដែលបង្ហាញថាពួកគាត់ត្រូវការបរិភោគទឹកឱ្យបានច្រើន។ ក្មេងៗក៏ត្រូវការទឹកគ្រប់គ្រាន់ដែរ ប៉ុន្តែមិនត្រូវឱ្យក្មេងៗទទួលទានធាតុរាវផ្សេងៗជំនួសអាហារនោះទេ។ សូមចងចាំថា ការបំបៅទឹកដោះកូនតែមួយមុខ (សម្រាប់ទារកក្រោមអាយុ៦ខែ) មិនត្រូវការទឹកបន្ថែមទេ។ ចូរប្រើទឹកពីអណ្តូងដែលគ្រប/ការពារបានល្អ ឬប្រភពទឹកសមស្រប ដោយត្រូវយកទឹកនោះទៅដាំឱ្យពុះបានរយៈពេលយ៉ាងហោច១០នាទី និងរក្សាទុកនៅកន្លែងស្អាត។

ក្រៅពីការបរិភោគទឹកស្អាតដែលមានសុវត្ថិភាព សូមបរិភោគសារធាតុរាវផ្សេងៗទៀតដូចជា ទឹកតែ ទឹកផ្លែឈើស្រស់ ទឹកដូង ផលិតផលធ្វើពីទឹកដោះគោ ទឹកសណ្តែក ទឹកស៊ុប ៘

តម្រូវការថាមពល

“កាឡូរី” គឺជាឯកតារង្វាស់ថាមពលដែលយើងទទួលបានពីអាហារដែលយើងបរិភោគ។ រាល់អាហារ និងភេសជ្ជៈទាំងអស់មានផ្ទុកទៅដោយកាឡូរី (ថាមពល)។ មនុស្សមានតម្រូវការផ្សេងគ្នាដូច្នេះ ត្រូវការបរិភោគបរិមាណអាហារផ្សេងគ្នាដែរ អាស្រ័យលើអាយុ ភេទ និងសកម្មភាព ឬមានផ្ទៃពោះ បំបៅដោះកូន ឬមានជំងឺ ឬអត់។ ដូចនេះពួកគេត្រូវការបរិមាណថាមពលជាក់លាក់ជារៀងរាល់ថ្ងៃពីអាហារដែលពួកគេបរិភោគ។ ខាងក្រោមនេះគឺជាតារាងដែលបង្ហាញពីតម្រូវការកាឡូរីប្រចាំថ្ងៃសម្រាប់មនុស្ស រួមទាំងអ្នករស់នៅជាមួយមេរោគអេដស៍ផងដែរ។

ក្រុម

តម្រូវការថាមពល

កំណើនភាគរយ

មនុស្សប្រុស

២៥០០ កាឡូរី/ថ្ងៃ

មនុស្សស្រី

២០០០ កាឡូរី/ថ្ងៃ

ស្ត្រីមានផ្ទៃពោះ

ត្រូវការបន្ថែម ២០០ ទៅ ៥០០ កាឡូរី/ថ្ងៃ

១០ (ត្រីមាសទី២)
២៥ (ត្រីមាសទី៣)

ស្ត្រីបំបៅកូនដោយទឹកដោះ

ត្រូវបន្ថែម ៥០០ កាឡូរី/ថ្ងៃ

២៥

ក្មេង និងវ័យជំទង់(អាយុ ០–១៩ឆ្នាំ)

ពី៥២ ទៅ ២៧៥៥ កាឡូរី/ថ្ងៃ

អ្នករស់នៅជាមួយមេរោគអេដស៍

បុរសដែលរស់នៅជាមួយមេរោគអេដស៍

ត្រូវការបន្ថែម ២៥០កាឡូរី/ថ្ងៃ

១០

ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍

ត្រូវការបន្ថែម ២០០កាឡូរី/ថ្ងៃ

១០

ក្មេងដែលរស់នៅជាមួយមេរោគអេដស៍

ផ្សេងៗ ត្រូវការបន្ថែម ១០%

១០

ស្ត្រីមានផ្ទៃពោះដែលរស់នៅជាមួយមេរោគអេដស៍

ត្រូវការបន្ថែម ៧០០កាឡូរី/ថ្ងៃ

៣៥

ស្ត្រីបំបៅកូនដោយទឹកដោះដែលរស់នៅជាមួយមេរោគអេដស៍

ត្រូវការបន្ថែម ៧០០កាឡូរី/ថ្ងៃ

៣៥

អ្នករស់នៅជាមួយមេរោគអេដស៍ដែលឈឺ

ក្មេងដែលរស់នៅជាមួយមេរោគអេដស៍ ហើយមានទម្ងន់មិនគ្រប់ ឬមានរោគសញ្ញាផ្សេងៗ

ផ្សេងៗ + បន្ថែម ២០%

២០

មនុស្សប្រុសដែលរស់នៅជាមួយមេរោគអេដស៍ហើយមានជំងឺ

ត្រូវការបន្ថែម ៥០០ទៅ ៧៥០កាឡូរី/ថ្ងៃ

២០ ទៅ៣០

ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍ ហើយមានជំងឺ

ត្រូវការបន្ថែម ៤០០ទៅ ៦០០ កាឡូរី/ថ្ងៃ

២០ ទៅ៣០

ក្មេងដែលរស់នៅជាមួយមេរោគអេដស៍ហើយមានជំងឺ (កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ)

ផ្សេងៗ + ៥០ ទៅ១០០%

៥០ ទៅ១០០

ប្រភព៖ FAO 2002, WHO 2004, WHO 2005

សរុបសេចក្តីមក៖

  • អ្នករស់នៅជាមួយមេរោគអេដស៍ត្រូវការថាមពលច្រើនជាងអ្នកគ្មានផ្ទុកមេរោគអេដស៍
  • អ្នករស់នៅជាមួយមេរោគអេដស៍ដែលឈឺ ត្រូវការថាមពលច្រើនជាងអ្នករស់នៅជាមួយមេរោគអេដស៍ដែលមិនឈឺ
  • ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះត្រូវការថាមពលបន្ថែមដើម្បីផ្គត់ផ្គង់ការលូតលាស់របស់កុមារទាំងនៅក្នុងរាងកាយ និងតាមរយៈទឹកដោះម្តាយ
  • កុមារដែលរស់នៅជាមួយមេរោគអេដស៍ត្រូវការថាមពលច្រើនជាងកុមារគ្មានផ្ទុកមេរោគអេដស៍។

អ្នករស់នៅជាមួួយមេរោគអេដស៍មានតម្រូវការថាមពលកើនឡើង សូមលើកទឹកចិត្តពួកគេឱ្យ៖

  • បង្កើនភាពញឹកញាប់ក្នុងការបរិភោគអាហារពេល និងអាហារសម្រន់៖ បង្កើនថាមពលបន្ថែមតាមរយៈការបរិភោគអាហារឱ្យបានញឹកញាប់ជាងមុន ឧទាហរណ៍ បរិភោគអាហារពេលនៅចន្លោះបីទៅបួនម៉ោងម្តង ឱ្យបាន៤ដងក្នុងមួយថ្ងៃ ឬបរិភោគអាហារសម្រន់នៅចន្លោះអាហារពេលនិមួយៗ។
  • បង្កើនបរិមាណ និងប្រភេទអាហារបរិភោគ៖ បង្កើនថាមពលតាមរយៈការបរិភោគអាហារបន្ថែម ឧទាហរណ៍ បន្ថែមប្រហែលមួយ ឬពីរក្តាប់ដៃពេញក្នុងមួយពេល។
  • បរិភោគអាហារដែលមានសារជាតិចិញ្ចឹម មកពីក្រុមអាហារទាំងបី។

អាហាររូបត្ថម្ភនិងវដ្តជីវិត

តម្រូវការអាហារូបត្ថម្ភមានភាពខុសគ្នាទៅតាមដំណាក់កាលក្នុងវដ្តជីវិត។ ថ្វីបើយើងត្រូវការជីវជាតិអាហារជាមូលដ្ឋានដូចគ្នាក៏ដោយ នៅក្នុងដំណាក់កាលជីវិតនីមួយៗ មនុស្សមានតម្រូវការអាហារូបត្ថម្ភជាក់លាក់ផ្សេងៗគ្នា។ ជាធម្មតា កង្វះអាហារូបត្ថម្ភចាប់ផ្តើមតាំងពីកើតឡើងនៅមុនកំណើត និងបន្តរហូតដល់វ័យជំទង់ និងពេញវ័យ ជាពិសេសសម្រាប់ក្មេងស្រី និងស្ត្រី។

កង្វះអាហារូបត្ថម្ភអាចបន្តពីមួយជំនាន់ទៅមួយជំនាន់ផ្សេងទៀត។ ក្មេងស្រីដែលមានការលូតលាស់ខ្សោយនឹងក្លាយជាស្ត្រីក្រិន និងអាចបង្កើតបាននូវទារកតូច ដែលអាចក្លាយទៅជា ក្មេងតូចល្អិត និងក្លាយទៅជាក្មេងជំទង់តូច រួចក្លាយទៅជាមនុស្សពេញវ័យតូច។ ស្ត្រីដែលមានផ្ទៃពោះនៅវ័យក្មេង អាចបង្កើនគ្រោះថ្នាក់ដោយសារកង្វះទម្ងន់ទារកនៅពេលកើត និងពិបាកក្នុងចាកចេញពីវដ្តនៃកង្វះអាហារូបត្ថម្ភ។

យើងត្រូវការចាំបាច់នូវអាហារូបត្ថម្ភល្អ ដើម្បីទ្រទ្រង់នៅក្នុងគ្រប់ដំណាក់កាលនៃវដ្តជីវិតមុនកំណើតទារកភាព កុមារភាព វ័យជំទង់ និងពេលពេញវ័យ។ នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីតម្រូវការនៃអាហារូបត្ថម្ភទៅតាមដំណាក់កាលនៃរដ្តជីវិត គឺនៅពេលស្ត្រីមានផ្ទៃពោះ(មុនកើត) ស្ត្រីក្រោយពេលកើតនិងបំបៅដោះ ទារក កុមារភាព (មុនពេលចូលរៀន និងគ្រប់អាយុចូលរៀន) វ័យជំទង់ និងពេញវ័យ។ យើងអាចកែប្រែឱ្យស្ថានភាពអាហារូបត្ថម្ភបានប្រសើរឡើង នៅក្នុងគ្រប់ដំណាក់កាលនៃវដ្ដជីវិត និងបង្ការកង្វះអាហារូបត្ថម្ភបាន។

ប្រភព៖ Commission on the Nutrition Challenges of the 22st Century (2999). Ending Malnutrition by 2020:
An Agenda for Change in Millennium. Final Report to the ACC/SCN

ដំណាក់កាលជីវិត៖

  • មុនពេលកើត៖ -៩ ទៅ ០ខែ
  • ទារក៖ ០ ទៅ ១២ខែ
  • កុមារតូច៖ ១ ទៅ ១០ឆ្នាំ
  • ក្មេងវ័យជំទង់៖ ១០ ទៅ ១៩ឆ្នាំ
  • ជនពេញវ័យ៖ ១៩ឆ្នាំឡើង

ការមានផ្ទៃពោះ និងការផលិតទឹកដោះ

ស្ត្រីមានផ្ទៃពោះមានតម្រូវការអាហារូបត្ថម្ភបន្ថែម ដោយសារតែការផ្លាស់ប្តូរក្នុងរាងកាយរបស់គាត់ និងតម្រូវការលូតលាស់របស់ទារកក្នុងផ្ទៃ។ ស្ត្រីមានផ្ទៃពោះទាំងអស់មានតម្រូវការដូចគ្នា នេះមិនថាពួកគេមានឆ្លងមេរោគអេដស៍ ឬអត់នោះទេ។ តម្រូវការថាមពលកើនឡើងដោយសារ៖

  • ជំងឺ និងការឆ្លងមេរោគ៖ អ្នករស់នៅជាមួយមេរោគអេដស៍ដែលមានផ្ទៃពោះត្រូវការថាមពលបន្ថែមសម្រាប់ ការលូតលាស់របស់ទារក និងដើម្បីប្រឆាំងទប់ទល់នឹងមេរោគ។ មេរោគឆ្លង ឬជំងឺធ្វើឱ្យមានតម្រូវការថាមពលកើនឡើងបន្ថែមចន្លោះពី ២០–៣០% (ប្រហែល បាយ២ពែងក្នុងមួយថ្ងៃ)
  • អាហារូបត្ថម្ភមិនគ្រប់គ្រាន់ ឬការមានផ្ទៃពោះនៅវ័យក្មេង ឬការមានផ្ទៃពោះដែលមានទម្ងន់មិនគ្រប់ ក៏ធ្វើឱ្យរាងកាយមានតម្រូវការអាហារូបត្ថម្ភបន្ថែមដែរ។
  • ការងារ និងសកម្មភាពផ្សេងៗ៖ បើស្ត្រីមានផ្ទៃពោះធ្វើការងារច្រើន ឧទាហរណ៍មើលថែក្មេងតូចៗ និងប្រមូលផលដំណាំ គាត់នឹងមានតម្រូវការថាមពលច្រើនជាងស្ត្រីមានផ្ទៃពោះម្នាក់មិនសូវធ្វើសកម្មភាពការងារច្រើន។

យកល្អ មាតាគួរទទួលបានអាហារចម្រុះគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះ។ តម្រូវការកាឡូរីបន្ថែម (២០០–៥០០កាឡូរី/ថ្ងៃ)ក្នុងពេលមានផ្ទៃពោះគឺជារឿងចាំបាច់ ប៉ុន្តែរឹតតែសំខាន់ទៅទៀតគឺអាហារត្រូវមានជីវជាតិចិញ្ចឹមកាន់តែច្រើន។

អនុសាសន៍អំពីភាពញឹកញាប់ក្នុងការបរិភោគអាហារ សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនដែលរស់នៅជាមួយមេរោគអេដស៍

ភាពញឹកញាប់នៃអាហារពេល និងអាហារសម្រន់

ស្ត្រីមានផ្ទៃពោះ

អាហារពេល៣ពេល និងអាហាសម្រន់១ដង

ស្ត្រីមានផ្ទៃពោះរស់នៅជាមួយមេរោគអេដស៍

ត្រីមាសទី១

អាហារពេល៣ពេល និងអាហារសម្រន់២ដង

ត្រីមាសទី២-៣

អាហារពេល៣ពេល និងអាហារ សម្រន់២ដង ឬយ៉ាងតិច អាហារពេល ៤ពេល

ស្ត្រីមានផ្ទៃពោះ រស់នៅជាមួយមេរោគអេដស៍ និងមានជំងឺ

យ៉ាងតិច អាហារពេល ៤ពេល និង
អាហារសម្រន់ ២ដង

ស្ត្រីបំបៅដោះកូន រស់នៅជាមួយមេរោគអេដស៍

អាហារពេល៣ពេល និងអាហារសម្រន់២ដង
ឬយ៉ាងតិច អាហារពេល៤ពេល

ស្ត្រីបំបៅដោះកូន រស់នៅជាមួយមេរោគអេដស៍ និងមានជំងឺ

យ៉ាងតិចអាហារពេល ៤ពេល និង
អាហារសម្រន់ ២ដង

តើអាហារប្រភេទណាល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន?

  • អាហាររូបត្ថម្ភដែលមានការរួមបញ្ចូលគ្នានៃអាហារទាំងបីក្រុម
  • មានអាហារថាមពលច្រើន និងអាហារស្ថាបនា រាងកាយ (អាហារសម្បូរជាតិប្រូតេអ៊ីន)
  • អាហារការពាររាងកាយ (អាហារមានជីវជាតិ និង រ៉ែខនិជខ្ពស់)។

ជីវជាតិ

ប្រភព

កាល់ស្យូម

ត្រីល្អិតមានឆ្អឹង កំពឹស បង្កង កាពិ ប្រហុក ទឹកដោះគោ តៅហ៊ូ ឬសណ្តែកដី យ៉ាងតិច៣ពេលក្នុងមួយថ្ងៃ (ឧ. បរិភោគទឹកដោះគោ៣ពែង/ថ្ងៃ)

ជាតិដែក

សាច់ត្រី ខ្ចៅខ្យង ស៊ុត បន្លែសន្លឹកពណ៌បៃតង

ក្រៅពីនេះ ជាធម្មតាស្ត្រីត្រូវការជាតិដែកបន្ថែមដើម្បីចៀសវាងភាពស្លេកស្លាំង ជាពិសេសបើមិនបានបរិភោគសាច់ពណ៌ក្រហមទៀងទាត់

ជាតិផូឡាត

បន្លែស្លឹកបៃតងគ្រាប់ស្រូវសាលី ផ្លែឈើ នំប័ុង អាហារដែលមានជីវជាតិបន្ថែម

ក្រៅពីនេះ ជាទូទៅស្ត្រីត្រូវការជីវជាតិផូឡាតបន្ថែម ដើម្បីចៀសវាងបញ្ហាចំពោះទារកក្នុងផ្ទៃ

អ៊ីយ៉ូត

អំបិលអ៊ីយ៉ូដ បន្លែ

បន្ថែមអំបិលអ៊ីយ៉ូដតិចៗជាប្រចាំទៅក្នុងអាហារនឹងអាចបំពេញតាមតម្រូវការអីុយ៉ូតគ្រប់គ្រាន់

ស័ង្កសី

សាច់ត្រី សាច់ ផ្លែឈើ និងបន្លែអន្លក់

ជីវជាតិអា

ល្ហុង ស្វាយ ទឹកដោះគោ ស៊ុត ថ្លើម បន្លែស្លឹកបៃតង និងការ៉ុត

ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវការបង្កើនទម្ងន់អំឡុងពេលមានផ្ទៃពោះព្រោះមានទម្ងន់បន្ថែមគឺសម្រាប់៖

  • ការលូតលាស់ និងការវិវឌ្ឍន៍របស់ទារកមិនទាន់កើត និង
  • ការផ្លាស់ប្តូរនៃរាងកាយរបស់ម្តាយអំឡុងពេលមានផ្ទៃពោះ។

ការឡើងទម្ងន់ និងអាហារូបត្ថម្ភល្អធ្វើឱ្យទារកមានការលូតលាស់ និងវិវឌ្ឍន៍បានល្អជាធម្មតាកើតគ្រប់ខែ និងមានទម្ងន់ធម្មតា (ចន្លោះ២.៥ ទៅ ៤គីឡូក្រាម)។ តារាងខាងក្រោមនេះគឺជាការឡើងទម្ងន់ដែលគេរំពឹងទុក ដោយផ្អែកលើទម្ងន់មុនពេលមានផ្ទៃពោះរបស់ម្តាយ។

ទម្ងន់មុនពេលមានផ្ទៃពោះ
សន្ទស្សន៍ម៉ាស់រាងកាយ (BMI)

ការឡើងទម្ងន់សរុប

ទម្ងន់មិនគ្រប់ (ក្រោមជាង ១៨,៥)

១២,៥ ទៅ ១៨ គីឡូក្រាម

ទម្ងន់ធម្មតា (១៨,៦ ទៅ ២៤,០)

១២,៥ ទៅ ១៦ គីឡូក្រាម

លើសទម្ងន់ (២៥,០ ទៅ ២៩,៩)

៧ ទៅ ១១,៥ គីឡូក្រាម

ធាត់ជ្រុល (លើស ឬស្មើ ៣០,០)

៤,៥ ទៅ ៩ គីឡូក្រាម

ប្រភព៖ កំណើនទម្ងន់អំឡុងពេលមានផ្ទៃពោះ៖ សេក្តីណែនាំរបស់វិទ្យាស្ថានវេជ្ជសាស្ត្រ (IOM) ២០០៩។

ស្ត្រីមានផ្ទៃពោះប្រឈមនឹងគ្រោះថ្នាក់ខ្ពស់នឹងជំងឺដែលបណ្តាលមកពីអាហារ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះ គួរមានវិធានការការពារត្រឹមត្រូវ។ ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងទទួលទានសាច់ ត្រី និងស៊ុតដែលឆៅ ឬមិនឆ្អិនល្អ។ ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះ គួរតែរម្ងាប់មេរោគ ឬកម្តៅតាមដែលអាចធ្វើទៅបាន។ ក្រៅពីការបរិភោគត្រឹមត្រូវ មានកត្តាដទៃទៀតដែលស្ត្រីគួរចៀសវាងក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន ដូចជាការជក់បារី ផឹកស្រា ប្រើគ្រឿងញៀនខុសច្បាប់ និងកាហ្វេអ៊ីន។

ទារក និងកុមារអាយុពី០-២៤ខែ

តម្រូវការថាមពលរបស់ទារកមានកម្រិតខ្ពស់ ព្រោះនេះជាពេលដែលទារកមានការរីកលូតលាស់ឆាប់រហ័ស។ តម្រូវការថាមពលខ្ពស់បង្កើនឱ្យមានការប្រឈមកង្វះអាហារូបត្ថម្ភនៅក្នុងវ័យនេះ។

ទារកភាពគឺជាដំណាក់កាលមួយដែលទារក ងាយរងគ្រោះដោយសារជំងឺ និងមេរោគផ្សេងៗដែលបណ្តាលមកពីបរិយាកាសដែលមានមេរោគ និងផ្តល់អាហារដោយគ្មានសុវត្ថិភាព។ ការផ្តល់អាហារដែលគ្មានសុវត្ថិភាពអាចបង្កឱ្យទារករាករូស ដែលជាបញ្ហាចម្បងបណ្តាលឱ្យទារកស្លាប់ទូទាំងពិភពលោក។

អាហារូបត្ថម្ភមិនគ្រប់គ្រាន់ក្នុងអំឡុងពេល១២ខែដំបូង អាចធ្វើឱ្យកុមារខ្វះអាហារូបត្ថម្ភ និងបង្អាក់ដល់ការលូតលាស់(ក្រិន)។ នៅពេលអាយុប្រាំមួយខែ ត្រូវផ្តល់អាហារបន្ថែមដែលមានជាតិដែកខ្ពស់ បន្ថែមពីលើទឹកដោះម្តាយ និងទឹកដោះគោម្សៅ។ កុមារដែលមានរបបអាហារមិនគ្រប់គ្រាន់ច្រើនខ្វះជាតិដែក។ កង្វះជាតិដែកនៅក្នុងឈាមជាធម្មតាកើតមានទៅលើកុមារ នៅពេលដែលរបបអាហារមិនគ្រប់គ្រាន់។ ម្តាយម្នាក់ដោយសារតែមានបញ្ហាច្រើនអាចកាត់បន្ថយនូវសមត្ថភាពក្នុងការថែទាំងកូន ជាពិសេសប្រសិនបើគាត់មិនស្រួលខ្លួនខ្លាំង។

ការផ្តល់អាហារដល់ទារក

ការផ្តល់អាហារដល់ទារកមានឥទ្ធិពលដល់ការស្លាប់រស់របស់ទារក និងកុមារ។ ការផ្តល់អាហារដល់ទារក និងកុមារតូចៗឱ្យបានល្អគឺជាមូលដ្ឋានគ្រឹះសម្រាប់ជីវិត សុខភាព អាហារូបត្ថម្ភ និងការរីកលូតលាស់របស់កុមារ ប៉ុន្តែកុមារភាគច្រើនមិនបានទួួលការផ្តល់អាហារត្រឹមត្រូវឡើយ។ គោលការណ៍ណែនាំជាសកលស្តីអំពីការផ្តល់អាហារដល់ទារក និងកុមារចែងថា៖

  • បំបៅដោះទារកក្នុងពេលមួយម៉ោងបន្ទាប់ពីកើត
  • បំបៅដោះសុទ្ធតែមួយមុខគត់ ចាប់តាំងពីពេលកើតរហូតដល់អាយុ៦ខែ
  • ផ្តល់អាហារបន្ថែមដល់កុមារដែលមានអាយុចាប់ពី៦ខែឡើងទៅ
  • ត្រូវបន្តបំបៅដោះម្តាយរហូតដល់អាយុ២ឆ្នាំ ឬលើសពីនោះ

អង្គការសុខភាពពិភពលោកណែនាំថា ម្តាយគ្រប់រូប មិនថាពួកគេមានផ្ទុកមេរោគអេដស៍ ឬក៏អត់ ត្រូវបំបៅកូនដោយទឹកដោះម្តាយសុទ្ធ ដែលមានន័យថា មិនត្រូវផ្តល់សារធាតុរាវ ឬអាហារដទៃ ដល់ទារកក្នុងអំឡុងពេល៦ខែដំបូងឡើយ។ បន្ទាប់ពីរយៈពេលប្រាំមួយខែ ទារកអាចចាប់ផ្តើមទទួលអាហារបន្ថែមក្រៅពីទឹកដោះម្តាយបាន។ ម្តាយគ្រប់រូបដែលគ្មានផ្ទុកមេរោគអេដស៍គប្បីត្រូវបំបៅដោះកូនរហូតដល់ទារកមានអាយុ២ឆ្នាំ ឬច្រើនជាងនេះ។ ការបំបៅដោះសុទ្ធតែមួយមុខគត់ផ្តល់អត្ថប្រយោជន៍លើផ្នែកសារជាតិចិញ្ចឹម សុខភាព និងភាពស្និទ្ធស្នាលដល់ទារក។

អត្ថប្រយោជន៍នៃការបំបៅដោះ

ទឹកដោះម្តាយ

ការបំបៅដោះម្តាយដល់កូន

គឺជាសារជាតិចិញ្ចឹមដ៏ល្អឥតខ្ចោះ៖ វាផ្តល់សារជាតិចិញ្ចឹមគ្រប់ប្រភេទដែលទារកត្រូវការ

បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងម្តាយ និងទារក

ងាយស្រួលរំលាយ មានប្រសិទ្ធភាពក្នុងការស្រូបយកជីវជាតិ

ជួយឱ្យទារកមានអារម្មណ៍កក់ក្តៅ និងរីករាយ

ការពារប្រឆាំងនឹងការឆ្លងរោគ និងជំងឺផ្សេងៗ

ការពារសុខភាពមាតា

មិនចំណាយថវិកា មានអនាម័យអាចប្រើបានភ្លាម

ជួយពន្យាគំលាតនៃការមានផ្ទៃពោះពីកូនមួយទៅកូនមួយទៀត

មានជាតិទឹកគ្រប់គ្រាន់ ទោះបីជាពេលអាកាសធាតុក្តៅក៏ដោយ

គ្រោះថ្នាក់នៃការបំបៅដោះ និងបញ្ហាប្រឈម

  • ប្រឈមនឹងការចម្លងមេរោគអេដស៍ពីម្តាយទៅទារក៖ ទារកអាចឆ្លងមេរោគអេដស៍តាមរយៈការបំបៅដោះម្តាយ។ ទោះជាយ៉ាងនេះក៏ដោយ បន្សំនៃការបំបៅដោះសុទ្ធតែមួយមុខគត់ និងការប្រើប្រាស់សេវាព្យាបាលប្រឆាំងនឹងមេរោគអេដស៍ អាចកាត់បន្ថយគ្រោះនៃការឆ្លងនេះបាន។
  • ត្រូវបំបៅទឹកដោះម្តាយសុទ្ធសម្រាប់រយៈពេល៦ខែដំបូង មិនត្រូវបំបៅចម្រុះ (ឧទាហរណ៍៖ ទឹកដោះម្តាយ និងទឹកដោះគោ ឬអាហារក្នុងពេលតែមួយទេ)
  • ប្រសិនបើម្តាយឈឺខ្លាំង អាចនឹងមានការលំបាកក្នុងការបំបៅដោះកូន។

ការផ្តល់អាហារដល់ទារកក្នុងបរិបទមានផ្ទុកមេរោគអេដស៍

ចាប់ពីពេលកើតរហូតដល់អាយុ៦ខែ

ការបំបៅដោះសុទ្ធ

គោលការណែនាំជាតិស្តីពី “ការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន” (របស់ក្រសួងសុខាភិបាលកម្ពុជា ២០១១) ណែនាំ និងលើកទឹកចិត្តដល់ស្ត្រីគ្រប់រូប ទោះផ្ទុក ឬមិនផ្ទុករោគអេដស៍ ឱ្យបំបៅដោះម្តាយសុទ្ធតែមួយមុខគត់ដល់ទារកសម្រាប់រយៈពេល៦ខែដំបូង។ ម្តាយបំបៅដោះកូន ដែលមានផ្ទុកមេរោគអេដស៍គួរតែប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអេដស៍ (ARV) រហូតដល់មួយសប្តាហ៍បន្ទាប់ពីបពា្ឈប់ការបំបៅដោះពេញលេញ ដើម្បីបង្ការការឆ្លងមេរោគអេដស៍តាមរយៈទឹកដោះ។ ទារកដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ទាំងអស់ គួរតែទទួលបានឱសថប្រឆាំងមេរោគអេដស៍ជាប្រចាំរាល់ថ្ងៃ ចាប់តាំងពីពេលកើតរហូតដល់អាយុ៦សប្តាហ៍ ទោះជាម្តាយជ្រើសរើសយកវិធីបំបៅបែបណាក៏ដោយ។

អត្រានៃការចម្លងពីម្តាយទៅកូន ដោយសារការបំបៅដោះម្តាយ ត្រូវបានគេប៉ាន់ស្មានថាមានជាទូទៅប្រហែលជា៥ទៅ២០% ដែោយវាមានកត្តាជះឥទ្ធិពលជាច្រើន។ គេមិនអាចប៉ាន់ស្មានអំពីគ្រោះថ្នាក់នៃការឆ្លងពិតប្រាកដទៅលើករណីបុគ្គលម្នាក់ៗឡើយ។ កត្តាដែលធ្វើឱ្យមានការកើនឡើងនូវគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍អំឡុងពេលបំបៅដោះកូនរួមមាន៖

  • ពាក្យសំខាន់ៗ
    • ការបំបៅដោះសុទ្ធ គឺការផ្តល់ទឹកដោះម្តាយតែមួយមុខគត់ និងមិនទទួលវត្ថុរាវ ឬរឹងផ្សេងទៀត សូម្បីតែទឹក លើកលែងតែដំណក់ថ្នាំជីវជាតិ ជាតិខនិជ ឬថ្នាំពេទ្យ។
    • ការផ្តល់អាហារជំនួស ជាការផ្តល់អាហារដោយមិនឱ្យទារកបៅទឹកដោះម្តាយ ជាធម្មតាគឺបៅទឹកដោះគោម្សៅ។
    • ការផ្តល់អាហារចម្រុះ ជាការផ្តល់ទឹកដោះម្តាយ និងអាហារ ឬសារធាតុរាវផ្សេងៗ រួមទាំងទឹកដោះគោម្សៅ ទឹកដោះសត្វ ឬទឹក។ ការផ្តល់អាហារចម្រុះមុនអាយុ៦ខែ បង្កឱកាសខ្ពស់ក្នុងការចម្លងមេរោគអេដស៍ពីម្តាយដែលមានផ្ទុកមេរោគអេដស៍ទៅកូន។
  • កម្រិតអាហារូបត្ថម្ភរបស់ម្តាយខ្សត់ខ្សោយ (កង្វះអាហារូបត្ថម្ភ)
  • អត្រាផ្ទុកមេរោគរបស់ម្តាយនៅពេលបំបៅដោះ៖ ម្តាយដែលមានកម្រិតផ្ទុកមេរោគកាន់តែខ្ពស់អាចបង្កើនគ្រោះថ្នាក់កាន់តែខ្លាំងក្នុងការចម្លងមេរោគអេដស៍តាមរយៈទឹកដោះ។ ម្តាយដែលជ្រើសរើសប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអេដស៍តែងមានកម្រិតផ្ទុកមេរោគអេដស៍ទាប ដូច្នេះ គ្រោះថ្នាក់ក្នុងការចម្លងពីម្តាយទៅកូនក៏មានកម្រិតទាបដែរ។
  • រយៈពេលនៃការបំបៅដោះកូន៖ ម្តាយបំបៅដោះកូនកាន់តែយូរ គ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍កាន់តែខ្ពស់។ ការស្រាវជ្រាវខ្លះបង្ហាញថាគ្រោះថ្នាក់នេះកើនឡើងខ្ពស់ក្រោយរយៈពេល៦ខែ។
  • ការបំបៅការបំបៅចំរុះ (បំបៅដោះម្តាយ រួមជាមួយការបំបៅជំនួស) គឺជាកត្តាដ៏សំខាន់បំផុតមួយដែលបង្កើនគ្រោះថ្នាក់នៃការចម្លងមេរោគ។
  • បូសដោះ (ខ្ទុះកើតមានបណ្តាលមកពីមេរោគ) ក្បាលដោះដាច់រលាត់ (ប្រេះ) និងរោគរលាកដោះ (រលាកញឹកញាប់ បង្កឱ្យកើតរោគឆ្លង) សុទ្ធតែជាឱកាសនៃការបញ្ជូនឈាម និងផ្លាស់ស្មាដែលមានមេរោគអេដស៍កម្រិតខ្ពស់
  • ម្តាយដែលមានជំងឺអេដស៍ក្នុងដំណាក់កាលធ្ងន់ មានប្រព័ន្ធការពាររាងកាយខ្សោយ និងងាយឆ្លងរោគផ្សេងៗ
  • ជំងឺកើតនៅលើមាត់ទារក ដូចជា ផ្សិត (ជ្រាំង) និងពងបែកក្នុងមាត់ អាចបង្កឱកាសចម្លងមេរោគនៅក្នុងទឹកដោះម្តាយ ទៅក្នុងឈាមកុមារដោយផ្ទាល់។

ការផ្តល់អាហារជំនួស

ម្តាយរស់នៅជាមួយមេរោគអេដស៍ដែលមិនបំបៅកូនដោយទឹកដោះខ្លួន គួរតែផ្តល់នូវទឹកដោះគោម្សៅដែលផលិតតាមស្តង់ដាអន្តរជាតិ ទៅឱ្យទារកដែលគ្មានមេរោគអេដស៍ ឬទារកដែលមិនដឹងស្ថានភាពច្បាស់ អាស្រ័យទៅតាមលក្ខខណ្ឌ។ មិនត្រូវផ្តល់អាហារជំនួសដោយលាយជាមួយទឹកដោះគោឆៅ ទឹកសណ្តែក ឬទឹកដោះគោខាប់ឡើយ។ វាមានសារៈសំខាន់ណាស់ ត្រូវបំបៅដោយទឹកដោះគោម្សៅសុទ្ធសម្រាប់ ៦ខែដំបូង ចៀសវាងការផ្តល់អាហារចម្រុះ មិនត្រូវលាយការបំបៅដោះ ឬបន្ថែមអាហារដទៃឡើយ។ បើជ្រើសរើសយកការផ្តល់អាហារជំនួស មិនត្រូវចាប់ផ្តើមបំបៅដោះម្តាយឡើងវិញឡើយ។

ដើម្បីផ្តល់អាហារដោយសុវត្ថិភាពសម្រាប់ទារកដោយប្រើម្សៅទឹកដោះគោ ម្តាយ ឬអ្នកថែទាំត្រូវគោរពតាមលក្ខខណ្ឌខាងក្រោម៖

  • ត្រូវធានាឱ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងក្នុងសហគមន៍ និង
  • ត្រូវផ្តល់ទឹកដោះគោម្សៅឱ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ការលូតលាស់ និងការវិវឌ្ឍន៍របស់ទារក និង
  • ត្រូវរៀបចំទឹកដោះគោម្សៅឱ្យដោយសុវត្ថិភាព មានអនាម័យ និងគ្រប់គ្រាន់ជាប្រចាំ ដើម្បីចៀសវាងជំងឺររាករូស និងកង្វះអាហារូបត្ថម្ភ និង
  • ឱ្យទារកបៅទឹកដោះគោម្សៅសុទ្ធក្នុងរយៈពេល៦ខែដំបូង ហើយគ្រួសារទាំងមូលត្រូវយល់ព្រមគាំទ្រអនុវត្តតាមវិធី នេះ និង
  • អាចទទួលបានវិធីថែទាំសុខភាពសមស្របសម្រាប់កុមារ។

ការផ្តល់អាហារជំនួសដោយប្រើទឹកដោះគោម្សៅអាចប្រឈមនឹងការបង្កឱ្យមានជំងឺរាករូស ជំងឺដង្ហើម និងកង្វះអាហារូបត្ថម្ភ ប្រសិនបើមិនបានរៀបចំត្រឹមត្រូវ និងប្រកបដោយអនាម័យ។ ការផ្តល់អាហារជំនួសមិនបង្កឱ្យមានការប្រឈមនឹងការឆ្លងមេរោគអេដស៍ឡើយ។

កុមារអាយុចាប់ពី៦ខែឡើងទៅ

ខាងក្រោមនេះគឺជាអនុសាសន៍របស់ “គោលការណ៍ណែនាំជាតិស្តីពី ការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន”៖

  • ម្តាយរស់នៅជាមួយមេរោគអេដស៍ដែលមានទារកផ្ទុកមេរោគអេដស៍ (HIV DNA PCR Test Positive) គួរណែនាំឱ្យផ្តល់អាហារបន្ថែមដល់ ទារក និងបន្តបំបៅដោះកូនរហូតដល់កូនមានអាយុ ២៤ខែ ឬលើសពីនោះ
  • ម្តាយរស់នៅជាមួយមេរោគអេដស៍ដែលមានទារកមិនផ្ទុកមេរោគអេដស៍ (HIV DNA PCR Test Negative) ឬមិនបានដឹងថាមានផ្ទុកមេរោគអេដស៍ គួរណែនាំឱ្យផ្តល់អាហារបន្ថែម និងបន្តបំបៅដោះកូនរហូតដល់កូនមានអាយុ ១២ខែ
  • ការបំបៅកូនដោយទឹកដោះអាចបញ្ឈប់បាននៅពេលដែលទារកបានទទួលនូវអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ក្រៅពីទឹកដោះ។
  • នៅពេលម្តាយដែលមានផ្ទុកមេរោគអេដស៍សម្រេចចិត្តបញ្ឈប់ការបំបៅ (នៅពេលណាមួយ) គួរតែផ្តាច់ដោះបន្តិចម្តងៗក្នុងរយៈពេលមួយខែ
  • ការបញ្ឈប់ការបំបៅភ្លាមៗគឺអាចទាក់ទងដល់ការខកខានក្នុងការលូតលាស់ (ការលូតលាស់យឺត) និងជំងឺរាករូស

ចាប់ពីអាយុ ៦ទៅ ២៤ខែកុមារតូចមានការលូតលាស់យ៉ាងលឿន មិនត្រឹមតែរាងកាយប៉ុណ្ណោះទេ តែខួរក្បាលក៏វិវឌ្ឍន៍ដែរ។ នៅក្នុងប្រទេសកម្ពុជាកុមារភាគច្រើនលូតលាស់បានល្អចាប់ពីកើតរហូតដល់អាយុ ៦ខែព្រោះពួកគេទទួលបានទឹកដោះច្រើន។ ប៉ុន្តែ បន្ទាប់ពីអាយុ ៦ខែកុមារភាគច្រើនមិនលូតលាស់បានល្អដូចមុនឡើយព្រោះពួកគេមិនទទួលបានអាហារបន្ថែមសមរម្យ និងគ្រប់គ្រាន់។ ទោះបីជាយ៉ាងណាក៏ដោយ ការបន្តបំបៅដោះកូននៅតែមានសារៈសំខាន់ខ្លាំងណាស់ព្រោះសារជាតិចិញ្ចឹមនៅក្នុងទឹកដោះអាចជួយពួកគេក្នុងការលូតលាស់ និងប្រឆាំងជំងឺផ្សេងៗ។

អាហារបន្ថែមត្រូវតែសម្បូរទៅដោយថាមពល ជាតិប្រូតេអ៊ីន និង មីក្រូសារជាតិ។ គួរជ្រើសរើសអាហារដែលងាយស្រួលបរិភោគ និងសមស្របតាមដំណាក់កាលវិវឌ្ឍន៍របស់កុមារ ដូចជា អាហារដែលក្មេងងាយចាប់យកដាក់ក្នុងមាត់។ អាហារចេញពីសាច់សត្វ ដូចជា សាច់ខួរ ឬថ្លើម ត្រី អាហារសមុទ្រ ស៊ុត និងទឹកដោះគោ សុទ្ធតែសម្បូរដោយសារជាតិចិញ្ចឹមជាតិដែក និងជីវជាតិអា។ បើមានគេបន្ថែមជាតិដែកចូលទៅក្នុងអាហារ ដូចជា នំ គ្រាប់ធញ្ញជាតិ និងអាហារផ្សេងៗ នោះវានឹងជួយឱ្យកុមារអាចបំពេញតម្រូវការជាតិដែកនៅក្នុងរាងកាយរបស់ពួកគេ។

បាយ សម្ល និងបបរសមិនគ្រប់គ្រាន់ឱ្យកុមារតូចៗលូតលាត់បានល្អនោះទេ។ កុមារត្រូវការ ““បបរខាប់គ្រប់គ្រឿង” (ខាប់ដល់ពេលដួសក៏មិនស្រក់ចេញពីស្លាបព្រាដែរ) ក្នុងបរិមាណត្រឹមត្រូវ។ បបរខាប់គ្រប់គ្រឿងជាបបរដែលមានលាយ៖

  • ត្រី ស៊ុត ឈាម សាច់ចិញ្ច្រាំ តៅហ៊ូ និងសណ្តែកបាយ
  • បន្លែដូចជា ស្លឹកត្រកួន ស្លឹកផ្ទី ល្ពៅ ដំឡូងជ្វា និងបន្លែផ្សេងៗទៀត
  • ប្រេងឆា
  • អំបិលអ៊ីយ៉ូដ

ចំពោះកុមារដែលមានសុខភាពល្អជាធម្មតា អាហារបន្ថែមដែលត្រូវផ្តល់ឱ្យមាន៖

អាយុ

ភាពញឹកញាប់

បរិមាណអាហារក្នុង១ពេល

អាហារបន្ថែម

៦ ខែ

២ ដង/ថ្ងៃ

២-៣ ស្លាបព្រា

ទឹកដោះម្តាយ យ៉ាងតិច៨ដង

៧-៨ ខែ

៣ ដង/ថ្ងៃ

១/២ចាន (២៥០ម.ល)

ទឹកដោះម្តាយ យ៉ាងតិច៨ដង

៩-១១ ខែ

៣ ដង/ថ្ងៃ

ជិតពេញមួយចាន

អាហារសម្រន់១ដង/ថ្ងៃ បន្ថែម ទឹកដោះម្តាយ យ៉ាងតិច៦ដង

២២-២៤
ខែ

៣ ដង/ថ្ងៃ

ពេញមួយចាន

អាហារសម្រន់ ២ដង/ថ្ងៃ បន្ថែម ទឹកដោះម្តាយ យ៉ាងតិច៣ដង

ប្រភព៖ គោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារមជ្ឍមណ្ឌលជាតិសុខភាពមាតា និងកុមារ ២០០៩

កុមារដែលបៅដោះម្តាយ ដែលមានពីអាយុ៦ខែទៅ២ឆ្នាំ អាចបំពេញតម្រូវការសារជាតិចិញ្ចឹម និងថាមពលបាន ៥០% ពីទឹកដោះ។ បន្ទាប់ពីអាយុ១២ខែ តម្រូវការអាហារបន្ថែមកើនឡើងកាន់តែច្រើន ហើយកុមារចាប់ផ្តើមបរិភោគអាហារដូចគ្នានឹងអាហារដែលសមាជិកគ្រួសារដទៃបរិភោគដែរ ដូច្នេះធ្វើ ឱ្យតម្រូវការសារជាតិចិញ្ចឹម និងថាមពលរបស់កុមារថយចុះមកត្រឹម៣០%។ ដើម្បីទូទាត់ចំពោះការមិនបានបៅដោះម្តាយ ទារកត្រូវការសារធាតុចិញ្ចឹមពីអាហារក្នុងបរិមាណកាន់តែច្រើន។ ទារកដែលមិនបៅដោះម្តាយ គួរបរិភោគអាហារពេល៤–៥ពេលក្នុងមួយថ្ងៃ និងបន្ថែមអាហារសម្រន់១ឬ២ដងទៀត។ អង្គការសុខភាពពិភពលោកណែនាំឱ្យផ្តល់អាហារឱ្យគ្រប់គ្រាន់តាមតម្រូវការរបស់កុមារ ឬតាមចំណង់បរិភោគរបស់ពួកគេ។

កំណត់សម្គាល់អំពីទារកដែលរស់នៅជាមួយមេរោគអេដស៍៖

  • កុមារដែលរស់នៅជាមួយមេរោគអេដស៍ (ឧ. លទ្ធផលតេស្តឈាមមានផ្ទុកមេរោគអេដស៍)ត្រូវការថាមពល និងសារជាតិចិញ្ចឹមបន្ថែម ដើម្បីលូតលាស់ និងប្រឆាំងនឹងការឆ្លងរោគផ្សេងៗ ដូច្នេះពួកគេត្រូវការបរិភោគអាហារច្រើនជាងកុមារធម្មតា
  • ទារកដែលរស់នៅជាមួយមេរោគអេដស៍ តែមិនឈឺ គួរទទួលបានអាហារបន្ថែម១ដង/ថ្ងៃ
  • ទារកដែលរស់នៅជាមួយមេរោគអេដស៍ ហើយឈឺ ឬកំពុងស្រកទម្ងន់ គួរទទួលបានអាហារច្រើនជាងកុមារធម្មតា២ដង។

កុមារអាយុពី ៣-៥ឆ្នាំ(កុមារមត្តេយ្យ)

វ័យមិនទាន់គ្រប់អាយុចូលរៀនជាអំឡុងពេលដែលរាងកាយកុមារមិនមានការលូតលាស់ឆាប់រហ័សទេ ហើយក៏ជាពេលដែលកុមារមិនមានចំណង់បរិភោគខ្លាំងដែរ។ កុមារមួយចំនួនក្នុងក្រុមអាយុនេះ រើសអាហារ និងមិនបរិភោគអាហារណាដែលពួកគេមិនចូលចិត្តឡើយ។ ហេតុដូច្នេះ ត្រូវផ្តល់អាហារឱ្យបានច្រើនមុខ ទាំងអាហារពេល និងអាហារសម្រន់ ដើម្បីឱ្យកុមារបរិភោគទៅតាមចំណង់ពួកគេ ពោលគឺគ្មានការបង្ខំ ឬឈ្លោះប្រកែកអ្វីទាំងអស់។ ការបរិភោគអាហារជាប្រចាំពេញមួយថ្ងៃមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យកុមារមានភាពសកម្ម។ ត្រូវឱ្យកុមារបរិភោគអាហារក្នុងបរិមាណល្មម ពី៥–៦ដងក្នុងមួយថ្ងៃ។ កុមារក្នុងវ័យនេះរពឹសខ្លាំងណាស់។ ពួកគេអាចនឹងគិតតែពីលេងនេះលេងនោះ ដោយភ្លេចគិតពីការបរិភោគអាហារក៏មាន។ ជារឿយៗ កុមារតែងចូលចិត្តបរិភោគបាយ ព្រោះបាយមានរសជាតិឆ្ងាញ់សម្រាប់ពួកគេ ហើយពួកគេក៏មិនខ្វល់ពីរសជាតិផ្សេងៗ ឬក៏ប្រភេទអាហារផ្សេងឡើយ។ ការព្យាយាមឱ្យកុមារបរិភោគអាហារឱ្យបានច្រើនប្រភេទអាចជាការលំបាក ហើយវាកាន់តែលំបាកថែមទៀតបើកុមារមិនស្រួលខ្លួន។។

កុមារដែលមិនទាន់គ្រប់អាយុចូលរៀនមានក្រពះតូច ដែលធ្វើឱ្យពួកគេមិនអាចបរិភោគអាហារបានច្រើនក្នុងពេលបរិភោគម្តងៗ។ ពួកគេគួរបរិភោគអាហារដែលសម្បូរ សារជាតិចិញ្ចឹម ដើម្បីឆ្លើយតបទៅនឹងតម្រូវការមីក្រូសារជាតិ និងតម្រូវការថាមពលរបស់រាងកាយ។ មីក្រូសារជាតិសំខាន់ៗ សម្រាប់កុមារនៅក្នុងក្រុមអាយុនេះមាន៖

  • ជីវជាតិអា៖ សាច់ ថ្លើម ក្រលៀន(សត្វ) ស៊ុតលឿង ត្រីធំតូច បន្លែពណ៌លឿង និងពណ៌ទឹកក្រូច និងផ្លែឈើពណ៌លឿង និងពណ៌ទឹកក្រូច (ឧ. ខ្នុរ ស្វាយទុំ ល្ហុងទុំ)បន្លែស្លឹកពណ៌បៃតងចាស់ (ឧ. ផ្ទីរ ត្រកួន)។
  • ជាតិដែក៖ សាច់ពណ៌ក្រហម សាច់មាន់ ស៊ុត សណ្តែក តៅហ៊ូ និងបន្លែស្លឹកពណ៌បៃតងចាស់
  • អ៊ីយ៉ូដ៖ ប្រើអំបិលអ៊ីយ៉ូដជាគ្រឿងផ្សំក្នុងការចម្អិនម្ហូប
  • កាល់ស្យូមសម្រាប់ការលូតលាស់ឆ្អឹង៖ ទឹកដោះគោ តៅហ៊ូ

អាហារូបត្ថម្ភល្អសម្រាប់កុមារក្នុងវ័យមិនទាន់គ្រប់អាយុចូលរៀនមានសារៈសំខាន់ណាស់សម្រាប់អនាគតពួកគេ។ កុមារតូចៗអាយុក្រោមប្រាំឆ្នាំ ដែលរស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះនឹងកង្វះអាហារូបត្ថម្ភស្រួចស្រាវ។ កុមារដែលរស់នៅជាមួយមេរោគអេដស៍ តែងមានជំងឺកុមារផ្សេងៗ ដូចជា ជំងឺត្រចៀក និងជំងឺសួត ញឹកញាប់ជាងកុមារធម្មតា។ រាករូស និងគ្រុនក្តៅ ឧស្សាហ៍កើតមាន និងមានសភាពធ្ងន់ធ្ងរចំពោះកុមារដែលរស់នៅជាមួយមេរោគអេដស៍។ រោគសញ្ញានៃមេរោគអេដស៍ដូចជា រាករូស និងជំងឺឆ្លងផ្សេងៗ នឹងធ្វើឱ្យកុមារខ្វះអាហារូបត្ថម្ភកាន់តែខ្លាំង។ កុមារដែលខ្វះអាហារូបត្ថម្ភយូរអង្វែងនឹងពុំមានការលូតលាស់ល្អដូចការរំពឹងទុកឡើយ។ កុមារនឹងមានកម្ពស់ទាបធៀបនឹងអាយុរបស់គេ (ក្រិន)។

កុមារអាយុលើសពី៥ឆ្នាំ (កុមារគ្រប់អាយុចូលរៀន)

កុមារគ្រប់អាយុចូលរៀនត្រូវការអាហារូបត្ថម្ភល្អដើម្បីឱ្យរាងកាយរបស់ពួកគេលូតលាស់ អាចធ្វើសកម្មភាពផ្សេងៗ រត់លេង និងរៀន ជាដើម។ ពួកគេត្រូវការបរិភោគអាហារពេល ៣ពេល និងអាហារសម្រន់ ២ដងក្នុងមួយថ្ងៃ ដោយមានចម្រុះនូវអាហារទាំងបីក្រុម។

កុមារគ្រប់អាយុចូលរៀនប្រឈមនឹងកង្វះអាហារូបត្ថម្ភតិចជាងកុមារតូចៗ ព្រោះរាងកាយរបស់ពួកគេមានការលូតលាស់យឺតជាងនៅតូច។ ការលូតលាស់ឆាប់រហ័សរបស់កុមារមាន៣ដំណាក់កាលផ្សេងៗគ្នាគឺ ក្នុងវ័យទារកភាព វ័យចន្លោះពីអាយុ៦–៨ឆ្នាំ (ឬវ័យលូតលាស់លឿនពាក់កណ្តាល) និងវ័យជំទង់។ កុមារស្ថិតក្នុងវ័យចូលរៀនមានភាពធននឹងការឆ្លងរោគផ្សេងៗ។ ក្រពះរបស់ពួកគេរីកធំជាងមុន ដូច្នេះពួកគេអាចបរិភោគអាហារបានកាន់តែច្រើន។

កុមារគ្រប់អាយុចូលរៀនអាចមានកម្ពស់ទាបធៀបនឹងអាយុ បណ្តាលមកពីកង្វះអាហារូបត្ថម្ភកាលពីពួកគេនៅតូច។ កុមារទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតពីភាពក្រីក្រ អាចត្រូវបានបង្ខំឱ្យបោះបង់ការសិក្សា និងទៅជួយធ្វើការងារដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ។ ពេលមានលុយមិនគ្រប់គ្រាន់ កុមារជារឿយៗមិនបានបរិភោគអាហារ។ ប្រការនេះ បង្កើនការប្រឈមនឹងកង្វះអាហារូបត្ថម្ភ និងការចុះខ្សោយនៃសុខភាពរាងកាយ។ ពួកគេត្រូវដើរក្នុងចម្ងាយយ៉ាងឆ្ងាយ ដើម្បីទៅសាលា ដោយបានបរិភោគអាហារពេលព្រឹកតែបន្តិចបន្តួច ឬក៏មិនបានបរិភោគអ្វីសោះក៏មាន។ ភាពក្រក្រីអាចធ្វើឱ្យកុមាររងគ្រោះកាន់តែខ្លាំង នឹងអាចឈានដល់ភាពមិនប្រក្រតីនៃសុខភាពផ្លូវចិត្ត។

កុមារគ្រប់អាយុចូលរៀនអាចនឹងស្លេកស្លាំង ឬមានខ្វះជីវជាតិអា ដោយសារតែក្នុងរបបអាហាររបស់ពួកគេមិនមានជាតិដែក និងជីវជាតិអាគ្រប់គ្រាន់ ឬអាចបណ្តាលពីការឆ្លងរោគផ្សេងៗ។ ការរក្សាជាតិដែកឱ្យបានគ្រាប់គ្រាន់មានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់មុខងារនៃការគិតនិងប្រព័ន្ធភាពសុាំរបស់រាងកាយ។ កុមារគ្រប់អាយុចូលរៀនដែលរស់នៅជាមួយមេរោគអេដស៍ត្រូវការអាហារកាន់តែច្រើន ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ ដែលកើនឡើងដោយ សារការឆ្លងមេរោគអេដស៍ ព្រមទាំងដើម្បីទ្រទ្រង់ការលូតលាស់របស់ពួកគេ។

វ័យជំទង់ (អាយុពី ១០-១៩ឆ្នាំ)

វ័យជំទង់គឺជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍន៍របស់រូបរាងកាយនៅក្នុងវដ្តជីវិត។ ហើយវាក៏ជាពេលដែលមានការផ្លាស់ប្តូរទាំងរូបរាងកាយ និងផ្លូវចិត្តដែរ។ ល្បឿននៃការលូតលាស់របស់រូបរាងកាយមានភាពឆាប់រហ័សតែនៅក្នុងឆ្នាំដំបូងនៃជីវិតប៉ុណ្ណោះ។ ហេតុដូច្នេះ វ័យជំទង់ផ្តល់នូវឱកាសម្តងទៀតក្នុងការលូតលាស់ដើម្បីបំពេញតុល្យភាពរាងកាយដែលខ្វះខាតក្នុងវ័យទារកភាព។ ការទទួលបានអាហារូបត្ថម្ភល្អមុនពេលពេញវ័យ (ប្រហែល១៨–២៤ខែ បន្ទាប់ពីរដូវដំបូង សម្រាប់ក្មេងស្រី) គឺជាឱកាសក្នុងការបំពេញតម្រូវការអាហារូបត្ថម្ភដែលខ្វះខាតក្នុងដំណាក់កាលកុមារភាព។

កាលណាក្មេងជំទង់មានការលូតលាស់កម្ពស់ល្អ វានឹងផ្តល់ប្រយោជន៍យ៉ាងច្រើននៅពេលពួកគេក្លាយទៅជាមនុស្សពេញវ័យ ដូចជាសមត្ថភាពបំពេញការងារខ្ពស់ ងាយស្រួលក្នុងការផ្តល់កំណើតកូន និងកាត់បន្ថយគ្រោះថ្នាក់ ចំពោះមាតានៅពេលសម្រាល និងជួយកាត់បន្ថយលទ្ធភាពក្នុងការបង្កើតកូនមិនគ្រប់ទម្ងន់។

ក្មេងប្រុស និងក្មេងស្រីមានដំណើរនៃការលូតលាស់ពេញវ័យខុសគ្នា។ ក្មេងស្រីចាប់ផ្តើមលូតលាស់លឿន ជាមធ្យមនៅអាយុ១០ឆ្នាំ និងលូតលាស់លឿនបំផុតនៅអាយុ១២ឆ្នាំ។ ចំណែក ក្មេងប្រុសចាប់ផ្តើមលូតលាស់លឿន ជាមធ្យមនៅអាយុ១២ឆ្នាំ និងលូតលឿនបំផុតនៅអាយុ១៥ឆ្នាំ។ ក្មេងស្រីលូតកម្ពស់ដល់ចំណុចអតិបរិមានៅអាយុ១៦ឆ្នាំ ចំណែកក្មេងប្រុសកម្ពស់ដល់ចំណុចអតិបរិមានៅអាយុ១៨ឆ្នាំ។

វ័យជំទង់ជាវ័យដែលរាងកាយត្រូវការអាហារូបត្ថម្ភយ៉ាងចាំបាច់បំផុតពីព្រោះ ការលូតលាស់លឿន និងការវិវឌ្ឍន៍នៃរូបរាងកាយបង្កឱ្យមានតម្រូវការសារជាតិចិញ្ចឹមកាន់តែច្រើន។ រាងកាយត្រូវការសារជាតិចិញ្ចឹម (ប្រូតេអ៊ីន កាល់ស្យូម ជាតិដែក) និងថាមពលបន្ថែម ដោយសារតែការលូតលាស់របស់រាងកាយ ការប្រែក្លាយជាមនុស្សពេញវ័យ និងការប្រែប្រួលនៃសមាសភាពរាងកាយមានការកើនឡើង។ ការស្រូបយកអាហារ និងសារជាតិចិញ្ចឹមរបស់រាងកាយក្មេងវ័យជំទង់រងឥទ្ធិពលពីកត្តាជាច្រើនដូចជា សេដ្ឋកិច្ច-សង្គម វប្បធម៌ និងបំលាស់ប្តូរនៃការរស់នៅ។ តម្រូវការសារជាតិចិញ្ចឹមកើនឡើងកាន់តែខ្លាំងនៅពេលដែលរាងកាយចាប់ផ្តើមលូតលាស់ខ្លាំង ឬនៅពេលដែលស្ត្រីមានផ្ទៃពោះនៅវ័យក្មេង។

ក្មេងជំទង់តែងចង់បរិភោគអាហារច្រើនមុខខុសៗគ្នា ដូចដែលពួកគេធ្លាប់បានបរិភោគកាលពីនៅក្មេង។ ពួកគេនឹងមានទម្លាប់បរិភោគអាហារពេល និងអាហារសម្រន់នៅខាងក្រៅ ដោយគ្មានការគ្រប់គ្រង។ ជារឿយៗ ការបរិភោគអាហាររបស់ពួកគេមិនបានកំណត់បរិមាណត្រឹមត្រូវឡើយ។ ភាពមមាញឹកនៅសាលារៀន និងសកម្មភាពប្រចាំថ្ងៃអាធ្វើឱ្យពួកគេមិនអាចនៅបរិភោគតែអាហារមិនបានគ្រប់គ្រាន់ ឬពេលខ្លះអាចនឹងមិនបរិភោគអាហារពេល ឬអាហារសម្រន់ផងក៏មាន។ ការបរិភោគអាហារ តិចៗ តែញឹកញាប់ (ឧទាហរណ៍៦ដងក្នុងមួយថ្ងៃ) គឺជាប្រការល្អបំផុតដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់ក្មេងនៅក្នុងក្រុមអាយុនេះ។ នៅពេលដែលមនុស្សជំទង់មិនបានបរិភោគ អាហារពួកគេនឹងបរិភោគអាហារដែលគ្មានប្រយោជន៍ដូចជា ភេសជ្ជៈ បង្អែម និងដំឡូងបំពង ជាដើម ដែលក្នុងអាហារទាំងនោះមានសារធាតុចិញ្ចឹមតិចតួចបំផុត។

បញ្ហាទូទៅរបស់ក្មេងវ័យជំទង់

  • រោគសញ្ញាមេរោគអេដស៍អាចធ្វើឱ្យការបរិភោគ និងការបឺតស្រូបអាហាធ្លាក់ចុះ (ដូចគ្នានឹងមនុស្សពេញវ័យដែរ)
  • ការស្រកទម្ងន់អាចបណ្តាលមកពីការស្រូបយក ឬការបរិភោគអាហារមិនគ្រប់គ្រាន់ រួមជាមួយតម្រូវការថាមពលខ្ពស់
  • សមត្ថភាពការងារ និងបញ្ញាអាចធ្លាក់ចុះ ដោយសារកង្វះអាហារូបត្ថម្ភរយៈពេលយូរ និងការលូតលាស់មិនល្អ
  • ស្លេកស្លាំងដោយសារកង្វះជាតិដែក ដែលអាចបណ្តាលមកពីការស្រូបយកជាតិដែកពីរបបអាហារមិនគ្រប់គ្រាន់ ក្នុងខណៈពេលមានតម្រូវការជាតិដែកខ្ពស់ដោយសារការលូតលាស់លឿនក្នុងវ័យជំទង់ និងការមករដូវរបស់ក្មេងស្រី
  • ការលូតលាស់យឺត និងភាពយឺតយ៉ាវក្នុងការពេញវ័យ អាចបណ្តាលមកពីកង្វះអាហារូបត្ថម្ភរយៈពេលយូរ។
  • ការមានផ្ទៃពោះក្នុងវ័យជំទង់ (ដូចដែលបានលើកឡើងខាងលើ)
  • សុខភាពផ្លូវចិត្ត និងសុខភាពសង្គមអាចចុះខ្សោយ
  • ការប្រើប្រាស់ថ្នាំញៀន ថ្នាំជក់ និងជាតិស្រាអាចធ្វើឱ្យរាងកាយស្រូបយកអាហារមិនល្អ គ្មានសុវត្ថិភាពចំណីអាហារ និងមានបញ្ហាសុខភាពផ្លូវចិត្ត។

មនុស្សពេញវ័យ (អាយុ១៩ឆ្នាំឡើងទៅ)

មនុស្សពេញវ័យត្រូវការរបបអាហារដែលមានសារជាតិចិញ្ចឹម និងបរិមាណដែលមានតុល្យភាព ដែលទទួលបានមកពីក្រុមអាហារទាំងបី។ ការរៀបចំអាហារ និងទុកដាក់ឱ្យមានអនាម័យល្អពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ការជំងឺ។ មនុស្សប្រុសត្រូវការកាឡូរីច្រើនជាងមនុស្សស្រី ប៉ុន្តែមនុស្សស្រីត្រូវការជាតិដែកច្រើនជាងមនុស្សប្រុស។

ចាំបាច់ត្រូវធ្វើលំហាត់ប្រាណ និងចលនារាងកាយឱ្យបានច្រើនជាង៣០នាទីក្នុងមួយថ្ងៃ ដើម្បីថែរក្សាសុខភាពឱ្យបានល្អ។ ទម្ងន់ដែលមានសុខភាពល្អធម្មតាអាចបង្ហាញតាមរយៈការដែលមនុស្សម្នាក់មិនស្គមពេក ឬមិនធាត់ពេក។ នៅពេលដែលមនុស្សមានទម្ងន់ដែលមានសុខភាពល្អធម្មតា ពួកគេប្រឈមគ្រោះថ្នាក់ទាបចំពោះការវិវត្តន៍នៃជំងឺ ឬមេរោគផ្សេងៗ។ ពួកគេនឹងមានភាពរស់រវើក អារម្មណ៍ល្អ និងមានថាមពលគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃ។

Did you find apk for android? You can find new Free Android Games and apps.