logo
logo

មេរៀនទី៣៖ អាហារូបត្ថម្ភ និងមេរោគអេដស៍(Facilitator KH)

Want create site? With Free visual composer you can do it easy.

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀន សិក្ខាកាមនឹងអាច៖

  1. យល់អំពីទំនាក់ទំនងរវាងមេរោគអេដស៍ និងអាហារូបត្ថម្ភ
  2. រៀបរាប់ពីវដ្តនៃមេរោគអេដស៍ បញ្ហាកង្វះអាហារូបត្ថម្ភ និងការឆ្លងរោគ
  3. ពិភាក្សាអំពីកត្តារារាំងក្នុងការទទួលបានអាហារូបត្ថម្ភល្អ
  4. ពិភាក្សាពីវិធី៧យ៉ាងដើម្បីបង្កើន ឬរក្សាទម្ងន់ប្រកបដោយសុខភាពល្អ (មនុស្សពេញវ័យ និងកុមារ) ឬដើម្បីរក្សាឱ្យមានការលូតលាស់ល្អ (កុមារ)
  5. យល់ដឹងអំពីព័ត៌មានមិនត្រឹមត្រូវអំពីមេរោគអេដស៍ និងអាហារ និងផ្តល់ព័ត៌មានត្រឹមត្រូវ

រយៈពេល៖ ២ ម៉ោងកន្លះ

សម្ភារៈជំនួយបង្រៀន

  • គោលបំណងមេរៀនដែលបានសរសេរលើក្រដាសផ្ទាំងធំ
  • បណ្ណ័ពណ៌ស្វាយបង្ហាញពីគ្រឿងផ្សំដែលជួយបង្កើនថាមពលមកពីកញ្ចប់សម្ភារៈ
  • រូបភាពចានសម្លមកពីកញ្ចប់សម្ភារៈ និងឯកសារសម្រាប់បណ្តុះបណ្តាល
  • រូបភាពបាយពីកញ្ចប់សម្ភារៈ
  • ក្រដាសផ្ទាំងធំ ក្រដាសតូច បង់ស្អិត និងហ្វឺត

វិធីសាស្ត្របង្រៀន

  • ដោយមានការចូលរួម
  • ការបំផុសគំនិត
  • បទបង្ហាញ
  • ល្បែង
  • ការពិភាក្សាក្រុមតូចៗ
  • ការពិភាក្សាដោយចំហក្នុងក្រុមធំ

សេចក្តីផ្តើម

ក្នុងមេរៀនទី២យើងបានសិក្សាពីព័ត៌មានជាមូលដ្ឋានខ្លះនៃអាហារូបត្ថម្ភ និងការរក្សាសុខភាព។ អាហារូបត្ថម្ភល្អមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ប៉ុន្តែវារឹតតែសំខាន់ទៅទៀតសម្រាប់ក្រុមគោលដៅដូចជា អ្នករស់នៅជាមួយមេរោគអេដស៍ កុមារដែលរស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា និងកុមារងាយរងគ្រោះដោយសារមេរោគអេដស៍។ អាហារូបត្ថម្ភ និងការឆ្លងជំងឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ មនុស្សដែលខ្វះអាហារូបត្ថម្ភអាចនឹងងាយធ្លាក់ខ្លួនឈឺហើយអ្នកដែលឈឺក៏ងាយនឹងអាចខ្វះអាហារូបត្ថម្ភផងដែរ។ អ្នករស់នៅជាមួយមេរោគអេដស៍ត្រូវការនូវការថែទាំពិសេស ដើម្បីចៀសពីអន្ទាក់ប្រកបដោយគ្រោះថ្នាក់នេះ។ អាហារូបត្ថម្ភល្អនឹងជួយអ្នករស់នៅជាមួយមេរោគអេដស៍ឱ្យចៀសផុតពីការធ្លាក់ខ្លួនឈឺបាន។ នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពី៖

  • ទំនាក់ទំនងរវាងមេរោគអេដស៍ អាហារូបត្ថម្ភ និងការឆ្លងរោគ
  • តម្រូវការថាមពលបន្ថែមចាំបាច់របស់អ្នករស់នៅជាមួយមេរោគអេដស៍
  • ឱសថប្រឆាំងនឹងមេរោគអេដស៍ និងអាហារូបត្ថម្ភ
  • អ្វីដែលត្រូវធ្វើដើម្បីរក្សាទម្ងន់ (មនុស្សពេញវ័យ) ឬរក្សាការលូតលាស់ល្អ (កុមារ) ឬដើម្បីបង្កើន និងរក្សាទម្ងន់ឱ្យនៅធម្មតា (មនុស្សពេញវ័យ និងកុមារ)
  • ការយល់មិនត្រឹមត្រូវអំពីអាហារូបត្ថម្ភ និងអ្វីដែលជាការត្រឹមត្រូវពិតប្រាកដ

តើមាននរណាមានសំណួរដែរ ឬទេ?

ការបង្ហាញពីគោលបំណងមេរៀន៖ អ្នកសម្របសម្រួលបង្ហាញគោលបំណងមេរៀន (សរសេរដាក់លើក្រដាសផ្ទាំងធំ) ហើយឱ្យសិក្ខាកាមអានឱ្យឮៗ ទៅកាន់សិក្ខាកាមទាំងអស់។ ពិភាក្សាអំពីគោលបំណងនីមួយៗជាមួយសិក្ខាកាម ដើម្បីឱ្យប្រាកដថាពួកគេយល់ច្បាស់។

បង្ហាញពីគោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀនសិក្ខាកាមទាំងអស់នឹងអាច៖

  1. យល់អំពីទំនាក់ទំនងរវាងមេរោគអេដស៍ និងអាហារូបត្ថម្ភ
  2. រៀបរាប់ពីវដ្តនៃមេរោគអេដស៍ បញ្ហាកង្វះអាហារូបត្ថម្ភ និងការឆ្លងរោគ
  3. ពិភាក្សាអំពីកត្តារារាំងក្នុងការទទួលបានអាហារូបត្ថម្ភល្អ
  4. ពិភាក្សាពីវិធី៧យ៉ាងដើម្បីបង្កើន ឬរក្សាទម្ងន់ប្រកបដោយសុខភាពល្អ (មនុស្សពេញវ័យ និងកុមារ) ឬដើម្បីរក្សាឱ្យមានការលូតលាស់ល្អ (កុមារ)
  5. យល់ដឹងអំពីព័ត៌មានមិនត្រឹមត្រូវអំពីមេរោគអេដស៍ និងអាហារ និងផ្តល់ព័ត៌មានត្រឹមត្រូវ

គោលបំណងទី១

សិក្ខាកាមនឹងយល់ពីទំនាក់ទំនងរវាងមេរោគអេដស៍ និងអាហារូបត្ថម្ភ។

វិធីសាស្ត្របង្រៀន៖ ការបំផុសគំនិត ការធ្វើបទបង្ហាញ និងការពិភាក្សា

ជំហានទី១៖ ការបំផុសគំនិត

រយៈពេល៖ ១០នាទី

ការណែនាំពីសកម្មភាព

អ្នកសម្របសម្រួលផ្តើមមេរៀនដោយសួរទៅសិក្ខាកាមនូវសំណួរដូចខាងក្រោម៖

  • តើអាហារូបត្ថម្ភ និងមេរោគអេដស៍មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?
  • តើមេរោគអេដសមា៍នឥទ្ធិពលយ៉ាងដូចម្តេចទៅលើបរិមាណអាហារដែលអ្នករស់នៅជាមួយមេរោគអេដស៍/អ្នកជំងឺអេដស៍
  • អាចបរិភោគ និងអ្វីដែលពួកគេបរិភោគ?
  • តើមេរោគអេដសមា៍នឥទ្ធិពលទៅលើការប្រើប្រាស់អាហាររបស់សារពាង្គកាយដែរឬទេ? តើវាមានឥទ្ធិពលដោយរបៀបណាដែរ?
  • បង្ហាញផ្ទាំងក្រដាសដែលបានរៀបចំទុកជាមួយនឹងដ្យាក្រាមអំពីអាហារូបត្ថម្ភល្អ និងមេរោគអេដស៍
  • ធ្វើការពិភាក្សា និងសង្ខេបខ្លឹមសារ
  • កំណត់សម្គាល់

    ព័ត៌មានសំខាន់ៗ

    ទំនាក់ទំនងរវាងអាហារូបត្ថម្ភ និងមេរោគអេដស៍មានភាពស្មុគស្មាញ។ មេរោគអេដស៍ធ្វើឱ្យចុះខ្សោយនូវប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺ និងការឆ្លងរោគ។ អ្នករស់នៅជាមួយមេរោគអេដស៍មានការប្រឈមខ្ពស់ នឹងបញ្ហាកង្វះអាហារូបត្ថម្ភ (អាហារូបត្ថម្ភខ្សោយ) តាមរយៈយន្តការ ផ្សេងៗដែលយន្តការខ្លះមិនពាក់ព័ន្ធនឹងការទទួលទានអាហារទេ។ កង្វះអាហារូបត្ថម្ភធ្វើឱ្យរាងកាយងាយរងគ្រោះ នឹងការឆ្លងរោគ និងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ការឆ្លងរោគ និងការមានជំងឺញឹកញាប់ធ្វើឱ្យរាងកាយកាន់តែខ្សោយទៅៗ និងជាឱកាសដែលធ្វើឱ្យមេរោគអាចពន្លឿនការរីករាលដាលនៅក្នុងសារពាង្គកាយ។

    ដើម្បីប្រឆាំងនឹងការឆ្លងរោគផ្សេងៗ ប្រព័ន្ធការពាររាងកាយត្រូវការថាមពលបន្ថែម និងសារជាតិចិញ្ចឹមកាន់តែច្រើន។ មេរោគអេដស៍ធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ការឆ្លងរោគផ្សេងៗក៏ចេះតែកើនមានឡើង ហើយការប្រឆាំងនឹងមេរោគទាំងនេះធ្វើឱ្យរាងកាយត្រូវការសារជាតិចិញ្ចឹម និងថាមពលកាន់តែច្រើន។

    មេរោគអេដស៍អាចជះឥទ្ធិពលដល់កម្រិតអាហារូបត្ថម្ភរបស់អ្នករស់នៅជាមួយមេរោគអេដស៍ តាមវិធី៣យ៉ាង៖

    • បង្កើនតម្រូវការថាមពល
    • កាត់បន្ថយការបរិភោគអាហារ និង
    • កាត់បន្ថយការស្រូបយកអាហារ។

ជំហានទី២៖ ការធ្វើបទបង្ហាញដោយមានការចូលរួម

កំណើនតម្រូវការថាមពល

ពន្យល់សិក្ខាកាមថា៖ យើងនឹងចាប់ផ្តើមពីតម្រូវការថាមពលបន្ថែម។ តើអ្នកទាំងអស់គ្នាមាននៅចងចាំអ្វីដែលយើងបានពិភាក្សាគ្នាអំពី“ថាមពល”នៅក្នុងមេរៀនទី២ដែរទេ? ដោយសារមនុស្សមានតម្រូវការខុសៗគ្នា ដូច្នេះការបរិភោគអាហារមានបរិមាណមិនដូចគ្នាទេ ដោយអាស្រ័យទៅតាម អាយុ ភេទ សកម្មភាព ឬការមានផ្ទៃពោះ ការបំបៅដោះកូន ឬក៏ពេលឈឺជាដើម។ ឥឡូវយើងនឹងផ្តោតលើតម្រូវការថាមពលរបស់អ្នករស់នៅជាមួយមេរោគអេដស៍។

ពន្យល់ និងបង្ហាញលើក្រដាសផ្ទាំងធំ

  • មនុស្សពេញវ័យដែលរស់នៅជាមួយមេរោគអេដស៍ (ប៉ុន្តែមិនទាន់ធ្លាក់ខ្លួនឈឺ) ត្រូវការថាមពលបន្ថែម ១០% ដែលស្មើនឹង ២៧៥០ កាឡូរី ក្នុងមួយថ្ងៃ។
  • ស្ត្រីពេញវ័យដែលរស់នៅជាមួយមេរោគអេដស៍ (ប៉ុន្តែមិនទាន់ធ្លាក់ខ្លួនឈឺ) ត្រូវការថាមពលបន្ថែម ១០% ដែលស្មើនឹង ២២០០ កាឡូរី ក្នុងមួយថ្ងៃ។
  • កុមាររស់នៅជាមួយមេរោគអេដស៍ (តែមិនទាន់ធ្លាក់ខ្លួនឈឺ) ត្រូវការថាមពលបន្ថែម ១០%ដែលស្មើនឹង ចន្លោះពី ៥២០ ទៅ ២៧៥៥ កាឡូរីក្នុងមួយថ្ងៃដោយយោងទៅតាមអាយុរបស់ពួកគេ។

សំណួរ៖ ហេតុអ្វីបានជាអ្នកគិតថា អ្នករស់នៅជាមួយមេរោគអេដស៍ត្រូវការប្រើប្រាស់ថាមពលបន្ថែម?

បន្ទាប់មកពន្យល់៖ នៅពេលដែលមនុស្សម្នាក់បានឆ្លងមេរោគអេដស៍រាងកាយត្រូវការប្រើប្រាស់ថាមពល និងសារជាតិចិញ្ចឹមកាន់តែច្រើនដើម្បីការពាររាងកាយប្រឆាំងមេរោគ និងរក្សារាងកាយឱ្យមានសុខភាពល្អ។ ដូច្នេះនៅពេលដែលអ្នករស់នៅជាមួយមេរោគអេដស៍ឈឺ ពួកគេពិតជាត្រូវការថាមពលបន្ថែម។

អ្នករស់នៅជាមួយមេរោគអេដស៍មានតម្រូវការថាមពលច្រើនជាងធម្មតា ដូច្នេះត្រូវលើកទឹកចិត្តពួកគេឱ្យ៖

  • បង្កើនការបរិភោគអាហារ និងអាហារសម្រន់ឱ្យបានច្រើនដង៖ ថាមពលបន្ថែមអាចទទួលបានពីការបន្ថែមចំនួនដងនៃការបរិភោគអាហារប្រចាំថ្ងៃ ឬបរិភោគឱ្យបានកាន់តែញឹកញាប់ ក្នុងរយៈពេលពី ៣–៤ម៉ោងម្តង។
  • បង្កើនបរិមាណ និងប្រភេទអាហារដែលត្រូវបរិភោគ៖ ថាមពលក៏អាចទទួលបានពីការបន្ថែមបរិមាណអាហារដែរ ដូចជាបន្ថែម ១ ឬ២ភាគ (ប្រហែល១ ឬ ២ក្តាប់ដៃពេញ) ទៅលើបរិមាណអាហារដែលធ្លាប់ទទួលទានធម្មតា។
  • បរិភោគអាហារចម្រុះដែលសំបូរទៅដោយសារជាតិចិញ្ចឹម និងបានមកពីក្នុងក្រុមអាហារទាំងបី។

វាមានសារៈណាស់ក្នុងការពន្យល់សិក្ខាកាមថា៖ ការបន្ថែមថាមពលមិនគួរធ្វើឡើងដោយបន្ថែមអាហារដែលមកពីក្នុងក្រុមតែមួយនោះទេ ពោលគឺត្រូវបន្ថែមស្មើគ្នាទៅតាមភាគរយនៃក្រុមអាហារទាំងបី។

ពន្យល់ និងបង្ហាញនូវអ្វីដែល អ្នកសរសេរលើក្រដាសផ្ទាំងធំ៖

  • មនុស្សប្រុសពេញវ័យដែលរស់នៅជាមួយមេរោគអេដស៍ (ដែលឈឺ) ក្នុងមួយថ្ងៃត្រូវការថាមពលបន្ថែមពី ២០–៣០% ដែលស្មើនឹង ៣១២៥ កាឡូរីក្នុងមួយថ្ងៃ។
  • មនុស្សស្រីពេញវ័យដែលរស់នៅជាមួយមេរោគអេដស៍ (ដែលឈឺ) ត្រូវការថាមពលបន្ថែមពី ២០–៣០% ដែលស្មើនឹង ២៥០០កាឡូរីក្នុងមួយថ្ងៃ។
  • កុមារដែលរស់នៅជាមួយមេរោគអេដស៍ (ឈឺ តែមិនស្រកទម្ងន់) ក្នុងមួយថ្ងៃត្រូវការថាមពលបន្ថែមពី ២០–៣០% ។
  • កុមារដែលរស់នៅជាមួយមេរោគអេដស៍ (ឈឺ និងស្រកទម្ងន់) ក្នុងមួយថ្ងៃត្រូវការថាមពលបន្ថែមពី ៥០–១០០% ។

តើមាននរណាមានសំណួរដែរឬទេ?

ជំហានទី៣៖ ការធ្វើបទបង្ហាញ និងការពិភាក្សា

ពន្យល់ថា៖ យើងអាចនឹងមានការពិបាកយល់អំពីចំនួនកាឡូរីដោយខ្លួនឯងណាស់ ដូច្នេះយើងនឹងមើលអំពីចំនួនកាឡូរីដោយធៀបទៅនឹងបរិមាណអាហារដែលអតិថិជនត្រូវការបរិភោគវិញ។

  • កំណត់សម្គាល់

    ចំណុចដែលត្រូវពិភាក្សាជាមួយសិក្ខាកាមមាន៣ផ្នែក/ក្រុម។ សូមជ្រើសរើសយកផ្នែកណាដែលសមរម្យទៅតាមក្រុមគោលដៅនៅកន្លែងដែលសិក្ខាកាមធ្វើការ។

ក. ពិភាក្សាអំពីចំនួនកាឡូរីធៀបនឹងបរិមាណអាហារជាក់ស្តែង សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ដែលជាមនុស្សពេញវ័យ

សុំឱ្យសិក្ខាកាមប្រមូលផ្តុំគ្នាជុំវិញតុនៅមុខបន្ទប់ ដើម្បីឱ្យគ្រប់គ្នានឹងបានមើលឃើញច្បាស់។ ដាក់រូបភាពបាយចំណុះ២០០ក្រាម (ពីកញ្ចប់សម្ភារៈអាហារល្អ) និងរូបសម្លត្រីមួយចានគោមតូច(ឧបសម្ព័ន្ធទី៥) នៅលើតុ។

បញ្ជាក់ថាអាហារ និងបរិមាណអាហារនៅក្នុងរូបភាពនេះគឺគ្រាន់តែជាឧទាហរណ៍ដើម្បីឱ្យសិក្ខាកាម អាចយល់ជាទូទៅអំពីបរិមាណអាហារដែលមនុស្សពេញវ័យជាមធ្យម (ឧ. អ្នកដែលមិនផ្ទុកមេរោគអេដស៍) និងអ្នកដែលរស់នៅជាមួយមេរោគអេដស៍ ត្រូវបរិភោគ។

សំណួរ៖ តើមានអាហារមកពីក្នុងក្រុមទាំងបីឬទេ? តើអាហារមួយណាស្ថិតក្នុងក្រុមអាហាមួយណា?

បន្ទាប់មកពន្យល់៖ មនុស្សដែលមានទម្ងន់ល្អធម្មតាគួរតែបរិភោគអាហារឱ្យបានដូចបរិមាណអាហារនៅក្នុងរូបភាព បីដងក្នុងមួយថ្ងៃ (និងអាហារសម្រន់២ដងផង)។ ចំនួននេះនឹងបំពេញតម្រូវការកាឡូរីប្រហែលជា ២០០០កាឡូរីក្នុងមួយថ្ងៃ។

បង្កើតការពិភាក្សាដោយផ្អែកលើសំណួរ ដូចខាងក្រោម៖

  1. តើអ្នក និងសមាជិកពេញវ័យនៅក្នុងគ្រួសាររបស់អ្នក បរិភោគអាហារបានយ៉ាងតិចស្មើនឹងបរិមាណខាងលើដែរ ឬទេ? ហេតុអ្វីបាន ឬហេតុអ្វីមិនបាន?
  2. ប្រសិនបើមិនបាន ចូរដាក់រូបភាពបាយផ្សេងទៀតដែលមាននៅក្នុងកញ្ចប់សម្ភារៈនៅលើតុ។ បន្តសួរថា តើរូបភាពណាបង្ហាញពីបរិមាណអាហារដែលពួកគេកំពុងបរិភោគ?

បន្តការពិភាក្សាដោយយករូបភាពមុនៗចេញ រួចដាក់រូបបាយមួយចានដែលមានចំណុះ ២៥០ក្រាមពីកញ្ចប់សម្ភារៈអាហារល្អ និងរូបសម្លចានមធ្យម (ឧបសម្ព័ន្ធទី៦) នៅលើតុ។

ក្នុងការពិភាក្សាមុនៗ យើងបានពិភាក្សាអំពីអ្នករស់នៅជាមួយមេរោគអេដស៍ដែលមានតម្រូវការថាមពលបន្ថែម១០%ច្រើនជាងធម្មតា ដែលនេះគឺដោយសារតែឥទ្ធិពលរបស់មេរោគ។

រូបភាពអាហារទាំងនេះបង្ហាញពីបរិមាណអាហារបន្ថែមដែលអ្នករស់នៅជាមួយមេរោគអេដស៍ត្រូវបរិភោគរាល់ពេលទទួលទានអាហារម្តងៗ (និងអាហារសម្រន់២ដងផង)។ ដាក់រូបភាពមុនជាប់នឹងរូបភាពទាំងពីរនេះដើម្បីបង្ហាញឱ្យសិក្ខាកាមឃើញពីភាពខុសគ្នា។

  1. ពិភាក្សាសំណួរខាងក្រោម៖

    1. រាល់ពេលបរិភោគអាហារម្តងៗ តើអតិថិជនរបស់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ បរិភោគអាហារយ៉ាងតិចស្មើនឹងបរិមាណដូចនៅក្នុងរូបភាពនេះដែរឬទេ? ហេតុអ្វីបានស្មើ? ហេតុអ្វីមិនស្មើ?
    2. ក. ប្រសិនបើមិនបាន ចូរដាក់រូបភាពបាយផ្សេងទៀត (ដែលមាននៅក្នុងកញ្ចប់សម្ភារៈ) និងរូបភាពសម្លមួយចានតូច (ពីសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួល) នៅលើតុ។ បន្តសួរថា តើរូបភាពណាបង្ហាញពីបរិមាណអាហារដែលពួកគេកំពុងបរិភោគ?

      ខ. បំផុសគំនិតជាមួយសិក្ខាកាម តើត្រូវធ្វើយ៉ាងណាដើម្បីបង្កើនតម្រូវការថាមពលបន្ថែម១០%ជាប្រចាំថ្ងៃ។ សុំឱ្យសិក្ខាកាមមើលតារាងដែលបង្ហាញពីបរិមាណអាហារបន្ថែមដែលត្រូវការក្នុងមួយថ្ងៃសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍។ ថាមពលបន្ថែមក៏អាចទទួលបានពីអាហារសម្រន់ដែរ។

    3. ១០%មិនមែនជាបរិមាណដ៏ច្រើននោះទេ។ តើអ្នកគិតថាយើងអាចជំរុញឱ្យអតិថិជនទទួលទានអាហារបន្ថែមបាន១០%ដែរទេ?

ឧទាហរណ៍នៃអាហារដែលផ្តល់ថាមពលបន្ថែម១០% (ប្រហែល ២៥០កាឡូរី) ក្នុងមួយថ្ងៃ សម្រាប់អ្នកដែលរស់នៅជាមួយមេរោគអេដស៍៖

អាហារ

បរិមាណ

ចេក

២ ផ្លែ (ប្រហែល ១៧០ក្រាម)

បបរសណ្តែក

១ ចានចង្កឹះ

ទឹកសណ្តែក

២ កែវ

សង់ខ្យាល្ពៅ

១ ចានចង្កឹះ

ស្វាយ

១ ផ្លែកន្លះ (ប្រហែល ៣០០ក្រាម)

១កែវ = ចំណុះប្រហែល២៥០មីលីលីត្រ

បន្តការពិភាក្សាដោយយករូបភាពមុនៗចេញ រួចដាក់រូបភាពចានបាយ ៣០០ក្រាម (មកពីកញ្ចប់សម្ភារៈ) និងរូបភាពសម្លចានធំ និងចេកមួយ (ពីសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួល ឧបសម្ព័ន្ធទី៧) នៅលើតុ។

នៅពេលដែលអតិថិជនដែលរស់នៅជាមួយមេរោគអេដស៍របស់អ្នកមានរោគសញ្ញាជំងឺ នោះពួកគេនឹងត្រូវការកាឡូរីបន្ថែមពី២០–៣០% ដើម្បីបង្កើនថាមពលរាងកាយក្នុងការប្រឆាំងនឹងជំងឺ។

រូបចានទាំងនេះបង្ហាញពីបរិមាណអាហារបន្ថែមដែលអ្នករស់នៅជាមួយមេរោគអេដស៍ដែលធ្លាក់ខ្លួនឈឺ ត្រូវការក្នុងអាហារមួយពេល។ ដាក់រូបភាពអាហារទាំងពីរឈត់លើកមុនក្បែររូបភាពទាំងនេះ ដើម្បីឱ្យសិក្ខាកាមអាចមើលឃើញពីភាពខុសគ្នា។

ពិភាក្សាសំណួរខាងក្រោម៖

  1. រាល់ពេលបរិភោគអាហារម្តងៗ តើអតិថិជនរបស់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ បរិភោគអាហារយ៉ាងតិចស្មើនឹងបរិមាណដូចនៅក្នុងរូបភាពនេះដែរឬទេ? ហេតុអ្វីបានស្មើ? ហេតុអ្វីមិនស្មើ?
  2. ក. ប្រសិនបើមិនបាន ចូរដាក់រូបភាពបាយផ្សេងទៀត (ដែលមាននៅក្នុងកញ្ចប់សម្ភារៈ) និងរូបភាពសម្លមួយចានតូច (ពីសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួល) នៅលើតុ។ បន្តសួរថា តើរូបភាពណាបង្ហាញពីបរិមាណអាហារដែលពួកគេកំពុងបរិភោគ?
    ខ. បំផុសគំនិតជាមួយសិក្ខាកាម តើត្រូវធ្វើយ៉ាងណាដើម្បីបង្កើនតម្រូវការថាមពលបន្ថែមសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ដែលឈឺ។ សុំឱ្យសិក្ខាកាមមើលតារាងដែលបង្ហាញពីបរិមាណអាហារបន្ថែមដែលត្រូវការក្នុងមួយថ្ងៃសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ដែលឈឺ។ ថាមពលបន្ថែមអាចទទួលបានពីអាហារសម្រន់ ឬ អាហារពេលបន្ថែម។

ឧទាហរណ៍នៃអាហារដែលផ្តល់បន្ថែម ២០%-៣០% (ប្រហែល ៥០០កាឡូរី) ក្នុងមួយថ្ងៃសម្រាប់អតិថិជនដែលរស់នៅជាមួយមេរោគអេដស៍ដែលឈឺ៖

អាហារ និងបរិមាណ

  1. បបរសណ្តែកបាយ (ប្រហែល ២៥០ក្រាម/ ១ចានចង្កឹះ)
  2. ចេកចៀន(ទំហំ ២តូចៗ)
  3. ស៊ុតស្ងោរ(ធំ២)
  4. ទឹកសណ្តែក (២កែវ)

រួមផ្សំជាមួយអាហារណាមួយខាងក្រោម៖

  • ចេក (ធំល្មម ២) ឬ
  • ស្វាយ (១ផ្លែកន្លះ ទំហំមធ្យម) ឬ
  • ខ្នុរ (១ចានចង្កឹះ ប្រហែល២៥០ក្រាម)
  1. គ្រាប់ល្ពៅលីង (ប្រហែល ១០០ក្រាម)
  2. គ្រាប់ស្វាយចន្ទី ឬសណ្ដែកដី ស្ងួត (ប្រហែល ១០០ក្រាម)
  3. បាយ ១ចានចង្កឹះកន្លះ (២០០ ក្រាម) + សម្លត្រី និងបន្លែចានមធ្យម

ខ. ពិភាក្សាអំពីចំនួនកាឡូរីធៀបនឹងបរិមាណអាហារជាក់ស្តែង សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដែលរស់នៅជាមួយមេរោគអេដស៍

ពន្យល់ដល់សិក្ខាកាមថា៖ នៅពេលអ្នករស់នៅជាមួយមេរោគអេដស៍មានផ្ទៃពោះ ឬបំបៅដោះកូន ពួកគាត់ត្រូវការថាមពលបន្ថែម៣៥% សម្រាប់ការលូតលាស់របស់ទារក និងការផលិតទឹកដោះ ព្រមទាំងការប្រឆាំងនឹងមេរោគ។ តម្រូវការថាមពលនឹងរឹតែតកើនឡើងថែមមួយកម្រិតទៀតប្រសិនបើពួកគាត់ធ្លាក់ខ្លួនឈឺ។

ដាក់រូបភាពចានបាយទំហំ២៥០ក្រាម និងចានសម្លត្រីចានមធ្យមនៅលើតុ។
ពន្យល់ថា៖ រូបភាពនៅខាងឆ្វេងដៃទាំងនេះតំណាងឱ្យអាហារដែលស្ត្រីគ្មានផ្ទៃពោះ និងស្ត្រីគ្មានផ្ទុកមេរោគអេដស៍ត្រូវបរិភោគបីដងក្នុងមួយថ្ងៃ។ នៅពេលពួកគេមានផ្ទៃពោះជាពិសេសនៅត្រីមាសទីពីរ និងទីបី ឬពេលបំបៅដោះកូន ពួកគាត់គួរបរិភោគក្នុងបរិមាណដូចគ្នានេះក្នុងមួយពេល ប៉ុន្តែត្រូវបរិភោគយ៉ាងតិចបួនពេលក្នុងមួយថ្ងៃ។ ស្ត្រីមានផ្ទៃពោះមួយចំនួនអាចមានការលំបាកក្នុងការបរិភោគអាហារបួនពេល ក្នុងត្រីមាសទីបី ពីព្រោះពួកគេមានរោគសញ្ញាមួយចំនួនដូចជា ការឆ្អល់ចុងដង្ហើម ឬក្អួត។ យ៉ាងហោចណាស់ត្រូវបរិភោគអាហារសម្រន់ដែលមានសារជាតិចិញ្ចឹមពីរដងបន្ថែមលើអាហារបីពេល តាមអនុសាសន៍។ តម្រូវការក្រុមអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនមានភាពខុសគ្នា ហើយយើងនឹងពិភាក្សាអំពីបរិមាណដែលត្រូវការនៅពេលបន្តិចទៀតនេះ។

ពិភាក្សាសំណួរខាងក្រោម៖

  1. រាល់ពេលបរិភោគអាហារម្តងៗ តើអតិថិជនជាស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនដែលរស់នៅជាមួយមេរោគអេដស៍ បរិភោគអាហារយ៉ាងតិចស្មើនឹងបរិមាណដូចនៅក្នុងរូបភាពនេះដែរឬទេ? ហេតុអ្វីបានស្មើ? ហេតុអ្វីមិនស្មើ?
  2. តើយើងត្រូវធ្វើដូចម្តេចដើម្បីបំពេញតម្រូវការថាមពលបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ដែលរស់នៅជាមួយមេរោគអេដស៍? សុំឱ្យសិក្ខាកាមមើលតារាងដែលបង្ហាញពីបរិមាណអាហារបន្ថែមដែលត្រូវការក្នុងមួយថ្ងៃ? ថាមពលបន្ថែមអាចទទួលបានពីអាហារសម្រន់ ឬអាហារពេលបន្ថែម។

ឧទាហរណ៍នៃអាហារដែលផ្តល់ឱ្យបន្ថែម ៣៥% (ប្រហែល ៧០០កាឡូរី)ក្នុងមួយថ្ងៃសម្រាប់អតិថិជនជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះដែលរស់នៅជាមួយមេរោគអេដស៍៖

អាហារ

  1. ចេក (ធំល្មម២ផ្លែ)
  2. ស្វាយ (ធំល្មម២ផ្លែ)
  3. ខ្នុរ (២ ចានចង្កឹះ ប្រហែល ៣០០ក្រាម)
  4. ម្នាស់ (២ ចានចង្កឹះប្រហែល ៣០០ក្រាម)

រួមផ្សំជាមួយអាហារណាមួយខាងក្រោម៖

  • បបរសណ្តែកបាយ (ប្រហែល២៥០ក្រាម/១ចានចង្កឹះ)
  • ចេកចៀនម្សៅ (ទំហំតូច២ផ្លែ)
  • ស៊ុតស្ងោរ (៣ធំៗ)
  • ទឹកសណ្តែក (២កែវ)
  • នំឆៃយ៉ (ទំហំ ២ចំណែក)
  1. គ្រាប់ល្ពៅលីង (ប្រហែល ១៥០ក្រាម)
  2. គ្រាប់ស្វាយចន្ទី ឬសណ្តែកដី ស្ងួត (ប្រហែល ១៥០ក្រាម)
  3. បាយ២ចានចង្កឹះ (២៥០ក្រាម) + សាច់ត្រីឆ្អិន១៦ស្លាបព្រាបាយ + បន្លែបៃតងឆ្អិន១ចានចង្កឹះ ដោយបន្ថែមប្រេងឆា១ស្លាបព្រាកន្លះនៅពេលចម្អិន ដើម្បីបង្កើនបរិមាណថាមពល

អនុសាសន៍អំពីភាពញឹកញាប់ក្នុងការបរិភោគអាហារ សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនដែលរស់នៅជាមួយមេរោគអេដស៍៖

ភាពញឹកញាប់នៃអាហារពេល និងអាហារសម្រន់

ស្ត្រីមានផ្ទៃពោះ

អាហារពេល៣ពេល និងអាហាសម្រន់១ដង

ស្ត្រីមានផ្ទៃពោះរស់នៅជាមួយមេរោគអេដស៍

ត្រីមាសទី១

អាហារពេល៣ពេល និងអាហារសម្រន់២ដង

ត្រីមាសទី២-៣

អាហារពេល៣ពេល និងអាហារ សម្រន់២ដង ឬយ៉ាងតិច អាហារពេល ៤ពេល

ស្ត្រីមានផ្ទៃពោះ រស់នៅជាមួយមេរោគអេដស៍ និងមានជំងឺ

យ៉ាងតិច អាហារពេល ៤ពេល និង
អាហារសម្រន់ ២ដង

ស្ត្រីបំបៅដោះកូន រស់នៅជាមួយមេរោគអេដស៍

អាហារពេល៣ពេល និងអាហារសម្រន់២ដង
ឬយ៉ាងតិច អាហារពេល៤ពេល

ស្ត្រីបំបៅដោះកូន រស់នៅជាមួយមេរោគអេដស៍ និងមានជំងឺ

យ៉ាងតិចអាហារពេល ៤ពេល និង
អាហារសម្រន់ ២ដង

គ. ពិភាក្សាអំពីចំនួនកាឡូរីធៀបនឹងបរិមាណអាហារជាក់ស្តែង សម្រាប់កុមារដែលរស់នៅជាមួយមេរោគអេដស៍

ឥឡូវនេះ យើងនឹងពិភាក្សាថា តើកុមារដែលរស់នៅជាមួយមេរោគអេដស៍គួរបរិភោគអាហារច្រើនប៉ុណ្ណាជារៀងរាល់ថ្ងៃ?

បង្ហាញរូបភាពអំពីការផ្តល់អាហារដល់កុមារអាយុពី៦–២៤ខែ ដែលគ្មានផ្ទុកមេរោគអេដស៍ ដែលមាននៅផ្នែកខាងឆ្វេងបំផុតនៃតារាងក្នុងទំព័រទី១១ នៃសៀវភៅសន្លឹកផ្ទាត់ស្តីពី “ការលើកកម្ពស់ និងគាំទ្រការចិញ្ចឹមថែទាំទារក និងកុមារតូចៗនៅក្នុងសហគមន៍ស្រឡាញ់ទារក”។

បង្កើតការពិភាក្សាដោយផ្អែកលើសំណួរខាងក្រោម៖

  1. តើអ្នកឃើញអ្វីនៅក្នុងសន្លឹកផ្ទាត់នេះ?
    តើអ្នកបានឱ្យកូនរបស់អ្នកបរិភោគ“បបរខាប់គ្រប់គ្រឿងទេ”?
  2. តើអ្នកចិញ្ចឹមកូនតាមការណែនាំនេះទេ? ហេតុអ្វី? ហេតុអ្វីអត់?

បន្ទាប់មក ដាក់សន្លឹកផ្ទាត់មួយទៀត ដែលណែនាំអំពីការអនុវត្តន៍ការផ្តល់អាហារបន្ថែមដល់កុមារដែលរស់នៅជាមួយមេរោគអេដស៍ នៅជាប់នឹងសៀវភៅសន្លឹកផ្ទាត់ពីមុន ដើម្បីឱ្យសិក្ខាកាមអាចមើលឃើញពីភាពខុសគ្នា។

បង្កើតការពិភាក្សាមួយផ្អែកលើសំណួរខាងក្រោម៖

  1. ឥឡូវនេះតើអ្នកមើលឃើញអ្វីនៅក្នុងសន្លឹកផ្ទាត់នេះ? តើសន្លឹកផ្ទាត់ទាំងពីរខុសគ្នាដូចម្តេច?
  2. នៅពេលអ្នកទៅសួរសុខទុក្ខក្រុមគ្រួសារដែលមានកូនរស់នៅជាមួយមេរោគអេដស៍ មានអាយុ៦–២៤ខែ តើអាណាព្យាបាលផ្តល់អាហារឱ្យពួកគេប៉ុន្មានដង?

ពន្យល់៖ ដូចមនុស្សពេញវ័យដែរ កុមារដែលរស់នៅជាមួយមេរោគអេដស៍ (តែមិនឈឺ) ត្រូវការថាមពលបន្ថែម ២០%ដើម្បីទឹប់ទល់នឹងជំងឺផ្សេងៗ។ ពួកគេគួរទទួលបានអាហារបន្ថែម យ៉ាងតិចមួយពេលក្នុងមួយថ្ងៃ។ វាមានសារៈសំខាន់ណាស់សម្រាប់កុមារក្នុងការបំពេញតម្រូវការថាមពលបន្ថែមដើម្បីកុំឱ្យស្រកទម្ងន់ និងជំរុញឱ្យមានការលូតលាស់ល្អ។ ប្រសិនបើកុមារឈឺ តម្រូវការថាមពលរបស់ពួកគេនឹងកើនពី ២០–៣០%។ ប្រសិនបើកុមាររស់នៅជាមួយមេរោគអេដស៍ធ្លាក់ខ្លួនឈឺ និងស្រកទម្ងន់ នោះតម្រូវការថាមពលរបស់ពួកគេនឹងកើនឡើងខ្លាំងពី ៥០%– ២០០% ដើម្បីជាសះស្បើយពីជំងឺ និងបង្កើនទម្ងន់មកវិញ នេះមានន័យថាពួកគេត្រូវការបរិមាណអាហារទ្វេដង ធៀបទៅនឹងកុមារដែលពុំមានផ្ទុកមេរោគអេដស៍ និងមានសុខភាពល្អ។

សុំឱ្យសិក្ខាកាមមើលតារាងដែលបង្ហាញអំពីការណែនាំអំពីអាហារប្រចាំថ្ងៃសម្រាប់ទារក និងកុមារដែលរស់នៅជាមួយមេរោគអេដស៍ (អាយុ ៦–២៤ខែ)។

  • កំណត់សម្គាល់

    អាហារពេល សំដៅដល់អាហារចំបងដែលយើងបរិភោគជាប្រចាំ ដូចជា អាហារពេលព្រឹក ឬអាហារពេលថ្ងៃត្រង់។ វាមានបរិមាណច្រើន និងអាចមានច្រើនមុខ ហើយឆ្អែតជាងអាហារសម្រន់។

    អាហារសម្រន់ សំដៅដល់ចំណីបន្ទាប់បន្សំដែលគេបរិភោគនៅចន្លោះអាហារពេល ឧទាហរណ៍ ផ្លែឈើ ពោតចំហុយ ស៊ុតស្ងោរ បង្អែមបបរសណ្តែក៘ អាហារសម្រន់ជាចំណីបន្ថែម និងមិនមែនសម្រាប់ជំនួសឱ្យអាហារចំបងខាងលើទេ។ អាហារសម្រន់ល្អផ្តល់នូវថាមពល និងសារជាតិចិញ្ចឹមបន្ថែម។

    ភេសជ្ជៈដែលមានសារជាតិចិញ្ចឹម គឺជាសារធាតុរាវដែលផ្តល់អាហារូបត្ថម្ភ និងថាមពលបន្ថែម មានដូចជា ទឹកសណ្តែក ទឹកដោះគោ ទឹកផ្លែឈើស្រស់ (ប៉ុន្តែមិនរួមបញ្ចូលទឹកតែ ភេសជ្ជៈកំប៉ុង សុរា ឬកាហ្វេទេ)។ ក្រៅពីនេះ គួរបរិភោគទឹកឆ្អិនអោយបានច្រើន។

ការណែនាំអំពីអាហារប្រចាំថ្ងៃសម្រាប់ទារក និងកុមារទូទៅ និងកុមារដែលរស់នៅជាមួយមេរោគអេដស៍ អាយុ ៦–២៤ខែ

អាយុ

កុមារគ្មានផ្ទុកមេរោគអេដស៍

កុមារមានសុខភាពល្អដែលរស់នៅជាមួយមេរោគអេដស៍
(ត្រូវការថាមពលបន្ថែម១០%)

កុមាររស់នៅជាមួយមេរោគអេដស៍ ដែលធ្លាក់ខ្លួនឈឺ
(ត្រូវការថាមពលបន្ថែម២០-៣០%)

កុមាររស់នៅជាមួយមេរោគអេដស៍ ធ្លាក់ខ្លួនឈឺ+ស្រកទម្ងន់
(ត្រូវការថាមពលបន្ថែម៥០-១០០%)

អាហារ

ភេសជ្ជៈ (ដង/ថ្ងៃ)

៦ខែ
ចាប់ផ្តើមផ្តល់អាហារបន្ថែម

២ពេលក្នុងមួយថ្ងៃ

១ពេល ២-៣ស្លាបព្រា

អាហារខាប់ដែលសម្បូរជីវជាតិ២ពេលក្នុងមួយថ្ងៃ

១ពេល ២-៣ស្លាបព្រា

អាហារខាប់ដែលសម្បូរជីវជាតិ២ពេលក្នុងមួយថ្ងៃ

១ពេល ២-៣ស្លាបព្រា

អាហារខាប់ដែលសម្បូរជីវជាតិ២ពេលក្នុងមួយថ្ងៃ

១ពេល ៣-៤ស្លាបព្រា

បបរគ្រឿងខាប់ /អាហារកិនម៉ត់ល្អ ឧ. ចេក ដំឡូង ល្ពៅ ៘ ស្ងោរឆ្អិន និងកិនលាយគ្នា។

បន្តបំបៅដោះម្តាយ ឬទឹកដោះប្រភេទណាមួយឱ្យបានញឹកញាប់ យ៉ាងតិច៨ដងក្នុងមួយថ្ងៃ

៧-៨ ខែ

អាហារពេល៣ពេល១ពេលកន្លះចានចង្កឹះ

អាហារពេល៣-៤ពេល
១ពេលកន្លះចានចង្កឹះ

អាហារពេល៥-៦ពេល
១ពេលកន្លះចានចង្កឹះ

អាហារពេល៥-៦ពេល
១ពេលកន្លះចានចង្កឹះ

បបរគ្រឿងខាប់ /អាហារកិនម៉ត់ល្អ

បន្តបំបៅដោះម្តាយ យ៉ាងតិច ៨ដង/ថ្ងៃ ឬផ្តល់ទឹកដោះប្រភេទណាមួយ ១-២កែវ

បរិភោគទឹកស្អាតឱ្យគ្រប់គ្រាន់

៩-១១ ខែ

អាហារពេល៣ពេល ១ពេលជិតពេញ១ចានចង្កឹះ

+បន្ថែមអាហារសម្រន់១ដងចន្លោះអាហារ

អាហារពេល ៤ពេល ១ពេលជិតពេញ១ចានចង្កឹះ

+បន្ថែមអាហារសម្រន់១-២ដងចន្លោះអាហារ

អាហារពេល៤-៥ពេល ១ពេលជិតពេញ១ចានចង្កឹះ

+បន្ថែមអាហារសម្រន់១-២ដងចន្លោះអាហារ

អាហារពេល៥-៦ពេល ១ពេលជិតពេញ១ចានចង្កឹះ

+បន្ថែមអាហារសម្រន់
២-៣ដងចន្លោះអាហារ

បបរគ្រឿងខាប់ /អាហារកិនម៉ត់ល្អ និងអាហារដែលក្មេងអាចបរិភោគបាន

បន្តបំបៅដោះម្តាយទៅតាមតម្រូវការយ៉ាងតិច៦ដង/១ថ្ងៃ ឬផ្តល់ទឹកដោះប្រភេទណាមួយ១-២កែវ

បរិភោគទឹកស្អាតឱ្យគ្រប់គ្រាន់

១២-២៤ ខែ

អាហារពេល ៣ពេល
១ពេល១ចានចង្កឹះ

+បន្ថែមអាហារសម្រន់ ២ដងចន្លោះអាហារ

អាហារពេល ៤ពេល
១ពេល១ចានចង្កឹះ

+បន្ថែមអាហារសម្រន់ ២ដងចន្លោះអាហារ

អាហារពេល ៥-៦ពេល
១ពេល១ចានចង្កឹះ

+បន្ថែមអាហារសម្រន់ ២ដងចន្លោះអាហារ

អាហារពេល ៦-៨ពេល
១ពេល១ចានចង្កឹះ

+បន្ថែមអាហារសម្រន់ ២ដងចន្លោះអាហារ

អាហារធម្មតាប្រចាំគ្រួសារ បើចាំបាច់ កាត់តូចៗ ឬកិនម៉ត់/បបរគ្រឿងខាប់

បន្តបំបៅដោះម្តាយទៅតាមតម្រូវការយ៉ាងតិច៣ដង/១ថ្ងៃ ឬផ្តល់ទឹកដោះប្រភេទណាមួយ១-២កែវ

បរិភោគទឹកស្អាតឱ្យគ្រប់គ្រាន់

ឥឡូវនេះយើងនឹងសិក្សាបន្ថែមអំពីការបរិភោគត្រឹមត្រូវសម្រាប់កុមារអាយុលើស២ឆ្នាំ។ អាហារូបត្ថម្ភល្អអំឡុងពេលនៅជាកុមារមត្តេយ្យ (២-៥ឆ្នាំ) គឺមានសារៈសំខាន់ចំពោះអនាគតរបស់កុមារ។ នេះជាពេលដែលកុមារត្រូវការអាហារគ្រប់គ្រាន់ដើម្បីលូតលាស់ និងស្ថាបនារាងកាយរបស់គេ ដើម្បីមានថាមពលខ្លាំងក្នុងការរត់លេង និងទប់ទល់ជំងឺផ្សេងៗ។ កុមារនៅក្រុមអាយុនេះតែងតែព្យាយាមធ្វើកិច្ចការច្រើនសម្រាប់ខ្លួនឯង និងតាមចិត្តរបស់ខ្លួន។ ពួកគេអាចមានភាពសាំញុាំពិបាកផ្គាប់ចិត្ត និងរើសអាហារ(បរិភោគតែអាហារដែលពួកគេចូលចិត្ត) ឬមិនព្រមបរិភោគអ្វីទាំងអស់ ដែលបង្កឱ្យពួកគេមិនអាចបរិភោគបានគ្រប់គ្រាន់។ ម្តាយត្រូវតែព្យាយាមផ្តល់អាហារច្រើនប្រភេទចម្រុះគ្នា មកពីក្រុមអាហារទាំងបី។

ភាគច្រើន ទម្លាប់បរិភោគត្រូវបានរៀននៅក្នុងវ័យកុមារភាព។ ទម្លាប់បរិភោគមានឥទ្ធិពលលើជម្រើសអាហារ និងសុខភាពពេញមួយជីវិត។ បរិភោគអាហារជុំគ្នាក្នុងគ្រួសារ និងឱ្យកុមារបរិភោគប្រភេទអាហារដែលបានមកពីក្រុមអាហារទាំងបី។ ពេលបរិភោគបាយជុំគ្នា យកល្អឱ្យកុមារមានចានបាយ និងចានសម្លផ្ទាល់ខ្លួនដាច់ដោយឡែក ដើម្បីឱ្យពួកគេអាចទទួលបាននូវចំណែកអាហារសមរម្យ។ កុមារដែលរស់នៅជាមួយមេរោគអេដស៍ជាច្រើនព្យាយាមបំពេញកំណើនតម្រូវការរបស់គេដូច្នេះ កុមារតូចៗក្រោមអាយុ៥ឆ្នាំ ងាយទទួលរងគ្រោះខ្លាំងបំផុតចំពោះកង្វះអាហារូបត្ថម្ភ។ អាណាព្យាបាលចាំបាច់ត្រូវរៀបចំផែនការអាហារសមរម្យមួយ។ សូមមើលតារាងណែនាំពីអាហារប្រចាំថ្ងៃសម្រាប់កុមារដែលរស់នៅជាមួយមេរោគអេដស៍អាយុ២ទៅ៥ឆ្នាំ។

ការណែនាំអំពីអាហារប្រចាំថ្ងៃសម្រាប់កុមារទូទៅ និងកុមារដែលរស់នៅជាមួយមេរោគអេដស៍អាយុ២ទៅ៥ឆ្នាំ

អាយុ២-៥ឆ្នាំ

កុមារគ្មានផ្ទុកមេរោគអេដស៍

កុមារមានសុខភាពល្អ
ដែលរស់នៅជាមួយមេរោគអេដស៍

កុមាររស់នៅជាមួយមេរោគអេដស៍
ដែលធ្លាក់ខ្លួនឈឺ

កុមាររស់នៅជាមួយមេរោគអេដស៍
ដែលធ្លាក់ខ្លួនឈឺ+ស្រកទម្ងន់

តម្រូវការថាមពលបន្ថែម

ត្រូវការថាមពលបន្ថែម ១០%
ដើម្បីបន្តការលូតលាស់

បន្ថែមប្រហែល១៥០កាឡូរី/ថ្ងៃ
(ឧ. បន្ថែមអាហារតិចៗ ឬ
អាហារសម្រន់ ១ពេល/ថ្ងៃ)

តម្រូវការថាមពលបន្ថែមពី២០-៣០%

បន្ថែម ៣០០-៥០០កាឡូរី/ថ្ងៃ (ឧ. បន្ថែមអាហារ១ពេល/អាហារសម្រន់១ពេល/ថ្ងៃ)

តម្រូវការថាមពលបន្ថែម ៥០-១០០%

បន្ថែម ៦០០-១៦០០ កាឡូរី/ថ្ងៃ
(ឧ. បន្ថែមអាហារ ២-៤ពេល/ថ្ងៃ)

ចំនួនដង និងបរិមាណក្នុងមួយថ្ងៃ

អាហារពេល៣ពេល និងអាហារសម្រន់២ដងចន្លោះពេលអាហារ

អាហារពេល ៣ពេល និង
អាហារសម្រន់ ៣ដង
ចន្លោះពេលអាហារ

អាហារពេល ៤ពេល និង
អាហារសម្រន់ ៣ដង
ចន្លោះពេលអាហារ

អាហារតិចៗ/អាហារសម្រន់
៦-៨ពេល

ឧទាហរណ៍នៃការផ្តល់អាហារបន្ថែម

អាហារបន្ថែម (~១៥០កាឡូរី)៖

ទឹកដោះគោ/ទឹកសណ្តែក១កែវ ឬស៊ុតស្ងោរ២ ឬចេកចៀន២តូចៗ ឬស្វាយ១ចានចង្កឹះ ឬចេក៣ផ្លែតូចៗ ឬ

បាយ១/៤ចាន (១២៥ក្រាម) ជាមួយត្រីឆ្អិន១/៤ចានចង្កឹះ (៤ស្លាបព្រាបាយ) និងបន្លែ

អាហារបន្ថែម (~៣០០-៥០០កាឡូរី)៖

អាហារ(ប្រហែល៤០០កាឡូរី)៖ បាយ១/៤ ចាន (១២៥ ក្រាម) ជាមួយត្រីឆ្អិន៨ស្លាបព្រា និងបន្លែបៃតង+សណ្តែក៨ស្លាបព្រា និងចេក១ផ្លែតូច និងបន្ថែម

អាហារសម្រន់ (~១៥០កាឡូរី)៖ ទឹកដោះគោ/ទឹកសណ្តែក ១កែវ ស៊ុតស្ងោរ២ ចេកចៀន២តូចៗ ស្វាយ១ចានចង្កឹះ ឬចេក៣ផ្លែតូចៗ

បន្ថែមអាហារខាងក្រោមទៅក្នុងអាហារ និងអាហារសម្រន់ (បន្ថែមថាមពល ~១០០កាឡូរី)៖

ប្រេងឆា២ស្លាបព្រា

ទឹកឃ្មុំ៤ស្លាបព្រា

ស្ករ១.៥ ស្លាបព្រា

ការយល់ដឹងអំពីបរិមាណទាំងនេះនឹងជួយអ្នកក្នុងការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភជាមួយអតិថិជនរបស់អ្នក។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការចងចាំថា មិនមានក្រុមអាហារពិសេសណាមួយក្រៅពីអាហារធម្មតា ដែលត្រូវជំរុញឱ្យអ្នករស់នៅជាមួយមេរោគអេដស៍បរិភោគនោះទេ គឺគ្រាន់តែបង្កើនបរិមាណអាហារនៃក្រុមអាហារទាំងបីដែលពួកគេអាចរកបាន លៃលកបាន និងអាចរៀបចំបាន។

សន្និដ្ឋានជំហាននេះដោយសំណួរខាងក្រោម៖

  1. តើអ្នកគិតដូចម្តេចនៅពេលអ្នកឃើញទំហំសមាមាត្រផ្សេងគ្នាទាំងនេះ?
  2. តើអ្នកឃើញទំហំខុសគ្នានៃចានគោម និងចានសំប៉ែតទាំងនេះនៅក្នុងសហគមន៍ទេ?
  3. ជាមួយព័ត៌មាននេះតើអ្នកអាចបង្ហាញអ្នករស់នៅជាមួយមេរោគអេដស៍អំពីបរិមាណអាហារ និងភេសជ្ជៈដែលពួកគេគួរបរិភោគយ៉ាងដូចម្តេច?

យើងនឹងសិក្សាបន្ថែមទៀតអំពីការប្រើប្រាស់ឧបករណ៍សម្រាប់ការផ្តល់ប្រឹក្សាទាំងនេះនៅវគ្គបណ្តុះបណ្តាលក្រោយៗ។

ជំហានទី៤៖ បទបង្ហាញដោយមានការចូលរួម

បន្តការធ្វើបទបង្ហាញដោយការពិភាក្សាអំពីឥទ្ធិពលមេរោគអេដស៍ទៅលើអាហារូបត្ថម្ភ។

  • កំណត់សម្គាល់

    សុំឱ្យសិក្ខាកាមទាំងអស់ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយលើកឧទាហរណ៍អំពីរោគសញ្ញាធម្មតាដែលតែងកើតមានចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ ដែលប៉ះពាល់ដល់ការបរិភោគអាហារ និងកម្រិតអាហារូបត្ថម្ភ។

    ចម្លើយអាចមាន៖ ចង្អោរ/ក្អួត រាករូស កាត់បន្ថយចំណង់បរិភោគអាហារ ផ្លាស់ប្តូររសជាតិ ស្ងួតមាត់ ឈឺមាត់ ឈឺនៅពេលលេបអាហារ អស់កម្លាំង ស្លេកស្លាំង។

ការធ្លាក់ចុះនៃចំណង់បរិភោគ

ពន្យល់៖ ការឆ្លងរោគ និងជំងឺអាចធ្វើឱ្យធ្លាក់ចុះនូវចំណង់បរិភោគអាហារដែលនាំឱ្យមានការកាត់បន្ថយការបរិភោគអាហារ។ ការឈឺចុកចាប់ក្នុងមាត់ ឬបំពង់កអាចធ្វើឱ្យពិបាកបរិភោគអាហារ។ ឱសថមួយចំនួនអាចកាត់បន្ថយរស់ជាតិអាហារ និងធ្វើឱ្យអាហារប្តូររសជាតិ ឬបណ្តាលឱ្យមានផលប៉ះពាល់ដូចជាចង្អោរ ឬក្អួត។ ការកាត់បន្ថយការបរិភោគអាហារអាចបណ្តាលមកពីមានភាពអស់កម្លាំង ធុញថប់ និងកត្តាចិត្តសាស្ត្រផ្សេងទៀត។ ការកាត់បន្ថយការបរិភោគអាហារក៏អាចបណ្តាលមកពីអាហារដែលនៅក្នុងគេហដ្ឋានមិនមានគុណភាពល្អ និងមានបរិមាណតិចតួចដោយសារពួកគេគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញ មិនអាចដាំដំណាំលូតលាស់ល្អ និងពិបាកក្នុងការរកទិញ និងការរៀបចំ។ នៅដំណាក់កាលបន្តបន្ទាប់នៃជំងឺ អ្នករស់នៅជាមួយមេរោគអេដស៍មានការពិបាកក្នុងការថែទាំខ្លួនឯងដែលអាចធ្វើឱ្យពួកគេមានការកាត់បន្ថយការបរិភោគអាហារ។

ការបឺតស្រូបសារជាតិចិញ្ចឹមពីអាហារ មិនគ្រប់គ្រាន់

ពន្យល់៖ អំឡុងពេលរម្លាយអាហារ អាហារដែលយើងបរិភោគត្រូវបានកំទេចទៅជាចំណែកតូចៗហៅថាសារជាតិចិញ្ចឹម។ សារជាតិចិញ្ចឹមទាំងនេះត្រូវស្រូបចូលកាត់តាមពោះវៀន ចូលក្នុងចរន្តឈាមដើម្បីឱ្យរាងកាយបានទទួលយក។ ខ្សែពោះវៀនអាចត្រូវខូចខាតដោយសារមេរោគអេដស៍ និងមេរោគឆ្លងផ្សេងទៀត ដែលវានឹងប៉ះពាល់ដល់សមត្ថភាពរម្លាយ និងស្រូបយកអាហារ។ ក្នុងករណីនេះ ពោះវៀនមិនអាចស្រូបយកសារជាតិចិញ្ចឹមពីអាហារបានឡើយ។ ការឆ្លងរោគផ្សេងៗ ដូចជារាករូស អាចធ្វើឱ្យប៉ះពាល់ដល់ពោះវៀន និងធ្វើឱ្យអាហារឆ្លងកាត់យ៉ាងឆាប់រហ័ស ដែលកាត់បន្ថយពេលវេលារម្លាយ និងស្រូបយកអាហារ។

គោលបំណងទី២

សិក្ខាកាមនឹងអាចរៀបរាប់ពីវដ្តនៃមេរោគអេដស៍ បញ្ហាកង្វះអាហារូបត្ថម្ភ និងការឆ្លងរោគ

វិធីសាស្ត្របង្រៀន៖ ការធ្វើបទបង្ហាញ និងល្បែង

ជំហានទី១៖ ការធ្វើបទបង្ហាញ

អ្នកសម្របសម្រួលធ្វើបទបង្ហាញខ្លីៗដោយប្រើប្រាស់សន្លឹកផ្ទាត់ដែលបានរៀបចំទុកមុនស្តីពីវដ្តនៃមេរោគអេដស៍ អាហារូបត្ថម្ភខ្សត់ខ្សោយ និងការឆ្លងរោគ។

ពន្យល់៖ អ្នករស់នៅជាមួយមេរោគអេដស៍ មានជំងឺរុាំរៃដែលវាធ្វើឱ្យរាងកាយរបស់ពួកគេពិបាកប្រឆាំងនឹងជំងឺផ្សេងៗ។ ប្រព័ន្ធភាពសុាំរាងកាយរបស់ពួកគេមិនដំណើរការបានល្អដូចអ្នកដែលមិនមានផ្ទុកមេរោគអេដស៍នោះទេ។ ដោយសារបញ្ហានេះ អ្នករស់នៅជាមួយមេរោគអេដស៍អាចឆាប់ឈឺ និងមានជំងឺញឹកញាប់។

នៅពេលមនុស្សមានជំងឺពួកគេតែងតែបាត់បង់ចំណង់បរិភោគ។ ពួកគេមិនឃ្លាន និងមិនអាចបរិភោគអាហារតាមបរិមាណធម្មតាបាន។ ជាញឹកញាប់មនុស្សស្រកទម្ងន់នៅពេលពួកគេឈឺ។ ចំពោះកុមារវិញពួកគេមិនមានការលូតលាស់ល្អទេនៅពេលឈឺ ហើយក៏ជាពេលដែលពួកគេមានបញ្ហាកង្វះអាហារូបត្ថម្ភដែរ។ វាចាំបាច់ក្នុងការចងចាំថា កុមារ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ត្រូវការបន្តឡើងទម្ងន់។

បើពួកគេមិនមានការឡើងទម្ងន់ទេ នោះន័យថាពួកគេមានខ្វះអាហារូបត្ថម្ភ។ នៅពេលខ្វះអាហារូបត្ថម្ភ ពួកគេកាន់តែងាយរងគ្រោះពីការឆ្លងជំងឺ និងមេរោគផ្សេងៗ។ នេះគឺជាវដ្តសុខភាពមិនល្អ ដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ និងជំងឺផ្សេងៗ។ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន និងកុមារក្រោមអាយុ៥ឆ្នាំ មានការប្រឈមកាន់តែខ្លាំងនឹងកង្វះអាហារូបត្ថម្ភ ព្រោះពួកគេត្រូវបង្កើនតម្រូវការសារជាតិចិញ្ចឹម។

ជំហានទី២៖ ល្បែង

រយៈពេល៖ ២០នាទី

ការណែនាំអំពីសកម្មភាព៖

អ្នកសម្របសម្រួលសួរអ្នកស្ម័គ្រចិត្ត៥នាក់។ នៅលើក្រដាស A៤ប្រាំសន្លឹក ចូរសរសេរឃ្លាខាងក្រោម (មួយឃ្លាលើក្រដាសមួយសន្លឹក)

  1. មានជំងឺ
  2. មិនឃ្លាន មិនអាចបរិភោគបាន
  3. ស្រកទម្ងន់ ឬការលូតលាស់ខ្សោយ (កុមារ)
  4. កង្វះអាហារូបត្ថម្ភ
  5. អ្នករស់នៅជាមួយមេរោគអេដស៍

បិទភ្ជាប់ក្រដាសទាំងនេះនៅលើទ្រូងអ្នកស្ម័គ្រចិត្តទាំង៥នាក់។ សុំឱ្យពួកគេឈរជាជួរទល់មុខសិក្ខាកាមផ្សេងទៀត។ សុំឱ្យក្រុមអានសញ្ញាទាំងអស់ឱ្យឮៗ។

  • កំណត់សម្គាល់

    លើកឡើងនូវចំណុចសំខាន់ៗអំពីអន្តរទំនាក់ទំនងរវាងមេរោគអេដស៍ និងអាហារូបត្ថម្ភ ព្រមទាំងដំណើរ ការវិវឌ្ឈន៍នៃមេរោគអេដស៍ និងការធ្លាក់ចុះនៃអាហារូបត្ថម្ភ ដែលធ្វើឱ្យប្រព័ន្ធភាពសុាំចុះខ្សោយ និងធ្វើឱ្យមានការប្រឈមកាន់តែខ្លាំងក្នុងការឆ្លងមេរោគផ្សេងៗ និងជំងឺ។

    សួរសំណួរសំខាន់ៗដល់ក្រុមដើម្បីចែករំលែកការអង្កេតរបស់ពួកគេអំពីអ្នករស់នៅជាមួយមេរោគអេដស៍ និងរបៀបដែលពួកគេបានឃើញអំពីផលប៉ះពាល់នេះពាក់ព័ន្ធនឹងអាហារ និងការបរិភោគអាហារ។

សួរក្រុម៖ តើមានអ្វីកើតឡើងចំពោះចំណង់បរិភោគអាហាររបស់មនុស្សម្នាក់នៅពេលពួកគេធ្លាក់ខ្លួនឈឺ? (ចម្លើយ៖ ពួកគេមិនឃ្លាន និងមិនអាចបរិភោគ)

ប្រាប់អ្នកស្ម័គ្រចិត្តពីរនាក់ដែលពាក់ស្លាក “មានជំងឺ” និងស្លាក “មិនឃ្លាន មិនអាចបរិភោគ” កាន់ដៃគ្នា។

សួរក្រុម៖ តើមានអ្វីកើតឡើងចំពោះទម្ងន់រាងកាយនៃមនុស្សម្នាក់ដែលមិនឃ្លាន និងមិនអាចបរិភោគបាន? (ចម្លើយ៖ ស្រកទម្ងន់ និងលូតលាស់ខ្សោយសម្រាប់កុមារ)

ប្រាប់អ្នកដែលពាក់ស្លាក “មិនឃ្លាន មិនអាចបរិភោគ” ឱ្យកាន់ដៃអ្នកដែលពាក់ស្លាក “ស្រកទម្ងន់ ឬការលូតលាស់ខ្សោយ (កុមារ)”។

សួរក្រុម៖ តើមានអ្វីកើតឡើងចំពោះមនុស្សដែលបន្តស្រកទម្ងន់ ឬកុមារដែលមានការលូតលាស់ខ្សោយ? (ចម្លើយ៖ ពួកគេខ្វះអាហារូបត្ថម្ភ)

ប្រាប់អ្នកដែលពាក់ស្លាក “ស្រកទម្ងន់ ឬការលូតលាស់ខ្សោយ (កុមារ)” ឱ្យកាន់ដៃអ្នកដែលពាក់ស្លាក “កង្វះអាហារូបត្ថម្ភ”។

សួរក្រុម៖ នៅពេលមនុស្សខ្វះអាហារូបត្ថម្ភ តើពួកគេនឹងឈឺ ឬមិនឈឺ?
(ចម្លើយ៖ អ្នកខ្វះអាហារូបត្ថម្ភច្រើនតែធ្លាក់ខ្លួនឈឺ)។

សុំឱ្យអ្នកស្ម័គ្រចិត្តដែលពាក់ស្លាក “កង្វះអាហារូបត្ថម្ភ” ដើរជុំវិញអ្នកដែលពាក់ស្លាក “អ្នករស់នៅជាមួយមេរោគអេដស៍” រួចកាន់ដៃអ្នកដែលពាក់ស្លាក “មានជំងឺ”។

មកដល់ត្រឹមនេះ អ្នកទាំងអស់ដែលកាន់ដៃគ្នា បង្កើតបានជារង្វង់ ព័ទ្ធជុំវិញអ្នកអ្នកពាក់ស្លាក “អ្នករស់នៅជាមួយមេរោគអេដស៍” ដែលកំពុងជាប់អន្ទាក់នៅចំកណ្តាលរង្វង់។

ប្រាប់អ្នកស្ម័គ្រចិត្តដែលកំពុងកាន់ដៃ ឱ្យពួកអានម្តងទៀតឱ្យឮនូវអ្វីដលបានសរសេរលើស្លាកក្រដាសរបស់ពួកគេ “មានជំងឺ” “មិនឃ្លាន មិនអាចបរិភោគ” “ស្រកទម្ងន់ ឬការលូតលាស់ខ្សោយ (កុមារ)” និង “កង្វះអាហារូបត្ថម្ភ”។

សួរសំណួរ៖ តើអ្នកគិតថាអ្នករស់នៅជាមួយមេរោគអេដស៍ត្រូវធ្វើដូចម្តេចដើម្បីចៀសផុតពីរង្វង់ដ៏គ្រោះថ្នាក់នេះ?

កត់ត្រារាល់ចម្លើយរបស់សិក្ខាកាមលើចំណែកក្រដាសA៤ដាច់ដោយឡែកពីគ្នា។ ចម្លើយគួរមាន៖ បរិភោគឱ្យអាហារ និងភេសជ្ជៈឱ្យបានត្រឹមត្រូវ ប្រើថ្នាំប្រឆាំងមេរោគ ការព្យាបាលជំងឺឱកាសនិយម ត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់នៅគ្លីនិក បរិភោគអាហារតិចៗឱ្យបានញឹកញាប់ បរិភោគអាហារមានថាមពលខ្ពស់ បរិភោគភេសជ្ជៈផ្តល់ថាមពល និងចៀសវាងបរិភោគតែទឹកតែមួយមុខ។ ជ្រើសរើសអ្នកស្ម័គ្រចិត្តពីរបីនាក់បន្ថែម និងឱ្យក្រដាសចម្លើយ A៤ ទៅកាន់ម្នាក់ៗ។ សុំឱ្យអ្នកស្ម័គ្រចិត្តថ្មីឈរនៅខាងមុខក្រុម និង “ជួយ” អ្នករស់នៅជាមួយមេរោគអេដស៍ឱ្យចេញពីរង្វង់គ្រោះថ្នាក់។ ពន្យល់ទៅកាន់សិក្ខាកាមថា៖ អ្នកស្ម័គ្រចិត្តថ្មីទាំងពីរតំណាងឱ្យដំណោះស្រាយចំពោះ វដ្ដនៃកង្វះអាហារូបត្ថម្ភ និងជំងឺ។ ដំណោះស្រាយអាចមានដូចជា “អាហារ” “ឱសថ” “ទម្ងន់រាងកាយល្អ” ៘ លើកទឹកចិត្តអ្នកស្ម័គ្រចិត្តថ្មីនេះឱ្យទាញអ្នករស់នៅជាមួយមេរោគអេដស៍ចេញពីក្នុងរង្វង់/វដ្ដនៃកង្វះអាហារូបត្ថម្ភ និងជំងឺ។ ថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមក្នុងសកម្មភាពនេះ!

ជំហានទី៣៖ បទបង្ហាញ

ឥឡូវនេះ បន្តមេរៀនជាមួយបទបង្ហាញខ្លីៗស្តីពីការព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេដស៍ និងអាហារូបត្ថម្ភ។

ការព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេដស៍មានឥទ្ធិពលល្អលើការលើកកម្ពស់កម្រិតអាហារូបត្ថម្ភរបស់អ្នករស់នៅជាមួយមេរោគអេដស៍។ ការព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេដស៍អាចបង្កើននូវ៖

  • អត្រាលូតលាស់ (កុមារ)
  • ទម្ងន់នៃអ្នករស់នៅជាមួយមេរោគអេដស៍ដែលមានទម្ងន់ទាប (ដរាបណាមានអាហារគ្រប់គ្រាន់)
  • ភាពជាសះស្បើយពីជំងឺ និងការឆ្លងរោគផ្សេងៗ ព្រោះប្រព័ន្ធភាពសុាំកាន់តែរឹងមុាំឡើង

អ្នករស់នៅជាមួយមេរោគអេដស៍អាចរស់នៅកាន់តែមានសុខភាពល្អ មានអាយុវែង អាចធ្វើការ និងកាត់បន្ថយជំងឺឱកាសនិយម និងរោគសញ្ញាផ្សេងៗ។

ការឆ្លងមេរោគអេដស៍/ជំងឺអេដស៍ទៅកាន់ទារក អាចកាត់បន្ថយស្ទើរទាំងស្រុងប្រសិនបើប្រើប្រាស់ឱសថបានត្រឹមត្រូវចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន។ វាមានសារៈសំខាន់ណាស់សម្រាប់ទារកដែលប្រឈមនឹងមេរោគអេដស៍ ក្នុងការប្រើប្រាស់ឱសថដែលណែនាំដោយបុគ្គលិកសុខភាព ដើម្បីការពារពីមេរោគអេដស៍ និងជំងឺផ្សេងៗ។ សម្រាប់កុមារដែលរស់នៅជាមួយមេរោគអេដស៍ ការប្រើប្រាស់ឱសថមានសារៈសំខាន់ណាស់ដើម្បីឱ្យពួកគេអាចមានសុខភាពល្អ (ឧ. ដើម្បីធានាការលូតលាស់ និងការអភិវឌ្ឍន៍ជាធម្មតា)។

ការព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេដស៍ជាវិធីល្អ ក៏ប៉ុន្តែនៅមានអន្តរទំនាក់ទំនងជាច្រើនរវាងការព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេដស៍ និងអាហារមួយចំនួន។ ផលលំបាកមួយនៃការព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍គឺវាអាចបណ្តាលឱ្យមានផលរំខានផ្សេងៗ។ នៅពេលខ្លះ ផលរំខាននៃឱសថអាចធ្វើឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មិនស្រួលខ្លួនកាន់តែខ្លាំង ជាងមុនពេលប្រើឱសថនេះទៅទៀត។ ប្រសិនបើអតិថិជនប្រើប្រាស់ការព្យាបាលដោយការប្រើឱសថប្រឆាំងនឹងមេរោគអេដស៍ វាចាំបាច់ណាស់ដែលគាត់ត្រូវបរិភោគអាហារឱ្យបានគ្រប់គ្រាន់។ ឱសថប្រឆាំងមេរោគអេដស៍មួយចំនួនគួរប្រើប្រាស់ជាមួយអាហារ ហើយឱសថផ្សេងទៀតមិនគួរទេ និងខ្លះទៀតត្រូវការតមអាហារមួយចំនួន។ អាហារូបត្ថម្ភល្អនឹងជួយពង្រឹងប្រសិទ្ឋភាពនៃការព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេដស៍ ក្នុងការជួយឱ្យប្រព័ន្ធការពាររបស់អ្នករស់នៅជាមួយមេរោគអេដស៍មានភាពធូរស្បើយ និងពង្រឹងសុខមាលភាពទូទៅ។ អាហារូបត្ថម្ភខ្សត់ខ្សោយកាត់បន្ថយនូវសមត្ថភាពការស្រូបចូលជាតិថ្នាំ ហើយអ្នករស់នៅជាមួយមេរោគអេដស៍អាចពិបាកក្នុងការដោះស្រាយជាមួយផលរំខានផ្សេងៗ។ ការព្យាបាលតាមបែបបុរាណ ឬរុក្ខជាតិអាចកាត់បន្ថយប្រសិទ្ធិភាពនៃការព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍។ យើងនឹងមើលបន្ថែមទៅលើការគ្រប់គ្រងផលរំខានផ្សេងៗនៅក្នុងមេរៀនទី៦។

បន្តការធ្វើបទបង្ហាញខ្លី៖ វាអាចទៅរួចដែលអ្នករស់នៅជាមួយមេរោគអេដស៍អាចបំបែក វដ្តអវិជ្ជមាននៃកង្វះអាហារូបត្ថម្ភ និងជំងឺឆ្លង។ ដើម្បីធ្វើបែបនេះបាន ពួកគេត្រូវបន្តបរិភោគឱ្យបានត្រឹមត្រូវ និងរក្សាទម្ងន់រាងកាយឱ្យបានល្អ ដើម្បីឱ្យពួកគេអាចទប់ទល់នឹងការឆ្លងរោគផ្សេងៗ និងពន្យាការកើតជំងឺបានកាន់តែប្រសើរ។ នេះគឺជាវដ្តសុខភាពដែលយើងអាចណែនាំដល់អ្នករស់នៅជាមួយមេរោគអេដស៍។ ណែនាំអំពីឯកសារមេរៀន និងសុំឱ្យសិក្ខាកាមអានឱ្យឮមួយៗ។

  1. បរិភោគឱ្យបានត្រឹមត្រូវ៖ នេះមានន័យថាអាហារពេល៣ពេល និងអាហារសម្រន់២ដង ជារៀងរាល់ថ្ងៃ ដោយមានអាហារចម្រុះពីក្រុមអាហារទាំងបី (ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនត្រូវការអាហារ៤ពេល)។ មេរោគអេដស៍បង្កើនតម្រូវការរបស់រាងកាយ។ នៅពេលមានជំងឺ គេត្រូវការអាហារច្រើនបន្ថែមដើម្បីជួួយឱ្យឆាប់ធូរស្បើយ។
  2. ថែរក្សាទម្ងន់រាងកាយបានល្អ៖ មានន័យថារក្សាទម្ងន់ឱ្យនៅក្នុងដែនកំណត់ធម្មតារបស់សន្ទទស្សន៍ម៉ាស់រាង្គកាយ។ ការបរិភោគអាហារឱ្យបានត្រឹមត្រូវជួយរក្សាទម្ងន់/ការលូតលាស់(កុមារ) (ធំជាង២ z-score) និងបង្កើនកម្លាំង។
  3. អាចទប់ទល់នឹងការឆ្លងមេរោគផ្សេងៗ៖ ទម្ងន់រាងកាយល្អ រួមជាមួយឱសថប្រឆាំងនឹងមេរោគអេដស៍នឹងជួយរាងកាយប្រឆាំងនឹងការឆ្លងរោគផ្សេងៗ។ ការបរិភោគឱ្យបានត្រឹមត្រូវនឹងជួយឱ្យឱសថប្រឆាំងនឹងមេរោគអេដស៍កាន់តែមានប្រសិទ្ធភាព និងងាយស្រួលលេប។ សុខភាពល្អអាចកាត់បន្ថយពេលវេលា និងប្រាក់កាសដែលចំណាយលើការថែទាំសុខភាព។
  4. ពន្យាការវិវត្តន៍ទៅជាអ្នកជំងឺអេដស៍៖ អាហារូបត្ថម្ភល្អ និងការព្យាបាលភ្លាមៗ ទៅលើជំងឺឱកាសនិយមអាចជួយពន្យារការវិវត្តន៍ទៅជាអ្នកជំងឺអេដស៍។ អ្នករស់នៅជាមួយមេរោគអេដស៍ដែលមិនឈឺ អាចមានចំណង់អាហារល្អ បន្តការបរិភោគបានប្រសើរ ហើយអាចរក្សាបាននូវវដ្តនៃសុខភាពល្អបន្តទៅទៀត។

វដ្តនៃសុខភាពល្អ

គោលបំណងទី៣

សិក្ខាកាមនឹងអាចពិភាក្សាអំពីកត្តារារាំងក្នុងការទទួលបានអាហារូបត្ថម្ភល្អ

វិធីសាស្ត្របង្រៀន៖ បទបង្ហាញ និងកិច្ចការក្រុមតូចៗ

ជំហានទី១៖ ការធ្វើបទបង្ហាញដោយមានការចូលរួម

ចាប់ផ្តើមជាមួយបទបង្ហាញខ្លីមួយ៖ ឥឡូវនេះយើងបានយល់ដឹងថាអាហារូបត្ថម្ភល្អគឺមាន សារៈសំខាន់សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ទោះបីជាអ្នកនោះមិនឈឺក៏ដោយព្រោះវាអាចពន្យាការមានជំងឺបាន។ តែទោះជាយ៉ាងណាក៏ដោយពេលខ្លះមានការប្រឈមខ្លះចំពោះសន្តិសុខស្បៀង និងអាហារូបត្ថម្ភល្អ។ សន្តិសុខស្បៀងអាស្រ័យលើបុគ្គលម្នាក់ៗ ឬគ្រួសារដែលមានលទ្ធភាពខាងសេដ្ឋកិច្ច និងកាយសម្បទាដើម្បីស្វែងរកនូវប្រភពអាហារដែលសុវត្ថិភាព មានសារជាតិចិញ្ចឹម និងអាចទុកចិត្តបាន ក្នុងរយៈពេលពេញមួយឆ្នាំ។ ការបរិភោគអាហារមិនគ្រប់គ្រាន់ អាចមានរយៈពេលខ្លី ឬអាចមានរយៈពេលយូរអង្វែង វាអាចអាស្រ័យទៅលើជំនាញក្នុងការរៀបចំទុកដាក់អាហារ។

  • ជំហានទី២៖ កច្ចិការក្រុមតូចៗ

រយៈពេល៖ ២០នាទី

ការណែនាំអំពីសកម្មភាព៖ បែងចែកសិក្ខាកាមជា៣ក្រុម និងសុំឱ្យពួកគេបំផុសគំនិតអំពីបញ្ហាប្រឈម និដំណោះស្រាយសំខាន់ៗចំពោះអាហារូបត្ថម្ភល្អសម្រាប់ក្រុមគោលដៅខាងក្រោម៖

  • ក្រុម ១ (ស្វាយ)៖ អ្នករស់នៅជាមួយមេរោគអេដស៍ដែលជាមនុស្សពេញវ័យ
  • ក្រុម ២ (ចេក)៖ កុមារដែលរស់នៅជាមួយមេរោគអេដស៍
  • ក្រុម ៣ (ល្ហុង)៖ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ដែលរស់នៅជាមួយមេរោគអេដស៍

ក្រុមនីមួយៗគួរពិភាក្សានូវសំណួរខាងក្រោម៖

  • តើបញ្ហាអ្វីខ្លះដែលអាចធ្វើឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មិនអាចបរិភោគអាហារបានគ្រប់គ្រាន់?
  • តើបញ្ហាអ្វីខ្លះដែលអាចធ្វើឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មិនអាចបរិភោគអាហារច្រើនប្រភេទបាន?
  • តើពួកគេអាចដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា?

ទុកពេល១០នាទីសម្រាប់ពិភាក្សាសំណួរនីមួយៗសរសេរដាក់លើក្រដាសផ្ទាំងធំ និងសុំឱ្យក្រុមនីមួយៗធ្វើបទបង្ហាញឱ្យក្រុមផ្សេងមើល។ ឱ្យសិក្ខាកាមបែងចែកក្រដាសផ្ទាំងធំដូចខាងក្រោម។

បញ្ហា

ដំណោះស្រាយ

 

 

 

 

អ្នកសម្របសម្រួលអាចដើរជុំវិញក្រុមនីមួយៗ និងសាកសួរបំផុសគំនិតប្រសិនបើគេគិតមិនចេញ។ ប្រើខ្លឹមសារខាងក្រោមនេះដើម្បីបន្ថែមចំណុចខ្វះខាតរបស់ចម្លើយសិក្ខាកាម និងសង្ខេបការពិភាក្សា។

បញ្ហាមួយចំនួនដែលសិក្ខាកាមអាចលើកឡើងរួមមាន បញ្ហាកង្វះអាហារ ជំងឺ និងរោគសញ្ញាពាក់ព័ន្ធ កង្វះប្រាក់កាស គ្មានអ្នកទិញ និងរៀបចំអាហារ កង្វះពេលវេលារៀបចំអាហារ កង្វះការគាំទ្រ ព័ត៌មានមិនគ្រប់គ្រាន់ មិនមានអាហារសុខភាពតាមរដូវកាល តំណមអាហារ ឬជំនឿអំពីអាហារ (ជំនឿតាមតំបន់ផ្សេងៗ ក្នុងការបរិភោគអាហារ ជាពិសេសសម្រាប់កុមារ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីទើបសម្រាល) និងបញ្ហាត្រូវចៀសវាងផ្សេងៗទៀត ការរើសអើង ភាពឯកកោក្នុងពេលបរិភោគ កង្វះសម្ភារៈដាំស្ល និងកង្វះថាមពលសម្រាប់ចម្អិន៘ បញ្ហាជាទូទៅដែលអ្នករស់នៅជាមួយមេរោគអេដស៍ប្រឈមគឺ កង្វះអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ឬពុំមានប្រភេទអាហារច្រើនមុខដើម្បីបរិភោគ។ អ្នករស់នៅជាមួយមេរោគអេដស៍មានប្រាក់ចំណូលតិច និងជាគ្រួសារមានសមាជិកច្រើន ឬពួកគេប្រហែលជាមិនអាចធ្វើការបាន ឬមិនមានអារម្មណ៍រៀបចំអាហារ ដោយសារជំងឺ និងហេតុផលផ្សេងៗដូចជាអាកាសធាតុ។

មានវិធីសាស្ត្រជាច្រើនដែលអាចជួយអ្នករស់នៅជាមួយមេរោគអេដស៍ឱ្យពួកគេមានអាហារគ្រប់គ្រាន់គ្រប់ពេលវេលា។ ខាងក្រោមនេះជាវិធីមួយចំនួន៖

  • ជំរុញលើកទឹកចិត្តក្រុមគ្រួសារឱ្យពង្រឹងសន្តិសុខស្បៀងដោយ ដាំដុះអាហារចំរុះ ចិញ្ចឹមសត្វ ដូចជា មាន់ជ្រូក ឬស្វែងរកម្ហូបអាហារដូចជា ស្លឹកត្រចៀកក្រាញ់ ស្លឹកវល្លិ៍ កង្កែប ក្តាម បង្កង ត្រីល្អិតៗ ខ្ចៅខ្ចង ពីវាលស្រែ៘
  • ទិញបន្លែផ្លែឈើក្នុងស្រុក តាមរដូវ និងអាហារផ្សេងទៀតមកពីផ្សារ។ អាហារទាំងនេះមានតម្លៃថោក និងមានសារជាតិចិញ្ចឹមច្រើនជាងអាហារកញ្ចប់ទិញពីក្នុងហាង។
  • ជួយដល់ក្រុមគ្រួសារលៃលកការចំណាយទិញអាហារ ដូច្នេះពួកគេអាចទិញអាហារដែលមានសារជាតិចិញ្ចឹម។
  • លើកទឹកចិត្តអ្នករស់នៅជាមួយមេរោគអេដស៍ឱ្យចាប់ផ្តើមសកម្មភាពបង្កើនប្រាក់ចំណូល ឬសន្សំប្រាក់ សម្រាប់អាហារបម្រុងទុកនៅពេលពួកគេមិនអាចធ្វើការបាន ដើម្បីធានាថា ពួកគេមានអាហារគ្រប់គ្រាន់។
  • ភ្ជាប់ពួកគេជាមួយកម្មវិធីអាហារក្នុងមូលដ្ឋាន និងកម្មវិធីជាតិអាហារូបត្ថម្ភដែលអាចជួយអ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសាររបស់គេទៅលើតម្រូវការអាហារ។
  • ផ្តល់វិធីធ្វើម្ហូបងាយៗអមដោយរូបភាព ដើម្បីបង្កើនជំនាញ និងចំណេះដឹងធ្វើម្ហូប។

សង្ខេបចំណុចនេះដោយនិយាយថា ក្នុងនាមជាអ្នកផ្តល់ប្រឹក្សា អ្នកមានតួនាទីសំខាន់ក្នុងការជួយអតិថិជន និងគ្រួសាររបស់គេដើម្បីបំពេញតម្រូវការសារជាតិចិញ្ចឹម។ លើកទឹកចិត្តអ្នករស់នៅជាមួយមេរោគអេដស៍ឱ្យបង្កើតដំណោះស្រាយជាជំហានតូចៗឆ្ពោះទៅរកអាហារូបត្ថម្ភល្អ។

គោលបំណងទី៤

សិក្ខាកាមនឹងអាចពិភាក្សាពីវិធី៧យ៉ាងដើម្បីបង្កើន ឬរក្សាទម្ងន់ប្រកបដោយ
សុខភាពល្អ (មនុស្សពេញវ័យ និងកុមារ) ឬដើម្បីរក្សាឱ្យមានការលូតលាស់ល្អ (កុមារ)

វិធីសាស្ត្របង្រៀន៖ ការធ្វើបទបង្ហាញការបំផុសគំនិតការពិភាក្សាក្រុម

  • ជំហានទី១៖ ការធ្វើបទបង្ហាញដោយមានការចូលរួម
  • កំណត់សម្គាល់

    មុនពេលធ្វើបទបង្ហាញខ្លីៗអ្នកសម្របសម្រួលអាច បិទសន្លឹកផ្ទាត់នៅលើវដ្តនៃមេរោគអេដស៍ អាហារូបត្ថម្ភខ្សត់ខ្សោយ និងការឆ្លងរោគ។

ចាប់ផ្តើមធ្វើបទបង្ហាញខ្លី៖ អ្នកអាចជួយអ្នករស់នៅជាមួយមេរោគអេដស៍ស្វែងរកវិធីសាស្ត្របង្កើនទម្ងន់ ឬរក្សាទម្ងន់រាងកាយឱ្យបានល្អ។ អ្នករស់នៅជាមួយមេរោគអេដស៍ភាគច្រើនយល់ដឹងអំពីសេវាព្យាបាលដោយប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ ប្រសិនបើពួកគេស្រកទម្ងន់ ឬលូតលាស់មិនបានល្អ។ ចំពោះកុមារ ការស្រកទម្ងន់ ឬមិនឡើងទម្ងន់គឺជាសញ្ញាមួយដែលបង្ហាញថាកុមារមានសុខភាពមិនល្អ។ ប័ណ្ណសុខភាពកុមារពណ៌លឿងគឺជាឧបករណ៍ដែលអាចជួយតាមដានការលូតលាស់ ដូច្នេះកុមារគួរត្រូវបានវាស់វែងឱ្យបានទៀងទាត់។ អ្នកស្ម័គ្រចិត្តក្រុមអ្នកគាំទ្រមាតា ឬបុគ្គលិកមណ្ឌលសុខភាព(ឆ្មប)តែងតែវាស់ និងថ្លឹងទម្ងន់កុមារជាញឹកញាប់។ បន្ទាប់មក ពួកគេកត់ត្រាការវាស់វែង និងកត់ត្រាទុកនៅលើតារាង។ នៅក្នុងការបណ្តុះបណ្តាលជាបន្តបន្ទាប់ យើងនឹងសិក្សាអំពីរបៀបបកស្រាយមើលថា តើមនុស្សម្នាក់មានសុខភាពល្អ ឬមិនល្អ ដោយមើលទៅតាមកម្រិតនៃធម្ងន់ ធៀបទៅនឹងកម្ពស់។

  • ជំហានទី២៖ ការបំផុសគំនិត

រយៈពេល៖ ១០នាទី

ការណែនាំអំពីសកម្មភាព៖

អ្នកសម្របសម្រួលសុំឱ្យសិក្ខាកាមសង្ខេបអំពីអន្តរទំនាក់ទំនងរវាងអ្នករស់នៅជាមួយមេរោគអេដស៍ និង អាហារូបត្ថម្ភ។ បន្ទាប់មក សុំឱ្យសិក្ខាកាមពិភាក្សាថា “តើកត្តាអ្វីខ្លះដែលរួមចំណែកក្នុងការធ្វើឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មានបញ្ហា អាហារូបត្ថម្ភខ្សត់ខ្សោយ?”

ឧទាហរណ៍នៃកត្តាមួយចំនួនដែលរួមចំណែកធ្វើឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភ៖

  • កត្តាសង្គម និងវប្បធម៌៖ រួមទាំងការស្អប់ខ្ពើម និងការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ សមត្ថភាពផ្ទាល់ខ្លួនក្នុងការរកប្រាក់ចំណូល ទទួលបានការថែទាំសុខភាព អសមភាពយេនឌ័រ។
  • អាហារដែលមានស្រាប់ និងអាចរកបាន៖ សំដៅទៅលើលទ្ធភាពស្វែងរកអាហានៅផ្សារក្នុងមូលដ្ឋាន អាហារដែលអាចរកបានតាមរដូវ តម្លៃអាហារ និងគុណភាពអាហារ។
  • ចំណូលគ្រួសារ និងអសន្តិសុខស្បៀង៖ គ្រួសារដែលរងការប៉ះពាល់ដោយមេរោគអេដស៍ មានការប្រឈមកាន់តែខ្ពស់ចំពោះបញ្ហាអសន្តិសុខស្បៀង។ ជារឿយៗ មេរោគអេដស៍ច្រើនចម្លងដល់សមាជិកគ្រួសារដែលមានសមត្ថភាពធ្វើការងារ ជាហេតុនាំឱ្យធ្លាក់ចុះនូវប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទាំងមូល។
  • ជំនឿផ្ទាល់ខ្លួន៖ រួមបញ្ចូលទាំងឥរិយាបថ និងជំនឿអំពីអាហារូបត្ថម្ភ ព័ត៌មានដែលទទួលបានពីប្រភពដែលមិនអាចទុកចិត្តបាន ដូចជា មិត្តភ័ក្ត គ្រួសារ ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនមួយចំនួន។ ជំនឿ ឬព័ត៌មានទាំងនេះអាចឱ្យបង្កបុគ្គលមានមានបញ្ហាដូចជា ការធុញថប់ និងភាពអន្ទះសារ។ ឧទាហរណ៍ ជំនឿអាចធ្វើឱ្យបុគ្គលជ្រើសរើសយកការប្រើប្រាស់ “ថ្នាំបុរាណ” ឬ “អាហារបន្ថែមដែលមានសារជាតិចិញ្ចឹម”។
  • បំលាស់ប្តូរមេតាប៉ូលីស៖ ការឆ្លងមេរោគអេដស៍ប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការស្រូបយកអាហារ និងការបរិភោគអាហារមិនបានគ្រប់គ្រាន់ខណៈដែលតម្រូវការអាហារូបត្ថម្ភកើនឡើង។ កង្វះអាហារូបត្ថម្ភកើនឡើងនៅពេលរាងកាយពុំទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ។
  • ការប្រើប្រាស់ឱសថ៖ ដើម្បីឱ្យការព្យាបាលដោយការប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអេដស៍មានប្រសិទ្ធភាព ចាំបាច់ត្រូវទទួលទានអាហារឱ្យបានទៀងទាត់ មានអាហារូបត្ថម្ភល្អ និងការគាំទ្រជាប្រចាំទៅលើការបរិភោគត្រឹមត្រូវ។
  • បញ្ហាក្រពះពោះវៀន៖ មេរោគអេដស៍ និងមេរោគឆ្លងផ្សេងទៀតអាចប៉ះពាល់ដល់សមត្ថភាពពោះវៀនក្នុងការរំលាយ និងស្រូបយកអាហារ (ស្រូបយកសារជាតិចិញ្ចឹមមិនបាន)។ ការស្រូបយកសារជាតិចិញ្ចឹមមិនបានបង្កឱ្យមានជំងឺរាករូស ដែលនាំទៅរកការបាត់បង់ជាតិទឹក និងសារជាតិចិញ្ចឹម។
  • ជំហានទី៣៖ ការធ្វើបទបង្ហាញ

បន្តការធ្វើបទបង្ហាញខ្លី។ ពន្យល់៖ ការស្រកទម្ងន់អាចកើតមានដោយសារជំងឺ និងបាត់បង់ចំណង់បរិភោគ។

  • កំណត់សម្គាល់

    កត្តារួមចំណែកចំពោះ អាហារូបត្ថម្ភខ្សត់ខ្សោយមិនមែនមានកត្តាតែម៉្យាងទេដែលបណ្តាឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មានបញ្ហាស្រកទម្ងន់ និងកង្វះអាហារូបត្ថម្ភ។ កត្តាមួយចំនួនក្នុងចំណោមកត្តាទាំងេនះមិនមែនជះឥទ្ធិពលដោយផ្ទាល់ពីការឆ្លងមេរោគអេដស៍ទេ ឧទាហរណ៍ ភាពក្រីក្រ ជំនឿអំពីការបរិភោគអាហារ ជាដើម។

នៅពេលមនុស្សម្នាក់ឈឺ និងមានចំណង់បរិភោគតិច ការបរិភោគអាហារត្រូវបានកាត់បន្ថយព្រោះ ឬក៏រាងកាយស្រូបយកអាហារបានតិច អាស្រ័យហេតុនេះ រាង្គកាយបែរជាទៅទាញយកថាមពលបម្រុងដែលបានស្តុកទុក គឺពីខ្លាញ់ក្នុងខ្លួន និងប្រូតេអ៊ីនពីសាច់ដុំ។ មនុស្សស្រកទម្ងន់ដោយសារទម្ងន់រាងកាយ និងសាច់ដុំបានបាត់បង់។ ការឆ្លងមេរោគអាចធ្វើឱ្យតម្រូវការអាហារកើនឡើង ដូច្នេះបើយើងមិនអាចបង្កើនបរិមាណអាហារដែលត្រូវបរិភោគទេ យើងនឹងស្រកទម្ងន់។

ទារក និងកុមារដែលរស់នៅជាមួយមេរោគអេដស៍មានការប្រឈមនឹងបញ្ហាអាហារូបត្ថម្ភខ្លាំង ដូចជា ការលូតលាស់ខ្សោយ ឬបង្អាក់ការលូតលាស់ កង្វះអាហារូបត្ថម្ភមធ្យមធ្ងន់ធ្ងរ ពិបាកផ្តល់អាហារ និងមានជំងឺឱកាសនិយមញឹកញាប់។ បន្ថែមលើនេះទៀត ចង្កោមរោគសញ្ញាជាច្រើនទៀតចំពោះកុមារដែលរស់នៅជាមួយមេរោគអេដស៍ក៏កើតឡើងព្រមគ្នាជាមួយនឹងជំងឺទូទៅផ្សេងទៀតរបស់កុមារដែរ។

សម្រាប់ទារក និងកុមារ ការលូតលាស់ល្អគឺជាសូចនាករអាហារូបត្ថម្ភដ៏ប្រសើរ។ ការលូតលាស់មិនប្រក្រតីតែងកើតមានចំពោះកុមារដែលរស់នៅជាមួយមេរោគអេដស៍។ ការលូតលាស់មិនប្រក្រតីអាចកើតមានឡើងក្នុងអំឡុងពេលការមេរោគអេដស៍។

កុមារដែលរស់នៅជាមួយមេរោគអេដស៍ប្រឈមមុខនឹងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដែលរួមចំណែកធ្វើឱ្យមានការលូតលាស់មិនល្អ ដូចជា៖

  • ការបរិភោគអាហារមិនគ្រប់គ្រាន់ដោយសារកត្តាសេដ្ឋកិច្ចសង្គម៖ អសន្តិសុខស្បៀង រោគសញ្ញាជំងឺ ឧទាហរណ៍ រាករូស បាត់បង់ចំណង់បរិភោគ ដំបៅមាត់ និងផ្សិតក្នុងមាត់
  • កាន់តែបាត់បង់សារជាតិចិញ្ចឹមដោយសារពុំមានលទ្ឋភាពស្រូបយកអាហារ (ការស្រូបសារជាតិចិញ្ចឹមមិនបានល្អ រាករូស និងក្អួត)
  • បង្កើនតម្រូវការសារជាតិចិញ្ចឹម ដោយសារមេរោគអេដស៍
  • ពិបាកផ្តល់អាហារ
  • កត្តាសេដ្ឋកិច្ចសង្គមច្រើនទៀត ឧទាហរណ៍ ឪពុកម្តាយឬអាណាព្យាបាលមានជំងឺ ភាពក្រីក្រ ។ល។

លក្ខណៈពីរយ៉ាងនៃការលូតលាស់មិនបានល្អ៖

  • ទម្ងន់មិនកើនឡើង ឬ
  • ទម្ងន់កើនឡើងដែរ ប៉ុន្តែខ្សែបន្ទាត់លូតលាស់របស់កុមារនៅទាបជាងខ្សែបន្ទាត់លូតលាស់ស្តង់ដា ក្នុងរយៈពេល៖
    • លើសពីមួយខែ សម្រាប់កុមារអាយុតិចជាង៤ខែ
    • ឬលើសពី២ខែ សម្រាប់កុមារអាយុពី៤ខែឡើង

ស្ត្រីមានផ្ទៃពោះមានតម្រូវការថាមពល និងសារជាតិចិញ្ចឹមកើនឡើងដើម្បីបង្កើនទម្ងន់របស់ទារកក្នុងផ្ទៃការលូតលាស់ធំធាត់ និងការវិវឌ្ឍន៍។ ស្ត្រីត្រូវការបរិភោគអាហារឱ្យបានច្រើនដើម្បីផ្តល់ថាមពលគ្រប់គ្រាន់ចំពោះការលូតលាស់របស់កុមារ ជាពិសេសនៅដំណាក់កាលចុងក្រោយនៃពេលមានផ្ទៃពោះ។ អ្នករស់នៅជាមួយមេរោគអេដស៍ដែលជាស្ត្រីមានផ្ទៃពោះមានការប្រឈមនឹងកង្វះអាហារូបត្ថម្ភ។

នៅពេលទៅសួរសុខទុក្ខអ្នកជំងឺ សូមសួរខ្លួនអ្នកថា៖

  • តើអ្នកជំងឺនេះស្រកទម្ងន់ដែរ ឬទេ?
  • តើអ្នកជំងឺនេះមានទម្ងន់មិនគ្រប់ដែរឬទេ (សន្ទស្សន៍ម៉ាស់រាងកាយទាប ឬក្រោម-២ z-score)?
  • បើជាកុមារ តើកុមារនោះលូតលាស់មិនល្អ (ស្រកទម្ងន់ ឬមិនឡើងទម្ងន់មួយរយៈ) មែនឬទេ?
  • បើជាស្ត្រីមានផ្ទៃពោះ តើគាត់មិនកើនទម្ងន់នៅក្នុងត្រីមាសទី២ និង៣ មែនឬទេ?
  • ប្រសិនបើចម្លើយចំពោះសំណួរទាំងនេះគឺ “មែន” ពេលនោះយើងត្រូវប្រឹក្សាជាមួយអ្នករស់នៅជាមួយមេរោគអេដស៍នូវវិធីដើម្បីបង្កើនទម្ងន់របស់ពួកគេ។ ហើយបើពួកគេមិនបានស្រកទម្ងន់ទេ យើងត្រូវផ្តល់ប្រឹក្សាអំពីរបៀបថែរក្សាទម្ងន់រាងកាយរបស់គេ។

វិធីសាស្ត្រចំបង៧យ៉ាងដើម្បីបង្កើនទម្ងន់ ឬរក្សាទម្ងន់/ការលូតលាស់

  1. បរិភោគអាហារបន្ថែមឱ្យបានបីពេលក្នុងមួយថ្ងៃ (៤ពេល បើជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន)
  2. បន្ថែមបរិមាណអាហារក្នុងមួយពេលៗ ដែលបានមកពីអាហារទាំងបីក្រុម
  3. បរិភោគអាហារសម្រន់ និងបង្អែមនៅបន្ទាប់ ឬចន្លោះអាហារ យ៉ាងតិច២ដងក្នុងមួយថ្ងៃ។
  4. ពង្រឹងគុណភាពអាហារដោយប្រើ (គ្រឿងផ្សំរសជាតិ) ដោយបន្ថែមខ្ទិះដូង សណ្តែក ដី ប្រេងឆា សណ្តែកសៀង ទឹកដោះគោខាប់ ឬសម្លទឹកខាប់ៗ។
  5. ក្រៅពីទឹក ពិសារភេសជ្ជៈមានថាមពល (ដូចជា ទឹកផ្លែឈើស្រស់ ទឹកសណ្តែក ៘) ជាជាងកាហ្វេ ឬតែ។
  6. ប្រសិនបើជាទារក ឬកុមារតូចៗ ត្រូវបង្កើនចំនួនដងនៃការបំបៅដោះឱ្យបានញឹកញាប់ (ទឹកដោះម្តាយ ឬទឹកដោះគោម្សៅដែលបានរៀបចំទុកដោយសមស្រប និងសុវត្ថិភាព)។
  7. ពេលមានមេរោគឆ្លង និងជំងឺផ្សេងៗ ត្រូវប្រញាប់ព្យាបាលជាបន្ទាន់ និងដោយសមស្រប ហើយបង្កើនការបរិភោគអាហារឱ្យបានច្រើនក្រោយពេលជាសះស្បើយពីជំងឺរហូតដល់កើនទម្ងន់ឡើងវិញបានដូចដើម។

ពន្យល់សិក្ខាកាមថា៖ ត្រូវដឹងថា នៅពេលកុមារដែលរស់នៅជាមួយមេរោគអេដស៍មានអាការរាករូស គ្រុនក្តៅ ផ្សិតក្នុងមាត់ និងមេរោគឆ្លងផ្សេងៗទៀត ចំណង់បរិភោគអាហាររបស់ពួកគេនឹងធ្លាក់ចុះ រីឯតម្រូវការអាហារូបត្ថម្ភនឹងកើនឡើង។ បញ្ហានេះធ្វើឱ្យមានការស្រកទម្ងន់ និងការលូតលាស់ខ្សោយ។ ការបន្តបរិភោគអាហារឱ្យបានច្រើនតាមតែអាចធ្វើបានមានសារៈសំខាន់ណាស់សម្រាប់កុមារក្នុងអំឡុងពេលមានជំងឺ និងត្រូវបង្កើនអាហារក្នុងអំឡុងពេលជាសះស្បើយ។ ត្រូវផ្តល់អាហារពេល ឬអាហារសម្រន់បន្ថែម (ឬ ផ្តល់អាហារឱ្យបានញឹកញាប់ និងទុកអាហារនៅជិតកុមារក្នុងករណីពួកគេមានអារម្មណ៍ចង់បរិភោគ) បន្ទាប់ពីបានសះស្បើយ។ វិធីនេះនឹងជួយគេឱ្យទទួលបានទម្ងន់ដែលបាត់បង់អំឡុងពេលមានជំងឺមកវិញ។ ប្រសិនបើកុមារនៅបៅដោះ ត្រូវបង្កើនចំនួនដងក្នុងថ្ងៃនីមួយៗ និងត្រូវបំបៅដោះទាំងសងខាង។

សរសេរវិធី ៧យ៉ាងដើម្បីបង្កើនទម្ងន់នៅលើក្រដាសផ្ទាំងធំមួយ និងប្រើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អ (លេខ ៨ ១១ និង១៣) ដើម្បីពន្យល់នូវវិធីខ្លះៗក្នុងការបង្កើនទម្ងន់។ សម្រាប់ចំនុចទី៤ និងទី៥ខាងលើ ចូរបង្ហាញពីប័ណ្ណអាហារតូច “គ្រឿងផ្សំបន្ថែមជីវជាតិ” ដែលមានពណ៌ស្វាយ និងប័ណ្ណពណ៌ខៀវ ដែលបានមកពីកញ្ចប់សម្ភារៈ។

  • ជំហានទី៤៖ ការពិភាក្សាក្រុម

ប្រើសំណួរខាងក្រោមដើម្បីឱ្យសិក្ខាកាមពិភាក្សាអំពីវិធីនីមួយៗក្នុងចំណោមវិធីទាំង៧យ៉ាងដើម្បីបង្កើនទម្ងន់៖

  1. តើអ្នករស់នៅជាមួយមេរោគអេដស៍ដែលអ្នកធ្វើការជាមួយជាធម្មតាបរិភោគអាហារប៉ុន្មានពេលក្នុងមួយថ្ងៃ? តើពួកគេធ្វើយ៉ាងណាដើម្បីអាចបន្ថែមអាហារមួយពេលទៀតទៅលើអាហារធម្មតាប្រចាំថ្ងៃរបស់គេដូចម្តេចដើម្បីឱ្យបានអាហារ ៣ពេល ឬ៤ពេលប្រសិនបើគេមានផ្ទៃពោះ និងបំបៅដោះកូន?
  2. តើការបន្ថែមបរិមាណអាហារច្រើនទៅក្នុងអាហារពេលជាការលំបាក ឬងាយស្រួលសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍? ហេតុអ្វីបានជាអ្នកគិតថាងាយស្រួល ឬលំបាក?
  3. តើប្រជាជនក្នុងស្រុករបស់អ្នកចូលចិត្តបរិភោគបង្អែមដែលល្អសម្រាប់សុខភាពអ្វីខ្លះ? (ចូរលើកឧទាហរណ៍នៃបង្អែមមានជីវជាតិពីក្នុងសៀវភៅ “ការបង្ហាញរបៀបដាំស្ល”)។
  4. តើអាហារសម្រន់អ្វីខ្លះអាចរកបាននៅក្នុងតំបន់របស់អ្នកដែលយើងអាចជំរុញឱ្យពួកគេបរិភោគ? (ចម្លើយ អាចមាន ផ្លែឈើផ្សេងៗដូចជា ចេក និងល្ហុង ចេកអាំង ចេកស្ងោរ ពោតចំហុយ និងអាហារដទៃទៀតដូចជា ស៊ុតស្ងោរ សណ្តែកបាយជាមួយខ្ទិះដូង ទឹកសណ្តែក)៘
  5. តើប្រជាជនចូលចិត្តបរិភោគអាហារសម្រន់ប៉ុន្មានដងក្នុងមួយថ្ងៃ? តើយើងអាចលើកទឹកចិត្តពួកគេឱ្យបរិភោគយ៉ាងតិច២ដងបានដែរ ឬទេ?
  6. “គ្រឿងផ្សំបន្ថែមជីវជាតិ” សាមញ្ញៗដូចជា ខ្ទិះដូង ប្រេងឆា សណ្តែកដី និងសណ្តែកសៀង អាចដាក់បន្ថែមលើសម្លដើម្បីបង្កើនសារជាតិចិញ្ចឹម និងថាមពល។ បង្ហាញប័ណ្ណ “គ្រឿងផ្សំបន្ថែមជីវជាតិ” ពណ៌ស្វាយ ដែលបានមកពីកញ្ជប់សម្ភារៈម្តងទៀត។ តើមុខម្ហូបសាមញ្ញអ្វីខ្លះដែលយើងអាចប្រើជាមួយ“គ្រឿងផ្សំបន្ថែមជីវជាតិ” ទាំងនេះ?
  7. វិធីមួយទៀតដែលជួយឱ្យសម្លកាន់តែមានសារជាតិចិញ្ចឹមច្រើនគឺត្រូវមានទឹកតិចឬធ្វើឱ្យកាន់តែខាប់។ តើធ្វើដូចម្តេចដើម្បីឱ្យសម្លកាន់តែខាប់? (បង្ហាញរូបភាពពីសម្ភារៈដែលមានធាតុផ្សំផ្សេងៗក្នុងសម្ល)។ តើមានវិធីដទៃទៀដែលយើងអាចធ្វើឱ្យសម្លខាប់ ឬទេ?
  8. តើភេសជ្ជៈផ្តល់ថាមពលអ្វីដែលអ្នករស់នៅជាមួយមេរោគអេដស៍អាចបរិភោគបាន?
  9. តើអ្នករស់នៅជាមួយមេរោគអេដស៍គួរស្វែងរកការថែទាំសុខភាពនៅពេលណា? តើសញ្ញាទូទៅនៃជំងឺ ឬកង្វះអាហារូបត្ថម្ភមានអ្វីខ្លះដែលពួកគេគួរស្វែងរកការថែទាំសុខភាព? តើទីណាជាកន្លែងសមរម្យបំផុតដែលយើងគួរផ្តល់ដំបូន្មានឱ្យពួកគេទៅរកសេវាសុខភាព?
  10. តើយើងមានកត់សម្គាល់ឃើញថា ពេលឈឺ យើងស្រកទម្ងន់ឬទេ? ហេតុអ្វីបានជាស្រកទម្ងន់? (ចម្លើយគឺ រាងកាយត្រូវការថាមពលបន្ថែម ដើម្បីប្រឆាំងនឹងជំងឺ ស្របពេលដែលការបរិភោគអាហារថយចុះ)។ ដោយសាតែការស្រកទម្ងន់ រាងកាយកាន់តែងាយរងគ្រោះដោយសារជំងឺបន្ថែមទៀត។ តើអ្នករស់នៅជាមួយមេរោគអេដស៍អាចបំបែកវដ្តនេះបានយ៉ាងដូចម្តេច? (ចម្លើយគឺ ព្យាយាមបង្កើនទម្ងន់មកវិញក្រោយពេលឈឺ និងការរក្សាទម្ងន់ឱ្យបានល្អ )។
  11. ប្រសិនបើអ្នកត្រូវការបង្កើនទម្ងន់ តើវិធីសាស្ត្រមួយណាក្នុងចំណោមវិធីសាស្ត្រទាំង៧នេះដែលអ្នកចង់សាកល្បងមុនគេ? ហេតុអ្វីបានជាអ្នកជ្រើសរើសយកវិធីសាស្ត្រនោះ?
  12. តើអាហារ និងភេសជ្ជៈសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនអាចធ្វើឱ្យប្រសើរតាមរបៀបណា? តើគួរមានតំណមអាហារណាមួយទេ?

ណែនាំសិក្ខាកាមអំពីឯកសារមេរៀនទី៣។ សុំឱ្យពួកគេអានវិធីសាស្ត្រទាំង៧យ៉ាងដើម្បីបង្កើនទម្ងន់ ឬរក្សាទម្ងន់ ឱ្យឮទាំងអស់គ្នា។

គោលបំណងទី៥

សិក្ខាកាមអាចយល់ដឹងអំពីព័ត៌មានមិនត្រឹមត្រូវអំពីមេរោគអេដស៍ និងអាហារ និងផ្តល់ព័ត៌មានត្រឹមត្រូវ

វិធីសាស្ត្របង្រៀន៖ ការធ្វើបទបង្ហាញ សំណួរ-ចម្លើយ ការពិភាក្សាក្រុម

  • ជំហានទី១៖ ការធ្វើបទបង្ហាញ

ចាប់ផ្តើមដោយសួរថា៖ តើអ្នកធ្លាប់បានទទួលដំបូន្មានពីនរណាម្នាក់ហើយក្រោយមកបានដឹងថា ដំបូន្មាននោះមិនត្រឹមត្រូវដែរ ឬទេ? តើករណីនេះបានកើតឡើងប៉ុន្មានដងចំពោះរូបអ្នក? តើនរណាម្នាក់អាចចែករំលែកបទពិសោធន៍អំពីករណីនេះទេ? ទុកពេលឱ្យសិក្ខាកាមគិតពីរបីនាទី រួចចែករំលែករឿងមួយ ឬពីរ។ ជំរុញលើកទឹកចិត្តសិក្ខាកាមឱ្យគិតពីឧទាហរណ៍នៃការយល់មិនត្រឹមត្រូវអំពីអាហារ និងតំណមអាហារទាក់ទងជាមួយកុមារ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន អ្នកមានជំងឺ និងអ្នករស់នៅជាមួយមេរោគអេដស៍។ អ្នកសម្របសម្រួលក៏អាចលើកអំពីរឿងដែលខ្លួនធ្លាប់ឆ្លងកាត់ ដើម្បីចែករំលែកជាមួយសិក្ខាកាមដែរ។

បន្តការពន្យល់៖ ជូនកាលយើងទទួលព័ត៌មានខុស។ សូម្បីតែព័ត៌មានដែលយើងទទួលបានពីមនុស្សសំខាន់ៗជួនកាលក៏អាចខុសដែរ។ ប្រជាជនកម្ពុជាភាគច្រើនទទួលដំបូន្មានស្តីពីអាហារតាមរយៈការនិយាយតៗគ្នា ពីជីដូនជីតា អ្នកជិតខាង និងសូម្បីតែគ្រូពេទ្យខ្លះក៏ផ្តល់ដំបូន្មានអំពីចំណីអាហារដែរ ដែលជួនកាលដំបូន្មាននោះមិនត្រឹមត្រូវទាំងស្រុងទេ។ ថ្ងៃនេះយើងនឹងសិក្សាអំពីដំបូន្មាន ឬព័ត៌មានមិនត្រឹមត្រូវមួួយចំនួនពាក់ព័ន្ធនឹងអាហារូបត្ថម្ភសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ ហើយយើងក៏នឹងរៀនអំពីព័ត៌មានត្រឹមត្រូវពិតប្រាកដផងដែរ។

  • ជំហានទី២៖ សំណួរ និងចម្លើយ

ចូរប្រើសំណួរខាងក្រោមដើម្បីដាស់ស្មារតីការពិភាក្សា។ ក្រោយពីសិក្ខាកាមឆ្លើយរួច ចូរសួរសំណួរ៖ តើពួកគេបានឮព័ត៌មាននោះពីទីណា ហើយតើព័ត៌មាននោះមានអ្វីជាមូលដ្ឋាន? ក្រោយពីពិភាក្សាសំណួរនីមួយៗរួច ចូរផ្តល់ព័ត៌មានត្រឹមត្រូវ។

១ តើអ្នកធ្លាប់ឮថាអ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីទើបសម្រាលកូន និងស្ត្រីបំបៅដោះកូន គួរចៀសវាងបរិភោគបន្លែឆៅដែរ ឬទេ?

ព័ត៌មានត្រឹមត្រូវ៖

បន្លែឆៅគឺល្អសម្រាប់សុខភាព ប៉ុន្តែគេត្រូវលាងវាឱ្យស្អាតមុននឹងបរិភោគ។ បន្លែស្រស់ខ្លះមានប្រឡាក់ដី ឬលាមកសត្វ។ ប្រសិនបើបរិភោគបន្លែដែលមានប្រឡាក់ដី ឬលាមកសត្វ ពួកគេអាចទៅជាឈឺ។ ប៉ុន្តែការឈឺនោះមិនមែនបណ្តាលមកពីបន្លែស្រស់នោះទេ គឺវាបណ្តាលមកពីមេរោគបាក់តេរីដែលជាប់ប្រឡាក់នៅលើបន្លែនោះ។

បន្លែស្រស់មានជីវជាតិ និងសារជាតិរ៉ែ៖ ដើម្បីការពារថែរក្សាសុខភាព។ អ្នករស់នៅជាមួយមេរោគអេដស៍ និងស្ត្រីទើបសម្រាលកូន និងស្ត្រីបំបៅដោះកូនអាចបរិភោគបន្លែស្រស់បាន ប៉ុន្តែពួកគេត្រូវតែលាងឱ្យបានស្អាតជាមួយទឹកឆ្អិន ឬទឹកស្អាតមុនពេលបរិភោគ។

២ តើអ្នកធ្លាប់ឮថាអ្នករស់នៅជាមួយមេរោគអេដស៍ មិនគួរបរិភោគអាហារសមុទ្រដែរឬទេ?

ព័ត៌មានត្រឹមត្រូវ៖

អាហារសមុទ្រគឺជាប្រភពដ៏សំខាន់មួយនៃប្រូតេអ៊ីន (អាហារស្ថាបនារាងកាយ) សម្រាប់មនុស្សជាច្រើនជាពិសេសអ្នកដែលរស់នៅជិតសមុទ្រ។ អ្នកខ្លះប្រតិកម្មជាមួយគ្រឿងសមុទ្រហើយការបរិភោគគ្រឿងសមុទ្រនេះអាចបង្កឱ្យមានស្នាមកន្ទួលលើស្បែក។ ប៉ុន្តែការប្រតិកម្មនេះគឺមិនពាក់ព័ន្ធនឹងការមានផ្ទុកមេរោគអេដស៍ទេ។ និយាយម៉្យាងវិញទៀត ប្រសិនបើមនុស្សម្នាក់មានប្រតិកម្មនឹងអាហារសមុទ្រកាលពីមុនពេលដែលពួកគេឆ្លងមេរោគអេដស៍ ឥឡូវនេះ ពួកគេក៏ប្រហែលជានៅតែមានប្រតិកម្មដដែល ហើយពួកគេគួរចៀសវាងបរិភោគអាហារសមុទ្រ។ ផ្ទុយទៅវិញ ប្រសិនបើគេគ្មានប្រតិកម្មនឹងអាហារសមុទ្រ មុនពេលពួកគេមានមេរោគអេដស៍ទេ ពេលនេះ ពួកគេគួរតែអាចបន្តការបរិភោគអាហារសមុទ្រទៅទៀត ដោយគ្មានបញ្ហាអ្វីឡើយ។ អាហារសមុទ្រក៏ដូចជាស៊ុត និងសាច់ដែរ គួរតែចម្អិនឱ្យបានល្អមុនពេលបរិភោគ។

កំណត់សម្គាល់អំពីសារធាតុបារតក្នុងត្រី

ត្រីអាចជាផ្នែកមួយនៃអាហារសុខភាពល្អ ប៉ុន្តែស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន និងកុមារតូចៗគួរជ្រើសរើសឱ្យបានឆ្លាតវៃ។ ជាទូទៅ សារធាតុបារតនៅក្នុង មិនមែនជាកង្វល់ធំដុំសម្រាប់មនុស្សទូទៅទេ ប៉ុន្តែចូរដឹងថា ត្រី និងប្រភេទសត្វមានសំបក (ខ្ចៅខ្ចងគ្រុំងាវ) មួយចំនួនមានផ្ទុកសារធាតុបារតកម្រិតខ្ពស់ ដែលអាចមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ឬការវិវឌ្ឍន៍ផ្នែកប្រព័ន្ធប្រសាទរបស់កុមារតូចៗ។ ត្រីធំៗដែលរស់នៅយូរឆ្នាំ និងស៊ីត្រីផ្សេងទៀត មានដូចជា ត្រីឆ្លាម ត្រីចំពុះដាវ ស្តេចត្រីស្បៃការ (king mackerel) អាចមានផ្ទុកសារធាតុបារតកម្រិតខ្ពស់។ ស្ត្រីដែលនឹងមានផ្ទៃពោះ ស្ត្រីដែលមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន និងកុមារតូចៗ គួរចៀសវាងត្រីដែលមានសារធាតុបារតខ្ពស់។ ប្រសិនបើបានបរិភោគត្រីប្រភេទនេះមួយផ្នែកតូច (ប្រហែល១០០ក្រាម) មិនគួរបរិភោគត្រីផ្សេងទៀតទេអំឡុងពេលមួយសប្តាហ៍។

៣ តើអ្នកធ្លាប់ឮថាអ្នករស់នៅជាមួយមេរោគអេដស៍ មិនគួរបរិភោគអាហារផ្អាប់ ឬអាហារជូរដែរឬទេ?

ព័ត៌មានត្រឹមត្រូវ៖

អ្នករស់នៅជាមួយមេរោគអេដស៍អាចបរិភោគអាហារផ្អាប់ និងអាហារដែលមានរសជាតិជូរបាន។ តាមពិត និងជួនកាល អាហារផ្អាប់ទុកយូរក៏អាចបង្កើនគុណតម្លៃអាហារូបត្ថម្ភដែរ។

ប្រសិនបើអាហារណាមួយធ្វើឱ្យរាករូស ឬឈឺពោះ គួរចៀសវាងអាហារនេះ។ ប៉ុន្តែអ្នកផ្សេងមិនគួរចៀសវាងអាហារនោះដោយសារតែមនុស្សម្នាក់ទៀតមានបញ្ហាជាមួយវាឡើយ។

ប្រសិនបើគេអាចធន់ និងចូលចិត្តអាហារផ្អាប់ ឬអាហារដែលមានរសជាតិជូរ គ្មានហេតុផលណាមួយដែលត្រូវចៀសវាងអាហារទាំងនេះឡើយ។

៤ តើអ្នកធ្លាប់ឮថា អ្នករស់នៅជាមួយមេរោគអេដស៍មិនគួរបរិភោគហិរ ឬអាហារមានផ្សំគ្រឿងទេសដែរឬទេ?

ព័ត៌មានត្រឹមត្រូវ៖

អាហារមានផ្សំគ្រឿងទេស ឬហឹរអាចធ្វើឱ្យរលាកក្រពះ ដូច្នេះអាចបង្កឱ្យរាករូស ឬក្តៅក្រហាយនៅក្នុងក្រពះ។ ប្រសិនបើនរណាម្នាក់កំពុងមានបញ្ហាក្រពះ ឬរាកដោយសារការឆ្លងរោគ ពួកគេគួរចៀសវាងអាហារមានផ្សំគ្រឿងទេស និងម្ទេស។ ទោះបីជាយ៉ាងនេះក្តី ប្រសិនបើមនុស្សម្នាក់មានសុខភាពល្អ និងគ្មានបញ្ហាទាំងនេះទេ គាត់នៅតែអាចបរិភោគប្រភេទនេះបាន ដរាបណាវាមិនធ្វើឱ្យក្រពះរបស់គាត់ឈឺទេនោះ។ ប្រសិនបើអាហារនេះចាប់ផ្តើមបង្កឱ្យមានបញ្ហាក្រពះ គេគួរចៀសវាងវា។

គ្រឿងទេសអាចធ្វើឱ្យអាហាររសជាតិឆ្ងាញ់សម្រាប់មនុស្សខ្លះ ដូចនេះ វាធ្វើឱ្យពួកគេអាចបរិភោគអាហារបានកាន់តែច្រើន។ មនុស្សគ្រប់រូបត្រូវតែសម្រេចដោយខ្លួនឯងនូវបរិមាណម្ទេសដែលខ្លួនអាចបរិភោគបាន និងនៅតែមានសុខភាពល្អ។

គ្រឿងទេសអាចធ្វើឱ្យអាហារកាន់តែគួរឱ្យចង់បរិភោគ ដោយបន្ថែមនូវរសជាតិ។ គេអាចមានជម្រើសគ្រឿងទេសផ្សេងក្រៅពីម្ទេស ដូចជា ស្លឹកគ្រៃ ខ្ញី ស្លឹកជី ស្លឹកខ្ទឹម និងខ្ទឹមស។

៥ តើអ្នកធ្លាប់ឮថា អ្នករស់នៅជាមួយមេរោគអេដស៍គួរកាត់បន្ថយការបរិភោគអាហារដែលមានជាតិខ្លាញ់ អាហារឆា ឬចៀនដែរឬទេ?

ព័ត៌មានត្រឹមត្រូវ៖

អ្នករស់នៅជាមួយមេរោគអេដស៍ភាគច្រើននៅកម្ពុជា មានទម្ងន់មិនគ្រប់ ឬប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ។ ប្រេងឆា និងខ្លាញ់គឺជាប្រភពដ៏សំខាន់នៃថាមពល ហើយអាហារដែលចៀន ឬឆា (ត្រី សាច់មាន់ សាច់ជ្រូក កង្កែប៘)គឺជាប្រភពដ៏សំខាន់នៃប្រូតេអ៊ីន ហើយគួរត្រូវបានលើកទឹកចិត្តឱ្យបរិភោគ។ បន្លែ ឬផ្លែឈើចៀន ដូចជាចេកចៀន គឺជាប្រភពថាមពលដ៏ល្អ និងជាអាហារសម្រន់ដ៏ល្អ។

មនុស្សដែលមានជំងឺរាករូសមធ្យម និងធ្ងន់ធ្ងរ គួរចៀសវាងអាហារមានជាតិខ្លាញ់ ឬឆាជាបណ្តោះអាសន្ន ប៉ុន្តែនៅពេលឈប់រាក គេអាចចាប់ផ្តើមបរិភោគអាហារទាំងនោះបានឡើងវិញជាធម្មតា។

សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍តែគ្មានរាក និងខ្វះទម្ងន់ ការបរិភោគអាហារឆា ឬចៀនអាចជាវិធីដ៏ល្អមួយដើម្បីបង្កើនទម្ងន់របស់ពួកគេ។

ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ដែលលើសទម្ងន់ អាចបរិភោគជាតិខ្លាញ់ ឬអាហារចៀនតិច ដើម្បីកាត់បន្ថយការកើនទម្ងន់។

៦ តើអ្នកធ្លាប់ឮថា ការបរិភោគសាច់មាន់ សាច់គោនឹងធ្វើឱ្យដំបៅ ឬរបួសមិនជាដែរឬទេ?

ព័ត៌មានត្រឹមត្រូវ៖

ដូចយើងបានរៀននៅក្នុងមេរៀនទី២ដែរ សាច់មាន់ សាច់គោ គឺផ្នែកមួយនៃក្រុមអាហារ “ស្ថាបនារាងកាយ”។ រាងកាយប្រើប្រាស់អាហារទាំងនេះដើម្បីស្ថាបនា និងជួសជុលជាលិកាដូចជាស្បែក និងសាច់ដុំ។ ដូចនេះ ការពិតអាហារស្ថាបនារាងកាយ (ដូចជាស៊ុត ត្រីសាច់មាន់ សាច់ជ្រូក សាច់គោ កង្កែប សាច់ទា និងពពួក សណ្តែក) មានសារប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សដែលមានដំបៅ ឬរបួសបើក។

ជាធម្មតា ប្រសិនបើដំបៅមិនជា គឺវាបណ្តាលមកពីការក្លាយរោគដោយសារបាក់តេរី។ ប្រសិនបើអ្នករស់នៅជាមួយមេរោគអេដស៍មានដំបៅដែលក្រជា ឬ ក្លាយ ពួកគួរតែស្វែងរកការព្យាបាលជាបន្ទាន់។

៧ តើអ្នកធ្លាប់ឮទេថា អ្នករស់នៅជាមួយមេរោគអេដស៍មិនគួរបរិភោគអាហារផ្អែម
(ផ្លែស្វាយ មៀន បាយដំណើប) ព្រោះពួកវាអាចបណ្តាលឱ្យក្តៅខ្លួន?

ព័ត៌មានត្រឹមត្រូវ៖

អ្នករស់នៅជាមួយមេរោគអេដស៍អាចបរិភោគអាហារមានជាតិផ្អែមបាន។ តាមពិតទៅ ការបរិភោគផ្លែឈើ បង្អែមដែលមានរសជាតិផ្អែមអាចជួយបន្ថែមថាមពល និងទម្ងន់ ដូចនេះវាមានសារៈសំខាន់ពិសេសណាស់សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ដែលបាត់បង់ទម្ងន់។ បាយអង្ករដំណើប និងស្វាយទុំមានភាពថាមពលខ្ពស់ ល្អប្រសើរ សម្រាប់ជាអាហារសម្រន់ និងបង្អែម។ គួរលើកទឹកចិត្តឱ្យមានការបរិភោគផ្លែឈើក្រោយអាហារ។

៨. តើអ្នកធ្លាប់ឮទេថា ស្ត្រីមានផ្ទៃពោះគួរចៀសវាងការបរិភោគអាហារច្រើនទេពីព្រោះវាអាចធ្វើឱ្យកូនរបស់គាត់ឆាប់ធំខ្លាំងពេកដែលធ្វើឱ្យពិបាកសម្រាល?

ព័ត៌មានត្រឹមត្រូវ៖

ស្ត្រីមានផ្ទៃពោះត្រូវការបរិភោគអាហារច្រើន ព្រោះពួកគេត្រូវការថាមពលបន្ថែមសម្រាប់ការលូតលាស់របស់ក្មេង និងអាចផលិតទឹកដោះបានគ្រប់គ្រាន់បន្ទាប់ពីសម្រាលកូន។ ជាពិសេស តម្រូវការថាមពលកើនឡើងនៅត្រីមាសទីពីរ និងទីបីនៃពេលមានផ្ទៃពោះ ស្ត្រីត្រូវការថាមពលបន្ថែមចន្លោះពី ២០០ ទៅ ៥០០កាឡូរីក្នុងមួយថ្ងៃ ដែលប្រហែលនឹងស៊ុតស្ងោរពីរគ្រាប់ និងចេកធំមួយផ្លែ។

ចំពោះស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ តម្រូវការថាមពលគឺកើនឡើងខ្លាំងព្រោះពួកគេត្រូវការថាមពលបន្ថែមសម្រាប់ការលូតលាស់របស់កុមារ និងការផលិតទឹកដោះ ព្រមទាំងប្រឆាំងនឹងមេរោគផ្សេងៗ។ ដើម្បីបំពេញតម្រូវការនេះ គេអាចបរិភោគអាហារបន្ថែមជាប្រចាំ ឬបរិភោគអាហារឱ្យបានញឹកញាប់ក្នុងមួយថ្ងៃ (ឧទាហរណ៍ រៀងរាល់ ២ទៅ៤ម៉ោងម្តង)។

ស្ត្រីដែលនឹងក្លាយជាម្តាយត្រូវការអាហារគ្រប់គ្រាន់ដើម្បីរក្សាសុខភាព និងរឹងមាំ។ ស្ត្រីដែលមិនឡើងទម្ងន់គ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះអាចមានគ្រោះថ្នាក់កើតមិនគ្រប់ខែ។

៩ តើអ្នកធ្លាប់ឮថា ស្ត្រីសម្រាលកូនរួចគួរទទួលទានស្រាច្រើនដើម្បីជួយឱ្យឆាប់ធូរស្បើយពីការឈឺពោះ និងសម្រាលកូនដែឬទេ?

ព័ត៌មានត្រឹមត្រូវ៖

វាមិនត្រឹមត្រូវទេដែលថាស្រានឹងជួយឱ្យឆាប់ធូរស្បើយយ៉ាងរហ័សក្រោយពេលសម្រាលកូន។ ដើម្បីសម្រាលកូន រាងកាយត្រូវការរយៈពេលជាច្រើនខែ ដូច្នេះ ដើម្បីឱ្យបានធូស្បើយវិញ វាក៏នឹងទាមទាររយៈពេលយូរដែរ។ ស្ត្រីដែលទើបក្លាយជាម្តាយថ្មីៗ គួរតែយកចិត្តទុកដាក់ជាពិសេសចំពោះរាងកាយរបស់ខ្លួន។

មាតាត្រូវបរិភោគអាហារឱ្យបានត្រឹមត្រូវ និងទឹកឱ្យបានច្រើន ដើម្បីឱ្យមានទឹកដោះគ្រប់គ្រាន់សម្រាប់កូន។ គួរចៀសវាងស្រាក្នុងអំឡុងពេលបំបៅដោះកូន ជាពិសេសនៅដើមខែដំបូង។ ប្រសិនបើមាតាទទួលទានស្រា ជាតិស្រានោះនឹងចូលទៅក្នុងទឹកដោះតាមរយៈឈាម ដោយវាបានធ្វើចលនាដោយសេរីពីឈាមទៅក្នុងទឹកដោះ។ កម្រិតជាតិស្រានៅក្នុងទឹកដោះអាស្រ័យលើកម្រិតខ្លាំងរបស់ជាតិអាល់កុល និងបរិមាណរបស់ស្រា។

ដើម្បីឱ្យឆាប់ធូរស្បើយ មាតាគ្រប់រូបត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងបរិភោគឱ្យបានត្រឹមត្រូវ។ មាតាត្រូវបរិភោគបន្ថែម សម្រាប់ខ្លួនឯងផង និងសម្រាប់ផលិតទឹកដោះសម្រាប់កូនផង។ ធ្វើដូចនេះនឹងអាចជួយម្តាយឱ្យទទួលបានថាមពល និងមានភាពរឹងមាំ។ មាតាមានសុខភាពល្អអាចផលិតទឹកដោះដែលមានគុណភាព និងបរិមាណទឹកដោះបានល្អប្រសើរ។

១០ តើអ្នកធ្លាប់ឮថា ស្ត្រីបំបៅដោះមិនគួរបរិភោគសម្លមានរសជាតិ ជូរ ត្រីជ្រក់ និងបន្លែឆៅដែរឬទេ?

ព័ត៌មានត្រឹមត្រូវ៖

របបអាហារសុខភាពតែងតែចាំបាច់សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ការថែទាំមាតា។ ការបំបៅដោះប្រើប្រាស់ថាមពល និងសារធាតុចិញ្ចឹមអស់ជាច្រើន ដូច្នេះ វាចាំបាច់ណាស់ដែលមាតាត្រូវការបរិភោគអាហារចម្រុះ ដើម្បីផ្តល់សារជាតិចិញ្ចឹមសម្រាប់សុខភាព និងសុវត្ថិភាព។ ស្ត្រីបំបៅដោះមិនគួរខ្លាចរអើង ផ្លែឈើ បន្លែ ជ្រក់ និងសាច់ទេ ដរាបណាអាហារទាំងនោះត្រូវបានរៀបចំប្រកបដោយអនាម័យ។

មានភស្តុតាងតិចតួចណាស់ដែលថា អាហារមួយចំនួនបណ្តាលឱ្យមានជំងឺរាកចំពោះម្តាយ និងទារក។ វាចាំបាច់ណាស់សម្រាប់ស្ត្រីបំបៅដោះកូនដើម្បីបរិភោគអាហារដែលរកបានក្នុងស្រុក ដែលផ្តល់ថាមពលដូចជា ប្រូតេអ៊ីន (អាហារស្ថាបនារាងកាយ បន្លែ ផ្លែឈើ អាហារការពាររាងកាយ) អាហារមានជាតិកាល់ស្យូម(ឧ. ទឹកដោះគោ ទឹក សណ្តែក) និងជាតិដែក (ឧ. សាច់ បន្លែ បៃតង ៘)។ ពួកគេក៏ត្រូវការទទួលទានសារធាតុរាវ (ឧ. ទឹក) ឱ្យបានច្រើន ។ល។ សារធាតុរាវទាំងអស់សុទ្ធតែមានសារៈសំខាន់ ប៉ុន្តែទឹកគឺជាប្រភពដែលល្អបំផុត។

១១ តើអ្នកធ្លាប់ឮថា កុមារមានជំងឺគួរចៀសវាងផ្លែឈើមួយចំនួន (ផ្លែត្របែក ឪឡឹក មៀន ស្វាយខ្ចី) សម្លសាច់ ឬសម្លត្រីដែរឬទេ?

ព័ត៌មានត្រឹមត្រូវ៖

ដូចដែលយើងបានរៀននៅក្នុងមេរៀននេះ កុមារតែងតែបាត់បង់ទម្ងន់ ឬឈប់មានការលូតលាស់ល្អនៅពេលពួកគេឈឺ។ នៅពេលកុមារធ្លាក់ខ្លួនឈឺ ពួកគេត្រូវកាអាហារច្រើនជាងធម្មតា ដូច្នេះ វាចាំបាច់ត្រូវបន្តផ្តល់អាហារដើម្បីថែទាំភាពរឹងមាំរបស់កុមារ និងចំណង់បរិភោគអំឡុងពេលឈឺ។

សាច់មាន់ ទា កង្កែប ស៊ុត ក្តាម សាច់ជ្រូក ឬត្រី គឺជាផ្នែកមួយនៃ (ក្រុមអាហារស្ថាបនារាងកាយ)។ អាហារទាំងនេះមានសារៈសំខាន់ចំពោះកុមារមានជំងឺ ពីព្រោះអាហារទាំងនេះផ្តល់ប្រូតេអ៊ីនសម្រាប់ការលូតលាស់ប្រសើរ និងធូរស្បើយពីជំងឺ។ បាយ សម្ល ឬបបរ ល្អសម្រាប់កុមារមានជំងឺ ប៉ុន្តែមាតាគួរបន្ថែមសាច់ត្រី ឬស៊ុតផងដែរ។ បន្លែ ផ្សេងៗ និងផ្លែឈើមានដូចជា ល្ពៅ ដំឡូង ល្ហុងទុំ ស្វាយទុំ ផ្តល់ជីវជាតិយ៉ាងច្រើន ដែលអាចជួយកុមារឱ្យមានសុខភាពល្អប្រសើរបានឆាប់រហ័ស។

វាមិនត្រឹមត្រូវទេដែលថាកុមារមានជំងឺដោយរាករូស និងក្អួតមិនគួរបរិភោគ ព្រោះវានឹងធ្វើឱ្យរលាកក្រពះ ឬធ្វើឱ្យកាត់តែរាក ឬក្អួតធ្ងន់ធ្ងរ។ ការបន្តបរិភោគគឺជារឿងល្អសម្រាប់ពួកគេ។ ជារឿយៗ កុមារនឹងចង់បៅដោះកាន់តែច្រើនថែមទៀត។ ការផ្តល់ឱ្យកុមារបៅដោះថែមទៀតគឺជាការល្អសម្រាប់ពួកគេ។ វានឹងជួយក្មេងក្នុងការទប់ទល់នឹងជំងឺ ឆាប់បានធូរស្បើយ និងមិនស្រកទម្ងន់។

សួរសិក្ខាកាម៖

  • តើនៅមានសំណួរអ្វីពាក់ព័ន្ធនឹងការពិភាក្សាខាងលើឬទេ?
  • តើមានការយល់ខុសអំពីអាហារផ្សេងទៀតដែលអ្នកធ្លាប់បានឮ និងចង់លើកមកពិភាក្សាឬទេ?
  • តើធ្វើដូចម្តេចទើបអាចបពា្ឈប់ការយល់ខុសទាំងនេះបានជាពិសេសប្រសិនបើប្រពភព័ត៌មានចេញមកពីសមាជិកគ្រួសារ ជីដូនជីតា ឬអ្នកជំនាញ/បុគ្គលិកសុខភាព?
  • ជំហានទី៣៖ ការធ្វើបទបង្ហាញ
  • កំណត់សម្គាល់

    ប្រសិនបើសិក្ខាកាមសួរបញ្ជាក់អំពីព័ត៌មានខុសអំពីអាហារមួយចំនួន ប៉ុន្តែអ្នកមិនដឹងចម្លើយ ឬដឹងចម្លើយមិនច្បាស់ ចូរប្រាប់សិក្ខាកាមថា អ្នកនឹងសាកសួរបន្ត ឬស្រាវជ្រាវបន្ថែម ហើយនឹងផ្តល់ព័ត៌មានត្រឹមត្រូវទៅឱ្យពួកវិញ។ កុំប្រាប់ព័ត៌មានដែលខ្លួនមិនដឹង ពីព្រោះវាធ្វើឱ្យកាន់តែមានយល់ខុសកាន់តែច្រើនពាក់ព័ន្ធនឹងម្ហូបអាហារ។

រយៈពេល៖ ១០នាទី

ការណែនាំពីសកម្មភាព៖ បែងចែកសិក្ខាកាមជាបីក្រុម។ លើកទឹកចិត្តសិក្ខាកាមឱ្យគិតពីឧទាហរណ៍នៃព័ត៌មានមិនត្រឹមត្រូវអំពីអាហារ និងតំណមអាហារដែលទាក់ទងនឹងកុមារដែលរស់នៅជាមួយមេរោគអេដស៍ ស្ត្រីមានផ្ទៃពោះនិងស្ត្រីបំបៅដោះកូន ដែលរស់នៅជាមួយមេរោគអេដស៍ និងមនុស្សពេញវ័យដែលរស់នៅជាមួយមេរោគអេដស៍ ដែលធ្លាក់ខ្លួនឈឺឬទេ?

ឱ្យក្រុមនីមួយៗចែករំលែកបទពិសោធន៍ ឬរឿងជាក់ស្តែងចំនួនមួយ ឬពីរ។

សង្ខេបខ្លឹមសារមេរៀន

សុំឱ្យសិក្ខាកាមមើល មេរៀនទី៣ (សៀវភៅសម្រាប់សិក្ខាកាម)។ សុំឱ្យពួកគេប្តូរវេនគ្នាអានឯកសារឱ្យឮៗទៅកាន់ក្រុម។ បើគ្មានពេលគ្រប់គ្រាន់ក្នុងការអានទេ សុំឱ្យសិក្ខាកាមត្រួតមើល ឡើងវិញ និងសិក្សាឯកសារនេះនៅពេលទំនេរនៅថ្ងៃបន្ទាប់។

ពន្យល់៖ យើងនឹងវាយតម្លៃអ្វីដែលយើងបានរៀនជាមួយនឹងតេស្តសាកល្បងខ្លីមួយ។ ចែកក្រដាសសំណួរឱ្យសិក្ខាកាម និងទុកពេលឱ្យពួកគេ៥–១០នាទី ដើម្បីឆ្លើយ។ បន្ទាប់ពីធ្វើតេស្តហើយ ពិនិត្យសំណួរឡើងវិញទាំងអស់គ្នា ដោយសុំឱ្យអ្នកស្ម័គ្រចិត្តផ្តល់ចម្លើយ។ ធ្វើការបញ្ជាក់ និងកែម្រូវចម្លើយបើចាំបាច់ និងឆ្លើយសំណួរដែលសិក្ខាកាមមាន។

Did you find apk for android? You can find new Free Android Games and apps.