logo
logo

មេរៀនទី៤៖ មនុស្សមាត្រវិធី(Facilitator KH)

Want create site? With Free visual composer you can do it easy.

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀនសិក្ខាកាមនឹងអាច៖

 1. ប្រាប់ពីវិធី ៣យ៉ាងក្នុងការប៉ាន់ប្រមាណកម្រិតអាហារូបត្ថម្ភរបស់មនុស្សពេញវ័យ និងកុមារ
 2. វាស់ និងកត់ត្រាបានត្រឹមត្រូវនូវកម្ពស់ និងទម្ងន់របស់មនុស្សពេញវ័យ
 3. គណនាសន្ទស្សន៍ម៉ាស់រាងកាយ(BMI) ដោយប្រើកម្ពស់ និងទម្ងន់របស់មនុស្សពេញវ័យ
 4. វាស់ កត់ត្រា និងបកស្រាយរង្វាស់ពាក់កណ្តាលដើមដៃស្ត្រីមានផ្ទៃពោះ ឬទើបសម្រាលកូនរួចក្នុងអំឡុង៦ខែ និងកុមារអាយុពី ៦-៥៩ខែ
 5. វាស់ និងបកស្រាយប្រវែង កម្ពស់ និងទម្ងន់កុមារអាយុចាប់ពី ៦-៥៩ ខែ និងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុរបស់កុមារអាយុចាប់ពី ៥-១៩ ឆ្នាំ

រយៈពេល៖ ៣ម៉ោង ៤៥នាទី

សម្ភារៈជំនួយបង្រៀន

 • គោលបំណងមេរៀនដែលបានសរសេរលើក្រដាសផ្ទាំងធំ
 • សៀវភៅគ្របរឹង ឬក្តារឆ្នួន ទំហំប៉ុនគ្នា (មួយសម្រាប់មួយក្រុម)
 • តារាងទម្ងន់គំរូ របស់គ្លីនិកព្យាបាលជំងឺឱកាសនិយម/ព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេសដ៍
 • តារាងសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់មនុស្សពេញវ័យ (មួយច្បាប់ម្នាក់)
 • តារាងសន្ទស្សន៍ម៉ាស់រាងកាយកុមារ និងក្មេងជំទង់
 • ម៉ាស៊ីនគិតលេខ បង់ស្អិត ក្រដាសផ្ទាំងធំ ប៊ិច ឬហ្វឺតដែលមានចុងតូច
 • ហ្វឺតពណ៌ ប៊ិចសេរសេរ និងប៊ិចចុងធំ
 • ម៉ែត្រវាស់ (ស.ម) (ម៉ែត្រ១សម្រាប់សិក្ខាកាមមួយក្រុមតូច)
 • រង្វាស់ពាក់កណ្តាលដើមដៃសម្រាប់កុមារអាយុ៦–៥៩ខែ
 • ម៉ែត្ររង្វាស់ពាក់កណ្តាលដើមដៃសម្រាប់មនុស្សពេញវ័យ
 • ក្តាររង្វាស់កម្ពស់ និងទម្ងន់
 • ជញ្ជីងយូនីស្កេល ជញ្ជីងថ្លឹងទារក
 • សៀវភៅពិនិត្យតាមដានសុខភាព (មាតា កុមារ អ្នករស់នៅជាមួយមេរោគអេដស៍ ជាដើម) របស់អង្គការសុខភាពពិភពលោក
 • ទារកជ័រសម្រាប់ការហាត់វាស់ ឬអ្នកក្នុងភូមិ/សហគមន៍ដែលអាចឱ្យសិក្ខាកាមហាត់វាស់បាន (ប្រសិនបើសមស្រប)

វិធីសាស្ត្របង្រៀន

 • បទបង្ហាញ ការធ្វើបង្ហាញ ការអនុវត្តន៍ផ្ទាល់
 • កំណត់សម្គាល់

  សមាជិកក្រុមថែទាំតាមផ្ទះនោះ មិនគួរចាំបាច់ទទួលបណ្តុះបណ្តាលត្រង់ផ្នែកគណនា និងបកស្រាយសន្ទស្សន៍ម៉ាស់រាងកាយ(BMI) ដើម្បីតាមដានស្ថានភាពអាហារូបត្ថម្ភរបស់អតិថិជននោះទេ។ យកល្អកិច្ចការនេះគួរតែត្រូវបានធ្វើឡើងដោយបុគ្គលិកមណ្ឌលសុខភាព បុគ្គលិកគ្លីនិកសេវាព្យាបាលជំងឺឱកាសនិយម/ព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល។

  ក្រុមថែទាំតាមផ្ទះអាចសិក្សាអំពីការប្រមូល ឬវាស់ទិន្នន័យអំពីទម្ងន់ និងកម្ពស់ឱ្យបានត្រឹមត្រូវ ប៉ុន្តែគួរលើកទឹកចិត្តបុគ្គលិកមណ្ឌលសុខភាព បុគ្គលិកគ្លីនិកសេវាព្យាបាលជំងឺឱកាសនិយម/ព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ឱ្យធ្វើការគណនា និងបកស្រាយBMI និងផ្តល់ប្រឹក្សាសមស្របដល់អតិថិជន។

ការបង្ហាញពីគោលបំណងនៃការសិក្សា

អ្នកសម្របសម្រួលបង្ហាញពីគោលបំណងនៃការសិក្សា (ដែលបានសរសេរលើផ្ទាំងក្រដាសធំ) និងសុំឱ្យសិក្ខាកាមម្នាក់អានគោលបំណងឱ្យឮៗ ដល់សិក្ខាកាមទាំងអស់។ ចូរពិភាក្សាអំពីគោលបំណងនីមួយៗជាមួយសិក្ខាកាមដើម្បីឱ្យពួកគេយល់ច្បាស់។

សួរ៖ តើមាននរណាមានសំណួរអ្វីដែរ ឬទេ?

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀន សិក្ខាកាមទាំងអស់នឹងអាច៖

 1. ប្រាប់ពីវិធី ៣យ៉ាងក្នុងការប៉ាន់ប្រមាណកម្រិតអាហារូបត្ថម្ភរបស់មនុស្សពេញវ័យ និងកុមារ
 2. វាស់ និងកត់ត្រាបានត្រឹមត្រូវនូវកម្ពស់ និងទម្ងន់របស់មនុស្សពេញវ័យ
 3. គណនាសន្ទស្សន៍ម៉ាស់រាងកាយ(BMI) ដោយប្រើកម្ពស់ និងទម្ងន់របស់មនុស្សពេញវ័យ
 4. វាស់ កត់ត្រា និងបកស្រាយរង្វាស់ពាក់កណ្តាលដើមដៃស្ត្រីមានផ្ទៃពោះ ឬទើបសម្រាលកូនរួចក្នុងអំឡុង៦ខែ និងកុមារអាយុពី ៦-៥៩ខែ
 5. វាស់ និងបកស្រាយប្រវែង កម្ពស់ និងទម្ងន់កុមារអាយុចាប់ពី ៦-៥៩ ខែ និងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុរបស់កុមារអាយុចាប់ពី ៥-១៩ ឆ្នាំ

គោលបំណងទី១

សិក្ខាកាមនឹងអាចប្រាប់ពីវិធី ៣យ៉ាងក្នុងការប៉ាន់ប្រមាណកម្រិត អាហារូបត្ថម្ភរបស់មនុស្សពេញវ័យ និងកុមារ។

វិធីសាស្ត្របង្រៀន៖ ការធ្វើបទបង្ហាញ ការអនុវត្តន៍ពិភាក្សាក្រុម

 • ជំហានទី១៖ ការធ្វើបទបង្ហាញ

សេចក្តីផ្តើម

តើមាននរណាដឹងថា “មនុស្សមាត្រវិធី ” (Anthropometry) មានន័យដូចម្តេច? ពាក្យនេះចែកចេញជាពីរផ្នែក៖ “Anthropo” មានន័យថាមនុស្ស ហើយ “metry” មានន័យថាការវាស់។ ដូច្នេះ “Anthropometry” គឺជាការវាស់រាងកាយមនុស្សដែលរួមបញ្ចូលទាំងអត្រានៃការលូតលាស់របស់កុមារ ដើម្បីស្វែងយល់ពីកម្រិតអាហារូបត្ថម្ភរបស់ពួកគេ។ ការកត់ត្រាទម្ងន់ និងកម្ពស់/ប្រវែងគឺជាវិធីចំនួន២ដែលសាមញ្ញបំផុតសម្រាប់ការវាស់រាងកាយមនុស្ស។

នៅក្នុងប្រទេសកម្ពុជា អ្នករស់នៅជាមួយមេរោគអេដស៍ជាច្រើនមិនដឹងថាតើទម្ងន់របស់ពួកគេស្ថិតក្នុងកម្រិតទម្ងន់ដែលមានសុខភាពល្អធម្មតា ឬមិនល្អនោះទេ។ ដូចដែលយើងបានរៀនក្នុងមេរៀនទី២ និងទី៣រួចមកហើយថា អាហារូបត្ថម្ភ និងការឆ្លងជំងឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ អ្នករស់នៅជាមួយមេរោគអេដស៍ជារឿយៗលេចចេញនូវរោគសញ្ញាមួយចំនួនដែលអាចឈានទៅរកការកាត់បន្ថយការបរិភោគអាហារ ដូច្នេះពួកគេនឹងមានការប្រឈមកាន់តែខ្លាំងនឹងកង្វះអាហារូបត្ថម្ភ។

មូលហេតុនៃកង្វះអាហារូបត្ថម្ភមាន៣ប្រភេទធំៗ៖ មូលហេតុបន្ទាន់ មូលហេតុបន្ទាប់ និងមូលហេតុចំបង។ កង្វះអាហារូបត្ថម្ភមានន័យថា “អាហារូបត្ថម្ភខ្សត់ខ្សោយ” ឬ “អាហារូបត្ថម្ភមិនសមរម្យ” ដោយរួមបញ្ចូលទាំងការលើស និងការខ្វះអាហារូបត្ថម្ភផងដែរ។ កង្វះអាហារូបត្ថម្ភ ច្រើនកើតមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ចំណែកការលើសអាហារូបត្ថម្ភច្រើនកើតនៅក្នុងប្រទេសដែលរីកចម្រើនផ្នែកវិស័យឧស្សាហកម្ម ដោយសារបំលាស់ប្តូរបែបបទនៃការរស់នៅ និងទម្លាប់នៃការបរិភោគ។ មូលហេតុនៃកង្វះអាហារូបត្ថម្ភភ្លាមៗរបស់អ្នករស់នៅជាមួយមេរោគអេដស៍អាចបណ្តាលមកពី៖ ការបរិភោគអាហារមិនគ្រប់គ្រាន់ អសមត្ថភាពក្នុងការរំលាយ និងស្រូបយកសារជាតិចិញ្ចឹមពីអាហារ ដោយសារមានជំងឺ រាករូស ឬរោគឆ្លងរោគផ្សេងៗ និងជំងឺអេដស៍៘ មូលហេតុបន្ទាប់បន្សំនៃបញ្ហាកង្វះអាហារូបត្ថម្ភអាចកើតមានដោយសារតែ អសន្តិសុខស្បៀង និងការខ្វះប្រាក់កាសដើម្បីទិញអាហារ ឬថ្នាំសង្កូវ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកអាហារ ខ្វះចំណេះដឹង ឬសមត្ថភាពដើម្បីអនុវត្តតាមរបៀបត្រឹមត្រូវក្នុងការផ្តល់ចំណីអាហារ និងជំនឿ ឬវប្បធម៌សង្គម។

បើគ្មានជំនួយសមរម្យ អ្នកដែលមានជំងឺនឹងកាត់បន្ថយចំណង់បរិភោគអាហារ ឬរាងកាយចុះខ្សោយក្នុងការបឺតយក និងប្រើប្រាស់សារជាតិចិញ្ចឹម ដែលជាហេតុធ្វើឱ្យពួកគេមានកង្វះអាហារូបត្ថម្ភ។ ខាងក្រោមជាសញ្ញា និងរោគសញ្ញានៃកង្វះអាហារូបត្ថម្ភ៖

ទូទៅ

សម្រាប់មនុស្សពេញវ័យ

 • កាត់បន្ថយម៉ាស់រាងកាយឱ្យស្គម
 • កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ
 • ស្រកទម្ងន់
 • ស្វិតដៃជើងខ្លាំង

សម្រាប់កុមារ

សម្រាប់ស្ត្រីមានផ្ទៃពោះ

 • លូតលាស់ស្ទាក់ស្ទើរ (លូតលាស់មិនល្អ)
 • អត្រានៃការលូតលាស់យឺត
 • ស្រកទម្ងន់
 • ក្រិន (កម្ពស់ទាបធៀបនឹងអាយុ)
 • ហើម ពេលសង្កត់ទៅទ្រុឌ (ជាតិទឹកលើសលប់/ចាល់នៅក្នុងកោសិកា)
 • ទមន្ង់ទាប
 • ស្លេកស្លាំង
 • ទារកកើតមិនគ្រប់ទម្ងន់
 • សម្រាលមុនពេលកំណត់

នៅក្នុងប្រទេសកម្ពុជា អ្នករស់នៅជាមួយមេរោគអេដស៍ភាគច្រើនមានទម្ងន់ធម្មតា ឬក៏ទម្ងន់មិនគ្រប់។ ទោះជាយ៉ាងណាក៏ដោយ ក៏មានអ្នករស់នៅជាមួយមេរោគអេដស៍ដែលលើសទម្ងន់ដែរ។ ហេតុដូច្នេះហើយ គួរតាមដានទម្ងន់របស់អ្នករស់នៅជាមួយមេរោគអេដស៍ជារៀងរាល់ខែ ដើម្បីធានាថាពួកគេរក្សាបាននូវទម្ងន់ដែលមានសុខភាពល្អ ឬក៏ឡើងទម្ងន់ (បើទម្ងន់មិនគ្រប់)។ ប្រសិនបើអ្នករស់នៅជាមួយមេរោគអេដស៍ស្រកទម្ងន់ វាពិតជាមានគ្រោះថ្នាក់ណាស់សម្រាប់សុខភាពពួកគេ ពីព្រោះវាជាសញ្ញានៃការឆ្លងរោគផ្សេងៗ ឬក៏ធ្វើឱ្យពួកគាត់កាន់តែងាយនឹងឆ្លងរោគ។ បើពួកគេស្រកទម្ងន់គួរឱ្យកត់សម្គាល់ ពួកគេគួរតែស្វែងរកការព្យាបាលពីគ្លីនិកOI/ART ជាបន្ទាន់។

មានវិធី៣យ៉ាងដើម្បីយល់ដឹងអំពីការប្រឈមនឹងកង្វះអាហារូបត្ថម្ភសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ ដោយយោងទៅតាមអាយុ និងដំណាក់កាលជីវិតរបស់ពួកគេ៖ (១) ពួកគេទើបបានស្រកទម្ងន់ថ្មីៗ (២) ពួកគេមានសន្ទស្សន៍ម៉ាស់រាងកាយទាប (ទម្ងន់មិនគ្រប់ បើធៀបនឹងកម្ពស់) និង (៣) ពួកគេមានដៃតូច (រង្វាស់ប្រវែងពាក់កណ្តាលដើមដៃតូច)។ អ្នកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រត្រូវតែអាចកំណត់ពីកត្តាគ្រោះថ្នាក់ទាំងនេះ ដើម្បីអាចផ្តល់ប្រឹក្សា និងជម្រុញលើកទឹកចិត្តបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ អ្នករស់នៅជាមួយមេរោគអេដស៍ភាគច្រើនបានថ្លឹងទម្ងន់រៀងរាល់ខែ នៅពេលដែលគាត់ទៅរកសេវាព្យាបាលOI/ART ហើយពួកគាត់តែងបានដឹងពីទម្ងន់របស់ខ្លួន។ តែក៏មានអ្នករស់នៅជាមួយមេរោគអេដស៍ជាច្រើនដែលមិនដឹង និងចង់ដឹងថាតើទម្ងន់របស់ពួកគាត់ស្ថិតក្នុងកម្រិតទម្ងន់ធម្មតា ឬមិនមែន។ ដើម្បីដឹងច្បាស់ថា តើទម្ងន់កម្រិតណាជា “ទម្ងន់ធម្មតា” យើងត្រូវដឹងពីកម្ពស់ឱ្យបានត្រឹមត្រូវ ដើម្បីធៀប។

អ្នករស់នៅជាមួយមេរោគអេដស៍គួរថ្លឹងទម្ងន់ជាប្រចាំនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ហើយបុគ្គលិកមណ្ឌលសុខភាពគួរកត់ត្រាព័ត៌មាននេះនៅក្នុងសៀវភៅសុខភាពរបស់ពួកគេ។ ឥឡូវនេះ យើងនឹងរៀនមើលអំពីការឡើង និងការស្រកទម្ងន់។

 • ជំហានទី២៖ ការអនុវត្តន៍ និងការពិភាក្សាក្រុម

អនុវត្តប្រើឧទាហរណ៍ដោយប្រើតារាងទម្ងន់របស់សេវាOI/ART។ ធ្វើការប្រៀបធៀបការវាស់ទម្ងន់ចុងក្រោយបំផុតពីរនៅលើក្រដាសផ្ទាំងធំ។ ឧទាហរណ៍ថា ខែនេះជាខែកញ្ញា ហើយការវាស់ទម្ងន់ចុងក្រោយត្រូវបានកត់ត្រាកាលពីសប្តាហ៍មុន (ក្នុងខែកញ្ញាដូចគ្នា)។ ធ្វើការប្រៀបធៀបទម្ងន់ដែលបានថ្លឹងកាលពីខែសីហា និងទម្ងន់ដែលបានកត់ត្រាក្នុងខែកញ្ញា។ ពេលនោះយើងនឹងអាចឃើញថា តើទម្ងន់បានស្រក ឡើង ឬនៅដដែល។ បន្ថែមទម្ងន់សម្រាប់ខែតុលា និងធ្វើការប្រៀបធៀបម្តងទៀតថា តើទម្ងន់បានស្រក ឡើង ឬនៅដដែល។

តើអ្នកជំងឺមានស្រកទម្ងន់មែនទេ? ប្រសិនបើស្រកទម្ងន់ ផ្តល់ដំបូន្មានឱ្យគាត់ទទួលទានអាហារនៅក្នុងក្រុមអាហារទាំងបីបន្ថែម ដើម្បីឡើងទម្ងន់វិញ ឬក៏ បើគាត់មិនបានទៅគ្លីនិកOI/ART ទេ គាត់ត្រូវទៅទីនោះភ្លាមដើម្បីស្វែងរកការថែទាំវេជ្ជសាស្ត្រត្រឹមត្រូវ។

ចូរអនុវត្តនូវឧទាហរណ៍មួយផ្សេងទៀតជាមួយនឹងអ្នកជំងឺម្នាក់ទៀតដែលមានទម្ងន់ដដែល ឬឡើងទម្ងន់។ ចូរចងចាំ (កុំឱ្យសិក្ខាកាមមានការយល់ច្រឡំ) បើអ្នកជំងឺឡើងទម្ងន់ តែមិនឡើងខ្លាំង មិនត្រូវណែនាំឱ្យគាត់សម្រកទម្ងន់វិញនោះទេ នេះគឺជាការល្អ និងត្រូវលើកទឹកចិត្តគាត់បន្តឱ្យរក្សាទម្ងន់ឱ្យបានល្អ។

បន្តដឹកនាំការពិភាក្សាជាមួយសិក្ខាកាមអំពីការថ្លឹងទម្ងន់ ដោយប្រើសំណួរខាងក្រោម៖

 • ជាធម្មតា តើអតិថិជនរបស់អ្នកថ្លឹងទម្ងន់ដែរទេ?
 • តើពួកគេថ្លឹងទម្ងន់នៅឯណាដែរ?
 • តើទម្ងន់របស់ពួកគេដែលបានថ្លឹងរួចកត់ត្រានៅឯណាដែរ?
 • ជាធម្មតា តើអ្នកមានបានទទួលព័ត៌មានទាំងនោះដែរទេ?
 • ប្រសិនបើមិនបានទទួលតើអ្នកគិតថាអ្នក ឬក៏អតិថិជនរបស់អ្នកអាចធ្វើអ្វីបានដើម្បីទទួលបានព័ត៌មានទាំងនោះ ដើម្បីឱ្យអ្នកអាចជួយតាមដានទម្ងន់របស់ពួកគាត់បាន?

បន្តពន្យល់៖ ឥឡូវនេះយើងនឹងផ្តោតលើមនុស្សពេញវ័យដែលរស់នៅជាមួយមេរោគអេដស៍ (ស្ត្រីគ្មានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួចក្រោយរយៈពេល៦ខែ)។ យើងនឹងសិក្សាអំពីរបៀបត្រឹមត្រូវក្នុងការវាស់កម្ពស់ ទម្ងន់ និងគណនាសន្ទស្សន៍ម៉ាស់រាងកាយ។ បន្ទាប់មក យើងនឹងផ្តោតលើការវាស់ប្រវែងពាក់កណ្តាលដើមដៃរបស់កុមារ ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចបានអំឡុង៦ខែ។ នៅចុងបញ្ចប់ យើងនឹងវាស់ និងបកស្រាយទម្ងន់ កម្ពស់ ព្រមទាំងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ សម្រាប់កុមារ និងក្មេងជំទង់អាយុ៥–១៩ឆ្នាំ។

គោលបំណងទី២

សិក្ខាកាមនឹងអាចវាស់ និងកត់ត្រាបានត្រឹមត្រូវពីកម្ពស់និងទម្ងន់របស់មនុស្សពេញវ័យ

វិធីសាស្ត្របង្រៀន៖ ការធ្វើបទបង្ហាញសកម្មភាពការធ្វើបង្ហាញការអនុវត្តន៍

ការវាស់កម្ពស់

 • ជំហានទី១៖ សកម្មភាព

ពន្យល់៖ ឥឡូវនេះយើងនឹងសិក្សាពីវិធីទូទៅក្នុងការប៉ាន់ប្រ់មាណកង្វះអាហារូបត្ថម្ភ។

សុំឱ្យសិក្ខាកាមឈរតម្រៀបជួរគ្នាតាមលំដាប់ពីទាបទៅខ្ពស់។ សួរទៅក្រុមថា តើអ្នកគិតថា អ្វីដែលកំណត់កម្ពស់របស់អ្នកទាំងអស់គ្នា?

បន្ទាប់មកពន្យល់ពីកម្ពស់៖ កម្ពស់របស់មនុស្សត្រូវបានកំណត់ដោយកត្តាពីរយ៉ាង។ កត្តាទីមួយបណ្តាលមកពីឪពុកម្តាយ និងជីដូនជីតារបស់យើង។ ឪពុកម្តាយមានកម្ពស់ខ្ពស់នោះកូននឹងមានកម្ពស់ខ្ពស់ដែរ។ បើឪពុកម្តាយមានកម្ពស់ទាបនោះកូនក៏នឹងមានកម្ពស់ទាបដូចគ្នាដែរ។ នេះជារឿងធម្មតាសម្រាប់ប្រទេសទាំងអស់លើពិភពលោក។ កត្តាមួយផ្សេងទៀតគឺកត្តាអាហារូបត្ថម្ភ។ ទារក និងកុមារដែលបានទទួលទានអាហារស្ថាបនារាងកាយបានគ្រប់គ្រាន់ (ប្រូតេអ៊ីនដែលមានជាតិសាច់ និងគ្មានជាតិសាច់) និងអាហារការពាររាងកាយ (ផ្លែឈើ និងបន្លែ) នឹងលូតកម្ពស់ខ្ពស់ជាងកុមារដែលមិនបានទទួលទានប្រូតេអ៊ីន ផ្លែឈើ និងបន្លែគ្រប់គ្រាន់។ សំណួរថាតើពួកគាត់មានបានកត់សម្គាល់ពីចំណុចនេះឬទេ ចំពោះមនុស្សជំនាន់ក្រោយដែលមានជីវភាពរស់នៅមធ្យម ឬមានជីវភាពធូរធា?

 • ជំហានទី២៖ ការបង្ហាញអំពីការបិទម៉ែត្រឱ្យតឹងជាប់ជញ្ជាំងបានល្អ

នាំសិក្ខាកាមទៅទីកន្លែងដែលមានជញ្ជាំង និងកម្រាលរាបស្មើ។ ពន្យល់អំពីព័ត៌មានខាងក្រោម និងធ្វើបង្ហាញបណ្តើរ ពន្យល់បណ្តើរ។ ឈប់ម្តងជំហានម្តងៗ រួចសុំឱ្យសិក្ខាកាមនិយាយអំពីជំហានដែលទើបបានបង្ហាញ។ ទុកពេលឱ្យពួកគេសួរប្រសិនបើមានសំណួរ។

 • កំណត់សម្គាល់

  ការបិតម៉ែត្រឱ្យជាប់នឹងជញ្ជាំងនៅក្នុងជំហានដំបូង គឺសម្រាប់ម៉ែត្រខ្លីប៉ុណ្ណោះ។ ម៉ែត្រដែលមាននៅក្នុងកញ្ចប់សម្ភារៈមិនចាំបាច់ត្រូវការធ្វើដូច្នេះទេ។

ពន្យល់៖ យើងត្រូវការមនុស្សពីរនាក់ដើម្បីទប់ និងបិតម៉ែត្រ និងវាស់កម្ពស់របស់មនុស្សម្នាក់បានត្រឹមត្រូវ។ យើងត្រូវជ្រើសទីតាំងមួយដែលមានជញ្ជាំង និងកម្រាលបេតុងរាបស្មើ។ នេះគឺជាចំនុចខាន់ខ្លាំង៖ ផ្ទៃជញ្ជាំងនោះត្រូវតែរាបស្មើពីលើរហូតដល់កម្រាល និងគ្មានក្តារ/ឈើទ្រនាប់ ឬអ្វីផ្សេងទៀតនៅលើជញ្ជាំងឡើយ។

ជំហានដំបូង ប្រើបង់ស្អិតបិទម៉ែត្រដែលត្រូវវាស់ឱ្យតឹងផ្អឹបជាប់ជញ្ជាំងបានល្អដើម្បីឱ្យចំណុចសូន្យ (០ស.ម) នៅចំចំណុចប្រសព្វរវាងជញ្ជាំង និងកម្រាល។ បិទម៉ែត្រឱ្យជាប់នឹងបង់ស្អិត។

ប្រសិនបើម៉ែត្រវាស់មានប្រវែងវែងជាងកំពស់មនុស្សដែលអ្នកកំពុងវាស់ អ្នកត្រូវទប់ម៉ែត្រនៅត្រង់កម្រាល និងទាញវាឡើងលើ ធ្វើយ៉ាងណាឱ្យម៉ែត្ររាបស្មើទៅនឹងជញ្ជាំងនៅគ្រប់ចំណុច (ធ្វើការបង្ហាញ ដោយមានអ្នកស្ម័គ្រចិត្តម្នាក់ជួយទប់ម៉ែត្រ)។

ប្រសិនបើអ្នកមានម៉ែត្រដែលមានប្រវែងតែមួយម៉ែត្រ ចូរធ្វើតាមសេចក្តីណែនាំខាងក្រោម។

ណែនាំថា៖ ប្រើបង់ស្អិតបិតម៉ែត្រឱ្យតឹងណែនជាប់ទៅនឹងជញ្ជាំង។ ធ្វើយ៉ាងណាឱ្យចំណុចសូន្យ (០ស.ម) នៅត្រង់ជ្រុងប្រសព្វរវាងជញ្ជាំង និងផ្ទៃកម្រាល និងឱ្យសិក្ខាកាមម្នាក់ទាញខ្សែម៉ែត្រឡើងលើជាប់នឹងជញ្ជាំងឱ្យអស់ប្រវែងខ្សែម៉ែត្រ។ មនុស្សម្នាក់ទៀត

ប្រើហ្វឺតដែលមានចុងតូច គូសនៅលើជញ្ជាំងត្រង់ក្រិត១០០ ស.ម (ក្រិតខាងលើលេខ១០០)។ សូមអានលេខនៅលើម៉ែត្រវាស់ដោយត្រឹមត្រូវ។

ក្រោយពីអ្នកបានគូសគំនូសនៅលើជញ្ជាំងរួច ចូររំកិលម៉ែត្រឡើងលើដើម្បីឱ្យលេខសូន្យ (០ ស.ម) ស្ថិតនៅត្រង់គំនូសត្រង់១០០ស.ម ដែលទើបតែគូសរួចលើជញ្ជាំងហើយបិទវាជាប់។ ឧទាហរណ៍ថា យើងវាស់ត្រឹមកំពស់១០៥ ស.ម។ យើងក្រឹតកំពស់ត្រង់លេខ៥ ស.ម ហើយបូកបន្ថែម១០០ ស.ម យើងនឹងទទួលបាន១០៥ស.ម។

គេគួរវាស់កម្ពស់ដោយ៖

 • គ្មានពាក់ស្បែកជើង
 • ឈរឱ្យត្រង់
 • មុខមើលត្រង់ទៅមុខ
 • ដាក់ជើងទន្ទឹមគ្នា
 • កែងជើងទល់នឹងជញ្ជាំង
 • ក្បាលខាងក្រោយ ទល់នឹងជញ្ជាំង
 • គ្មានក្រមាជួតក្បាល មួក និង/ឬគ្រឿងលម្អសក់។

សុំឱ្យអ្នកស្ម័គ្រចិត្តម្នាក់ដោះស្បែកជើងគាត់ចេញហើយមកឈរជាប់នឹងខ្សែម៉ែត្រ។ ពន្យល់ព័ត៌មានខាងក្រោមក្នុងខណៈពេលដែលធ្វើបង្ហាញជាមួយអ្នកស្ម័គ្រចិត្ត។

មនុស្សគួរតែឈរនៅចំពីមុខខ្សែម៉ែត្រ ដើម្បីឱ្យខ្សែម៉ែត្រលេចចេញពីខាងលើចំពាក់កណ្តាលក្បាល។ ប្រាប់គាត់ឱ្យមើលត្រង់ទៅមុខដោយមិនត្រូវឱន ឬងើបក្បាលចុះឡើងនោះទេ។ គេអាចប្រើសៀវភៅក្របរឹង ឬបន្ទះឈើរាងចតុកោណកែង ឬឧបករណ៍ស្រដៀងគ្នានេះដាក់ពីលើក្បាល។ កាន់សៀវភៅឱ្យជាប់ទល់នឹងជញ្ជាំង។ សុំឱ្យអ្នកស្ម័គ្រចិត្តដើរចេញ ដោយរក្សាសៀវភៅឱ្យនៅទៅតាំងដដែល។ អានខ្នាតរង្វាស់ដែលនៅត្រង់កន្លែងគែមសៀវភៅផ្នែកខាងក្រោមដែលប្រសព្វជាមួយខ្សែម៉ែត្រ។ កត់ត្រាកម្ពស់របស់បុគ្គលនោះ ដោយជ្រើសរើសយកលេខដែលជិតជាងគេបំផុត។ ត្រូវយកចិត្តទុកដាក់រាល់ពេលវាស់កម្ពស់របស់អ្នកផ្សេងៗទៀតដែលមានកម្ពស់ខ្ពស់ជាងអ្នកស្ម័គ្រចិត្តមុនដែលអ្នកបានវាស់។ ឧបករណ៍សម្រាប់វាស់ជំហានប្រហែលជាចាំបាច់ត្រូវប្រើដើម្បីទទួលបាននូវលទ្ធផលត្រឹមត្រូវ។

កត់ត្រាកម្ពស់ជាម៉ែត្រផង និងសង់ទីម៉ែត្រផងនៅលើផ្ទាំងក្រដាសធំ (ឧទាហរណ៍ ១៥៣ស.ម និង ១.៥៣ ម៉ែត្រ)។ ពន្យល់ប្រាប់សិក្ខាកាមថា ១៥៣ស.មគឺស្មើនឹង ១.៥៣ ម៉ែត្រ។

សម្គាល់៖ សិក្ខាកាមដែលធ្វើការនៅមណ្ឌលសុខភាព ឬនៅកន្លែងណាមួយអចិន្ត្រៃគួរប្រើហ្វឺតលុបមិនជ្រះចុងតូច គូសលើជញ្ជាំង ក្រិតលេខមួយចំនួន (ឧ. ១០ស.ម)។ ខ្សែម៉ែត្រអាចរអិលចុះឡើង ឬរបូតចេញជាហេតុធ្វើឱ្យការវាស់មិនបានត្រឹមត្រូវ ឬថែមទាំងអាចបាត់ខ្សែម៉ែត្រនោះទៀតផង។ ការគូសគំនូសនៅជាប់បែបនេះ ជួយធានារង្វាស់ម៉ែត្រនៅនឹងមួយកន្លែង មានលើជញ្ជាំងស្រាប់ រាល់ពេលដែលមានអតិថិជនមកវាស់កម្ពស់។

 • ជំហានទី៣៖ ការធ្វើបង្ហាញ ការវាស់កម្ពស់

សួររកអ្នកស្ម័គ្រចិត្តពីរនាក់។ ឱ្យម្នាក់ឈរទល់នឹងម៉ែត្រវាស់ ហើយម្នាក់ទៀតជាអ្នកវាស់។ អានសេចក្តីណែនាំឡើងវិញខណៈពេលដែលពួកគេកំពុងធ្វើការ។

 • ជំហានទី៤៖ ការអនុវត្តន៍ផ្ទាល់

ចែកសិក្ខាកាមជាក្រុមតូចៗដែលមានសមាជិកបី ឬបួននាក់។ ផ្តល់ខ្សែម៉ែត្រមួយឱ្យទៅក្រុមនីមួយៗ បង់ស្អិតពីរបីដុំ និងហ្វឺតសរសេរមួយ។ ឱ្យពួកគេអនុវត្តដោយបិទខ្សែម៉ែត្រទៅនឹងជញ្ជាំងដូចដែលបានធ្វើបង្ហាញពីមុន។ អ្នកសម្របសម្រួលគួរត្រួតពិនិត្យមើលការអនុវត្តជាក់ស្តែងនេះ ហើយផ្តល់ព័ត៌មានត្រឡប់ដើម្បីឱ្យប្រាកដថាពួកគេអាចបិទខ្សែម៉ែត្របានត្រឹមត្រូវជាប់ទៅនឹងជញ្ជាំង។

នៅពេលក្រុមទាំងអស់បានបិទខ្សែម៉ែត្រទៅនឹងជញ្ជាំងបានសព្វគ្រប់ និងត្រឹមត្រូវហើយ ចូរឱ្យពួកគេប្តូរវេនវាស់កម្ពស់គ្នាម្នាក់ម្តងដល់ចំណុចសង់ទីម៉ែត្រដែលជិតបំផុត និងកត់ត្រាទិន្នន័យទុក។ ប្រាប់ពួកគេឱ្យមើលមេរៀនទី៤ ដើម្បីចងចាំពីរបៀបដាក់ម៉ែត្រវាស់ឱ្យចំ ទីតាំងត្រឹមត្រូវក្នុងការវាស់កម្ពស់អតិថិជនរបស់ពួកគាត់។ អ្នកសម្របសម្រួលគួរតែត្រួតពិនិត្យលំហាត់អនុវត្តផ្ទាល់នេះហើយផ្តល់ព័ត៌មានត្រឡប់ ដើម្បីប្រាកដថាគ្រប់ក្រុមទាំងអស់ដាក់ទីតាំងបុគ្គលដែលត្រូវវាស់បានត្រឹមត្រូវ ហើយអាន និងកត់ត្រាកម្ពស់របស់សិក្ខាកាមបានត្រឹមត្រូវនូវចំណុចជិតបំផុតទៅនឹង ១ស.ម។ ក្រុមតូចៗគួរសរសេរកម្ពស់របស់សមាជិកម្នាក់ៗជាសង់ទីម៉ែត្រ និងជាម៉ែត្រផង។

ប្រសិនបើមានពេលច្រើន ឱ្យក្រុមទាំងអស់វាស់កម្ពស់មនុស្សម្នាក់ដូចគ្នា។ លទ្ធផលគួរតែដូចគ្នា ឬ អាចមានកម្រិតលំអៀង១សង់ទីម៉ែត្រ)។ ប្រសិនបើមិនដូច្នេះទេ វាបង្ហាញថាពួកគេគួរអនុត្តន៍វាស់កម្ពស់បន្ថែមទៀត ឬពួកគេប្រើប្រាស់ម៉ែត្រមិនបានត្រឹមត្រូវ។ អ្នកសម្របសម្រួលត្រូវតែធ្វើយ៉ាងណាឱ្យសិក្ខាកាមគ្រប់គ្នាបានអនុវត្តន៍វាស់កម្ពស់មនុស្សពេញវ័យបានត្រឹមត្រូវ។ ផ្តល់ការលើកទឹកចិត្ត និសរសើរដល់អ្នកដែលធ្វើបានត្រឹមត្រូវ។ កែតម្រូវកំហុសដោយប្រុងប្រយ័ត្ន និងឆ្លើយតបនឹងសំណួររបស់សិក្ខាកាម។

ពន្យល់៖ បើគ្មានព័ត៌មានអំពីកម្ពស់ ឬមិនអាចវាស់កម្ពស់បាន យើងអាចវាស់វែងទៅលើការឡើង ឬស្រកទម្ងន់បាន។ នេះគឺជាមធ្យោបាយងាយស្រួលមួយក្នុងការតាមដានសុខភាពរបស់អ្នករស់នៅជាមួយមេរោគអេដស៍។ ប៉ុន្តែការដឹងទម្ងន់តែមួយមុខមិនត្រឹមត្រូវទាំងស្រុងដូចសន្ទស្សន៍ម៉ាស់រាងកាយនោះទេ។ យើងត្រូវតែដឹងពីកម្ពស់ដើម្បីធៀប ទើបយើងអាចដឹងថាទម្ងន់នោះជាទម្ងន់មានសុខភាពល្អ ឬអត់។

ការថ្លឹងទម្ងន់

 • ជំហានទី១៖ បទបង្ហាញ ការធ្វើបង្ហាញ និងការថ្លឹងទម្ងន់

ការថ្លឹងទម្ងន់គឺមានសារៈសំខាន់ណាស់ ព្រោះទិន្នន័យទម្ងន់ត្រូវយកទៅប្រើជាមួយនឹងកម្ពស់ដើម្បីគណនាពីកម្រិតអាហារូបត្ថម្ភរបស់មនុស្សពេញវ័យ។ ជាមួយនឹងរង្វាស់មនុស្សមាត្រវិធី យើងនឹងអាចតាមដានពីកម្រិតអាហារូបត្ថម្ភរបស់មនុស្សពេញវ័យដែលរស់នៅជាមួយមេរោគអេដស៍ក្នុងរយៈពេលកន្លងមកបាន។

សំណួរ៖ តើអ្នកគិតថាកត្តាអ្វីខ្លះដែលកំណត់អំពីកម្ពស់?

ទម្ងន់របស់មនុស្សភាគច្រើនត្រូវបានកំណត់ដោយបរិមាណអាហារ (ឬថាមពល) ដែលពួកគេបានបរិភោគ។ ទម្ងន់របស់មនុស្សពេញវ័យម្នាក់អាចប្រែប្រួលគ្រប់ពេលផ្អែកលើកត្តាមួយចំនួនដូចជា អាហារ (បន្ថែថាមពល) ជំងឺ(ចំហេះថាមពល) និងអាយុ ហើយចំពោះស្ត្រីវិញ វាអាស្រ័យថាតើគាត់មានផ្ទៃពោះ ឬក៏គ្មានផ្ទៃពោះ។

កម្ពស់ និងទម្ងន់អាចប្រើដើម្បីគណនាសន្ទស្សន៍ម៉ាស់រាងកាយរបស់មនុស្ស។ សន្ទស្សន៍ម៉ាស់រាងកាយប្រាប់ឱ្យយើងដឹងពីភាពធាត់ និងភាពស្គមរបស់មនុស្សម្នាក់ព្រោះវាបង្ហាញពីទម្ងន់ធៀបទៅនឹងកម្ពស់របស់គាត់។ យើងនឹងមើលបន្ថែមទៀតពីសន្ទស្សន៍ម៉ាស់រាងកាយរបស់មនុស្សនៅក្នុងមេរៀនក្រោយ។

សំណួរ៖ តើនៅពេលណាដែលអ្នកបានថ្លឹងទម្ងន់របស់អ្នកចុងក្រោយបំផុត? តើអ្នកគិតថាទម្ងន់នោះត្រឹមត្រូវដែរឬទេ? ហេតុអ្វីត្រឹមត្រូវ? ហេតុអ្វីមិនត្រឹមត្រូវ?

ទម្ងន់អាចត្រូវបានថ្លឹងដោយប្រើជញ្ជីងបពា្ឈរ ឬជញ្ជីងបត់សម្រាប់មនុស្សពេញវ័យដោយយោងទៅតាមស្តង់ដារបស់ក្រសួងសុខាភិបាល។ ទម្ងន់ពិតប្រាកដរបស់មនុស្សពេញវ័យម្នាក់អាចប្រែប្រួលដោយសារកត្តាផ្សេងៗដូចជា៖

 • សម្លៀកបំពាក់ដែលគាត់កំពុងស្លៀកពាក់
 • ខ្នាតក្រិតមិនត្រឹមត្រូវរបស់ជញ្ជីង
 • ការដាក់ជញ្ជីងមិនត្រឹមត្រូវ
 • ការប្រើសម្ភារៈមានគុណភាពមិនល្អ
 • បច្ចេកទេសថ្លឹងមិនសមស្រប

ប្រសិនបើប្រើជញ្ជីងថ្លឹងបពា្ឈរ ត្រូវពិនិត្យចំណុចសូន្យនៅលើជញ្ជីងឱ្យនៅត្រង់ចំណុចដេកដោយរំកិលជញ្ជីងឱ្យស្ថិតនៅក្រិតសូន្យ និងទប់ជញ្ជីងរហូតដល់មានលំនឹងសិន សឹមចាំចាប់ផ្តើមថ្លឹង។ ទម្ងន់ស្តង់ដារគួរតែមានសម្រាប់ក្រិតខ្នាតជញ្ជីង។ ប្រសិនបើប្រើជញ្ជីងបត់សម្រាប់មនុស្សពេញវ័យ ដំបូងក្រិតខ្នាតជញ្ជីងត្រង់ចំណុចសូន្យ (ត្រូវប្រាកដថាភ្នែកជញ្ជីងស្ថិតត្រង់០.០គីឡូក្រាម)។ ជញ្ជីងត្រូវដាក់នៅលើទីដែលមានផ្ទៃរាបស្មើ ហើយរឹង។

ឥឡូវនេះយើងបានត្រៀមរួចរាល់ដើម្បីថ្លឹងទម្ងន់។ រំលឹកព័ត៌មានខាងក្រោមនៅលើក្រដាសផ្ទាំងធំ ឬក៏នៅក្នុងឯកសារមេរៀន។

គេគួរថ្លឹងទម្ងន់ដោយ៖

 • ភ្នែកជញ្ជីងនៅត្រង់ចំណុចសូន្យ
 • គ្មានពាក់ស្បែកជើង
 • ស្លៀកសំលៀកបំពាក់ដែលមានទម្ងន់ស្រាល
 • ត្រូវយកចេញរបស់ធ្ងន់ៗដែលមាននៅក្នុងហោប៉ៅ
 • ឈរឱ្យស្ងៀមនៅចំកណ្តាលផ្ទៃជញ្ជីងដោយគ្មានកាន់របស់អ្វី ឬក៏កាន់នរណាម្នាក់ដើម្បីទប់លំនឹង
 • ជញ្ជីងចាំបាច់ត្រូវដាក់នៅលើដីដែលមានផ្ទៃរាបស្មើ និងបើសិនជាអាច ឱ្យអតិថិជនឈរថ្លឹងនៅទីតាំដដែលរាល់ពេលដែលពួកគាត់មកថ្លឹង

អានលេខគីឡូនៅលើជញ្ជីង ដោយជ្រើសរើសយកចំណុចជិតជាងគេបំផុតនៃ០.១គីឡូក្រាម ហើយកត់ត្រាទុកភ្លាម។ អានរង្វាស់នោះឡើងវិញពីរដង និងត្រូវប្រាកដថា ទិន្នន័យទាំងពីរលើកដែលបានអានត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ បើខុសគ្នាគួរតែខុសក្នុងចន្លោះពី១០០ក្រាម (០.១ គីឡូក្រាម)។

 • ជំហានទី២៖ ការអនុត្តន៍

ប្រាប់សិក្ខាកាមថាឥឡូវនេះ ពួកគេដឹងអំពីរបៀបត្រឹមត្រូវក្នុងការថ្លឹងទម្ងន់ហើយ។ បែងចែកសិក្ខាកាមជាក្រុមតូចៗ (ចំនួនក្រុមអាស្រ័យលើចំនួនជញ្ជីងសម្រាប់អនុវត្ត)។ ឱ្យពួកគេអនុវត្តធ្វើតាមជំហានទាំងឡាយដែលបានធ្វើបទបង្ហាញ។ សុំឱ្យអ្នកស្ម័គ្រចិត្តម្នាក់ពីក្រុមនីមួយៗ ដើម្បីឱ្យគេថ្លឹងទម្ងន់របស់គាត់ ខណៈដែលសិក្ខាកាមម្នាក់ទៀតជាអ្នកថ្លឹង និងម្នាក់ទៀតកត់ត្រានូវទម្ងន់ដែលបានថ្លឹង។ អ្នកសម្របសម្រួលគួរតែពិនិត្យមើលរាល់សកម្មភាពឱ្យបានគ្រប់ក្រុមទាំងអស់ ដើម្បីប្រាកដថាសិក្ខាកាមទាំងអស់កំពុងតែអនុវត្តន៍ត្រឹមត្រូវតាមដំណើរការនីមួយៗ។ លើកទឹកចិត្ត និងសរសើរចំពោះក្រុមដែលអនុវត្តន៍ត្រឹមត្រូវតាមបច្ចេកទេស។ កែតម្រូវកំហុសដែលដោយប្រុងប្រយ័ត្ន និងឆ្លើយតបនឹងសំណួររបស់សិក្ខាកាម។

គោលបំណងទី៣

សិក្ខាកាមនឹងអាចគណនាសន្ទស្សន៍ម៉ាស់រាងកាយ(BMI) ដោយប្រើកម្ពស់ និងទម្ងន់របស់មនុស្សពេញវ័យ

 • ជំហានទី១៖ ពន្យល់ បង្ហាញ និងអនុត្តន៍ការប្រើរូបមន្ត BMI

ឥឡូវនេះ យើងបានដឹងពីរបៀបវាស់កម្ពស់មនុស្សពេញវ័យហើយ។ ដូចដែលយើងបានរៀនកាលពីមុន ប្រសិនបើយើងមានទិន្នន័យកម្ពស់ និងទម្ងន់របស់មនុស្សម្នាក់នោះយើងអាចនឹងគណនាសន្ទស្សន៍ម៉ាស់រាងកាយរបស់គាត់បាន ឬហៅថា BMI។ សន្ទស្សន៍ម៉ាស់រាងកាយគឺជាវិធីសាស្ត្រដែលត្រូវបានប្រើដើម្បីប៉ាន់ប្រ់មាណអំពីកម្រិត អាហារូបត្ថម្ភរបស់មនុស្សពេញវ័យ។ សន្ទស្សន៍ម៉ាស់រាងកាយគឺជាវិធីសាស្ត្រដែលចំណាយប្រាក់តិច ហើយវាមានភាពងាយស្រួល។ សន្ទស្សន៍ម៉ាស់រាងកាយ មិនអាចប្រើសម្រាប់ស្ត្រីមានផ្ទៃពោះបានទេព្រោះទម្ងន់ របស់ស្ត្រីមានផ្ទៃពោះនឹងពាក់ព័ន្ធដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ និងបំលាស់ប្តូររបស់រាងកាយដែលទាក់ទងនឹងការមានផ្ទៃពោះ។ សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលទើបសម្រាលកូនហើយក្នុងអំឡុង ៦ខែ គេប្រើ MUAC ជំនួសវិញ។ ចំពោះកុមារ និងក្មេងជំទង់ (អាយុពី ៥ទៅ ១៩ឆ្នាំ) គេប្រើសន្ទស្សន៍ម៉ាស់រាងកាយជាក់លាក់ទៅតាមក្រុមអាយុ និងភេទ។ ក្នុងមេរៀនបន្ទាប់ យើងនឹងសិក្សាពីរង្វាស់មនុស្សមាត្រវិធីផ្សេងទៀត ដើម្បីប៉ាន់ប្រ់មាណពីកង្វះអាហារូបត្ថម្ភរបស់កុមារ និងស្ត្រីមានផ្ទៃពោះ។ សរសេរឃ្លាខាងក្រោមនៅលើក្រដាសផ្ទាំងធំ៖

សន្ទស្សន៍ម៉ាស់រាងកាយ (BMI) គឺជាផលធៀបនៃទម្ងន់
នឹងកម្ពស់របស់របស់មនុស្សម្នាក់

BMI ប្រាប់យើងថា តើមនុស្សម្នាក់ធាត់ប៉ុណ្ណា ឬក៏ស្គមប៉ុណ្ណា។ BMI មិនមែនជាភាគរយ (%) នោះទេ តែវាគឺជាផលចែកនៃទម្ងន់របស់មនុស្សម្នាក់នឹងកម្ពស់របស់គេ។ រម្លឹកឡើងវិញនូវរូបមន្តនៅលើក្រដាសផ្ទាំងធំ ហើយឱ្យសិក្ខាកាមតាមមើលឯកសារមេរៀនទី៤។ រម្លឹកពួកគេថា គីឡូក្រាមគឺជារង្វាស់ទម្ងន់ ហើយម៉ែត្រគឺជារង្វាស់កម្ពស់ ចំណែក ឯ BMI គឺជាផលធៀប។

ពន្យល់សិក្ខាកាមថា៖ រូបមន្តសម្រាប់គណនាសន្ទស្សន៍ម៉ាស់រាងកាយតម្រូវឱ្យកម្ពស់ត្រូវបានវាស់ខ្នាតជាម៉ែត្រ។ បើកម្ពស់ត្រូវបានវាស់ខ្នាតជាសង់ទីម៉ែត្រត្រូវបំលែងទៅជាម៉ែត្រជាមុនសិន ដោយចែកនឹង១០០។ ដែនកំណត់ធម្មតារបស់សន្ទស្សន៍ម៉ាស់រាងកាយគឺចន្លោះពី ១៨.៥ ទៅ ២៥។ សន្ទស្សន៍ម៉ាស់រាងកាយតិចជាង ១៨.៥ មានន័យថា មនុស្សនោះមានទម្ងន់មិនគ្រប់។ បើសន្ទស្សន៍ម៉ាស់រាងកាយច្រើនជាង២៥ គេចាត់ចូលក្នុងក្រុមមនុស្សដែលលើសទម្ងន់ (វាអាចមានហេតុផលផ្សេងដែរដែលធ្វើឱ្យBMIលើសពី២៥ – ក្នុងករណីនេះ BMI មានដែនកំណត់របស់វា)។

សុំឱ្យសិក្ខាកាមមើលមេរៀនទី៤ ត្រង់តារាងចំណាត់ថ្នាក់សន្ទស្សន៍ម៉ាស់រាងកាយ។ ពិនិត្យមើលឡើងវិញលើតារាងនោះជាមួយសិក្ខាកាម។

ចំណាត់ថ្នាក់ជាអន្តរជាតិរបស់អង្គការសុខភាពពិភពលោក (WHO) ចំពោះកម្រិត អាហារូបត្ថម្ភរបស់មនុស្សពេញវ័យដោយប្រើសន្ទស្សន៍ម៉ាស់រាងកាយ៖

ចំណាត់ថ្នាក់ទម្ងន់

ចំណាត់ថ្នាក់ BMI (គ.ក/ម៉ែត្រការេ)

ទម្ងន់មិនគ្រប់

តិចជាង ១៨.៥

ទម្ងន់ធម្មតា

ចន្លោះពី ១៨.៥ – ២៤.៩៩

លើសទម្ងន់

ចាប់ពី ២៥ ឡើងទៅ

ធាត់ជ្រុល

ចាប់ពី ៣០ ឡើងទៅ

ចំណាត់ថ្នាក់កង្វះអាហារូបត្ថម្ភ

សន្ទស្សន៍ម៉ាស់រាងកាយតូចជាង១៨.៥

កង្វះអាហារូបត្ថម្ភតិចតួច

ចន្លោះពី ១៧.០០ – ១៨.៤៩

កង្វះអាហារូបត្ថម្ភមធ្យម

ចន្លោះពី ១៦.០០ – ១៦.៩៩

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

តិចជាង ១៦.០០

ប្រភព៖ អង្គការសុខភាពពិភពលោក(WHO) 2006
http://apps.who.int/bmi/index.jsp?introPage=intro_3.html

បង្ហាញឧទាហរណ៍ខាងក្រោមដល់សិក្ខាកាមពីរបៀបគណនាសន្ទស្សន៍ម៉ាស់រាងកាយ ដោយនាំពួកគេឱ្យស្វែងយល់តាមជំហាននីមួយៗលើផ្ទាំងក្រដាសធំ៖

ឧទាហរណ៍ទី១៖ តើសន្ទស្សន៍ម៉ាស់រាងកាយរបស់មនុស្សម្នាក់ដែលមានកម្ពស់ ១៥០ស.ម (១.៥ម) និងទម្ងន់ ៥០គ.ក គឺប៉ុន្មាន?

 • កំណត់សម្គាល់

  សូមធ្វើលំហាត់សន្ទស្សន៍ម៉ាស់រាងកាយនេះតែជាមួយបុគ្គលិកដែលមានចំណេះដឹងវេជ្ជសាស្ត្រប៉ុណ្ណោះ ដូចជា បុគ្គលិកមណ្ឌលសុខភាព បុគ្គលិកគ្លីនិក OI/ART និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល។

  បុគ្គលិកវេជ្ជសាស្ត្រដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រូវតែអាចបកស្រាយពីសន្ទស្សន៍ម៉ាស់រាងកាយដោយប្រើរូបមន្ត និងតារាងសន្ទស្សន៍ម៉ាស់រាងកាយ។ សម្រាប់ក្រុមថែទាំតាមផ្ទះ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល គួរប្រើតារាងសន្ទស្សន៍ម៉ាស់រាងកាយ។

BMI = 50 / (1.5×1.5)

BMI = 50 / (2.25)

BMI = 22.2

សំណួរ៖ តើមនុស្សនេះលើសទម្ងន់ ទម្ងន់ធម្មតា ឬខ្វះអាហារូបត្ថម្ភ?

ក្រោយពីពួកគេឆ្លើយនឹងសំណួរចូរពន្យល់ពួកគេថា៖ មនុស្សដែលនៅក្នុងឧទាហរណ៍ទី១នេះគឺនៅលំដាប់ធម្មតា ព្រោះសន្ទស្សន៍ម៉ាស់រាងកាយ (២២.២) គឺនៅចន្លោះពី១៨.៥ ទៅ ២៥។

ឧទាហរណ៍ទី ២៖ តើសន្ទស្សន៍ម៉ាស់រាងកាយរបស់មនុស្សដែលមានកម្ពស់ ១៦៥ស.ម និងមានទម្ងន់ ៥០គ.ក គឺប៉ុន្មាន?

BMI = 50 / (1.65×1.65)

BMI = 50 / (2.72)

BMI = 18.4

សំណួរ៖ តើមនុស្សនេះលើសទម្ងន់ ទម្ងន់ធម្មតា ឬខ្វះអាហារូបត្ថម្ភ?

ក្រោយពីពួកគេឆ្លើយនឹងសំណួរចូរពន្យល់ពួកគេថា៖ មនុស្សដែលនៅក្នុងឧទាហរណ៍ទី២នេះ គឺខ្វះអាហារូបត្ថម្ភតិចតួចព្រោះ សន្ទស្សន៍ម៉ាស់រាងកាយ (១៨.៤) តិចជាង ១៨.៥។

សំណួរពិភាក្សា៖

 • កំណត់សម្គាល់

  សម្រាប់ក្រុមថែទាំតាមផ្ទះ វាមានសារៈសំខាន់ណាស់ក្នុងការចងចាំថា អ្នកដែលមានសន្ទស្សន៍ម៉ាស់រាងកាយតិចជាង១៨.៥ ត្រូវបានចាត់ទុកថាកង្វះអាហារូបត្ថម្ភ។ ប៉ុន្តែវាក៏សំខាន់ណាស់ចំពោះបុគ្គលិកមណ្ឌល សុខភាពបុគ្គលិក OI/ART និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលត្រូវយល់ពីចំណាត់ថ្នាក់នៃកង្វះអាហារូបត្ថម្ភរបស់មនុស្សពេញវ័យ។

 1. តើទម្ងន់របស់មនុស្សពីរនាក់ក្នុងឧទារហណ៍ទាំងពីរខាងលើមានប៉ុន្មានខ្លះ?
  (អ្នកទាំងពីរមានទម្ងន់៥០គីឡូក្រាមដូចគ្នា)
 2. តើសន្ទស្សន៍ម៉ាស់រាងកាយរបស់មនុស្សទាំងពីរនាក់នៅក្នុងឧទាហរណ៍ខាងលើមានប៉ុន្មានខ្លះ? (២២.២ និង ១៨.៤) ម្នាក់ស្ថិតក្នុងលំដាប់ធម្មតា និងម្នាក់ទៀតមានទម្ងន់មិនគ្រប់)
 3. ហេតុអ្វីបានជាមនុស្សមានទម្ងន់ដូចគ្នាមានសន្ទស្សន៍ម៉ាស់រាងកាយខុសគ្នា? (ពីព្រោះកម្ពស់ខុសគ្នា) ប្រាប់សិក្ខាកាមឱ្យប្រើរូបមន្តនេះគណនាសន្ទស្សន៍ម៉ាស់រាងកាយរបស់ខ្លួន។ ប្រើព័ត៌មានអំពីកម្ពស់ពីលំហាត់វាស់កម្ពស់ និងទម្ងន់ពីលើកមុន។ ផ្តល់ជំនួយប្រសិនបើចាំបាច់។

 

 • ជំហានទី២៖ ពន្យល់ បង្ហាញ និងអនុត្តន៍តារាង BMI

មានឧបករណ៍មួយទៀតសម្រាប់ប៉ាន់ប្រមាណសន្ទស្សន៍ម៉ាស់រាងកាយដោយប្រើវិធីសាមញ្ញ មិនចាំបាច់ប្រើរូបមន្តឡើយ។

ចែកតារាងសន្ទស្សន៍ម៉ាស់រាងកាយឱ្យសិក្ខាកាមម្នាក់មួយ (ឧបសម្ព័ន្ធទី៨)។

ពណ៌នៅក្នុងតារាងតំណាងឱ្យប្រភេទនៃកម្រិតអាហារូបត្ថម្ភ។ ពិនិត្យព័ត៌មានខាងក្រោមលើក្រដាសផ្ទាំងធំ។

 • ទម្ងន់មិនគ្រប់គឺតិចជាង ១៨.៥
 • ទម្ងន់ធម្មតាគឺចន្លោះពី ១៨.៥ ដល់២៤.៩។ លំដាប់១៩–២០ (ពណ៌លឿង) គឺជាការធម្មតាសម្រាប់មនុស្សទូទៅ ប៉ុន្តែសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ដែលនៅក្នុងលំដាប់ថ្នាក់នេះគួរទទួលការតាមដានដើម្បីបង្ការកុំឱ្យគេធ្លាក់ចូលក្នុងលំដាប់ខ្វះទម្ងន់។
 • លើសទម្ងន់គឺនៅចន្លោះ ២៥ ដល់២៩.៩
 • ធាត់ជ្រុលគឺចាប់ពី ៣០ឡើងទៅ

ពន្យល់សិក្ខាកាមថា៖ តារាងសន្ទស្សន៍ម៉ាស់រាងកាយប្រើខ្នាតទម្ងន់គិតជាគីឡូក្រាម និងខ្នាតកម្ពស់គិតជាសង់ទីម៉ែត្រ ដូច្នេះមិនចាំបាច់បំលែងកម្ពស់ទៅជាម៉ែត្រទេ។

ឱ្យសិក្ខាកាមមើលមេរៀនទី៤ និងជំហានសម្រាប់ប្រើតារាងសន្ទស្សន៍ម៉ាស់រាងកាយ។

ជំហានសម្រាប់ប្រើតារាងសន្ទស្សន៍ម៉ាស់រាងកាយ (BMI)

 1. រកកម្ពស់របស់មនុស្សនៅក្នុងតារាងជួរឈរខាងឆ្វេងបំផុត
 2. រកទម្ងន់របស់មនុស្សនៅជួរដេកខាងលើ
 3. ប្រើម្រាមដៃ ឬវត្ថុដែលមានគែមត្រង់ (ដូចជាខ្មៅដៃ ឬគែមក្រដាសដើម្បីអូសតាមបន្ទាត់ដែលរត់ពីឆ្វេងទៅស្តាំ ត្រង់ចំនុចកម្ពស់)
 4. ស្រម៉ៃថាមានបន្ទាត់ត្រង់មួយទៀតដែលរត់ពីលើចុះក្រោម ត្រង់ចំនុចទម្ងន់
 5. មើលលេខនៅត្រង់ចំណុចប្រសព្វរវាងបន្ទាត់ទាំងពីរ។ នេះគឺជាសន្ទស្សន៍ម៉ាស់រាងកាយរបស់គាត់។
 6. ប្រសិនបើបន្ទាត់ពីរនោះជួបគ្នានៅចន្លោះលេខចំនួន២ សន្ទស្សន៍ម៉ាស់រាងកាយ គឺជាចំនួនដែលនៅចន្លោះលេខទាំងពីរ ឬយកលេខដែលតូចជាងគេ បូកនឹង០.៥ (ឧទាហរណ៍ បើនៅចន្លោះ១៩ និង២០ BMI គឺ ១៩.៥) ប៉ុន្តែបើលេខទាំងពីរដូចគ្នា (ឧទាហរណ៍ ១៩ និង១៩ BMI គឺស្មើនឹង ១៩)។
 1. ប្រសិនជាបន្ទាត់ពីរជួបគ្នាត្រង់ចំណុចកណ្តាលនៃលេខចំនួន៤ BMI គឺជាចំនួនដែលនៅចន្លោះលេខដែលតូចជាងគេ និងលេខដែលធំជាងគេបំផុត (ឧទាហរណ៍ បើនៅចន្លោះនៃ៤លេខ ១៩ ១៩ ២០ និង២០ នោះ BMI គឺលេខដែលនៅចន្លោះ ១៩ និង២០ គឺ១៩.៥)។ បើនៅចន្លោះលេខ ២៣ ២៤ ២៥ និង២៦ នោះ BMI គឺនៅចន្លោះលេខ២៣ និង២៦ គឺលេខ ២៤.៥។

ឱ្យសិក្ខាកាមអនុវត្តន៍ដោយប្រើតារាងដើម្បីស្វែងរកសន្ទស្សន៍ម៉ាស់រាងកាយរបស់ពួកគេខ្លួនឯង។ បន្ទាប់មក ឱ្យសិក្ខាកាមអនុវត្តន៍ជាគូរៗ។ ពួកគេគួរផ្តល់ព័ត៌មានអំពីកម្ពស់ និងទម្ងន់របស់ខ្លួនដល់ដៃគូរទៅវិញទៅមក ហើយដៃគូររបស់គេប្រើប្រាស់តារាងដើម្បីស្វែងរកសន្ទស្សន៍ម៉ាស់រាងកាយ។ ដៃគូរប្រៀបធៀបចម្លើយរបស់ខ្លួនដើម្បីចង់ដឹងថាតើគេរកឃើញសន្ទស្សន៍ម៉ាស់រាងកាយដូចគ្នាឬទេ។ អ្នកសម្របសម្រួលគួរជួយពន្យល់ដល់សិក្ខាកាមឱ្យយល់អំពីកំហុសដែលនាំឱ្យមានចម្លើយខុសគ្នារវាងដៃគូររបស់គេ។

លំហាត់អនុវត្តន៍ផ្ទាល់

អ្នកសម្របសម្រួលអានអំពីកម្ពស់ និងទម្ងន់ដែលមានក្នុងតារាងដូចខាងក្រោមម្តងមួយៗ។ ទុកពេលវេលាខ្លីល្មមដល់សិក្ខាកាមឱ្យប្រើប្រាស់តារាងដើម្បីស្វែងរកសន្ទស្សន៍ម៉ាស់រាងកាយ និងបកស្រាយលទ្ធផល (ធម្មតា លើសទម្ងន់ ឬខ្វះទម្ងន់)។ ប្រាប់សិក្ខាកាមឱ្យសរសេរចម្លើយរបស់ពួកគេនៅលើក្រដាស។ សុំឱ្យអ្នកស្ម័គ្រចិត្តម្នាក់ផ្តល់ចម្លើយ និងធៀបចម្លើយជាមួយសិក្ខាកាមផ្សេង។ លើកទឹកចិត្តឱ្យសិក្ខាកាមប្រើបន្ទាត់ត្រង់ដើម្បីរកមើលក្នុងតារាង។ ផ្តល់ជំនួយដល់សិក្ខាកាមដែលផ្តល់ចម្លើយមិនត្រឹមត្រូវ ដើម្បីឱ្យពួកគេយល់ច្បាស់អំពីអ្វីដែលពួកគេបានធ្វើខុស។

ល.រ

កម្ពស់(ស.ម)

ទម្ងន់(គ.ក)

BMI

បំណកស្រាយ

១៦០

៥៦

២២

ធម្មតា

១៤៤

៤០

២២

ធម្មតា ប៉ុន្តែសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ នេះគឺអាចជាសញ្ញាព្រមាន

១៥៥

៤៤

១៨.៥

ស្ថិតចំដែនកំណត់រវាង ធម្មតា និងកង្វះអាហារូបត្ថម្ភ នេះគឺជាសញ្ញាព្រមានដ៏ច្បាស់

១៥៤

៤៧

១៩.៥

ធម្មតា ប៉ុន្តែសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ នេះគឺអាចជាសញ្ញាព្រមាន

១៦១

៥៣

២០.៥

ធម្មតា

១៧០

៣៦

១២

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

១៤០

៧០

៣៦

លើសទម្ងន់/ធាត់ជ្រុល

១៥៧

៥១

២០.៥

ធម្មតា

១៥៣

៤៩

២១

ធម្មតា

ពន្យល់សិក្ខាកាមថាជួនកាល (ដូចក្នុងលេខរៀងទី៨ និង៩ខាងលើ) បន្ទាត់កម្ពស់ និងទម្ងន់ជួបគ្នានៅត្រង់ចំណុចមួយដែលនៅចន្លោះបួនលេខ។

ឧទាហរណ៍

 • លេខរៀងទី៨៖ មនុស្សម្នាក់មានកម្ពស់១៥៧ស.ម និងមានទម្ងន់៥១គីឡូក្រាម។ បន្ទាត់ទម្ងន់ និងកំពស់ជួបគ្នាត្រង់ចំណុចប្រសព្វ(ពណ៌ក្រហម) នៅចន្លោះលេខចំនួនបួនគឺ ២០ ២១ ២១ និង២១។ ត្រង់ចំនុចនេះ BMI គឺ២០.៥ (លេខដែលទាបជាងគេ បូកនឹង០.៥)។
 • លេខរៀងទី៩៖ មនុស្សម្នាក់មានកម្ពស់១៥៣ស.ម និងមានទម្ងន់៤៩គីឡូក្រាម។ បន្ទាត់ទម្ងន់ និងកំពស់ជួបគ្នាត្រង់ចំណុចប្រសព្វ(ពណ៌ក្រហម)។ ត្រង់ចំណុចនេះ BMI គឺ២១។

អ្នកសម្របសម្រួលគួរហៅកម្ពស់ និងទម្ងន់បន្ថែមទៀត បើមានពេលបន្តអនុវត្ត។

សួរថា៖ តើអ្នកមានសន្ទស្សន៍ម៉ាស់រាងកាយប៉ុន្មាន នៅពេលប្រើរូបមន្តគណនា? តើសន្ទស្សន៍ម៉ាស់រាងកាយមានប៉ុន្មាន នៅពេលប្រើតារាង? សន្ទស្សន៍ទាំងពីរគួរតែដូចគ្នា (ឬស្រដៀងគ្នា)។ រូបមន្តគឺមានលក្ខណៈច្បាស់លាស់ជាង ប៉ុន្តែតារាងសន្ទស្សន៍ម៉ាស់រាងកាយងាយស្រួលនឹងយកទៅអនុវត្តន៍ជាក់ស្តែងជាង សម្រាប់អ្នកធ្វើការនៅតាមសហគមន៍។ បើយើងចេះនូវវិធីទាំងពីរ គណនាតាមរូបមន្ត និងប្រើប្រាស់តារាង គឺជាការប្រសើរ។

ការវាស់រាងកាយដើម្បីប៉ាន់ប្រមាណពីបញ្ហាកង្វះ អាហារូបត្ថម្ភចំពោះស្ត្រីមានផ្ទៃពោះ និងកុមារ

សេចក្តីផ្តើមនៃ MUAC

សំណួរ៖ តើមាននរណាម្នាក់ដឹងថាពាក្យ “MUAC” តំណាងឱ្យពាក្យអ្វីដែរទេ?

“MUAC” តំណាងឱ្យ Mid Upper Arm Circumference។ វាគឺជាប្រវែងពាក់កណ្តាលដើមដៃខាងឆ្វេង។ វាត្រូវបានគេវាស់នៅចំណុចពាក់កណ្តាលនៃចន្លោះចុងនៃស្មា និងកែងដៃ (olecranon process and the acronium)។ យើងនឹងប្រើពាក្យកាត់ MUAC ដើម្បីជាពាក្យបំព្រួញសម្រាប់បរិបទខាងលើ។

ហុចម៉ែត្រ MUACឱ្យសិក្ខាកាមម្នាក់មួយដែលនៅជុំវិញ (ពួកគេនឹងរក្សាវាទុក)ហើយសួរថា៖ តើមាននរណាធ្លាប់ដែលបានឃើញ និងប្រើម៉ែត្រនេះពីមុនមកដែរទេ? ប្រសិនបើមានអ្នកធ្លាប់ដែលប្រើឱ្យអ្នកនោះរៀបរាប់ត្រួសៗពីបទពិសោធន៍ក្នុងការប្រើប្រាស់។

សំណួរ៖ ហេតុអ្វីបានជាចាំបាច់វាស់ MUAC របស់កុមារ?

MUAC គឺជាវិធីវាស់ដែលលឿន និងងាយស្រួលក្នុងការដឹងពីកង្វះអាហារូបត្ថម្ភ។ ដៃដែលស្គមតូចបង្ហាញពីកង្វះអាហារូបត្ថម្ភ ដូច្នេះ MUACគឺជាសូចនាករណ៍ដ៏ល្អដែលបង្ហាញពីបរិមាណប្រូតេអ៊ីនដែលមានផ្ទុកនៅក្នុងរាងកាយ។ ម៉ាស់សាច់ដុំត្រូវបានគេដឹងថាមានសារៈសំខាន់ក្នុងការរក្សារាល់មុខងារទាំងឡាយរបស់រាងកាយ និងការប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗ។ គេអាចប្រើMUAC ដើម្បីធ្វើការវាស់ស្ទង់កុមារភ្លាមៗ។ យើងមិនអាចប្រើ MUAC ដើម្បីវាស់កង្វះអាហារូបត្ថម្ភសម្រាប់ទារកក្រោមអាយុ៦ខែនោះទេ ព្រោះយើងេពុំមានខ្នាតក្រិតសម្រាប់ទារកក្នុងក្រុមអាយុនេះទេ។

លើកម៉ែត្រមួយឡើងហើយពន្យល់៖ យើងធ្វើការវាស់ MUAC ដោយប្រើម៉ែត្របត់ពិសេស ឬម៉ែត្រនេះតែម្តង។ ម៉ែត្រ MUAC គឺជាឧបករណ៍ធម្មតាសម្រាប់វាស់ស្ថានភាពអាហារូបត្ថម្ភ។ មានម៉ែត្រ MUACខុសៗគ្នាជាច្រើនដែលអាចរកបាន។ ម៉ែត្រខ្លះមានលេខ ម៉ែត្រខ្លះមានទាំងលេខ និងពណ៌ តែម៉ែត្រខ្លះមានត្រឹមតែពណ៌ប៉ុណ្ណោះ។ ប្រសិនបើមាន សូមប្រើម៉ែត្រដែលមានពណ៌ ព្រោះវាធ្វើឱ្យការវាស់MUAC កាន់តែងាយ។ នៅលើម៉ែត្រនោះមានពណ៌ចំនួនបី ហើយពណ៌នីមួយៗបង្ហាញពីស្ថានភាពអាហារូបត្ថម្ភ។ ការដាក់ទីតាំងដាក់ម៉ែត្រឱ្យត្រឹមត្រូវមានសារៈសំខាន់ណាស់ ដើម្បីទទួលបានរង្វាស់ត្រឹមត្រូវ។

សំណួរ៖ ហេតុអ្វីបានជា MUAC គឺជារង្វាស់ដ៏ល្អសម្រាប់ប្រើជាមួយស្ត្រីមានផ្ទៃពោះ?

MUAC នៅថេរពេញរយៈកាលនៃការមានផ្ទៃពោះ ហើយវាមិនរងឥទ្ធិពលពីអាយុរបស់ទារកក្នុងផ្ទៃឡើយ។ វាគឺជាសូចនាករណ៍ដ៏ល្អមួយបង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ដំណាក់កាលទាំងអស់នៃការមានផ្ទៃពោះ ដោយមិនចាំបាច់ត្រូវការព័ត៌មានអំពីអាយុម្តាយនោះឡើយ។ ការវាស់MUACចំណាយប្រាក់តិច ត្រូវការឧបករណ៍តិច និងងាយក្នុងការវាស់។ ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវមានការបណ្តុះបណ្តាលពីរបៀបវាស់ឱ្យបានត្រឹមត្រូវផងដែរ។

គេមិនប្រើសន្ទស្សន៍ម៉ាស់រាងកាយ (BMI) ដើម្បីតាមដានស្ត្រីមានផ្ទៃពោះទេ ព្រោះទម្ងន់របស់ស្ត្រីនឹងមានការប្រែប្រួល ដោយសារតែការលូតលាស់របស់ទារកក្នុងផ្ទៃ។

ទោះជាយ៉ាងណាក៏ដោយ គេប្រើសន្ទស្សន៍ម៉ាស់រាងកាយស្ត្រីមុនពេលមានផ្ទៃពោះ ដើម្បីដឹងថាតើស្ត្រីគួរកើនទម្ងន់ប៉ុន្មានក្នុងពេលមានផ្ទៃពោះ។ ជាគោលការណ៍ ស្ត្រីដែលមានទម្ងន់មិនគ្រប់មុនពេលមានផ្ទៃពោះនឹងត្រូវការឡើងទម្ងន់ច្រើនជាងស្ត្រីដែលមានទម្ងន់ល្អធម្មតា ឬស្ត្រីដែលលើសទម្ងន់មុនពេលមានផ្ទៃពោះ។

សំនួរ៖ តើអ្នកទាំងអស់គ្នាមាននៅចាំតារាងដែលបង្ហាញពីការប៉ាន់ប្រ់មាណការដែលណែនាំពីការឡើងទម្ងន់នៅពេលមានផ្ទៃពោះដោយផ្អែកលើទម្ងន់មុនពេលមានផ្ទៃពោះនៅក្នុងមេរៀនទី២ដែរទេ?

សុំឱ្យសិក្ខាកាមមើលឯកសារមេរៀនទី២។

សំនួរ៖ តើមាននរណាមានសំណួរអ្វីដែរ ឬទេចំពោះអ្វីដែលអ្នកបានស្តាប់កន្លងមក? ឥឡូវនេះយើងនឹងបន្តលើគោលបំណងទី ៤។

គោលបំណងទី៤

សិក្ខាកាមនឹងអាចវាស់ កត់ត្រា និងបកស្រាយរង្វាស់ពាក់កណ្តាលដើមដៃដល់ស្ត្រីមានផ្ទៃពោះ ឬទើបសម្រាលកូនរួចបានអំឡុង៦ខែ និងកុមារអាយុ៦–៥៩ខែ

វិធីសាស្ត្របង្រៀន៖ ធ្វើបង្ហាញ ធ្វើបទបង្ហាញ អនុវត្តន៍ផ្ទាល់ និងសំណួរសាកល្បង

 • ជំហានទី១៖ បង្ហាញជំហានសម្រាប់ប្រើម៉ែត្រវាស់MUACត្រឹមត្រូវ

ជំហានទី ១- ការស្វែងរកចំណុចកណ្តាល

គេតែងតែវាស់ MUAC លើដៃខាងឆ្វេង។ កំណត់ទីតាំងចំណុចចុងស្មា (លេខ២ ក្នុងរូបភាព) ហើយគូសចំណាំដោយប្រើប៊ិចពណ៌/ប៊ិចសរសេរ។ បន្ទាប់មក ត្រូវរកចុងកែងដៃ (លេខ៣) ដោយត្រូវបត់កែងដៃនិងគូរចំណាំចំណុចនោះ។

 

 • កំណត់សម្គាល់

  កុំភ្លេចពិនិត្យមើលប្រភេទម៉ែត្រ MUAC ដែលអ្នកនឹងប្រើសម្រាប់សកម្មភាពនេះ។ មានម៉ែត្រ MUACខុសៗគ្នាជាច្រើនប្រភេទសម្រាប់មនុស្សពេញវ័យ និងកុមារ។ ម៉ែត្រ MUACសម្រាប់កុមារ មិនអាចប្រើសម្រាប់វាស់មនុស្សពេញវ័យបានទេ។

  ប្រសិនបើមានអ៊ីនធឺណេតអ្នកអាចបង្ហាញវីដេអូឱ្យសិក្ខាកាមតាមរយៈ https://www.youtube.com​/watch?v=3pQUtOsjjSY

  វីដេអូនេះបង្ហាញពីរបៀបវាស់ MUAC និងរបៀបពិនិត្យការហើម។ គួរតែខាទៅមុខដល់ចំណុច ៣នាទីនិង២វិនាទី។ ផ្នែកទី១និយាយពីការហើមមិនចាំបាច់បង្ហាញក្នុងពេលនោះទេ។

  ប្រសិនបើគ្មានអ៊ីនធើណេតទេ អ្នកអាចធ្វើបង្ហាញជំហានទាំងនេះដល់សិក្ខាកាម។ ប្រសិនបើនៅក្នុងក្រុមមានសិក្ខាកាមដែលធ្លាប់មានបទពិសោធន៍ក្នុងការវាស់អាចឱ្យពួកគេជួយក្នុងការធ្វើបង្ហាញ។

នៅពេលដែលបានរកឃើញចំណុចទាំងពីរសូមប្រើម៉ែត្រវាស់ពីចុងស្មា (លេខ៤) ទៅចុងកែងដៃ ដោយទុកឱ្យកែងដៃនៅបត់ (លេខ៥)។ យកប៊ិចសរសេរ/ប៊ិចគូសចំណុចកណ្តាល(លេខ៦)។

ជំហានទី ២៖ ការវាស់ MUAC

ដាក់ដៃឱ្យត្រង់ចុះក្រោមទាញម៉ែត្រវាស់ដៃនៅក្បែរចំណុចកណ្តាលដែលបានគូសចំណាំ (លេខ៧)។

ម៉ែត្រវាស់ MUAC មានពីរប្រភេទ។ ប្រភេទទី១ មានគំនូសពណ៌ ក្រហម លឿង និងបៃតង។ សម្រាប់ម៉ែត្រនេះ ត្រូវរំកិលចុងខ្សែម៉ែត្រឱ្យដល់ចំណុចបើកទី១ និងបន្ទាប់មក ចំណុចបើកទី២។ រង្វាស់នៃ MUAC ត្រូវបានបង្ហាញដោយពណ៌ តាមកញ្ចក់បង្ហាញទិន្នន័យត្រង់ចំណុចដែលសញ្ញាព្រួញទាំងពីរជួបគ្នា។

ម៉ែត្រប្រភេទទី២មានលេខ ដោយលេខនេះគឺជំនួសឱ្យពណ៌ដែលមាននៅលើម៉ែត្រប្រភេទទី១។ ដាក់ចុងខ្សែម៉ែត្រតាមចំណុចបើកទី១ និងទី២ បន្ទាប់មក ចំណុចបើកទី៣។ រង្វាស់គឺជាលេខនៅក្នុងប្រអប់ អាចមើលឃើញនៅចំណុចកណ្តាលនៃកញ្ចក់បង្ហាញទិន្នន័យ។ គ្រប់សញ្ញាព្រួញទាំងអស់នឹងចង្អុលទៅក្នុងកញ្ចក់បង្ហាញទិន្នន័យនៃរង្វាស់។

ជំហានទី៣៖ ការកត់ត្រា MUAC ឱ្យបានត្រឹមត្រូវ

ត្រូវកត់ត្រារង្វាស់កៀកនឹង១ ម.ម។ អ្នកចាំបាច់ ត្រូវតែប្រយ័ត្នចំពោះរការរឹតម៉ែត្រ។ ចូរព្យាយាមកាន់ម៉ែត្រឱ្យតឹងល្មមជាប់នឹងស្បែក ប៉ុន្តែមិនត្រូវឱ្យរឹតតឹងទេ។ ម៉ែត្រតឹងពេក (រូបលេខ៨) ស្បែកត្រូវរឹបខ្លាំង ឬក៏ធូរពេក (លេខ៩) នៅត្រង់កន្លែងដែល ម៉ែត្រមិនប៉ះនឹងស្បែក នឹងធ្វើឱ្យការវាស់វែងមិនបានត្រឹមត្រូវ។

ឱ្យសិក្ខាកាមមើល “រង្វាស់ពាក់កណ្តាលដើមដៃសម្រាប់កុមារ” នៅក្នុងឯកសារមេរៀនទី៤ (សៀវភៅសម្រាប់សិក្ខាកាម)។

 • ជំហានទី២៖ បទបង្ហាញ

ពន្យល់សិក្ខាកាមពីចំណាត់ថ្នាក់MUACថ្មីសម្រាប់កុមារអាយុ៦-៥៩ខែ៖

ពណ៌ក្រហម

០-តិចជាង១១.៥ស.ម

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ពណ៌លឿង

ធំជាងឬស្មើ១១.៥ – តិចជាងឬស្មើ១២.៥ស.ម

កង្វះអាហារូបត្ថម្ភមធ្យម

ពណ៌បៃតង

ធំជាង១២.៥ស.មឡើងទៅ

លូតលាស់ល្អ

ប្រភព៖ អង្គការសុខភាពពិភពលោក២០០៩។ គោលការណែនាំសម្រាប់យន្តការរួមចំពោះការថែទាំអាហារូបត្ថម្ភ សម្រាប់កុមារដែលរស់នៅជាមួយមេរោគអេដស៍ (អាយុ៦ខែ–១៤ឆ្នាំ)

ចំណាត់ថ្នាក់MUACចាស់សម្រាប់កុមារអាយុ៦-៥៩ ខែ៖

ពណ៌ក្រហម

០-តិចជាង១១.០ស.ម

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ពណ៌លឿង

ធំជាងឬស្មើ១១.0 – តិចជាងឬស្មើ១២.៥ស.ម

កង្វះអាហារូបត្ថម្ភមធ្យម

ពណ៌បៃតង

ធំជាង១២.៥ស.មឡើងទៅ

លូតលាស់ល្អ

ប្រភព៖ អង្គការសុខភាពពិភពលោក២០០៩។ គោលការណែនាំសម្រាប់យន្តការរួមចំពោះការថែទាំអាហារូបត្ថម្ភ សម្រាប់កុមារដែលរស់នៅជាមួយមេរោគអេដស៍ (អាយុពី ៦ខែ–១៤ឆ្នាំ)

មានកន្លែងជាច្រើននៅបន្តប្រើម៉ែត្រដែលមានចំណុចខ្នាតចាស់នៅឡើយ ហើយម៉ែត្រ MUAC ដែលអ្នកកំពុងប្រើក៏ប្រហែលជានៅមានចំណុចខ្នាត់ចាស់នៅឡើយដែរ។ នៅពេលវាស់ MUAC របស់ស្ត្រីមានផ្ទៃពោះ ឬស្ត្រីទើបសម្រាលកូនបានអំឡុង៦ខែ អ្នកត្រូវតែប្រើម៉ែត្រវាស់ MUAC សម្រាប់មនុស្សពេញវ័យ។ ម៉ែត្រនេះគ្មានក្រិតពណ៌សម្គាល់នោះទេ។ ដូច្នេះអ្នកចាំបាច់ត្រូវតែប្រើខ្នាតដូចខាងក្រោម។

MUAC

ចំណាត់ថ្នាក់

តូចជាង ១៩.០ ស.ម

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ធំជាងឬស្មើ១៩.០ – តិចជាង២២.០ស.ម

កង្វះអាហារូបត្ថម្ភមធ្យម

ធំជាងឬស្មើ២២.០ – តិចជាង២៣.០ ស.ម

កង្វះអាហារូបត្ថម្ភតិចតួច

ចាប់ពី២៣ស.ម ឡើងទៅ

ធម្មតា

ប្រភព៖ Tumilowicz, A. ២០១០។ ការណែនាំអំពីការត្រួតពិនិត្យសេវាអាហារ និងអាហារូបត្ថម្ភក្នុងចំណោម មនុស្សជំទង់ និងមនុស្សពេញវ័យរស់នៅជាមួយមេរោគអេដស៍។ ទីក្រុងវ៉ាស៊ីនតោនឌីស៊ី៖ គម្រោងរបស់អង្គការហ៉្វាន់តាស្តីពីជំនួយយបច្ចេកទេសអាហារូបត្ថម្ភ និងស្បៀងអាហារភាគពីរ។

 • ជំហានទី៣៖ ការអនុវត្តន៍

កំណត់សម្គាល់៖

មានវិធីជាច្រើនក្នុងការអនុវត្តវាស់MUAC។ ឱ្យសិក្ខាកាមធ្វើការជាគូរ ហើយដំបូងត្រូវចាប់ផ្តើមរកចំណុចកណ្តាលនៃដើមដៃ។ ការស្វែងរកវាឱ្យបានត្រឹមត្រូវគឺសំខាន់ណាស់។ ណែនាំឱ្យសិក្ខាកាមអនុវត្តន៍វាស់ MUAC ឱ្យបានត្រឹមត្រូវ។

ប្រសិនបើសិក្ខាកាមមានកូនតូចៗ និងទៅតាមការគួរ គេអាចអនុត្តន៍វាស់ MUAC របស់កុមារបាន។ សិក្ខាកាមអាចប្រើទារកជ័របាន ប៉ុន្តែវាមិនជាក់ស្តែងទេព្រោះដៃរបស់តុក្កតាមិនកោង ឬបត់ដូចដៃមនុស្សនោះទេ ហើយតុក្កតាក៏នៅស្ងៀមជាងដែរ ដែលនេះមិនមែនជាទិដ្ឋភាពពិតប្រាកដក្នុងការវាស់ MUAC ជាក់ស្តែងទេ។

អ្នកសម្របសម្រួលត្រូវពិនិត្យគ្រប់ផ្នែកទាំងអស់ដោយប្រុងប្រយ័ត្នដើម្បីប្រាកដថាម៉ែត្រដែលកំពុងវាស់មិនត្រូវបានទាញតឹងពេក ឬធូរពេក។ ការវាស់មិនត្រូវធ្វើឡើងនៅលើដៃអាវនោះទេហើយគួរតែវាស់ដៃឆ្វេងដោយម៉ែត្រត្រឹមត្រូវ សម្រាប់មនុស្សធំ និងសម្រាប់កុមារ។

លើកទឹកចិត្តឱ្យគ្រប់ក្រុមទាំងអស់ស្វែងយល់ឱ្យច្បាស់ត្រង់ចំណុចនេះ ដោយឱ្យសិក្ខាកាមដែលជាសមាជិកក្នុងក្រុមណាមួយជួយបង្រៀនមិត្តក្នុងក្រុមរបស់ពួក និងក្នុងក្រុមដទៃទៀត។

 • ជំហានទី៤៖ សំណួរសាកល្បង ការរំលឹកឡើងវិញ និងសំណួរ

ការណែនាំអំពីសកម្មភាព៖

ឱ្យសិក្ខាកាមឆ្លើយជាក្រុមនូវសំណួរទាំងនេះ ឬទុកពេលឱ្យពួកគេពីរបីនាទីដើម្បីគិត និងឆ្លើយម្តងម្នាក់បន្ទាប់មកពិភាក្សាជាក្រុម។

 • ហេតុអ្វីបានជាយើងប្រើ MUAC ជំនួស BMI ដើម្បីកំណត់ពីស្ថានភាពអាហារូបត្ថម្ភក្នុងរាងកាយស្ត្រីមានផ្ទៃពោះ?
 • តើយើងចាំបាច់ត្រូវចងចាំអ្វីនៅពេលវាស់ MUAC ដើម្បីប្រាកដថាការវាស់នេះត្រឹមត្រូវ? (តើអ្វីដែលអាចធ្វើឱ្យការវាស់ MUAC នេះមិនត្រឹមត្រូវ)?
 • បើក្មេងមានអាយុ១២ខែ និងMUAC១៣ស.ម តើគេស្ថិតក្នុងចំណាត់ថ្នាក់ណា?
 • បើក្មេងមានអាយុ៤ខែ និងMUAC១១.៥ ស.ម តើគេស្ថិតក្នុងចំណាត់ថ្នាក់ណា?
 • តើដៃមួយណាដែលគួរប្រើសម្រាប់វាស់វែងប្រវែងពាក់កណ្តាលដើមដៃ?

លើកទឹកចិត្តសិក្ខាកាមដែលឆ្លើយសំណួរបានល្អ ធ្វើការកែតម្រូវកំហុសទាំងឡាយដោយសមរម្យ និងផ្តល់នូវខ្លឹមសារសង្ខេបសំខាន់ៗ។ ត្រូវចាំថាការវាស់វែងប្រវែងពាក់កណ្តាលដើមដៃមិនត្រូវអនុវត្តទៅលើកុមារដែលមានអាយុក្រោម៦ខែឡើយ។

ពន្យល់៖ ឥឡូវពួកយើងចូលទៅដល់ការវាស់វែងប្រវែងកម្ពស់ និងទម្ងន់ចំពោះកុមារអាយុ៦-៥៩ ខែម្តង។

គោលបំណងទី៥

វាស់ និងបកស្រាយប្រវែង កម្ពស់ និងទម្ងន់កុមារអាយុចាប់ពី ៦-៥៩ខែ និងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុរបស់កុមារអាយុចាប់ពី ៥-១៩ឆ្នាំ

ការវាស់កម្រិតអាហារូបត្ថម្ភចំពោះកុមារអាយុក្រោម៥ឆ្នាំ៖ ប្រវែង កម្ពស់ និងទម្ងន់

 • ជំហានទី១៖ បទបង្ហាញ និងការធ្វើបង្ហាញ
 • កំណត់សម្គាល់

  ជាធម្មតាគេមិនប្រើមនុស្សមាត្រវិធីដើម្បីវាស់ទារកដែលមានអាយុក្រោម ៦ខែទេ (លើកលែងតែទម្ងន់ពីកំណើត)។ គេប្រើសូចនាករណ៍ជាក់ស្តែង ដូចជា ការស្រកទម្ងន់ និងហើម។ ចំណាត់ថ្នាក់កង្វះអាហារូបត្ថម្ភចំពោះក្រុមអាយុនេះផ្អែកលើសញ្ញាគ្រោះថ្នាក់ (ឧទាហរណ៍ ហើម ស្រកទម្ងន់ខ្លាំង និងខ្សោយក្នុងការបៅ មិនឡើងទម្ងន់ ថ្វីបើបានផ្តល់អាហារក៏ដោយ) និងកត្តាប្រឈមមួយចំនួន (ឧទាហរណ៍ ទឹកដោះមិនគ្រប់គ្រាន់ កំព្រាម្តាយ)។ ប្រសិនបើឃើញមានសញ្ញា ឬកត្តាប្រឈមទាំងអស់នេះ ទម្ងន់ធៀបនឹងប្រវែងគឺជាសូចនាករដ៏ល្អបំផុតដើម្បីធ្វើការវាស់វែងអាហារូបត្ថម្ភរបស់ក្រុមកុមារដែលមានអាយុពី ០–៦ខែ។ ទំងន់ធៀបនឹងអាយុក៏អាចប្រើប្រាស់ក្នុងការវាយតម្លៃស្ថានភាពអាហារូបត្ថម្ភបានដែរ ប្រសិនបើទម្ងន់កើនឡើងគ្រប់គ្រាន់ ជាពិសេសក្នុងករណី គ្មានឧបកណ៍គ្រប់គ្រាន់សំរាប់ធ្វើការវាស់ប្រវែង។ នៅក្នុងបរិបទនៃមេរោគអេដស៍ វាមានសារៈសំខាន់ក្នុងការត្រួតពិនិត្យបន្ថែមទៅលើកុមារដែលមានអាយុ០–៦ខែ ដោយសារពួកគេមានកត្តាប្រឈមដ៏ទៃទៀត ដូចជា ទារកឆ្លងមេរោគអេដស៍ និងម្តាយឈឺធ្ងន់ ។

  ការកត់សំគាល់ និងតាមដានបានជាប់លាប់ទៅលើក្រុមទារក០–៦ខែ និងម្តាយ គួរតែអាចប៉ាន់ប្រមាណដឹងអំពីការប្រឈមរបស់ទារកក្នុងការលូតលាស់យឺតយ៉ាវ។

ការកំណត់អំពីអាការៈហើមទាំងសងខាង

ពន្យល់សិក្ខាកាមថា៖ មានវិធីសាស្ត្រផ្សេងទៀតដែលយើងអាចប្រើដើម្បីកំណត់អំពីបញ្ហាកង្វះអាហារូបត្ថម្ភចំពោះលើកុមារ គឺយើងត្រួតពិនិត្យមើលថាតើកុមារហើមឬទេ។

សំណួរ៖ មានអ្នកណាដឹងទេថាតើការហើមជាអ្វី? តើគេវាស់ការហើមរបៀបណា?

ការហើមកើតឡើងនៅពេលដែលមានជាតិទឹកច្រើនពេកក្នុងជាលិការាងកាយ។ វាកើតឡើងនៅពេលដែលកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ គេអាចវាស់ការហើមនៅលើជើងរបស់កុមារ។ ត្រូវបញ្ជូនកុមារដែលហើមទៅកន្លែងថែទាំដែលមានជំនាញ (ការហើមត្រូវកើតមាននៅលើជើងទាំងសងខាង)។

សំណួរ៖ តើយើងវាស់ការហើមនៅពេលណា?

យើងត្រួតពិនិត្យការហើមចំពោះកុមារ (អាយុ៦–៥៩ខែ) នៅពេលវាយតម្លៃអាហារូបត្ថម្ភដែលរួមបញ្ចូលទាំងការថ្លឹងទម្ងន់ និងការវាស់កុមារ។ យើងត្រូវសម្គាល់ការហើមនៅពេលយើងវាស់កុមារ ពីព្រោះវាជះឥទ្ធិពលដល់ទម្ងន់ (កុមារឡើងទម្ងន់ ប៉ុន្តែមិនមែនជាទម្ងន់ល្អធម្មតាឡើយ)។ យើងអាចសន្មត់ដោយស្វ័យប្រវត្តិថា កុមារដែលហើមមានភាពខ្សោយ ឬខ្វះអាហារធ្ងន់ធ្ងរ។

ដើម្បីវាស់ការហើមត្រូវកាន់ជើងកុមារដាក់លើប្រអប់ដៃរបស់អ្នក ហើយដាក់មេដៃរបស់អ្នកនៅលើខ្នងជើងកុមារ។ សង្កត់មេដៃលើខ្នងជើងទាំង២ថ្នមៗ រយៈពេល៣វិនាទី (ដើម្បីឱ្យដឹងថា៣វិនាទី ត្រូវនិយាយថា ១០១ ១០២ និង១០៣ រួចដកមេដៃចេញ)។ បើឃើញមានស្នាមខូងជាប់នៅលើខ្នងជើងទាំងសងខាង នោះបញ្ជាក់ថាកុមារមាន

សភាពហើម ហើយត្រូវបញ្ជូនទៅអ្នកជំនាញភ្លាម។ ត្រូវប្រាកដថាអ្នកពិនិត្យការហើមដែលមាននៅលើជើងទាំងពីរ និងកត់ព័ត៌មានដាក់ក្នុងទម្រង់តាមដានរបស់អ្នកផ្តល់ប្រឹក្សា។ វាមានសារៈសំខាន់ក្នុងការតេស្តជើងទាំងសងខាង ព្រោះប្រសិនបើហើមនៅលើជើងតែម្ខាងនោះ វាមិនមែនជាបញ្ហាអាហារូបត្ថម្ភឡើយ។

ការត្រួតពិនិត្យការហើម

ឥឡូវយើងនឹងសិក្សាពីរបៀបវាស់ប្រវែង ទម្ងន់ និងកម្ពស់ចំពោះកុមារដែលមានអាយុពី ៦–៥៩ខែ។ វិធីសាស្ត្រនេះខុសប្លែកតិចតួចពីការវាស់កម្ពស់ និងទម្ងន់ចំពោះមនុស្សពេញវ័យដែលអ្នកបានសិក្សាលើកមុន។

 • តើមានអ្នកណាខ្លះមានបទពិសោធន៍វាស់កម្ពស់ និង/ឬប្រវែងកុមារអាយុក្រោម ៥ឆ្នាំទេ? ឬថ្លឹងទម្ងន់? តើអ្នកអាចចែករំលែកបទពិសោធន៍របស់អ្នកបានទេ?
 • តើអ្នីកបានប្រើប្រាស់ឧបករណ៍អ្វីខ្លះ? តើវាងាយស្រួលក្នុងការវាស់កុមារទេ?

មានខ្នាតពីរសម្រាប់វាស់កុមារប្រវែង និងកម្ពស់។ ការវាស់វែងទាំងនេះត្រូវពឹងផ្អែកទៅលើអាយុរបស់កុមារ។

ប្រសិនបើកុមារមានអាយុតិចជាង ២ឆ្នាំ គេវាស់ប្រវែង។ ការវាស់នេះ អាចធ្វើឡើងដោយប្រើក្តារវាស់ប្រវែងពិសេសមួយ ឬដោយដាក់ម៉ែត្រវាស់នៅលើផ្ទៃរាបស្មើ។

ប្រសិនបើកុមារមានអាយុច្រើនជាងពីរឆ្នាំ ការវាស់កម្ពស់កុមារនឹងត្រូវធ្វើឡើងដោយឱ្យកុមារឈរឱ្យត្រង់ខ្លួន។ គេអាចប្រើម៉ែត្រសម្រាប់វាស់មនុស្សពេញវ័យក៏បាន ឬបើមិនដូច្នេោះទេ គេប្រើក្តារវាស់កម្ពស់ពិសេសសម្រាប់កុមារ។

យើងថ្លឹងទម្ងន់ វាស់កម្ពស់ និងប្រវែងរបស់កុមារ ដើម្បីយើងអាចគណនា៖

 • ទម្ងន់ធៀបនឹងកម្ពស់ (WFH)៖ រង្វាស់នៃភាពស្គមស្គាំងឬកង្វះអាហារូបត្ថម្ភស្រួចស្រាវ
 • កម្ពស់ធៀបនឹងអាយុ (HFA)៖ រង្វាស់នៃភាពក្រិន ឬកង្វះអាហារូបត្ថម្ភរុាំរ៉ៃ
 • ទម្ងន់ធៀបនឹងអាយុ (WFA)៖ រង្វាស់នៃទម្ងន់ទាប ឬភាពស្គមស្គាំង និងភាពក្រិនរួមគ្នា

ការវាស់ដោយប្រើមនុស្សមាត្រវិធីមួយចំនួនត្រូវបានបង្ហាញជាតួលេខក្នុងតារាង ដូចជា ទម្ងន់ធៀបនឹងកម្ពស់ (WFH) កម្ពស់ធៀបនឹងអាយុ (HFA) ទម្ងន់ធៀបនឹងអាយុ (WFA) និងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ (BMI-for-age)។ តួលេខក្នុងតារាងនិមួយៗមានកំណត់ត្រា Z-score ដែលបង្ហាញពីកម្រិតខុសគ្នាពីតួលេខមធ្យមរបស់បទដ្ឋានលូតលាស់របស់កុមារតាមភេទ (អង្គការសុខភាពពិភពលោកឆ្នាំ២០០៦)។ Z-score ត្រូវបានគេវាស់វែងជាតួលេខគម្លាតជាបទដ្ឋាន។

 • កំណត់សម្គាល់

  តារាងខាងក្រោមបង្ហាញពីព័ត៌មានអំពីរង្វាស់រាងកាយ សម្រាប់វាយតម្លៃស្ថានភាពអាហារូបត្ថម្ភកុមារអាយុក្រោម៥ឆ្នាំ។

 • កំណត់សម្គាល់

  សូមពិនិត្យមើលគោលការណ៍ណែនាំជាតិសម្រាប់ឆមាសទីមួយស្តីពីការគ្រប់គ្រងកង្វះអាហារូបត្ថម្ភស្រួចស្រាវ (កម្មវិធីជាតិអាហារូបត្ថម្ភឆ្នាំ២០១១) សម្រាប់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណកម្ម និងការគ្រប់គ្រងបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ។

និយមន័យ

សន្ទស្សន៍ ឬរង្វាស់

កង្វះអាហារូបត្ថម្ភមធ្យម

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ភាពក្រិន បង្ហាញនូវកង្វះអាហារូបត្ថម្ភរុាំរ៉ៃ

ប្រវែង ឬកម្ពស់មិនគ្រប់គ្រាន់

កម្ពស់ធៀបនឹងអាយុ

z score ក្រោម -២ និងធំឬស្មើ -៣

z score ក្រោម -៣

ទម្ងន់មិនគ្រប់ គឺបង្ហាញទាំងបញ្ហាកង្វះអាហារូបត្ថម្ភរុាំរ៉ៃ និងបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ

ទម្ងន់មិនគ្រប់គ្រាន់

ទម្ងន់ធៀបនឹងអាយុ

z score ក្រោម -២ និង ធំឬស្មើ -៣

z score ក្រោម -៣

ស្គមស្គាំង គឺបង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ទម្ងន់មិនគ្រប់គ្រាន់

ទម្ងន់ធៀបនឹងកម្ពស់

z score ក្រោម -២ និង ធំឬស្មើ -៣

z score ក្រោម -៣

ខ្លាញ់ និងកោសិកាសាច់ដុំមិនគ្រប់គ្រាន់នៅក្នុងរាងកាយ

ឧបករណ៍វាស់ប្រវែងពាក់កណ្តាលដើមដៃ (កុមារអាយុ ៦ ដល់ ៥៩ ខែ)

ធំជាងឬស្មើ ១១.៥ស.ម ទៅតិចជាងឬស្មើ ១២.៥ស.ម

ក្រោម ១១.៥ស.ម

ការហើមទាំងសងខាងសង្កត់ទៅទ្រុឌបង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ

ការកើនឡើងជាតិទឹក ដែលចាប់ផ្តើមពីជើងទាំងពីរអាចវិវឌ្ឍទៅកាន់ ផ្នែកផ្សេងៗនៃរាងកាយ

ការហើមទាំងសងខាងសង្កត់ទៅទ្រុឌ បង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ សម្រាប់កុមារអាយុ០–៥៩ខែ

អាហារូបត្ថម្ភលើសលប់

លើសទម្ងន់

ធាត់ជ្រុល

ជាតិខ្លាញ់លើសលប់ដែលនាំឱ្យមានការប្រឈមគ្រោះថ្នាក់ចំពោះសុខភាព

ទម្ងន់ធៀបនឹងកម្ពស់

z score ធំជាង +២ និង តូចឬស្មើ +៣

z score ចាប់ពី
+៣ឡើងទៅ

ប្រភព៖ ដកស្រង់ពី Assessing Children Under 5 Pocket Reference, FANTA 2011
http://www.fantaproject.org/sites/default/files/resources/Pocket-Ref-Anthro-Feb2011-English.pdf

 

បញ្ហាកង្វះអាហារូបត្ថម្ភ និងការលូតលាស់យឺតគឺជាបញ្ហាច្រើនកើតមានចំពោះកុមារតូចៗ និងកុមារដែលរស់នៅជាមួយមេរោគអេដស៍ ហើយវាគឺសញ្ញាដំបូងបំផុតនៃការឆ្លងមេរោគអេដស៍។

សំណួរ៖ តើរង្វាស់មួយណាដែលអ្នកកំពុងប្រើប្រាស់នៅកន្លែងធ្វើការនាពេលបច្ចុប្បន្ន? តើអ្នកប្រើប្រាស់ និងកត់ត្រាការវាស់វែងទាំងនេះយ៉ាងដូចម៉េច?

មានអង្គភាពជាច្រើនប្រើ្របាស់រង្វាស់ទម្ងន់ធៀបនឹងអាយុដែលផ្តល់នូវព័ត៌មានល្អអំពីទម្ងន់ បើគេដឹងអាយុកុមារ។ ទម្ងន់ធៀបនឹងអាយុបង្ហាញថា តើកុមារគួរមានទម្ងន់ប៉ុណ្ណា ឬកុមារមានទម្ងន់គ្រប់ ឬមិនគ្រប់។ ចំណែក កម្ពស់ ឬប្រវែងធៀបនឹងអាយុ គឺជាការវាស់វែងមួយ ដែលអាចប្រើប្រាស់បន្ថែមទៅការវាស់ពាក់កណ្តាលដើមដៃ ដើម្បីវាយតម្លៃកង្វះអាហារូបត្ថម្ភរយៈពេលយូរ ដូចជាក្រិន។ វិធីសាស្ត្រល្អបំផុតក្នុងការវាយតម្លៃកង្វះអាហារូបត្ថម្ភគឺរង្វាស់ទម្ងន់ធៀបនឹងប្រវែង ឬកម្ពស់។ ទោះជាយ៉ាងនេះក្តី ការវាស់ប្រវែងពាក់កណ្តាលដើមដៃ ឬការហើមទាំងសងខាងលើជើងគឺជាវិធីសាស្ត្រដែលគួរប្រើប្រាស់ជាមួយកុមារអាយុពី ៦–៥៩ខែ នៅតាមសហគមន៍។ រង្វាស់ទម្ងន់ធៀបនឹងកម្ពស់ ក៏ត្រូវបានគេប្រើដើម្បីវាយតម្លៃកង្វះអាហារូបត្ថម្ភនៅតាមមន្ទីរពេទ្យដែរ។

សំនួរ៖ តើមាននរណាមានសំណួរអ្វីដែរ ឬទេ?

យើងនឹងអនុវត្តន៍ការវាស់ប្រវែង និងកម្ពស់របស់កុមារដែលមានអាយុ៦–៥៩ខែ។

 • ជំហានទី២៖ ការអនុវតន្ត៍ផ្ទាល់ និងសកម្មភាព

ប្រវែង

យើងនឹងវាស់ប្រវែងកុមារដែលមានអាយុក្រោម២ឆ្នាំ។ សូមប្រើក្តាររង្វាស់ជាមួយក្តារទម្រក្បាល និងក្តារទម្រជើង។ ប្រសិនបើអ្នកមិនអាចរកក្តាររង្វាស់បាន អ្នកអាចបង្កើតដោយខ្លួនឯង ដោយប្រើម៉ែត្រវាស់។ តើអ្នកនៅចាំពីរបៀបវាស់កម្ពស់របស់មនុស្សពេញវ័យដែរឬទេ? ក្នុងករណីនេះ យើងនឹងត្រូវដាក់ម៉ែត្រលាតសន្ធឹងស្មើនៅលើបន្ទះក្តារ ឬលើតុ និងបិទឱ្យជាប់ល្អ។ បន្ទាប់មកអាចប្រើបន្ទះក្តារពីរសន្លឹកដាក់នៅខាងផ្នែកជើង និងខាងផ្នែកក្បាលរបស់កុមារ។

ត្រូវប្រាកដថាអ្នកដាក់ក្តារនៅលើផ្ទៃរាប ឬលើតុដែលមានលំនឹង។ ប្រសិនបើមានម្តាយ ឬអាណាព្យាបាលនៅជិតសូមជួយលួងកុមារឱ្យកុមារនៅស្ងៀម។

បើសមស្រប អាចដោះសសម្លៀកបំពាក់កុមារចេញ និងត្រូវក្រាលក្រណាត់លើកំរាលក្តារវាស់។ ត្រូវយករបស់របរចេញពីក្បាលកុមារដូចជា មួក ឬគ្រឿងតុបតែងសក់។ សូមចាំថា ត្រូវដោះស្បែកជើង និងស្រោមជើងចេញ។

អ្នកវាស់គួរមានគ្នាពីរនាក់ ដោយម្នាក់ឈរនៅផ្នែកខាងក្បាល។ ទ្រក្បាលកុមារ និងដាក់កុមារឱ្យដេកផ្ងារ។ កាន់ក្បាលដោយប្រើដៃទាំងពីរ ដើម្បីផ្តេកក្បាលកុមារថ្មមៗ ដូច្នេះកុមារមើលទៅដេកត្រង់ខ្លួន។

មនុស្សម្នាក់ទៀតគួរតែឈរបណ្តោយក្តាររង្វាស់ ដើម្បីទប់ខ្លួនកុមារថ្មមៗ នៅលើស្មងជើង និងជង្គង់ ដើម្បីឱ្យជើងកុមារត្រង់។ បាតជើងកុមារដាក់ត្រឹមក្តារទម្រជើង ដោយម្រាមជើងចង្អុលត្រង់ទៅលើ។

ត្រូវកត់ត្រារង្វាស់ប្រវែងកៀកនឹងមីលីម៉ែត្រ (១មីលីម៉ែត្រ = ០.១សង់ទីម៉ែត្រ) និងកត់ត្រាចូលក្នុងកំណត់ត្រាលូតលាស់។

ចូរចងចាំ៖ ភាពខុសគ្នារវាងប្រវែងដេក និងប្រវែងឈរគឺ០.៧ស.ម មានន័យថាកុមារដែលវាស់ដេក(វាស់ប្រវែង) មានប្រវែងខ្ពស់ជាងវាស់ឈរ(វាស់កម្ពស់)បន្តិច។ បើកុមារត្រូវបានវាស់ដេក (ហើយមានអាយុចាប់ពី២ឆ្នាំឡើង) ចូរដក០.៧ស.ម ចេញពីប្រវែង ហើយចាត់ទុកវាជាកម្ពស់ និងកត់ត្រាទុក។

ប្រសិនបើពិបាកក្នុងការស្មានអាយុ ចំពោះកុមារដែលមានកម្ពស់ចាប់ពី៨៧ស.មឡើងទៅគឺត្រូវវាស់ឈរ ហើយកុមារដែលមានកម្ពស់តិចជាង៨៧ស.ម គឺវាស់ដេក (ស្តង់ដា អង្គការសុខភាពពិភពលោក)។

 • កំណត់សម្គាល់

  ឱ្យកុមារឈេត្រង់ខ្លួន ជើងនិងគូទប៉ះនឹងក្តារ ឬជញ្ជាំង។ ឱ្យពួកគេឈរមើលត្រង់ទៅមុខ ដោយដាក់ជើងផ្គុំគ្នានៅលើដី ឬកម្រាលរាបស្មើ។ អនុវត្តវាស់វែងកំពស់ និងប្រវែងជាគូរ ដោយប្រើកូនក្រមុំជ័រ ឬកុមារដែលមានអាយុក្រោម៥ឆ្នាំ។ រកទីតាំងសមរម្យសម្រាប់អនុវត្តវាស់កុមារពីក្នុងសហគមន៍ ដោយអាចនឹងមានការចូលរួមពីឳពុកម្តាយ/គ្រួសាររបស់កុមារផងដែរ។

កម្ពស់

ពន្យល់៖ សម្រាប់កុមារម្នាក់ដែលមាន អាយុលើសពី ២ឆ្នាំយើងនឹងវាស់កម្ពស់កុមារដោយឱ្យកុមារឈរ។ ការវាស់នេះគឺធ្វើឡើងដូចគ្នានឹងវិធីវាស់កម្ពស់របស់មនុស្សពេញវ័យដែរ។

សំណួរ៖ តើអ្នកនៅចាំពីរបៀបវាស់កម្ពស់ឱ្យបានត្រឹមត្រូវឬទេ? តើចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីវាស់ឱ្យបានត្រឹមត្រូវ?

សង្ខេបត្រួសៗពីរបៀបវាស់កម្ពស់ និងអបអរសាទរដល់សិក្ខាកាមប្រសិនបើពួកគេចងចាំពីមេរៀនមុនបានល្អ។ ឱ្យសិក្ខាកាមមើលមេរៀនទី៤ដែលនិយាយអំពីការវាស់កម្ពស់កម្ពស់កុមារដែលមានអាយុចាប់ពី២៤ខែឡើងទៅ។

ទម្ងន់

មានជញ្ជីងច្រើនប្រភេទផ្សេងៗគ្នាដែលអាចប្រើប្រាស់ដើម្បីថ្លឹងកុមារដែលមានអាយុពី ៦ទៅ ៥៩ខែ។

សំណួរ៖ តើជញ្ជីងប្រភេទណាដែលអ្នកធ្លាប់ប្រើពីមុនមក? តើជញ្ជីងណាខ្លះដែលមាននៅកន្លែងធ្វើការ ឬសហគមន៍? តើអ្នកមានបទពិសោធន៍អ្វីខ្លះក្នុងការប្រើប្រាស់ជញ្ជីងទាំងនេះ?

បន្ទាប់ពីការពិភាក្សាត្រួសៗ សូមបង្ហាញរូបភាពជញ្ជីងផ្សេងដែលអាចប្រើប្រាស់បាន។

វិធីសាស្ត្រទី ១

មានជញ្ជីងពិសេសសម្រាប់ថ្លឹងកុមារអាយុក្រោម ៥ឆ្នាំដែលខុសគ្នាពីជញ្ជីងបពា្ឈរសម្រាប់ថ្លឹងមនុស្សពេញវ័យ។ ជញ្ជីងទាំងនេះថ្លឹងទម្ងន់កុមារដោយដាក់ពួកគេដេក ឬព្យួរនឹងខ្សែ។

 • នៅពេលដែលថ្លឹង កុមារត្រូវដោះសំលៀកបំពាក់ (បើសមគួរ) ហើយទ្រាប់ក្រណាត់នៅលើជញ្ជីង។
 • បន្ទាប់ពីអ្នកបានទ្រាប់ក្រណាត់នៅលើជញ្ជីង ពិនិត្យមើលរង្វាស់នៅលើជញ្ជីងស្មើ “០” ដោយដាក់ជញ្ជីងនៅលើផ្ទៃរាបស្មើ អាចដាក់នៅលើតុ ឬនៅលើក្តារ។
 • ដាក់ក្មេងនៅលើជញ្ជីង (ឬ ក្នុងជញ្ជីងព្យួរ) ត្រូវប្រាកដថាខ្លួនកុមារទាំងមូលនៅលើជញ្ជីងហើយពួកគេត្រូវមានលំនឹង មុនពេលអានរង្វាស់ទម្ងន់។ ក្មេងៗមួយចំនួនអាចភ័យ ឬនៅមិនស្ងៀម ត្រូវប្រាកដថាមានម្តាយ ឬអាណាព្យាបាលនៅក្បែរ ដើម្បីឱ្យកុមារនៅស្ងៀម។
 • វាស់ទម្ងន់ឱ្យកៀកនឹង១០ក្រាម ឬឱ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។ កត់ត្រាទម្ងន់នៅលើតារាងការលូតលាស់កុមារ។

ប្រសិនបើអ្នកមិនអាចរកជញ្ជីងពិសេសសម្រាប់កុមារទេ អ្នកអាចប្រើជញ្ជីងសម្រាប់មនុស្សពេញវ័យ ដើម្បីថ្លឹងទម្ងន់កុមារបាន ដោយប្រើវិធីខាងក្រោម។

វិធីសាស្ត្រទី២

 • ដាក់ជញ្ជីងនៅលើផ្ទៃរាបស្មើ និងត្រួតពិនិត្យរង្វាស់នៅលើចំណុច “០”។
 • សុំឱ្យមនុស្សពេញវ័យ ជាពិសេសម្តាយ ឬអាណាព្យាបាលឱ្យដោះស្បែកជើងចេញ រួចឡើងលើជញ្ជីង។ ពួកគេគួរតែឈរដោយជើងទាំងពីរនៅលើជញ្ជីង និងមើលត្រង់ទៅមុខ។
 • ចូរកត់ត្រាទម្ងន់មនុស្សពេញវ័យ។
 • សូមដោះសំលៀកបំពាក់ ស្បែកជើង និងស្រោមជើងរបស់កុមារដែលត្រូវថ្លឹងចេញ។ ត្រូវពិនិត្យថាជញ្ជីងគឺត្រឡប់មកចំណុច ០។
 • ឱ្យមនុស្សពេញវ័យបីកុមារផ្អឹបនឹងដើមទ្រូង ហើយឈរនៅលើជញ្ជីងមើលត្រង់ទៅមុខ។ មិនគួរឱ្យកុមារងាកចុះងាកឡើងនោះទេ ហើយមើលទម្ងន់នៅពេលដែលពួកគេនៅស្ងៀម។
 • កត់ត្រាទម្ងន់សរុបរបស់មនុស្សពេញវ័យ និងកុមារ រួចដកទម្ងន់មនុស្សពេញវ័យចេញ។ លទ្ធផលដែលទទួលបានគឺជាទម្ងន់របស់កុមារ។

ឥឡូវសុំឱ្យសិក្ខាកាមធ្វើការជាគូរ ឬជាក្រុមតូចៗដើម្បីវាស់វែងទម្ងន់កុមារដោយប្រើកូនក្រមុំជ័រ ឬកុមារមកពីសហគមន៍។ អនុវត្តប្រើវិធីទាំងពីរយ៉ាងរួចប្រៀបធៀបលទ្ធផល។

តើទទួលបានលទ្ធផលទម្ងន់ដូចគ្នាចំពោះវិធីទាំងពីរដែរទេ?

ឥឡូវពួកយើងអនុវត្តន៍ការកត់ត្រារង្វាស់នៅលើតារាងលូតលាស់។

ការវាស់អំពីស្ថានភាពអាហារូបត្ថម្ភចំពោះកុមារ និងមនុស្សពេញវ័យអាយុពី៥ដល់១៩ឆ្នាំ៖ សន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ

ចាប់ផ្តើមដោយនិយាយថា៖ កុមារ និងក្មេងជំទង់ដែលមានអាយុ៥–១៩ឆ្នាំក៏ត្រូវការការតាមដានការលូតលាស់ជាប្រចាំផងដែរ រួមមាន កម្ពស់ ទម្ងន់ និងសន្ទស្សន៍ម៉ាស់រាងកាយ។

សំនួរ៖ តើរង្វាស់ការលូតលាស់ណាខ្លះដែលអ្នកតែងប្រើជាមួយកុមារនៅក្នុងក្រុមអាយុនេះ? តើអ្នកកត់ត្រាយ៉ាងដូចម្តេច?

ក្នុងមេរៀនមុន យើងនិយាយអំពីការប្រើប្រាស់រង្វាស់ កម្ពស់ និងទម្ងន់ និង ការគណនាសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់មនុស្សពេញវ័យ ដែលវិធីនេះអាចត្រូវបានគេយកមកប្រើបានជាមួយកុមារអាយុ ៥–១៩ឆ្នាំបានដែរ។ តើអ្នកនៅចងចាំពីវិធីគណនាសន្ទស្សន៍ម៉ាស់រាងកាយទេ?

សន្ទស្សន៍ម៉ាស់រាងកាយរបស់កុមារ ឬមនុស្សពេញវ័យត្រូវគណនាដោយយកទម្ងន់ (ជាគីឡូក្រាម) ចែកនឹងកម្ពស់ គុណនឹងកម្ពស់ (ជាម៉ែត្រ)។ ដូច្នេះបើកុមារមានទម្ងន់ ២០គីឡូក្រាម និងមានកម្ពស់ ១.២ ម៉ែត្រ សន្ទស្សន៍ម៉ាស់រាងកាយគឺ៖

២០/(១.២x១.២) = ១៣.៨

អ្នកផ្តល់ប្រឹក្សាអាចប្រើតារាងដើម្បីស្វែងរកសន្ទស្សន៍ម៉ាស់រាងកាយរបស់កុមារ ឬក្មេងជំទង់ (ទម្ងន់ធៀបនឹងអាយុ)។ ឧទាហរណ៍បើកុមារមានកម្ពស់ ៩២សង់ទីម៉ែត្រ និងមានទម្ងន់ ១៥គីឡូក្រាម សន្ទស្សន៍ម៉ាស់រាងកាយគឺ ១៧.៧។

អ្នកដែលទទួលបានការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រត្រូវតែអាចបកស្រាយអំពីសន្ទស្សន៍ម៉ាស់រាងកាយ ដោយប្រើរូមមន្ត និងតារាងសន្ទស្សន៍ម៉ាស់រាងកាយ។ ចំណែកក្រុមថែទាំតាមផ្ទះដែលទទួលបានការបណ្តុះបណ្តាលគួរត្រូវបានណែនាំឱ្យប្រើប្រាស់តារាងសន្ទស្សន៍ម៉ាស់រាងកាយ។

ចំណាត់ថ្នាក់ សម្រាប់សន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ៖

ចំណាត់ថ្នាក់

សន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

តិចជាង -៣ SD

កង្វះអាហារូបត្ថម្ភមធ្យម

ចន្លោះពី -៣ SD ទៅ -២ SD

ធម្មតា

ចន្លោះពី -២ SD ទៅ +១ SD

លើសទម្ងន់

ចន្លោះពី +១ SD ទៅ +២ SD (សមមូលនឹង
BMI = ២៤គ.ក្រ/ម៉ែត្រការ៉េ សម្រាប់មនុស្សពេញវ័យ)

ធាត់ជ្រុល

ចាប់ពី +២SDឡើងទៅ (សមមូលនឹង BMI = ៣០ សម្រាប់មនុស្សពេញវ័យ)

ឥឡូវយើងនឹងរៀនប្រើតារាងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ៖ តើមានអ្នកណាចេះប្រើតារាងនេះដែរ ឬទេ? តារាងសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់កុមារ និងក្មេងជំទង់អាយុ៥–១៩ឆ្នាំ មានភាពខុសគ្នារវាងក្មេងប្រុស និងក្មេងស្រី (មានតារាងដាច់ដោយឡែកសម្រាប់ក្មេងប្រុស និងក្មេងស្រី ក្នុងឧបសម្ព័ន្ទទី៩)។ នៅផ្នែកខាងឆ្វេងនៃតារាងមានលេខសន្ទស្សន៍ម៉ាស់រាងកាយ ចំណែកនៅផ្នែកខាងក្រោមនៃតារាងមានអាយុកុមារតាមលំដាប់។

 • កំណត់សម្គាល់
  • ត្រូវចាំថា សម្រាប់កុមារ និងក្មេងជំទង់អាយុ ៥-១៩ឆ្នាំ មានចំណាត់ថ្នាក់សន្ទស្សន៍ម៉ាស់រាងកាយផ្សេង។ ចូរកុំប្រើចំណាត់ថ្នាក់សន្ទស្សន៍ម៉ាស់រាងកាយសម្រាប់មនុស្សពេញវ័យចំពោះកុមារក្នុងក្រុមអាយុនេះ។ តារាងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុសម្រាប់កុមារក្រុមនេះមាននៅក្នុងឧបសម្ព័ន្ធទី៩ ដែលដកស្រង់ពី៖ http://www.who.int/​growthref/who2007_bmi_for_age/en/
  • តារាងសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់កុមារ និងក្មេងជំទង់អាយុ ៥-១៨ឆ្នាំ (ឧបសម្ព័ន្ធទី១០) អាចរកបាននៅ៖ http://www.fantaproject.org/sites/​default/files​/​resources/FANTA-BMI-charts-Jan2013-ENG_0.pdf

ចូរគូសសម្គាល់នៅលើតារាង ត្រង់កន្លែងដែលសន្ទស្សន៍ម៉ាស់រាងកាយ និងអាយុប្រសព្វគ្នា។ ឧទាហរណ៍ សានមានអាយុ១៥ ឆ្នាំ និងមានសន្ទស្សន៍ម៉ាស់រាងកាយ ១៣.៨។ តើត្រង់ណាដែលអ្នកគួរគូសសម្គាល់នៅលើតារាង? តើសានមាន z score ប៉ុន្មាន? តើសានត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ស្គម ស្គមខ្លាំង ធាត់ជ្រុល ឬលើសទម្ងន់? (សូមមើលតារាងចំណាត់ថ្នាក់ខាងលើ)។ តើអ្នកមានសំណួរអំពីការប្រើប្រាស់តារាងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុសម្រាប់ក្រុមអាយុនេះដែរឬទេ?

ឥឡូវយើងសង្ខេបខ្លឹមសារ និងរំលឹកឡើងវិញនូវសំណួរមួយចំនួន។

នៅក្នុងផ្នែកនេះយើងបានរៀនអំពីការវាស់ប្រវែងកម្ពស់ និងទម្ងន់កុមារអាយុ៦– ៥៩ខែ និងរបៀបវាយតម្លៃស្ថានភាពអាហារូបត្ថម្ភកុមារ និងក្មេងជំទង់អាយុ៥–១៩ឆ្នាំ។ គេវាស់ប្រវែងសម្រាប់កុមារដែលមានអាយុក្រោម២ឆ្នាំ ហើយគេវាស់កម្ពស់សម្រាប់កុមារអាយុលើសពី២ឆ្នាំ។ គេអាចថ្លឹងទម្ងន់កុមារដោយជញ្ជីងព្យួរសម្រាប់កុមារ ឬជាមួយមនុស្សពេញវ័យកាន់កុមារឈរលើជញ្ជីងបពា្ឈរ។ វាមានសារៈសំខាន់ណាស់ ដែលការថ្លឹងត្រូវធ្វើឡើងនៅលើផ្ទៃរាបស្មើ និងត្រូវត្រួតពិនិត្យសម្ភារៈមុនពេលប្រើ ដើម្បីឱ្យការថ្លឹងមានលក្ខណៈត្រឹមត្រូវ។

ត្រារង្វាស់ដែលបានវាស់វែងនៅលើតារាងសុខភាពកុមារ។ សម្រាប់កុមារ និងក្មេងជំទង់ដែលមានអាយុ៥–១៩ឆ្នាំ យើងគណនាសន្ទស្សន៍ម៉ាស់រាងកាយដោយប្រើកម្ពស់ និងទម្ងន់។ បន្ទាប់មក យើងប្រើតារាងសន្ទស្សន៍ម៉ាស់ពិសេសមួយសម្រាប់កុមារក្នុងក្រុមអាយុនេះដើម្បីវាយតម្លៃសុខភាពអាហារូបត្ថម្ភរបស់ពួកគេ។ ចំណាត់ថ្នាក់ BMIរបស់មនុស្សពេញវ័យ ខុសគ្នាពី BMIរបស់កុមារ និងក្មេងជំទង់អាយុ ៥–១៩ ឆ្នាំ។

សំណួរ៖

 • តើគេត្រូវប្រើរង្វាស់អ្វីខ្លះដើម្បីវាស់កុមារអាយុ៦-៥៩ខែ?
 • តើគេត្រូវចងចាំអ្វីខ្លះដើម្បីវាស់កម្ពស់កុមារឱ្យបានត្រឹមត្រូវ?
  (ឧ. ឱ្យកុមារមើលត្រង់ទៅមុខ)។
 • សម្រាប់កុមារដែលមានអាយុ១៨ខែ តើគេគួរវាស់ប្រវែង ឬកម្ពស់?
 • តើគេអាចថ្លឹងទម្ងន់កុមារដែលមានអាយុ១៨ខែដោយរបៀបណា?
 • សម្រាប់កុមារអាយុចាប់ពី៥ឆ្នាំឡើង ធ្វើដូចម្តេចទើបដឹងថាពួកគេមានការលូតលាស់ល្អ? តើគួរប្រើរង្វាស់ប្រភេទណា?
 • តើចំណាត់ថ្នាក់BMI តាមអាយុសម្រាប់កុមារអាយុចាប់ពី៥ឆ្នាំឡើង មានអ្វីខ្លះ?
 • តើយើងវាស់វែងអ្វីខ្លះដើម្បីដឹងថាកុមារអាយុក្រោម៦ខែ មានការលូតលាស់ល្អ?

អបអរសាទរដល់សិក្ខាកាមចំពោះចម្លើយត្រឹមត្រូវរបស់ពួកគេ កែតម្រូវដោយប្រុងប្រយ័ត្ននូវចម្លើយមិនត្រឹមត្រូវ តាមរយៈការពិភាក្សារួមគ្នា។

សង្ខេបខ្លឹមសារ៖

ឱ្យសិក្ខាកាមមើលឯកសារមេរៀនទី៤ (សៀវភៅសម្រាប់សិក្ខាកាម) និងឱ្យពួកគេប្តូរវេនគ្នាអានឯកសារឮៗទៅកាន់ក្រុមទាំងមូល។

Did you find apk for android? You can find new Free Android Games and apps.