logo
logo

មេរៀនទី៣ អាហារូបត្ថម្ភ និងមេរោគអេដស៍ (Participant KH)

Want create site? With Free visual composer you can do it easy.

ទំនាក់ទំនងរវាងមេរោគអេដស៍ និងអាហារូបត្ថម្ភ

ទំនាក់ទំនងរវាងអាហារូបត្ថម្ភ និងមេរោគអេដស៍មានភាពស្មុគស្មាញ។ មេរោគអេដស៍ធ្វើឱ្យចុះខ្សោយនូវប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺ និងការឆ្លងរោគ។ អ្នករស់នៅជាមួយមេរោគអេដស៍មានការប្រឈមខ្ពស់ នឹងបញ្ហាកង្វះអាហារូបត្ថម្ភ (អាហារូបត្ថម្ភខ្សោយ) តាមរយៈយន្តការ ផ្សេងៗដែលយន្តការខ្លះមិនពាក់ព័ន្ធនឹងការទទួលទានអាហារទេ។ កង្វះអាហារូបត្ថម្ភធ្វើឱ្យរាងកាយងាយរងគ្រោះ នឹងការឆ្លងរោគ និងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ការឆ្លងរោគ និងការមានជំងឺញឹកញាប់ធ្វើឱ្យរាងកាយកាន់តែខ្សោយទៅៗ និងជាឱកាសដែលធ្វើឱ្យមេរោគអាចពន្លឿនការរីករាលដាលនៅក្នុងសារពាង្គកាយ។

ដើម្បីប្រឆាំងនឹងការឆ្លងរោគផ្សេងៗ ប្រព័ន្ធការពាររាងកាយត្រូវការថាមពលបន្ថែម និងសារជាតិចិញ្ចឹមកាន់តែច្រើន។ មេរោគអេដស៍ធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ការឆ្លងរោគផ្សេងៗក៏ចេះតែកើនមានឡើង ហើយការប្រឆាំងនឹងមេរោគទាំងនេះធ្វើឱ្យរាងកាយត្រូវការសារជាតិចិញ្ចឹម និងថាមពលកាន់តែច្រើន។

មេរោគអេដស៍អាចជះឥទ្ធិពលដល់កម្រិតអាហារូបត្ថម្ភរបស់អ្នករស់នៅជាមួយមេរោគអេដស៍ តាមវិធី៣យ៉ាង៖

  • ធ្វើឱ្យកើនឡើងតម្រូវការថាមពល
  • កាត់បន្ថយការបរិភោគអាហារ និង
  • កាត់បន្ថយការស្រូបយកអាហារ។

តម្រូវការថាមពល និងកំណើនជាភាគរយ

ក្រុម

តម្រូវការថាមពល

កំណើនភាគរយ

មនុស្សប្រុស

២៥០០ កាឡូរី/ថ្ងៃ

មនុស្សស្រី

២០០០ កាឡូរី/ថ្ងៃ

ស្ត្រីមានផ្ទៃពោះ

ត្រូវការបន្ថែម ២០០ ទៅ ៥០០ កាឡូរី/ថ្ងៃ

១០ (ត្រីមាសទី២)
២៥ (ត្រីមាសទី៣)

ស្ត្រីបំបៅកូនដោយទឹកដោះ

ត្រូវបន្ថែម ៥០០ កាឡូរី/ថ្ងៃ

២៥

ក្មេង និងវ័យជំទង់(អាយុ ០–១៩ឆ្នាំ)

ពី៥២0 ទៅ ២៧៥៥ កាឡូរី/ថ្ងៃ

អ្នករស់នៅជាមួយមេរោគអេដស៍

បុរសដែលរស់នៅជាមួយមេរោគអេដស៍

ត្រូវការបន្ថែម ២៥០កាឡូរី/ថ្ងៃ

១០

ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍

ត្រូវការបន្ថែម ២០០កាឡូរី/ថ្ងៃ

១០

ក្មេងដែលរស់នៅជាមួយមេរោគអេដស៍

ផ្សេងៗ ត្រូវការបន្ថែម ១០%

១០

ស្ត្រីមានផ្ទៃពោះដែលរស់នៅជាមួយមេរោគអេដស៍

ត្រូវការបន្ថែម ៧០០កាឡូរី/ថ្ងៃ

៣៥

ស្ត្រីបំបៅកូនដោយទឹកដោះដែលរស់នៅជាមួយមេរោគអេដស៍

ត្រូវការបន្ថែម ៧០០កាឡូរី/ថ្ងៃ

៣៥

អ្នករស់នៅជាមួយមេរោគអេដស៍ដែលឈឺ

ក្មេងដែលរស់នៅជាមួយមេរោគអេដស៍ ហើយមានទម្ងន់មិនគ្រប់ ឬមានរោគសញ្ញាផ្សេងៗ

បន្ថែមចាប់ពី ២០%ឡើង

២០

មនុស្សប្រុសដែលរស់នៅជាមួយមេរោគអេដស៍ហើយមានជំងឺ

ត្រូវការបន្ថែម ៥០០ទៅ ៧៥០កាឡូរី/ថ្ងៃ

២០ ទៅ៣០

ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍ ហើយមានជំងឺ

ត្រូវការបន្ថែម ៤០០ទៅ ៦០០ កាឡូរី/ថ្ងៃ

២០ ទៅ៣០

ក្មេងដែលរស់នៅជាមួយមេរោគអេដស៍ហើយមានជំងឺ (កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ)

៥០ ទៅ១០០%

៥០ ទៅ១០០

ប្រភព៖ FAO 2002, WHO 2004, WHO 2005

ការយល់ដឹងអំពីការបង្កើនថាមពលបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃ

ឧទាហរណ៍នៃអាហារដែលផ្តល់ថាមពលបន្ថែម១០% (ប្រហែល ២៥០កាឡូរី) ក្នុងមួយថ្ងៃ សម្រាប់អ្នកដែលរស់នៅជាមួយមេរោគអេដស៍៖

អាហារ

បរិមាណ

ចេក

២ ផ្លែ (ប្រហែល ១៧០ក្រាម)

បបរសណ្តែក

១ ចានចង្កឹះ

ទឹកសណ្តែក

២ កែវ

សង់ខ្យាល្ពៅ

១ ចានចង្កឹះ

ស្វាយ

១ ផ្លែកន្លះ (ប្រហែល ៣០០ក្រាម)

១កែវ = ចំណុះប្រហែល២៥០មីលីលីត្រ

ឧទាហរណ៍នៃអាហារដែលផ្តល់បន្ថែម ២០%-៣០% (ប្រហែល ៥០០កាឡូរី) ក្នុងមួយថ្ងៃសម្រាប់អតិថិជនដែលរស់នៅជាមួយមេរោគអេដស៍ដែលឈឺ៖

អាហារ និងបរិមាណ

  1. បបរសណ្តែកបាយ (ប្រហែល ២៥០ក្រាម/ ១ចានចង្កឹះ)
  2. ចេកចៀន(ទំហំ ២តូចៗ)
  3. ស៊ុតស្ងោរ(ធំ២)
  4. ទឹកសណ្តែក (២កែវ)

រួមផ្សំជាមួយអាហារណាមួយខាងក្រោម៖

  • ចេក (ធំល្មម ២) ឬ
  • ស្វាយ (១ផ្លែកន្លះ ទំហំមធ្យម) ឬ
  • ខ្នុរ (១ចានចង្កឹះ ប្រហែល២៥០ក្រាម)
  1. គ្រាប់ល្ពៅលីង (ប្រហែល ១០០ក្រាម)
  2. គ្រាប់ស្វាយចន្ទី ឬសណ្ដែកដី ស្ងួត (ប្រហែល ១០០ក្រាម)
  3. បាយ ១ចានចង្កឹះកន្លះ (២០០ ក្រាម) + សម្លត្រី និងបន្លែចានមធ្យម

ឧទាហរណ៍នៃអាហារដែលផ្តល់ឱ្យបន្ថែម ៣៥% (ប្រហែល ៧០០កាឡូរី)ក្នុងមួយថ្ងៃសម្រាប់អតិថិជនជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះដែលរស់នៅជាមួយមេរោគអេដស៍៖

អាហារ

  1. ចេក (ធំល្មម២ផ្លែ)
  2. ស្វាយ (ធំល្មម២ផ្លែ)
  3. ខ្នុរ (២ ចានចង្កឹះ ប្រហែល ៣០០ក្រាម)
  4. ម្នាស់ (២ ចានចង្កឹះប្រហែល ៣០០ក្រាម)

រួមផ្សំជាមួយអាហារណាមួយខាងក្រោម៖

  • បបរសណ្តែកបាយ (ប្រហែល២៥០ក្រាម/១ចានចង្កឹះ)
  • ចេកចៀនម្សៅ (ទំហំតូច២ផ្លែ)
  • ស៊ុតស្ងោរ (៣ធំៗ)
  • ទឹកសណ្តែក (២កែវ)
  • នំឆៃយ៉ (ទំហំ ២ចំណែក)
  1. គ្រាប់ល្ពៅលីង (ប្រហែល ១៥០ក្រាម)
  2. គ្រាប់ស្វាយចន្ទី ឬសណ្តែកដី ស្ងួត (ប្រហែល ១៥០ក្រាម)
  3. បាយ២ចានចង្កឹះ (២៥០ក្រាម) + សាច់ត្រីឆ្អិន១៦ស្លាបព្រាបាយ + បន្លែបៃតងឆ្អិន១ចានចង្កឹះ ដោយបន្ថែមប្រេងឆា១ស្លាបព្រាកន្លះនៅពេលចម្អិន ដើម្បីបង្កើនបរិមាណថាមពល

អនុសាសន៍អំពីភាពញឹកញាប់ក្នុងការបរិភោគអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនដែលរស់នៅជាមួយមេរោគអេដស៍៖

ភាពញឹកញាប់នៃអាហារពេល និងអាហារសម្រន់

ស្ត្រីមានផ្ទៃពោះ

អាហារពេល៣ពេល និងអាហាសម្រន់១ដង

ស្ត្រីមានផ្ទៃពោះរស់នៅជាមួយមេរោគអេដស៍

ត្រីមាសទី១

អាហារពេល៣ពេល និងអាហារសម្រន់២ដង

ត្រីមាសទី២-៣

អាហារពេល៣ពេល និងអាហារ សម្រន់២ដង ឬយ៉ាងតិច អាហារពេល ៤ពេល

ស្ត្រីមានផ្ទៃពោះ រស់នៅជាមួយមេរោគអេដស៍ និងមានជំងឺ

យ៉ាងតិច អាហារពេល ៤ពេល និង
អាហារសម្រន់ ២ដង

ស្ត្រីបំបៅដោះកូន រស់នៅជាមួយមេរោគអេដស៍

អាហារពេល៣ពេល និងអាហារសម្រន់២ដង
ឬយ៉ាងតិច អាហារពេល៤ពេល

ស្ត្រីបំបៅដោះកូន រស់នៅជាមួយមេរោគអេដស៍ និងមានជំងឺ

យ៉ាងតិចអាហារពេល ៤ពេល និង
អាហារសម្រន់ ២ដង

ការណែនាំអំពីអាហារប្រចាំថ្ងៃសម្រាប់ទារក និងកុមារទូទៅ និងកុមារដែលរស់នៅជាមួយមេរោគអេដស៍ អាយុ ៦–២៤ខែ

អាយុ

កុមារគ្មានផ្ទុកមេរោគអេដស៍

កុមារមានសុខភាពល្អដែលរស់នៅជាមួយមេរោគអេដស៍ (ត្រូវការថាមពលបន្ថែម១០%)

កុមាររស់នៅជាមួយមេរោគអេដស៍ ដែលធ្លាក់ខ្លួនឈឺ
(ត្រូវការថាមពលបន្ថែម២០-៣០%)

កុមាររស់នៅជាមួយមេរោគអេដស៍ ធ្លាក់ខ្លួនឈឺ+ស្រកទម្ងន់
(ត្រូវការថាមពលបន្ថែម៥០-១០០%)

អាហារ

ភេសជ្ជៈ (ដង/ថ្ងៃ)

៦ខែ
ចាប់ផ្តើមផ្តល់អាហារបន្ថែម

២ពេលក្នុងមួយថ្ងៃ

១ពេល ២-៣ស្លាបព្រា

អាហារខាប់ដែលសម្បូរជីវជាតិ២ពេលក្នុងមួយថ្ងៃ

១ពេល ២-៣ស្លាបព្រា

អាហារខាប់ដែលសម្បូរជីវជាតិ២ពេលក្នុងមួយថ្ងៃ

១ពេល ២-៣ស្លាបព្រា

អាហារខាប់ដែលសម្បូរជីវជាតិ២ពេលក្នុងមួយថ្ងៃ

១ពេល ៣-៤ស្លាបព្រា

បបរគ្រឿងខាប់ /អាហារកិនម៉ត់ល្អ ឧ. ចេក ដំឡូង ល្ពៅ ៘ ស្ងោរឆ្អិន និងកិនលាយគ្នា។

បន្តបំបៅដោះម្តាយ ឬទឹកដោះប្រភេទណាមួយឱ្យបានញឹកញាប់ យ៉ាងតិច៨ដងក្នុងមួយថ្ងៃ

៧-៨ ខែ

អាហារពេល៣ពេល១ពេលកន្លះចានចង្កឹះ

អាហារពេល៣-៤ពេល
១ពេលកន្លះចានចង្កឹះ

អាហារពេល៥-៦ពេល
១ពេលកន្លះចានចង្កឹះ

អាហារពេល៥-៦ពេល
១ពេលកន្លះចានចង្កឹះ

បបរគ្រឿងខាប់ /អាហារកិនម៉ត់ល្អ

បន្តបំបៅដោះម្តាយ យ៉ាងតិច ៨ដង/ថ្ងៃ ឬផ្តល់ទឹកដោះប្រភេទណាមួយ ១-២កែវ

បរិភោគទឹកស្អាតឱ្យគ្រប់គ្រាន់

៩-១១ ខែ

អាហារពេល៣ពេល ១ពេលជិតពេញ១ចានចង្កឹះ

+បន្ថែមអាហារសម្រន់១ដងចន្លោះអាហារ

អាហារពេល ៤ពេល ១ពេលជិតពេញ១ចានចង្កឹះ

+បន្ថែមអាហារសម្រន់១-២ដងចន្លោះអាហារ

អាហារពេល៤-៥ពេល ១ពេលជិតពេញ១ចានចង្កឹះ

+បន្ថែមអាហារសម្រន់១-២ដងចន្លោះអាហារ

អាហារពេល៥-៦ពេល ១ពេលជិតពេញ១ចានចង្កឹះ

+បន្ថែមអាហារសម្រន់
២-៣ដងចន្លោះអាហារ

បបរគ្រឿងខាប់ /អាហារកិនម៉ត់ល្អ និងអាហារដែលក្មេងអាចបរិភោគបាន

បន្តបំបៅដោះម្តាយទៅតាមតម្រូវការយ៉ាងតិច៦ដង/១ថ្ងៃ ឬផ្តល់ទឹកដោះប្រភេទណាមួយ១-២កែវ

បរិភោគទឹកស្អាតឱ្យគ្រប់គ្រាន់

១២-២៤ ខែ

អាហារពេល ៣ពេល
១ពេល១ចានចង្កឹះ

+បន្ថែមអាហារសម្រន់ ២ដងចន្លោះអាហារ

អាហារពេល ៤ពេល
១ពេល១ចានចង្កឹះ

+បន្ថែមអាហារសម្រន់ ២ដងចន្លោះអាហារ

អាហារពេល ៥-៦ពេល
១ពេល១ចានចង្កឹះ

+បន្ថែមអាហារសម្រន់ ២ដងចន្លោះអាហារ

អាហារពេល ៦-៨ពេល
១ពេល១ចានចង្កឹះ

+បន្ថែមអាហារសម្រន់ ២ដងចន្លោះអាហារ

អាហារធម្មតាប្រចាំគ្រួសារ បើចាំបាច់ កាត់តូចៗ ឬកិនម៉ត់/បបរគ្រឿងខាប់

បន្តបំបៅដោះម្តាយទៅតាមតម្រូវការយ៉ាងតិច៣ដង/១ថ្ងៃ ឬផ្តល់ទឹកដោះប្រភេទណាមួយ១-២កែវ

បរិភោគទឹកស្អាតឱ្យគ្រប់គ្រាន់

ការណែនាំអំពីអាហារប្រចាំថ្ងៃសម្រាប់កុមារទូទៅ និងកុមារដែលរស់នៅជាមួយមេរោគអេដស៍អាយុ២ទៅ៥ឆ្នាំ

អាយុ២-៥ឆ្នាំ

កុមារគ្មានផ្ទុកមេរោគអេដស៍

កុមារមានសុខភាពល្អ
ដែលរស់នៅជាមួយមេរោគអេដស៍

កុមាររស់នៅជាមួយមេរោគអេដស៍
ដែលធ្លាក់ខ្លួនឈឺ

កុមាររស់នៅជាមួយមេរោគអេដស៍
ដែលធ្លាក់ខ្លួនឈឺ+ស្រកទម្ងន់

តម្រូវការថាមពលបន្ថែម

ត្រូវការថាមពលបន្ថែម ១០%
ដើម្បីបន្តការលូតលាស់

បន្ថែមប្រហែល១៥០កាឡូរី/ថ្ងៃ
(ឧ. បន្ថែមអាហារតិចៗ ឬ
អាហារសម្រន់ ១ពេល/ថ្ងៃ)

តម្រូវការថាមពលបន្ថែមពី២០-៣០%

បន្ថែម ៣០០-៥០០កាឡូរី/ថ្ងៃ (ឧ. បន្ថែមអាហារ១ពេល/អាហារសម្រន់១ពេល/ថ្ងៃ)

តម្រូវការថាមពលបន្ថែម ៥០-១០០%

បន្ថែម ៦០០-១៦០០ កាឡូរី/ថ្ងៃ
(ឧ. បន្ថែមអាហារ ២-៤ពេល/ថ្ងៃ)

ចំនួនដង និងបរិមាណក្នុងមួយថ្ងៃ

អាហារពេល៣ពេល និងអាហារសម្រន់២ដងចន្លោះពេលអាហារ

អាហារពេល ៣ពេល និង
អាហារសម្រន់ ៣ដង
ចន្លោះពេលអាហារ

អាហារពេល ៤ពេល និង
អាហារសម្រន់ ៣ដង
ចន្លោះពេលអាហារ

អាហារតិចៗ/អាហារសម្រន់
៦-៨ពេល

ឧទាហរណ៍នៃការផ្តល់អាហារបន្ថែម

អាហារបន្ថែម (~១៥០កាឡូរី)៖

ទឹកដោះគោ/ទឹកសណ្តែក១កែវ ឬស៊ុតស្ងោរ២ ឬចេកចៀន២តូចៗ ឬស្វាយ១ចានចង្កឹះ ឬចេក៣ផ្លែតូចៗ ឬ

បាយ១/៤ចាន (១២៥ក្រាម) ជាមួយត្រីឆ្អិន១/៤ចានចង្កឹះ (៤ស្លាបព្រាបាយ) និងបន្លែ

អាហារបន្ថែម (~៣០០-៥០០កាឡូរី)៖

អាហារ(ប្រហែល៤០០កាឡូរី)៖ បាយ១/៤ ចាន (១២៥ ក្រាម) ជាមួយត្រីឆ្អិន៨ស្លាបព្រា និងបន្លែបៃតង+សណ្តែក៨ស្លាបព្រា និងចេក១ផ្លែតូច និងបន្ថែម

អាហារសម្រន់ (~១៥០កាឡូរី)៖ ទឹកដោះគោ/ទឹកសណ្តែក ១កែវ ស៊ុតស្ងោរ២ ចេកចៀន២តូចៗ ស្វាយ១ចានចង្កឹះ ឬចេក៣ផ្លែតូចៗ

បន្ថែមអាហារខាងក្រោមទៅក្នុងអាហារ និងអាហារសម្រន់ (បន្ថែមថាមពល ~១០០កាឡូរី)៖

ប្រេងឆា២ស្លាបព្រា

ទឹកឃ្មុំ៤ស្លាបព្រា

ស្ករ១.៥ ស្លាបព្រា

 

វដ្ដនៃមេរោគអេដស៍ កង្វះអាហារូបត្ថម្ភ និងការឆ្លងរោគ

វិធីសាស្ត្រចំបង៧យ៉ាងដើម្បីបង្កើនទម្ងន់ ឬរក្សាទម្ងន់/ការលូតលាស់

  1. បរិភោគអាហារបន្ថែមឱ្យបានបីពេលក្នុងមួយថ្ងៃ (៤ពេល បើជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន)
  2. បន្ថែមបរិមាណអាហារក្នុងមួយពេលៗ ដែលបានមកពីអាហារទាំងបីក្រុម
  3. បរិភោគអាហារសម្រន់ និងបង្អែមនៅបន្ទាប់ ឬចន្លោះអាហារ យ៉ាងតិច២ដងក្នុងមួយថ្ងៃ។
  4. ពង្រឹងគុណភាពអាហារដោយប្រើ (គ្រឿងផ្សំរសជាតិ) ដោយបន្ថែមខ្ទិះដូង សណ្តែក ដី ប្រេងឆា សណ្តែកសៀង ទឹកដោះគោខាប់ ឬសម្លទឹកខាប់ៗ។
  5. ក្រៅពីទឹក ពិសារភេសជ្ជៈមានថាមពល (ដូចជា ទឹកផ្លែឈើស្រស់ ទឹកសណ្តែក ៘) ជាជាងកាហ្វេ ឬតែ។
  6. ប្រសិនបើជាទារក ឬកុមារតូចៗ ត្រូវបង្កើនចំនួនដងនៃការបំបៅដោះឱ្យបានញឹកញាប់ (ទឹកដោះម្តាយ ឬទឹកដោះគោម្សៅដែលបានរៀបចំទុកដោយសមស្រប និងសុវត្ថិភាព)។
  7. ពេលមានមេរោគឆ្លង និងជំងឺផ្សេងៗ ត្រូវប្រញាប់ព្យាបាលជាបន្ទាន់ និងដោយសមស្រប ហើយបង្កើនការបរិភោគអាហារឱ្យបានច្រើនក្រោយពេលជាសះស្បើយពីជំងឺរហូតដល់កើនទម្ងន់ឡើងវិញបានដូចដើម។

វដ្ដអវិជ្ជមាននៃកង្វះអាហាររូបត្ថម្ភ

វដ្តនៃសុខភាពល្អ

ព័ត៌មានមិនត្រឹមត្រូវ និងព័ត៌មានត្រឹមត្រូវ អំពីអាហារូបត្ថម្ភសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍

  • ១ អ្នករស់នៅជាមួយមេរោគអេដស៍គួរចៀសវាងបរិភោគបន្លែឆៅ
  • ព័ត៌មានត្រឹមត្រូវ

    បន្លែឆៅគឺល្អសម្រាប់សុខភាព ប៉ុន្តែគេត្រូវលាងវាឱ្យស្អាតមុននឹងបរិភោគ។ បន្លែស្រស់ខ្លះមានប្រឡាក់ដី ឬលាមកសត្វ។ ប្រសិនបើបរិភោគបន្លែដែលមានប្រឡាក់ដី ឬលាមកសត្វ ពួកគេអាចទៅជាឈឺ។ ប៉ុន្តែការឈឺនោះមិនមែនបណ្តាលមកពីបន្លែស្រស់នោះទេ គឺវាបណ្តាលមកពីមេរោគបាក់តេរីដែលជាប់ប្រឡាក់នៅលើបន្លែនោះ។ ត្រូវតែលាងឱ្យបានស្អាតជាមួយទឹកឆ្អិន ឬទឹកស្អាតមុនពេលបរិភោគ។

  • ២ អ្នករស់នៅជាមួយមេរោគអេដស៍ មិនគួរបរិភោគអាហារសមុទ្រទេ
  • ព័ត៌មានត្រឹមត្រូវ៖

    អាហារសមុទ្រគឺជាប្រភពដ៏សំខាន់មួយនៃប្រូតេអ៊ីន (អាហារស្ថាបនារាងកាយ) សម្រាប់មនុស្សជាច្រើនជាពិសេសអ្នកដែលរស់នៅជិតសមុទ្រ។ អ្នកខ្លះប្រតិកម្មជាមួយគ្រឿងសមុទ្រហើយការបរិភោគគ្រឿងសមុទ្រនេះអាចបង្កឱ្យមានស្នាមកន្ទួលលើស្បែក។ ប្រសិនបើមនុស្សម្នាក់មានប្រតិកម្មនឹងអាហារសមុទ្រកាលពីមុនពេលដែលពួកគេឆ្លងមេរោគអេដស៍ ក្រោយពេលឆ្លងមេរោគអេដស៍ ពួកគេក៏ប្រហែលជានៅតែមានប្រតិកម្មដដែល ហើយពួកគេគួរចៀសវាងបរិភោគអាហារសមុទ្រ។ ផ្ទុយទៅវិញ ប្រសិនបើគេគ្មានប្រតិកម្មនឹងអាហារសមុទ្រមុនពេលពួកគេមានមេរោគអេដស៍ទេ ពេលនេះពួកគេគួរតែអាចបន្តការបរិភោគអាហារសមុទ្រទៅទៀត ដោយគ្មានបញ្ហាអ្វីឡើយ។ អាហារសមុទ្រក៏ដូចជាស៊ុត និងសាច់ដែរ គួរតែចម្អិនឱ្យបានល្អមុនពេលបរិភោគ។

    កំណត់សម្គាល់អំពីសារធាតុបារតក្នុងត្រី

    ត្រីអាចជាផ្នែកមួយនៃអាហារសុខភាពល្អ ប៉ុន្តែស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន និងកុមារតូចៗគួរជ្រើសរើសឱ្យបានឆ្លាតវៃ។ ជាទូទៅ សារធាតុបារតនៅក្នុង មិនមែនជាកង្វល់ធំដុំសម្រាប់មនុស្សទូទៅទេ ប៉ុន្តែចូរដឹងថា ត្រី និងប្រភេទសត្វមានសំបក (ខ្ចៅខ្ចងគ្រុំងាវ) មួយចំនួនមានផ្ទុកសារធាតុបារតកម្រិតខ្ពស់ ដែលអាចមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ឬការវិវឌ្ឍន៍ផ្នែកប្រព័ន្ធប្រសាទរបស់កុមារតូចៗ។ ត្រីធំៗដែលរស់នៅយូរឆ្នាំ និងស៊ីត្រីផ្សេងទៀត មានដូចជា ត្រីឆ្លាម ត្រីចំពុះដាវ ស្តេចត្រីស្បៃការ (king mackerel) អាចមានផ្ទុកសារធាតុបារតកម្រិតខ្ពស់។ ស្ត្រីដែលនឹងមានផ្ទៃពោះ ស្ត្រីដែលកំពុងមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន និងកុមារតូចៗ គួរចៀសវាងត្រីដែលមានសារធាតុបារតខ្ពស់។ ប្រសិនបើបានបរិភោគត្រីប្រភេទនេះមួយផ្នែកតូច (ប្រហែល១០០ក្រាម) មិនគួរបរិភោគត្រីផ្សេងទៀតទេអំឡុងពេលមួយសប្តាហ៍។

  • ៣ អ្នករស់នៅជាមួយមេរោគអេដស៍ មិនគួរបរិភោគអាហារផ្អាប់ ឬអាហារជូរទេ
  • ព័ត៌មានត្រឹមត្រូវ៖

    អ្នករស់នៅជាមួយមេរោគអេដស៍អាចបរិភោគអាហារផ្អាប់ និងអាហារដែលមានរសជាតិជូរបាន។ តាមពិត និងជួនកាល អាហារផ្អាប់ទុកយូរក៏អាចបង្កើនគុណតម្លៃអាហារូបត្ថម្ភដែរ។

    ប្រសិនបើអាហារណាមួយធ្វើឱ្យរាករូស ឬឈឺពោះ គួរចៀសវាងអាហារនេះ។ ប៉ុន្តែអ្នកផ្សេងមិនគួរចៀសវាងអាហារនោះដោយសារតែមនុស្សម្នាក់ទៀតមានបញ្ហាជាមួយវាឡើយ។

    ប្រសិនបើគេអាចធន់ និងចូលចិត្តអាហារផ្អាប់ ឬអាហារដែលមានរសជាតិជូរ គ្មានហេតុផលណាមួយដែលត្រូវចៀសវាងអាហារទាំងនេះឡើយ។

  • ៤ អ្នករស់នៅជាមួយមេរោគអេដស៍មិនគួរបរិភោគហិរ ឬអាហារមានផ្សំគ្រឿងទេសទេ
  • ព័ត៌មានត្រឹមត្រូវ៖

    អាហារមានផ្សំគ្រឿងទេស ឬហឹរអាចធ្វើឱ្យរលាកក្រពះ ដូច្នេះអាចបង្កឱ្យរាករូស ឬក្តៅក្រហាយនៅក្នុងក្រពះ។ ប្រសិនបើនរណាម្នាក់កំពុងមានបញ្ហាក្រពះ ឬរាកដោយសារការឆ្លងរោគ ពួកគេគួរចៀសវាងអាហារមានផ្សំគ្រឿងទេស និងម្ទេស។ ទោះបីជាយ៉ាងនេះក្តី ប្រសិនបើមនុស្សម្នាក់មានសុខភាពល្អ និងគ្មានបញ្ហាទាំងនេះទេ គាត់នៅតែអាចបរិភោគប្រភេទនេះបាន ដរាបណាវាមិនធ្វើឱ្យក្រពះរបស់គាត់ឈឺទេនោះ។ ប្រសិនបើអាហារនេះចាប់ផ្តើមបង្កឱ្យមានបញ្ហាក្រពះ គេគួរចៀសវាងវា។

    គ្រឿងទេសអាចធ្វើឱ្យអាហារកាន់តែគួរឱ្យចង់បរិភោគ ដោយបន្ថែមនូវរសជាតិ។ គេអាចមានជម្រើសគ្រឿងទេសផ្សេងក្រៅពីម្ទេស ដូចជា ស្លឹកគ្រៃ ខ្ញី ស្លឹកជី ខ្ទឹមសន្លឹក និងខ្ទឹមស។

  • ៥ អ្នករស់នៅជាមួយមេរោគអេដស៍គួរចៀសវាងអាហារខ្លាញ់ ឆា ឬចៀន
  • ព័ត៌មានត្រឹមត្រូវ៖

    ប្រេងឆា និងខ្លាញ់គឺជាប្រភពដ៏សំខាន់នៃថាមពល ហើយអាហារដែលចៀន ឬឆា (ត្រី សាច់មាន់ សាច់ជ្រូក កង្កែប៘)គឺជាប្រភពដ៏សំខាន់នៃប្រូតេអ៊ីន ហើយគួរត្រូវបានលើកទឹកចិត្តឱ្យបរិភោគ។

    មនុស្សដែលមានជំងឺរាករូសមធ្យម និងធ្ងន់ធ្ងរ គួរចៀសវាងអាហារមានជាតិខ្លាញ់ ឬឆាជាបណ្តោះអាសន្ន ប៉ុន្តែនៅពេលឈប់រាក គេអាចចាប់ផ្តើមបរិភោគអាហារទាំងនោះបានឡើងវិញជាធម្មតា។

    សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍តែគ្មានរាក និងខ្វះទម្ងន់ ការបរិភោគអាហារឆា ឬចៀនអាចជាវិធីដ៏ល្អមួយដើម្បីបង្កើនទម្ងន់របស់ពួកគេ។

  • ៦ ការបរិភោគសាច់មាន់ ឬសាច់គោនឹងធ្វើឱ្យដំបៅ ឬរបួសក្រជា
  • ព័ត៌មានត្រឹមត្រូវ៖

    អាហារស្ថាបនារាងកាយ (ដូចជាស៊ុត ត្រីសាច់មាន់ សាច់ជ្រូក សាច់គោ កង្កែប សាច់ទា និងពពួក សណ្តែក) មានសារប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សដែលមានដំបៅ ឬរបួសបើក។

    ជាធម្មតា ប្រសិនបើដំបៅមិនជា គឺវាបណ្តាលមកពីការក្លាយរោគដោយសារបាក់តេរី។ ប្រសិនបើអ្នករស់នៅជាមួយមេរោគអេដស៍មានដំបៅដែលក្រជា ឬក្លាយ ពួកគួរតែស្វែងរកការព្យាបាលជាបន្ទាន់។

  • ៧ អ្នករស់នៅជាមួយមេរោគអេដស៍មិនគួរបរិភោគអាហារផ្អែម (ផ្លែស្វាយ មៀន បាយដំណើប) ព្រោះពួកវាអាចបណ្តាលឱ្យក្តៅខ្លួន
  • ព័ត៌មានត្រឹមត្រូវ៖

    អ្នករស់នៅជាមួយមេរោគអេដស៍អាចបរិភោគអាហារមានជាតិផ្អែមបាន។ តាមពិត ការបរិភោគផ្លែឈើ បង្អែមដែលមានរសជាតិផ្អែមអាចជួយបន្ថែមថាមពល និងទម្ងន់ ដូចនេះវាមានសារៈសំខាន់ពិសេសណាស់សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ដែលបាត់បង់ទម្ងន់។ បាយអង្ករដំណើប និងស្វាយទុំគឺមានភាពថាមពលខ្ពស់ ល្អប្រសើរ សម្រាប់ជាអាហារសម្រន់ និងបង្អែម។ គួរលើកទឹកចិត្តឱ្យមានការបរិភោគផ្លែឈើក្រោយអាហារ។

  • ៨ ស្ត្រីមានផ្ទៃពោះគួរចៀសវាងការបរិភោគអាហារច្រើន ពីព្រោះវាអាចធ្វើឱ្យ កូនរបស់គាត់ឆាប់ធំខ្លាំងពេកដែលធ្វើឱ្យពិបាកសម្រាល
  • ព័ត៌មានត្រឹមត្រូវ៖

    ស្ត្រីមានផ្ទៃពោះត្រូវការបរិភោគអាហារច្រើន ព្រោះពួកគេត្រូវការថាមពលបន្ថែមសម្រាប់ការលូតលាស់របស់ក្មេង និងអាចផលិតទឹកដោះបានគ្រប់គ្រាន់បន្ទាប់ពីសម្រាលកូន។ ជាពិសេស តម្រូវការថាមពលកើនឡើងនៅត្រីមាសទីពីរ និងទីបីនៃពេលមានផ្ទៃពោះ ស្ត្រីត្រូវការថាមពលបន្ថែមចន្លោះពី ២០០ ទៅ ៥០០កាឡូរីក្នុងមួយថ្ងៃ ដែលប្រហែលនឹងស៊ុតស្ងោរពីរគ្រាប់ និងចេកធំមួយផ្លែ។

    ចំពោះស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ តម្រូវការថាមពលគឺកើនឡើងខ្លាំងព្រោះពួកគេត្រូវការថាមពលបន្ថែមសម្រាប់ការលូតលាស់របស់កុមារ និងការផលិតទឹកដោះ ព្រមទាំងប្រឆាំងនឹងមេរោគផ្សេងៗ។ ដើម្បីបំពេញតម្រូវការនេះ គេអាចបរិភោគអាហារបន្ថែមជាប្រចាំ ឬបរិភោគអាហារឱ្យបានញឹកញាប់ក្នុងមួយថ្ងៃ (ឧទាហរណ៍ រៀងរាល់ ២ទៅ៤ម៉ោងម្តង)។

    ស្ត្រីដែលនឹងក្លាយជាម្តាយត្រូវការអាហារគ្រប់គ្រាន់ដើម្បីរក្សាសុខភាព និងរឹងមាំ។ ស្ត្រីដែលមិនឡើងទម្ងន់គ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះអាចមានគ្រោះថ្នាក់កើតមិនគ្រប់ខែ។

  • ៩ ស្ត្រីសម្រាលកូនរួចគួរទទួលទានស្រាច្រើនដើម្បីជួយឱ្យឆាប់ធូរស្បើយពីការឈឺពោះ និងសម្រាលកូន?
  • ព័ត៌មានត្រឹមត្រូវ៖

    ដើម្បីសម្រាលកូន រាងកាយត្រូវការរយៈពេលជាច្រើនខែ ដូច្នេះ ដើម្បីឱ្យបានធូរស្បើយវិញ វាក៏នឹងទាមទាររយៈពេលយូរដែរ។ មាតាត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងបរិភោគឱ្យបានប្រសើរដើម្បីឱ្យឆាប់ធូរស្បើយ។ ការបរិភោគអាហារឱ្យបានត្រឹមត្រូវ និងទឹកឱ្យបានច្រើន ជួយឱ្យមានទឹកដោះគ្រប់គ្រាន់សម្រាប់កូន។ គួរចៀសវាងស្រាក្នុងអំឡុងពេលបំបៅដោះកូន ជាពិសេសនៅដើមខែដំបូង។ ប្រសិនបើមាតាទទួលទានស្រា ជាតិស្រានោះនឹងចូលទៅក្នុងទឹកដោះតាមរយៈឈាមដោយវាបានធ្វើចលនាដោយសេរីពីឈាមទៅក្នុងទឹកដោះ។ កម្រិតជាតិស្រានៅក្នុងទឹកដោះអាស្រ័យលើកម្រិតខ្លាំងរបស់ជាតិអាល់កុល និងបរិមាណស្រា។

  • ១០ ស្ត្រីបំបៅដោះមិនគួរបរិភោគសម្លមានរសជាតិ ជូរ ត្រីជ្រក់ និងបន្លែឆៅ
  • ព័ត៌មានត្រឹមត្រូវ៖

    ការបំបៅដោះប្រើប្រាស់ថាមពល និងសារធាតុចិញ្ចឹមអស់ជាច្រើន ដូច្នេះ វាចាំបាច់ណាស់ដែលមាតាត្រូវការបរិភោគអាហារចម្រុះ ដើម្បីផ្តល់សារជាតិចិញ្ចឹមសម្រាប់សុខភាព និងសុវត្ថិភាព។ ស្ត្រីបំបៅដោះមិនគួរខ្លាចរអើង ផ្លែឈើ បន្លែ ជ្រក់ និងសាច់ទេ ដរាបណាអាហារទាំងនោះត្រូវបានរៀបចំប្រកបដោយអនាម័យ។

    មានភស្តុតាងតិចតួចណាស់ដែលថា អាហារមួយចំនួនបណ្តាលឱ្យមានជំងឺរាកចំពោះម្តាយ និងទារក។ វាចាំបាច់ណាស់សម្រាប់ស្ត្រីបំបៅដោះកូនដើម្បីបរិភោគអាហារដែលរកបានក្នុងស្រុក ដែលផ្តល់ថាមពលដូចជា ប្រូតេអ៊ីន (អាហារស្ថាបនារាងកាយ បន្លែ ផ្លែឈើ អាហារការពាររាងកាយ) អាហារមានជាតិកាល់ស្យូម(ឧ. ទឹកដោះគោ ទឹក សណ្តែក) និងជាតិដែក (ឧ. សាច់ បន្លែ បៃតង ៘)។ ពួកគេក៏ត្រូវការទទួលទានសារធាតុរាវ (ឧ. ទឹក) ឱ្យបានច្រើន ។ល។ សារធាតុរាវទាំងអស់សុទ្ធតែមានសារៈសំខាន់ ប៉ុន្តែទឹកគឺជាប្រភពដែលល្អបំផុត។

  • ១១ កុមារមានជំងឺគួរចៀសវាងផ្លែឈើមួយចំនួន (ផ្លែត្របែក ឪឡឹក មៀន ស្វាយខ្ចី) សម្លសាច់ ឬសម្លត្រី
  • ព័ត៌មានត្រឹមត្រូវ៖

    នៅពេលកុមារធ្លាក់ខ្លួនឈឺ ពួកគេត្រូវកាអាហារច្រើនជាងធម្មតា ដូច្នេះ វាចាំបាច់ត្រូវបន្តផ្តល់អាហារដើម្បីថែទាំភាពរឹងមាំរបស់កុមារ និងចំណង់បរិភោគអំឡុងពេលឈឺ។

    សាច់មាន់ ទា កង្កែប ស៊ុត ក្តាម សាច់ជ្រូក ឬត្រី គឺជាផ្នែកមួយនៃ (ក្រុមអាហារស្ថាបនារាងកាយ)។ អាហារទាំងនេះមានសារៈសំខាន់ចំពោះកុមារមានជំងឺ ពីព្រោះអាហារទាំងនេះផ្តល់ប្រូតេអ៊ីនសម្រាប់ការលូតលាស់ប្រសើរ និងធូរស្បើយពីជំងឺ។ បាយ សម្ល ឬបបរ ល្អសម្រាប់កុមារមានជំងឺ ប៉ុន្តែមាតាគួរបន្ថែមសាច់ត្រី ឬស៊ុតផងដែរ។ បន្លែ ផ្សេងៗ និងផ្លែឈើមានដូចជា ល្ពៅ ដំឡូង ល្ហុងទុំ ស្វាយទុំ ផ្តល់ជីវជាតិយ៉ាងច្រើន ដែលអាចជួយកុមារឱ្យមានសុខភាពល្អប្រសើរបានឆាប់រហ័ស។

Did you find apk for android? You can find new Free Android Games and apps.