logo
logo

មេរៀនទី៥៖ របៀបប្រើ“កញ្ចប់សម្ភារៈអាហារល្អ”(Facilitator KH)

Want create site? With Free visual composer you can do it easy.

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀន សិក្ខាកាមនឹងអាច៖

ធ្វើការអនុវត្តជំហ៊ានទាំងប្រាំនៃការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ និងអាចបំពេញទម្រង់តាមដាន។

រយៈពេល៖ ៥ម៉ោង ៣៥នាទី

សម្ភារៈជំនួយបង្រៀន

  • កញ្ចប់សម្ភារៈអាហារល្អ (សិក្ខាកាមម្នាក់មួយច្បាប់)
  • គោលបំណងមេរៀនដែលបានសរសេរលើក្រដាសផ្ទាំងធំ
  • ទម្រង់តាមដានការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ (៣ច្បាប់សម្រាប់សិក្ខាកាមម្នាក់)
  • ទម្រង់តាមដានសរសេរនៅលើក្រដាសផ្ទាំងធំ២សន្លឹក ឬលើក្តារខៀន ឬឧបករណ៍បញ្ចាំងស្លាយ
  • ជំហាននៃការផ្តល់ប្រឹក្សាស្តីពីអាហារូបត្ថម្ភនៅលើក្រដាសផ្ទាំងធំ ឬក្តារខៀន
  • រូបផ្កាយធ្វើពីក្រដាសពណ៌
  • ហ្វឺតសរសេរ
  • បង់ស្អិត

វិធីសាស្ត្របង្រៀន

  • រំលឹកមេរៀន
  • បទបង្ហាញ
  • ការធ្វើបង្ហាញ
  • លំហាត់អនុវត្តន៍ផ្ទាល់

សេចក្តីផ្តើម

  • កំណត់សម្គាល់

    ដោយសារតែមេរៀនទី៥មានរយៈពេលប្រហែល ៦ម៉ោង សូមរៀបចំកាលវិភាគសម្រាកនៅពេលព្រឹក និងពេលរសៀលសម្រាប់សិក្ខាកាម។ បើអាចមានល្បែងថាមពលសម្រាប់ពេលរៀន វាក៏មានប្រយោជន៍ផងដែរ។

នៅក្នុងការបណ្តុះបណ្តាលរហូតមកទល់ពេលនេះ យើងបានទទួលចំណេះដឹង និងជំនាញទាក់ទងនឹងមូលដ្ឋានខ្លះៗអំពីអាហារូបត្ថម្ភសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍។ នៅក្នុងមេរៀននេះយើងនឹងសិក្សា និងអនុវត្តផ្ទាល់អំពីរបៀបប្រើ “កញ្ចប់សម្ភារៈអាហារល្អ”។ នេះគឺជាមេរៀនអនុវត្តន៍ជាក់ស្តែង ដូច្នេះយើងនឹងសិក្សាអំពីដំណើរការផ្តល់ប្រឹក្សាមួយជំហានម្តងៗ។

បង្ហាញពីគោលបំណងមេរៀន

អ្នកសម្របសម្រួលបង្ហាញពីវត្ថុបំណងពីការសិក្សាដែលបានសរសេរលើក្រដាសផ្ទាំងធំ ហើយឱ្យសិក្ខាកាមម្នាក់អាននូវគោលបំណងទាំងនោះឱ្យឮដល់ក្រុម។

គោលបំណង

នៅចុងបញ្ចប់នៃមេរៀនសិក្ខាកាមនឹងអាច ធ្វើការអនុវត្តជំហ៊ានទាំងប្រាំនៃការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ និងអាចបំពេញទម្រង់តាមដាន។

  • ជំហានទី១៖ រំលឹកមេរៀនឡើងវិញ

ឱ្យសិក្ខាកាមមើលមេរៀនទី១ និងឯកសារអំពីកញ្ចប់សម្ភារៈ។ ពិនិត្យឡើងវិញនូវសម្ភារៈនៅក្នុងកញ្ចប់ ដែលរួមមាន៖

  1. “ប័ណ្ណអាហារតូចៗ” មានរូបភាពអាហារផ្សេងៗគ្នាច្រើនមុខសម្រាប់ជួយអ្នក និងអ្នករស់នៅជាមួយមេរោគអេដស៍ធ្វើការសម្រេចអំពីអាហារដែលមានស្រាប់ដែលពួកគេអាចស្វែងរក ឬមានលទ្ធភាពទិញបាន ដើម្បីឱ្យអ្នកអាចរៀបចំផែនការអាហារល្អៗបានជាក់ស្តែង (ហើយអ្នករស់នៅជាមួយមេរោគអេដស៍ក៏អាចរៀបចំបានដែរ)។
  2. “ប័ណ្ណអាហារធំៗ” បង្ហាញពីរូបភាពចានសំប៉ែត និងចានគោមធំៗដែលមានបាយ សម្ល និង បង្អែម៘ ប័ណ្ណនេះអាចជួយអ្នកក្នុងការបង្ហាញដល់អ្នករស់នៅជាមួយមេរោគអេដស៍អំពីបរិមាណអាហារដែលពួកគេគួរបរិភោគ។
  3. ប័ណ្ណសន្លឹកផ្ទាត់សម្រាប់ផ្តល់ប្រឹក្សាអំពី“ការរស់នៅប្រកបដោយសុខភាពល្អ” ប័ណ្ណនេះមានរូបភាពសម្រាប់បង្ហាញ រួមជាមួយសំណួរ និងសារគន្លឹះ ព្រមទាំងផែនការនៅខាងក្រោយប័ណ្ណ។ វានឹងជួយអ្នក និងអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងការសន្ទនាអំពីវិធីធ្វើឱ្យមានសុខភាពល្អ និងគ្រប់គ្រងរោគសញ្ញាជំងឺផ្សេងៗ ដោយជ្រើសរើសបរិភោគប្រភេទអាហារត្រឹមត្រូវ។
  4. រូបភាព“កែវទឹក” ជារូបភាពដែលមានកែវទឹកបីប្រភេទផ្សេងគ្នា សម្រាប់ប៉ាន់ប្រមាណចំណុះទឹក និងសារធាតុរាវផ្សេងៗដែលអ្នករស់នៅជាមួយមេរោគអេដស៍តែងទទួលទានក្នុងមួយថ្ងៃ និងចំណុះដែលគាត់គួរទទួលទានក្នុងមួយថ្ងៃ។
  5. “ឧបករណ៍សម្រាប់ធ្វើការស្ទាបស្ទង់”
    1. តារាងសន្ទស្សន៍ម៉ាស់រាងកាយ (BMI) សម្រាប់មនុស្សពេញវ័យ (ទាំងពីរភេទ និងស្ត្រីទើបសម្រាលកូនរួចក្រោយពី៦ខែ)៖ ឧបករណ៍នេះនឹងជួយអ្នកវាស់វែងសន្ទស្សន៍ម៉ាស់រាងកាយតាមវិធីធម្មតា ដោយមិនចាំបាច់គណនាដោយប្រើរូបមន្ត។
    2. តារាងសន្ទស្សន៍ម៉ាស់រាងកាយធៀបនឹងអាយុសម្រាប់កុមារ (កុមារា និងកុមារី)របស់អង្គការសុខភាពពិភពលោក (WHO)៖ សម្រាប់វាស់ស្ទង់ពីកម្រិតអាហារូបត្ថម្ភសម្រាប់កុមារដែលមានអាយុពី៥-១៩ឆ្នាំ។
    3. តារាងសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់កុមារ និងក្មេងជំទង់អាយុ៥-១៨ឆ្នាំ របស់ជំនួយបច្ចេកទេសអាហារូបត្ថម្ភ និងស្បៀងអាហារ៖ ជាឧបករណ៍ទាន់ចិត្តមួយសម្រាប់វាស់សន្ទស្សន៍ម៉ាស់រាងកាយ (ទម្ងន់ធៀបនឹងកម្ពស់) របស់កុមារ និងក្មេងជំទង់ដោយមិនចាំបាច់គណនាដោយប្រើរូបមន្ត។
    4. ឧបករណ៍វាស់ពាក់កណ្តាលដើមដៃ(MUAC) សម្រាប់កុមារ និងមនុស្សពេញវ័យ៖ សម្រាប់វាស់កម្រិតអាហារូបត្ថម្ភកុមារ (អាយុពី៦-៥៩ខែ) ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចក្នុងអំឡុង៦ខែ។
  6. “ទម្រង់តាមដានការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ” អ្នកផ្តល់ប្រឹក្សានឹងរក្សាទុកកំណត់ត្រាអំពីស្ថានភាពអ្នករស់នៅជាមួយមេរោគអេដស៍ និងការណែនាំសំខាន់ៗដែលបានលើកឡើងពេលផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ។ ការធ្វើបែបនេះនឹងជួយអ្នកក្នុងការតាមដានការប្រែប្រួលទៅលើការប្រព្រឹត្តរបស់អ្នករស់នៅជាមួយមេរោគអេដស៍នៅពេលដែលអ្នកទៅសួរសុខទុក្ខពួកគេម្តងទៀត។ ទម្រង់តាមដាននេះមានបីប្រភេទផ្សេងគ្នាសម្រាប់កត់ត្រាការប្រែប្រួលអាហារូបត្ថម្ភរបស់៖
    • មនុស្សពេញវ័យ(ទាំងពីរភេទ) និងស្ត្រីសម្រាលកូនរួចលើសពី៦ខែ
    • ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចក្នុងអំឡុងពេល៦ខែ
    • កុមារ និងក្មេងវ័យជំទង់ អាយុពី០-១៩ឆ្នាំ
  7. ការបង្ហាញពីរបៀបដាំស្លសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍៖ វាជាសៀវភៅណែនាំដោយមានបង្ហាញអំពីរបៀបចំអិនម្ហូបសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍។

ពន្យល់សិក្ខាកាមថា៖ យើងនឹងសិក្សា និងអនុវត្តន៍មួយជំហានម្តងៗនូវរបៀបផ្តល់ប្រឹក្សាដល់អ្នករស់នៅជាមួយមេរោគអេដស៍ជាមួយនឹងកញ្ចប់សម្ភារៈ អំពីអ្វីដែលត្រូវបរិភោគ និងវិធីបរិភោគដែលជួយឱ្យពួកគេមានសុខភាពល្អ។

  • កំណត់សម្គាល់

    សៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលនេះផ្តល់នូវវិធីសាស្ត្រជាបទដ្ឋានអំពីការប្រឹក្សាអាហារូបត្ថម្ភ ដោយប្រើកញ្ចប់សម្ភារៈអាហារល្អ។ ក្រុមថែទាំតាមផ្ទះ (HBCT) បុគ្គលិកមណ្ឌលសុខភាព បុគ្គលិកសេវាព្យាបាលជំងឺឱកាសនិយម ឬសេវាព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍ និងបុគ្គលិកអង្គការ ដែលទទួលបានការបណ្តុះបណ្តាល អាចមានឱកាសប្រើប្រាស់កញ្ចប់សម្ភារៈនេះដោយធ្វើការច្នៃប្រឌិតបន្ថែម។ ឧបសម្ព័ន្ធទី១១ មានផ្តល់នួវគំនិតផ្សេងៗក្នុងការប្រើប្រាស់កញ្ចប់សម្ភារៈអាហារល្អ។

បង្ហាញព័ត៌មានខាងក្រោមនៅលើក្រដាសផ្ទាំងធំ និងពិនិត្យឡើងវិញពីជំហាននានាសម្រាប់ការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ។ សូមដាក់ក្រដាសផ្ទាំងធំដែលមានបញ្ជាក់ពីជំហានទាំងនោះនៅពីមុខក្រុមក្នុងកំឡុងពេលសិក្សាដើម្បីឱ្យពួកគេអាចមើលឃើញខណៈពេលដែលកំពុងពិភាក្សាអំពីជំហាននីមួយៗ។ ធ្វើជារូបផ្កាយដោយប្រើក្រដាសពណ៌ និងរំកិលផ្កាយនោះចុះតាមបន្ទាត់ដើម្បីបង្ហាញថាតើជំហានមួយណាដែលកំពុងពិភាក្សា។

ជំហានក្នុងការផ្តល់ប្រឹក្សាពីអាហារូបត្ថម្ភ៖

  1. វាយតម្លៃ៖ វាតយតម្លៃ/ប៉ាន់ប្រមាណសុខភាពរបស់អតិថិជន និងទម្លាប់នៃការហូបចុករបស់ពួកគេ
  2. វិភាគ៖ ដោយផ្អែកលើការវាយតម្លៃ កំណត់រកបញ្ហា និងមធ្យោបាយសម្រាប់ដោះស្រាយត្រឹមត្រូវ (ឧ. ការផ្លាស់ប្តូរឥរិយាបថ ឬការណែនាំ)
  3. ផ្តល់យោបល់៖ ផ្តល់ជម្រើសពីរ ឬបីដល់អតិថិជនសម្រាប់យកទៅអនុវត្ត
  4. ចរចារ៖ ជម្រុញឱ្យអតិថិជនយកជំនះបានចំពោះឧបសគ្គរាំងស្ទះក្នុងការអនុវត្តន៍នូវជម្រើស និងធ្វើផែនការសកម្មភាព
  5. តាមដាន៖ កំណត់ពេលជួបប្រឹក្សាអតិថិជនម្តងទៀត ដើម្បីសិក្សាមើលថា តើគាត់បានអនុវត្តទៅតាមចំនុចដែលបានកំណត់ឬទេ និងជួយគាត់ក្នុងការបន្តការផ្លាស់ប្តូរការប្រព្រឹត្ត។

សម្គាល់៖

សូមចងចាំថាមានទម្រង់តាមដាន៣ប្រភេទខុសៗគ្នា (១)មនុស្សពេញវ័យ (២)ស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួចក្នុងអំឡុង៦ខែ និង (៣)កុមារ។ ក្រៅពីនេះ យើងមានទម្រង់ខុសគ្នាសម្រាប់ការវាតម្លៃនៅតាមស្ថាប័ន (ឧ. មណ្ឌលសុខភាព) និងការវាយតម្លៃនៅតាមសហគមន៍ (ឧបសម្ព័ន្ធ១២ និង១៣)។ ចែកជូនទម្រង់តាមដានដែលត្រឹមត្រូវដល់សិក្ខាកាម។ សិក្ខាកាមដែលធ្វើការនៅតាមស្ថាប័នសុខភាពរបស់រដ្ឋ ឬនៅគ្លីនិកសេវាព្យាបាលជំងឺឱកាសនិយម ឬព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍ គួរប្រើប្រាស់ទម្រង់វាយតម្លៃសម្រាប់ស្ថាប័ន។ ក្រុមថែទាំតាមផ្ទះ (HBCT) ឬសមាជិកក្រុមជួយខ្លួនឯង (SHG) គួរប្រើទម្រង់វាយតម្លៃតាមសហគមន៍។

ការបំពេញព័ត៌មានទូទៅ

សុំឱ្យសិក្ខាកាមមើលផ្នែកខាងលើនៃទម្រង់តាមដាន រួចពន្យល់ថា៖ អ្នកគួរតែព្យាយាមរៀបចំបំពេញក្នុងផ្នែកព័ត៌មានទូទៅឱ្យបានមុនពេលចុះជួបប្រឹក្សា បើអាចទៅរួច។

ឱ្យសិក្ខាកាមអានទម្រង់ត្រង់ផ្នែកព័ត៌មានទូទៅ រួចពន្យល់សំណួរនីមួយៗដូចខាងក្រោម។

១. ថ្ងៃពិនិត្យ៖ កាលបរិច្ឆេទដែលការប្រឹក្សាត្រូវបានធ្វើឡើង

២. ឈ្មោះអតិថិជន៖ ឈ្មោះរបស់អតិថិជនដែលអ្នកត្រូវជួបប្រឹក្សា

៣. អាយុ៖ អាយុរបស់អតិថិជនដែលអ្នកបានជួបប្រឹក្សា (គិតជាឆ្នាំ)

៤. ភេទ៖ គូសនៅក្នុងប្រអប់ត្រឹមត្រូវ។ បើជាស្ត្រី សូមបញ្ជាក់ថាជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន។

៥. អាស័យដ្ឋាន៖ អាស័យដ្ឋានរបស់អតិថិជន។

  • ជំហានទី១៖ វាយតម្លៃ

១.១ វាយតម្លៃសុខភាព និងស្ថានភាពអាហារូបត្ថម្ភ (សំណួរទី ៦–៨)

ជំហានក្នុងការផ្តល់ប្រឹក្សា

* ១ វាយតម្លៃ

២ វិភាគ

៣ ផ្តល់យោបល់

៤ ចរចារ

៥ តាមដាន

សូមមើលជំហាននៅក្នុងក្រដាសផ្ទាំងធំស្តីពីការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ និងដាក់ផ្កាយជាប់នឹងជំហានទី១។

ពន្យល់សិក្ខាកាមថា៖ សម្រាប់ជំហានដំបូងយើងនឹងវាយតម្លៃទៅលើសុខភាព ឬកម្រិតអាហារូបត្ថម្ភ របស់អតិថិជន។ លើកឡើងថា កញ្ចប់សម្ភារៈមានក្រុមគោលដៅ៣សំខាន់ៗ ហើយពួកយើងនឹងចាប់ផ្តើមជាមួយនឹងការវាយតម្លៃសុខភាព និងស្ថានភាពអាហារូបត្ថម្ភរបស់អ្នករស់នៅជាមួយមេរោគអេដស៍ដែលជាមនុស្សពេញវ័យ រួមទាំងស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន។ បន្ទាប់មកនៅក្នុងមេរៀននេះពួកយើងនឹងសិក្សាពីរបៀបបំពេញទម្រង់តាមដានសម្រាប់កុមារ។ បិទក្រដាសផ្ទាំងធំនៃទម្រង់តាមដានសម្រាប់មនុស្សពេញវ័យនៅលើជញ្ជាំង កន្លែងដែលសិក្ខាកាមទាំងអស់អាចមើលឃើញ។ ចែកក្រដាស “ទម្រង់តាមដានការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភសម្រាប់មនុស្សពេញវ័យ” ឱ្យសិក្ខាកាមម្នាក់មួយ ច្បាប់ (ឬស្នើឱ្យពួកគេយកពីកញ្ចប់សម្ភារៈរបស់ពួកគេ)។

ទម្រង់តាមដាននឹងណែនាំពីរបៀបផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ និងផ្តល់នូវចំណុចសំខាន់ ខ្លះៗ ដូចជា ដំបូន្មាន និងសកម្មភាពនានាសម្រាប់អនុត្តន៍។ យើងនឹងសិក្សាពីរបៀបបំពេញទម្រង់តាមដាន ម្តងមួយប្រអប់ៗ។ អ្នកនឹងត្រូវការឧបករណ៍វាយតម្លៃ និងសម្ភារៈពាក់ព័ន្ធដើម្បីបំពេញទម្រង់តាមដានរបស់អ្នក។

សម្រាប់មនុស្សពេញវ័យ (បុរស ឬស្ត្រីដែលគ្មានផ្ទៃពោះ) អ្នកនឹងចាំបាច់ត្រូវមានតារាងសន្ទស្សន៍ម៉ាស់រាងកាយ ម៉ែត្រសំពត់ដើម្បីវាស់កំពស់ និងជញ្ជីងមួយ។ ប្រសិនបើអតិថិជនរបស់អ្នកជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីទើបសម្រាលកូនរួចក្នុងអំឡុង៦ខែ យើងត្រូវការម៉ែត្ររង្វាស់ពាក់កណ្តាលដើមដៃ។ យើងបានរៀនពីមុនមកហើយថា សន្ទស្សន៍ម៉ាស់រាងកាយមិនអាចប្រើចំពោះស្ត្រីមានផ្ទៃពោះបានទេ ដូច្នេះសម្រាប់ពួកគាត់យើងនឹងប្រើរង្វាស់ពាក់កណ្តាលដើមដៃសម្រាប់វិភាគស្ថានភាពអាហារូបត្ថម្ភ។

សម្រាប់កុមារអាយុ៦–៥៩ខែ អ្នកនឹងចាំបាច់ត្រូវមានម៉ែត្ររង្វាស់ពាក់កណ្តាលដើមដៃ សម្រាប់កុមារ។ បើអតិថិជនរបស់អ្នកជាកុមារអាយុចាប់ពី៥ឆ្នាំងឡើងទៅ អ្នកនឹងត្រូវមានតារាងសម្រាប់រកសន្ទស្សន៍ម៉ាស់រាងកាយ និងតារាងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុសម្រាប់កុមារ និងក្មេងវ័យជំទង់អាយុ៥–១៩ឆ្នាំ។ ក្មេងប្រុស និងក្មេងស្រីមានសន្ទស្សន៍ម៉ាស់រាងកាយផ្សេងពីគ្នា។

ពន្យល់៖ សំណួរទី៦-៨ ធ្វើការវាយតម្លៃអំពីសុខភាព និងអាហារូបត្ថម្ភ។ ព័ត៌មានទាំងនេះអាចទទួលបានពីកំណត់ត្រាអំពីអតិថិជនដែលមាននៅមណ្ឌលសុខភាព ឬគ្លីនិកOI/ART ឬដោយធ្វើការវាស់ដោយផ្ទាល់។ ការវាយតម្លៃអំពីសុខភាព និងអាហារូបត្ថម្ភនឹងបន្តជាមួយនឹងសំណួរចំនួនបីទៀត គឺសំណួរទី៩-១១។ ឥឡូវនេះ ពន្យល់សំណួរទី៦-៨ ដូចខាងក្រោម។

៦. បញ្ហាដែលអតិថិជនប្រាប់៖
នេះគឺជាសំណួរបើក។ សួរអតិថិជនអំពីបញ្ហារបស់គាត់។ កត់ត្រាប្រភេទនៃបញ្ហា ផលរំខាន ឬរោគសញ្ញាដែលគាត់កំពុងតែមាន។

៧. ការប្រើប្រាស់ឱសថ ART/OI៖
គូសសញ្ញាក្នុងប្រអប់ បាទ/ចាស ឬទេ។ សម្រាប់ការបំពេញសំណួរនេះ អ្នកផ្តល់ប្រឹក្សាមិនចាំបាច់មើល ឬកត់ត្រាប្រភេទថ្នាំដែលអតិថិជនកំពុងប្រើទេ។ ប៉ុន្តែ សមាជិកក្រុមថែទាំតាមផ្ទះ គួរកត់ត្រានៅលើឯកសារដាច់ដោយឡែក ប្រសិនបើពួកគេបានឃើញអតិថិជនប្រើថ្នាំ។ នេះគឺជាផ្នែកមួួយ នៃកំណត់ត្រាថែទាំតាមផ្ទះ ដើម្បីតាមដានការប្រើប្រាស់ថ្នាំ ART ឱ្យបានត្រឹមត្រូវ។

  • កំណត់សម្គាល់

    ក្រុមថែទាំតាមផ្ទះអាចវាស់ និងកត់ត្រាព័ត៌មានអំពីកម្ពស់អតិថិជននៅក្នុងពេលជួបផ្តល់ប្រឹក្សាលើកដំបូង ប្រសិនបើពួកគេមានម៉ែត្រ (មានក្នុងប្រអប់សម្ភារៈ) ទទួលបានការបណ្តុះបណ្តាល និងអាចវាស់វែងបានត្រឹមត្រូវ។

  • កំណត់សម្គាល់

    មានមនុស្សមនុស្សមាត្រវិធីផ្សេងៗគ្នាសម្រាប់កុមារ មនុស្សពេញវ័យ និងស្ត្រីមានផ្ទៃពោះ ដូចដែលបានរៀនក្នុងមេរៀនទី៤។

សម្រាប់អតិថិជនជាមនុស្សពេញវ័យទាំងពីរភេទ ឬស្ត្រីដែលសម្រាលកូនរួចលើសពី៦ខែ ប្រើសន្ទស្សន៍ម៉ាស់រាងកាយដើម្បីវាយតម្លៃស្ថានភាពអាហារូបត្ថម្ភ (សំណួរទី៨ ក-ខ-គ)

៨.ក. ទម្ងន់ថ្ងៃនេះ៖
បញ្ចូលទម្ងន់អតិថិជនជាគីឡូក្រាម
ខ. កម្ពស់របស់អតិថិជន៖
បញ្ចូលកម្ពស់របស់អតិថិជនជាសង់ទីម៉ែត្រ។ បញ្ចូលកម្ពស់ជាម៉ែត្រប្រសិនបើអ្នកគណនាសន្ទស្សន៍ម៉ាស់រាងកាយតាមរូបមន្ត។
គ. សន្ទស្សន៍ម៉ាស់រាងកាយ (BMI) របស់អ្នកជំងឺ៖
គេអាចគណនា BMI របស់អ្នករស់នៅជាមួយមេរោគអេដស៍បាន បើមានកម្ពស់ និងទម្ងន់។ BMI អាចគណនាដោយប្រើរូបមន្ត ទម្ងន់ជាគីឡូក្រាម ចែកនឹងកំពស់ជាម៉ែត្រការ៉េ (គក្រ/ម២) ឬប្រើតារាង BMI (ក្នុងមេរៀនទី៤)។ ការគណនា BMI ដោយប្រើរូបមន្តគួរទុកសម្រាប់បុគ្គលិកស្ថាប័ន និង/ឬបុគ្គលិកមណ្ឌលសុខភាពជាអ្នកធ្វើ

សម្រាប់អតិថិជនដែលជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីទើបសម្រាលកូនរួចក្នុងអំឡុង៦ខែ
វាស់ប្រវែងដើមដៃដោយប្រើឧបករណ៍វាស់MUACសម្រាប់មនុស្សពេញវ័យ (សំណួរទី៨ ក្នុងទម្រង់វាយតម្លៃសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្ត្រីទើបសម្រាលកូនរួចក្នុងអំឡុង៦ខែ)

៩. ប្រវែងរង្វាស់ពាក់កណ្តាលដើមដៃរបស់អតិថិជន៖
វាស់ប្រវែងរង្វាស់ពាក់កណ្តាលដើមដៃ (MUAC) គិតជាសង់ទីម៉ែត្រ រួចកត់ត្រាទុកដោយបំពេញនៅក្នុងចន្លោះដែលត្រូវបំពេញ។

table3

សម្រាប់កុមារ និងក្មេងវ័យជំទង់អាយុពី០-១៩ឆ្នាំ (សំណួរទី៨)

១០.ក.សម្រាប់កុមារអាយុ០–៦ខែ
អំពីការហើម ចូរគូសក្នុងប្រអប់មាន ឬគ្មាន។ ប្រសិនបើមានហើមសង្កត់ជើងហើយមានស្នាមទ្រុឌទាំងសងខាង នោះមានន័យថាកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងគួរតែបញ្ជូនទៅមណ្ឌលសុខភាព។
ខ. សម្រាប់កុមារអាយុ៦–៥៩ខែ
វាស់ប្រវែងដើមដៃខាងឆ្វេងដោយប្រើឧបករណ៍វាស់ប្រវែងដើមដៃ។ រង្វាស់គិតជាសង់ទីម៉ែត្រ។
គ. សម្រាប់កុមារ និង ក្មេងជំទង់អាយុ៥–១៩ឆ្នាំ
រក BMI ដោយប្រើតារាង BMI សម្រាប់កុមារ របស់អង្គការហ្វាន់តា (តារាងនេះខុសគ្នាពីតារាង BMI សម្រាប់មនុស្សពេញវ័យ) និងប្រើតារាង BMI តាមអាយុរបស់អង្គការសុខភាពពិភពលោក។

 សំនួរ៖ តើមាននរណាមានសំណួរស្តីពីរបៀបបំពេញទម្រង់កន្លងមកឬទេ?

១.២. ការវាយតម្លៃលើភាពញឹកញាប់ និងគុណភាពនៃរបបអាហារ (សំណួរទី១០)

ពន្យល់៖ យើងនឹងបន្តការវាតយតម្លៃដោយសួរអតិថិជននូវសំណួរខ្លះអំពីភាពញឹកញាប់ និងគុណភាពនៃរបបអាហាររបស់គាត់។ ការបរិភោគអាហារ និងទឹកក្នុងបរិមាណមិនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ និងការបរិភោគអាហារមិនសូវមានជីវជាតិគ្រប់គ្រាន់គឺជាមូលហេតុចម្បងនៅក្នុងប្រទេសកម្ពុជា ដែលនាំឱ្យមានកង្វះអាហារូបត្ថម្ភ។ នេះគឺជារឿងដែលងាយដោះស្រាយបំផុត ហេតុនេះហើយបានជាកញ្ចប់សម្ភារៈអាហារល្អផ្តោតទៅលើចំណុចទាំង២នេះដើម្បីផ្តល់ប្រឹក្សា។

ការបរិភោគអាហារ៖ ឱ្យសិក្ខាកាមមើលត្រង់ផ្នែក «ការបរិភោគអាហារ» នៅលើទម្រង់តាមដាន។ ពន្យល់ព័ត៌មានក្នុងតារាងខាងក្រោម និងប្រើប័ណ្ណនៅក្នុងកញ្ចប់សម្ភារៈ សម្រាប់ប្រឹក្សាជាមួយអតិថិជនដើម្បីប្រមូលព័ត៌មាន។

ភាពញឹកញាប់នៃអាហារពេល អាហារសម្រន់ និងភេសជ្ជៈសម្រាប់មនុស្សពេញវ័យទាំងពីរភេទ ស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួចក្នុងអំឡុង៦ខែ (សំណួរទី១០)

១០.ក.ជាធម្មតា តើអតិថិជនបរិភោគអ្វីខ្លះជាប្រចាំ?
គូសក្នុងប្រអប់ដែលសមរម្យ អំពីម្ហូបដែលអតិថិជនបរិភោគសម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាច និងបង្អែម/អាហារសម៉្រន់/ភេសជ្ជៈ
ខ. បរិភោគអាហារពេលក្នុង១ថ្ងៃ ប៉ុន្មានពេល?
ឱ្យអតិថិជនរៀបរាប់ពីអ្វីដែលពួកគេបរិភោគប្រចាំថ្ងៃ “តើមួយថ្ងៃអ្នកតែងតែបរិភោគអាហារប៉ុន្មានពេល?” គូសសញ្ញាក្នុងប្រអប់ដែលសមរម្យ។
គ. បរិភោគអាហារសម្រន់ក្នុង១ថ្ងៃ ប៉ុន្មានដង?
សួរអតិថិជនថាតើមួយថ្ងៃអ្នកតែងតែបរិភោគអាហារសម្រន់ប៉ុន្មានដង? គូសសញ្ញាក្នុងប្រអប់ដែលសមរម្យ។
ឃ. បរិមាណសារធាតុរាវ (ក្រៅពីទឹក) ដែលបរិភោគ ក្នុង១ថ្ងៃ
សួរអតិថិជនថាតើមួយថ្ងៃអ្នកពិសារទឹកឬសារធាតុរាវប៉ុន្មានកែវ? បង្ហាញរូបភាពកែវទឹកទៅអតិថិជន ហើយសួរពួកគេថាកែវមួយណាដែលមានទំហំដូចនឹងកែវដែលគេប្រើប្រចាំថ្ងៃ។ សួរអតិថិជនថាតើ មួយថ្ងៃអ្នកពិសារទឹកប៉ុន្មានកែវ? (រួមទាំង តែទឹកថ្នាំផងបើមាន)។ បើអតិថិជនបរិភោគទឹកស្មើនឹង៨កែវពណ៌ខៀវក្នុងមូយថ្ងៃ ចូរគូសនៅក្នុងប្រអប់«២លីត្រ ឬលើសពីនេះ»។ កត់ត្រាបរិមាណទឹក(គិតជាចំនួនកែវ) ដែលបានពិសារប្រចាំថ្ងៃ។

ភាពញឹកញាប់នៃអាហារពេល អាហារសម្រន់ និងភេសជ្ជៈសម្រាប់កុមារ និងក្មេងជំទង់ អាយុ០–៩ឆ្នាំ (សំណួរទី១០ ក្នុងទម្រង់វាយតម្លៃសម្រាប់កុមារ និងក្មេងជំទង់– ទម្រង់សម្រាប់សហគមន៍)

១០. ជាធម្មតា តើកុមារបរិភោគអ្វីខ្លះជាប្រចាំ?
សម្រាប់កុមារអាយុពី ០–៦ខែ
បំបៅដោះសុទ្ឋ? បំបៅទឹកដោះគោជំនួស? បើកុមារបៅទឹកដោះម្សៅ តើបានលាយផ្សំតាមរូបមន្តត្រឹមត្រូវទេ? មានអនាម័យដែរឬទេ?
ចូរគូសក្នុងប្រអប់ បាទ/ចាស ឬ ទេ ដោយផ្អែកលើការបំបៅដែលផ្តល់ឱ្យកុមារអាយុក្រោម៦ខែ។
សម្រាប់កុមារអាយុពី ៦–៥៩ខែ ឬកុមារ និងក្មេងជំទង់អាយុ៥–១៩ឆ្នាំ
ជាធម្មតា តើកុមារបរិភោគអ្វីខ្លះជាប្រចាំ?
គូសក្នុងប្រអប់ដែលសមរម្យដើម្បីបង្ហាញតើអាហារអ្វីដែលកុមារ បរិភោគសម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាច និងអាហារសម្រន់
បរិភោគអាហារពេលក្នុង១ថ្ងៃ ប៉ុន្មានពេល?
ស្នើឱ្យឪពុកម្តាយ/អ្នកថែរក្សារៀបរាប់ពីអ្វី ដែលកុមារទទួលទានជាធម្មតាប្រចាំថ្ងៃ។ គូសក្នុងប្រអប់ដែលសមរម្យ។
បរិភោគអាហារសម្រន់ក្នុង១ថ្ងៃ ប៉ុន្មានដង?
កត់ត្រាចំនួនដងនៃអាហារសម្រន់ដែលបរិភោគក្នុងមួយថ្ងៃដោយគូសក្នុងប្រអប់ត្រឹមត្រូវ។
សារធាតុរាវ (ក្រៅពីទឹក) និងបរិមាណទឹកដែលបរិភោគ ក្នុង១ថ្ងៃ

សាកសួរឪពុកម្តាយ/អាណាព្យាបាលថា តើមួយថ្ងៃកុមារបរិភោគទឹក ឬសារធាតុរាវប៉ុន្មានកែវ? បង្ហាញរូបភាពកែវទឹក ហើយសួរពួកគេថា កែវមួយណាដែលមានទំហំដូចនឹងកែវដែលកុមារប្រើប្រចាំថ្ងៃ។ បើកុមារបរិភោគទឹកស្មើនឹងកែវពណ៌ខៀវ ៤ដងក្នុងមួយថ្ងៃ ចូរគូសនៅក្នុងប្រអប់១លីត្រ កត់ត្រារួមទាំងចំនួនកែវទឹកដែលបានពិសារប្រចាំថ្ងៃ។ សម្រាប់កុមារអាយុ៦ដល់៥៩ខែ ចូរផ្តោតសំខាន់លើធាតុរាវ (ទឹកដោះគោ ទឹកដោះគោម្សៅ) ដោយគិតរង្វាស់ជាពែង ឬកែវ។

ពេលនេះសុំឱ្យសិក្ខាកាមយក “ប័ណ្ណតូចៗ” ចេញពីកញ្ចប់សម្ភារៈមកមើល។ ប័ណ្ណទាំងនោះមានពណ៌ខុសគ្នា។ តើអ្នកគិតថាពណ៌ទាំងនោះមានន័យយ៉ាងដូចម្តេច?

បន្ទាប់ពីទទួលបានចម្លើយពីពួកគាត់ សូមពន្យល់ពណ៌ទាំងនោះតំណាងឱ្យក្រុមអាហារដែលយើងបានសិក្សាក្នុងមេរៀនទី២គឺ អាហារស្ថាបនារាងកាយ អាហារការពារ និងអាហារថាមពល។

ក្រុមពណ៌នៅក្នុងកញ្ចប់សម្ភារៈមាន៖

  • ក្រហម៖ តំណាងឱ្យអាហារស្ថាបនារាងកាយ
  • បៃតង៖ តំណាងឱ្យបន្លែដែលជាអាហារការពារ
  • លឿង៖ តំណាងឱ្យផ្លែឈើដែលជាអាហារការពារ
  • ស៖ តំណាងឱ្យអាហារថាមពល
  • ស្វាយ៖ បណ្ណ័ពណ៌ស្វាយមិនមែនជាក្រុមអាហារទេ។ វារួមបញ្ចូលទាំង “គ្រឿងផ្សំបន្ថែមជីវជាតិ” ដែលអាចបង្កើនកាឡូរី និង/ឬតម្លៃនៃសារជាតិចិញ្ចឹមសម្រាប់សម្ល និងអាហារផ្សេងៗទៀត។ គ្រឿងផ្សំបន្ថែមជីវជាតិមានដូចជា ដូង ខ្ទិះដូង ប្រេងឆា/ខ្លាញ់ គ្រាប់ធុញ្ញជាតិ ទឹកដោះគោខាប់ សៀង និងណ្តែក ជាដើម។
  • ពណ៌ខៀវ៖ គឺជាឧទាហរណ៍នៃសារធាតុរាវដែលមានអាហារូបត្ថម្ភ ដែលអ្នករស់នៅជាមួយមេរោគអេដស៍គួរបរិភោគ ដើម្បីឱ្យពួកគេទទួលបានជាតិទឹក/សារធាតុរាវ២លីត្រជារៀងរាល់ថ្ងៃ។

ត្រូវពន្យល់សិក្ខាកាម៖ អាហារដែលមានតុល្យភាពល្អបានមកពីការបរិភោគអាហារទាំងបីក្រុមនេះគឺជាសូចនាករមួយដែលបង្ហាញថា របបអាហាររបស់អ្នកមានគុណភាពល្អ។ សូចនាករដទៃៗទៀតយើងនឹងរកមើលបន្តទៀតនៅពេលខាងមុខ ក្នុងវគ្គផ្តល់ប្រឹក្សាស្តីពីអាហារូបត្ថម្ភ។ យើងនឹងប្រើប័ណ្ណអាហារតូចៗពណ៌ក្រហម បៃតងលឿង និងស នៅក្នុងលំហាត់ក្រោយៗ ដើម្បីប៉ាន់ប្រមាណថា តើអតិថិជនបរិភោគមានតុល្យភាពឬទេ។ យើងចង់ធ្វើឱ្យប្រាកដថា អាហារគ្រប់ពណ៌ទាំងអស់ត្រូវបានគេបរិភោគរៀងរាល់ថ្ងៃ និងរៀងរាល់ពេលទៀតផង។

ឱ្យសិក្ខាកាមមើលទម្រង់តាមដាន (មនុស្សពេញវ័យ) ត្រង់សំណួរទី១០ ចំនុច (ង) និង (ច) អំពីគុណភាពនៃអាហារពេល និងអាហារសម្រន់។

១០. ង. តើមានអាហារទាំងបីក្រុម នៅក្នុងអាហារពេលនិមួយៗឬទេ?
នៅក្នុងប្រអប់នេះវាយតម្លៃក្រុមអាហារណាមួយដែលអតិថិជនតែងតែបរិភោគជា្របចាំ។ សម្រាប់សំណួរនេះ អ្នកផ្តល់ប្រឹក្សាត្រូវបង្ហាញប័ណ្ណអាហារតូចៗនៅលើតុ។ ដោយមើលម្តងមួយពណ៌ ឬដោយមើលប័ណ្ណទាំងអស់ដាក់ចំរុះចូលគ្នានៅលើតុ ឱ្យអតិថិជនដកយកប័ណ្ណអាហារដែលពួកគាត់តែងតែបរិភោគ។ អ្នកអាចសួរសំណួរខ្លះអាចសួរដូចជា តើសម្លរបស់អ្នកដាក់អ្វីខ្លះ? ដាក់បន្លែអ្វី? មានត្រី ឬខ្យងខ្ចៅ ឬសាច់អ្វីទេ? តើអ្នកដាក់ប្រេង/ខ្លាញ់ដែរឬទេ? ដាក់ជីទេ? ដាក់ម្ទេសទេ? បើអតិថិជនបានបរិភោគក្រុមអាហារទាំងអស់ ចូរគូសប្រអប់ “មាន”។
ច. តើអតិថិជនបរិភោគអាហារសំបូរជាតិដែក (សាច់ ស៊ុត បន្លែបៃតង) ដែរឬទេ?
នៅក្នុងប្រអប់នេះវាយតម្លៃអាហារដែលមានជាតិដែកដែលអតិថិជនតែងតែងបរិភោគ។ សម្រាប់សំណួរនេះ អ្នកផ្តល់ប្រឹក្សាអាចប្រើប្រាស់ប័ណ្ណអាហារតូច ដើម្បីបង្ហាញនូវអាហារដែលមានជាតិដែក សម្រាប់បង្ហាញអតិថិជន។

ឧទាហរណ៍នៃករណីរបស់អ្នកស្រីប៉េង

សួររកអ្នកស្ម័គ្រចិត្តម្នាក់ពីក្នុងក្រុមដើម្បីដើរតួជាអ្នកស្រីប៉េង និងឆ្លើយសំណួរអំពីអាហារដែលគាត់តែងបរិភោគ។ សម្ភាសន៍អ្នកស្ម័គ្រចិត្តហើយឱ្យសិក្ខាកាមបំពេញទម្រង់របស់គេផ្អែកលើលទ្ធផលនៃការសម្ភាសន៍។ អ្នកសម្របសម្រួលម្នាក់ទៀតកត់ត្រាព័ត៌មាននៅលើទម្រង់តាមដាន ដែលសរសេរលើក្រដាសផ្ទាំងធំបិទ នៅផ្អែកខាងមុខបន្ទប់រៀន។ ផ្ទៀងផ្ទាត់លទ្ធផលរបស់សិក្ខាកាមជាមួយនឹងទម្រង់តាមដាននេះ។

ផ្តល់ឱកាសឱ្យសិក្ខាកាមបំពេញព័ត៌មាននៅលើទម្រង់តាមដាន។ ឱ្យសិក្ខាកាមពន្យល់ប្រាប់អ្នកពីរបៀបបំពេញ (ប្រើប្រាស់ក្រដាសផ្ទាំងធំ ឬក្តារខៀន)។ ធ្វើការកែតម្រូវសំខាន់ៗមួយចំនួនទៅលើឧទាហរណ៍របស់អ្នកស្រីប៉េង ហើយពន្យល់ពីវិធីត្រឹមត្រូវនៃការបំពេញទម្រង់។

  • ជំហានទី២៖ វិភាគ

ជំហានក្នុងការផ្តល់ប្រឹក្សា

១ វាយតម្លៃ

* ២ វិភាគ

៣ ផ្តល់យោបល់

៤ ចរចារ

៥ តាមដាន

ពន្យល់ទៅសិក្ខាកាមថា៖ យើងនឹងសិក្សាពីរបៀបនៃការវិភាគព័ត៌មានដែលទទួលបាន និងគិតអំពីការផ្លាស់ប្តូរ ឬសកម្មភាពត្រឹមត្រូវដើម្បីជំរុញឱ្យអតិថិជនអនុវត្ត។ រំកិលផ្កាយនៅលើជំហានលើក្រដាសផ្ទាំងធំ ឬក្តារខៀន ទៅកាន់ជំហានទី២ “វិភាគ” ដើម្បីបង្ហាញសិក្ខាកាមពីជំហានដែលពួកគេកំពុងរៀន។

២.១ ការវិភាគរង្វាស់រាងកាយ(សំនួរទី៩)

ពន្យល់សិក្ខាកាមថា៖ យើងនឹងប្រើប្រាស់ព័ត៌មានពីខាងដើមសម្រាប់វិភាគ។ សូមមើលទម្រង់តាមដាន។ សូមមើលទៅកាន់សំណួរលេខ៩ និង១១។ សំណួរទាំងនេះនឹងជួយអ្នកក្នុងការវិភាគសុខភាព និងស្ថានភាពអាហារូបត្ថម្ភរបស់អតិថិជន។ សុំឱ្យសិក្ខាកាមម្នាក់អានសំណួរនៅក្នុងប្រអប់នេះឱ្យឮៗ រួចចង្អុលទៅទម្រង់តាមដាននៅលើក្រដាសផ្ទាំងធំ ឬក្តារខៀនសនៅខាងមុខបន្ទប់។

សម្រាប់អតិថិជនជាមនុស្សពេញវ័យទាំងពីរភេទ ស្ត្រីគ្មានផ្ទៃពោះ ឬស្ត្រីដែលសម្រាលកូនរួចបន្ទាប់ពី៦ខែ(ប្រើសន្ទស្សន៍ ម៉ាស់រាងកាយដើម្បីកំណត់ពីស្ថានភាពអាហារូបត្ថម្ភ) (សំណួរទី៩)

៩. ស្ថានភាពអាហារូបត្ថម្ភ
ប្រើប្រាស់ព័ត៌មានក្នុងសំណួរលេខ៨ រួចគូសនៅក្នុងប្រអប់ត្រឹមត្រូវ៖
មិនគ្រប់ទម្ងន់/ខ្វះអាហារូបត្ថម្ភ BMI តិចជាង១៨.៥០
ធម្មតា BMI ពី១៨.៥០–២៤.៩៩
លើសទម្ងន់ BMI ២៥.០+
បើអតិថិជនមានសន្ទស្សន៍ម៉ាស់រាងកាយក្រោម ១៨.៥ គេអាចសនិដ្ឋានបានថា អតិថិជនទទួលបានអាហារមិនគ្រប់គ្រាន់។ ក្រៅពីការប្រឹក្សាផ្នែកអាហារូបត្ថម្ភ ត្រូវបញ្ជូនអតិថិជនរូបនេះត្រូវទៅកាន់មណ្ឌលសុខភាព ឬមន្ទីរព្យាបាល OI/ART។

សម្រាប់អតិថិជនជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីសម្រាលកូនរួចក្នុងអំឡុង៦ខែ (ត្រូវវាស់រង្វាស់ពាក់កណ្តាលដើមដៃដោយ ប្រើម៉ែត្រ MUAC សម្រាប់មនុស្សពេញវ័យ) (សំណួរទី៩)

៩. ស្ថានភាពអាហារូបត្ថម្ភ
ប្រើប្រាស់ព័ត៌មានក្នុងសំណួរលេខ៩ រួចគូសនៅក្នុងប្រអប់ត្រឹមត្រូវ៖
ទម្ងន់មិនគ្រប់/កង្វះអាហារូបត្ថម្ភ– MUACតិចជាង២៣ស.ម
ធម្មតា– MUAC ចាប់ពី ២៣ស.មឡើងទៅ
គេមិនប្រើសន្ទស្សន៍ម៉ាស់រាងកាយចំពោះស្ត្រីមានផ្ទៃពោះទេ ព្រោះទម្ងន់របស់គាត់ប្រែប្រួលទៅតាមការលូតលាស់របស់ទារកក្នុងផ្ទៃ។ គេវាស់ MUAC ជំនួសវិញ។ តើរង្វាស់ពាក់កណ្តាលដើមដៃរបស់អតិថិជនក្រោម២៣ស.ម ឬទេ? ប្រសិនបើក្រោម២៣ស.ម គេអចសន្និដ្ឋានបានថាអតិថិជនរូបនោះខ្វះអាហារូបត្ថម្ភ។ ក្រៅពីការប្រឹក្សាផ្នែកអាហារូបត្ថម្ភ ត្រូវបញ្ជូនអតិថិជនរូបនេះត្រូវទៅកាន់មណ្ឌលសុខភាព។

សម្រាប់កុមារ និងក្មេងជំទង់ដែលមានអាយុ០–១៩ ឆ្នាំ ចូរពន្យល់តាងរាងខាងក្រោម បន្ទាប់មក ពន្យល់អំពីរបៀបបំពេញសំណួរទី៨-៩៖

ស្ថានភាពអាហារូបត្ថម្ភ

ការវាយតម្លៃរាងកាយ (០–៦ខែ)

MUAC (6–59ខែ)

BMI តាមអាយុ
(៥–១៩ឆ្នាំ)

ធម្មតា

គ្មានហើម

ធំជាង ១២.៥ ស.ម

ធំជាង ឬស្មើ -២ SD

កង្វះអាហារូបត្ថម្ភមធ្យម

គ្មានហើម

ធំជាង ឬស្មើ ១១.៥ ដល់តិចជាង ឬស្មើ ១២.៥ ស.ម

ចន្លោះ -៣ SD ទៅ -២ SD

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ហើមទ្រុតជើងសងខាង (ត្រូវបញ្ជូនទៅមណ្ឌលសុខភាព)

ហើមទ្រុតជើងសងខាង ឬមានMUAC ឬតិចជាង១១.៥ ស.ម

តិចជាង ឬស្មើ -៣ SD

៨. ក. បើកុមារអាយុពី ០–៦ខែ៖ តើមានហើមឬទេ?
ចូរគូសក្នុងប្រអប់មាន ឬគ្មាន។ ប្រសិនបើមានហើមសង្កត់ជើងហើយមានស្នាមទ្រុឌទាំងសងខាង នោះមានន័យថាកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងគួរតែបញ្ជូនទៅមណ្ឌលសុខភាព។
ខ. បើកុមារអាយុពី ៦–៥៩ខែ៖ រង្វាស់ជុំវិញពាក់កណ្តាលដើមដៃ(MUAC)
គេវាស់រង្វាស់ពាក់កណ្តាលដើមដៃនៅដៃខាងឆ្វេង ដោយប្រើម៉ែត្រវាស់ពាក់កណ្តាលដើមដៃ។ កត់តត្រាខ្នាតរបស់វាគិតសង់ទីម៉ែត្រ។ តើរង្វាស់ពាក់កណ្តាលដើមដៃតិចជាង ១១.៥ សង់ទីម៉ែត្រឬ? បើតិចជាងមែន អតិថិជននោះខ្វះអាហារូបត្ថម្ភ។

ចំណាត់ថ្នាក់

រង្វាស់ពាក់កណ្តាលដើមដៃ

ធម្មតា/ លូតលាស់បានល្អ

លើសពី ១២.៥ស.ម ឡើងទៅ

កង្វះអាហារូបត្ថម្ភមធ្យម

ពី១១.៥– តូចជាងឬស្មើ១២.៥ស.ម

បញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ក្រោម ១១.៥ស.ម

គ. បើកុមារអាយុពី ៥–១៩ឆ្នាំ៖ ទម្ងន់ កម្ពស់ សន្ទសន្សន៍ម៉ាស់រាងកាយ
រក BMI កុមារ ដោយប្រើតារាងមើលសន្ទស្សន៍ម៉ាស់រាងកាយរបស់អង្គការហ្វាន់តា និងប្រើសន្ទស្សន៍ម៉ាស់រាងកាយតាមនឹងអាយុរបស់កុមាររបស់អង្គការសុខភាពពិភពលោក (តារាងនេះខុសគ្នាពីតារាងសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់មនុស្សពេញវ័យ)។

ចំណាត់ថ្នាក់

សន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ

ធម្មតា/ លូតលាស់បានល្អ

ធំជាងឬស្មើ -២SD

កង្វះអាហារូបត្ថម្ភមធ្យម

ចន្លោះ -៣ និង -២SD

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ស្មើឬតិចជាង -៣SD

២.២ ការវិភាគគុណភាពអាហារ(សំនួរទី១១)

ឥឡូវយើងនឹងបន្តជាមួយឧទាហរណ៍ ករណីអ្នកស្រី ប៉េង។ ប្រើប្រាស់ព័ត៌មានពីសំណួរលេខ១០ ដើម្បីស្វែងយល់មើលថា តើរបបអាហាររបស់អ្នកស្រីប៉េងមានសភាព ខ្វះខាត គ្រប់ល្មម ឬល្អ។

រំលឹកពួកគេថា៖ យើងទាំងអស់គ្នាបានរៀនរួចហើយថា អតិថិជនរបស់យើងគួរបរិភោគឱ្យបានយ៉ាងតិចណាស់ អាហារពេល៣ដង និង អាហារសម្រន់២ដង និងទឹកឱ្យបាន២លីត្រក្នុងមួយថ្ងៃ។ ដើម្បីដឹងថាអតិថិជនបរិភោគទឹកគ្រប់ ២លីត្រ ក្នុងមួយថ្ងៃ បង្ហាញរូបកែវ ឱ្យគាត់ប្រៀបធៀប។ បើកែវរបស់គាត់មានទំហំដូចគ្នានឹងកែវក្នុងរូប ហើយគាត់បរិភោគបាន៨កែវក្នុងមួយថ្ងៃ នោះមានន័យថា គាត់ទទួលទានទឹកបានគ្រប់២លីត្រ។

សម្រាប់គុណភាពអាហារ៖ យើងមើលទៅអាហារដែលមានតុល្យភាព គឺមើលថាតើអតិថិជានបរិភោគអាហារចម្រុះ មានអាហារគ្រប់ពណ៌ទាំងអស់មានពណ៌ក្រហម ពណ៌ បៃតង ពណ៌លឿង ពណ៌ស ឬទេ។ បើគាត់ខ្វះអាហារ១-២ប្រភេទ នោះរបបអាហាររបស់គាត់មានកម្រិតខ្សោយ។

ខាងក្រោមនេះជាការពន្យល់អំពីរបៀបបំពេញសំណួរលេខ១១។ សំណួរនេះជួយឱ្យអ្នកផ្តល់ប្រឹក្សាវិភាគពីស្ថានភាព និងកំណត់រកបញ្ហា។ ប្រើព័ត៌មានពីសំណួរលេខ១០ដើម្បីបំពេញសំណួរទី១១៖

សម្រាប់អតិថិជនជាមនុស្សពេញវ័យទាំងពីរភេទ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលសម្រាលកូនរួចក្នុងអំឡុងពេល៦ខែ

១១. របបអាហារ៖ ខ្វះខាត មធ្យម ល្អ
មានសូចនាករពីរដើម្បីវាយតម្លៃគឺ បរិមាណ និងគុណភាពរបស់អាហារ។
គូសប្រអប់ “ខ្វះខាត” បើអតិថិជនតែងតែបរិភោគ១ពេល ឬអត់សោះ មិនបរិភោគអាហារសម្រន់ បរិភោគទឹកតិចជាង១លីត្រ និង/ឬ បរិភោគអាហារតែ១-២ក្រុមរាល់ថ្ងៃ។
គូសប្រអប់ “មធ្យម” បើសិនអតិថិជនតែងតែបរិភោគ២ ពេលអាហារសម្រន់ ១ដង និងទឹកបាន១លីត្រ និងមានអាហារទាំងបីក្រុម រៀងរាល់ថ្ងៃ។
គូសប្រអប់ “ល្អ” បើសិនអតិថិជនតែងតែបរិភោគយ៉ាងតិច៣ពេល អាហារសម្រន់២ដង ទឹក/សារធាតុរាវយ៉ាងតិច២លីត្រ ដោយមានអាហារបីក្រុម ក្រុមថាមពល (ពណ៌ស) ក្រុមស្ថាបនារាងកាយ (ពណ៌ក្រហម) និងក្រុមការពាររាងកាយ (ពណ៌លឿង/បៃតង)។

សម្រាប់កុមារ និងក្មេងជំទង់ដែលមានអាយុ០–១៩ ឆ្នាំ សំណួរមានលក្ខណៈខុសគ្នាទៅតាមក្រុមអាយុនិមួយៗ

១១. របបអាហារ៖
កុមារទើបកើតរហូតដល់អាយុ៦ខែគត់៖ ខ្វះខាត ល្អ
គូសប្រអប់ “ខ្វះខាត” បើសិនអតិថិជនមិនកំពុងបំបៅដោះទារក ឬការបំបៅជំនួសគ្មានសុវត្ថិភាព។
គូសប្រអប់ “ល្អ” បើសិនអតិថិជនបំបៅដោះទារក ឬការបំបៅជំនួសមានសុវត្ថិភាព។
កុមារអាយុ៦–៥៩ខែ៖ ខ្វះខាត មធ្យម ល្អ
មានសូចនាករពីរដើម្បីវាយតម្លៃ គឺបរិមាណ និងគុណភាពរបស់អាហារ។
គូសប្រអប់ “ខ្វះខាត” បើសិនអតិថិជនតែងតែបរិភោគ អាហារពេល និងអាហារសម្រន់តិចជាង ២ដងក្នុងមួយថ្ងៃ និង/ឬ បរិភោគតែអាហារមួយក្រុម និងទឹកដោះគោ០–១កែវក្នុងមួយថ្ងៃ និងមិនបៅដោះសោះ។
គូសប្រអប់ “មធ្យម” បើសិនអតិថិជនតែងតែបរិភោគ អាហារពេល ២ពេល អាហារសម្រន់១–២ដង និងទឹក១–២ កែវ អាហារ១–២ក្រុមក្នុងមួយថ្ងៃ។
គូសប្រអប់ “ល្អ” បើសិនអតិថិជនតែងតែបរិភោគអាហារពេល យ៉ាងតិច៣ពេល ជាមួយអាហារសម្រន់ពីរដង ដោយមានអាហារមកពីក្រុមទាំងបី យ៉ាងតិចទឹកដោះគោ២កែវ(បើមិនបានបៅដោះ) ក្នុងមួយថ្ងៃជាប្រចាំ។

កុមារចាប់ពីអាយុ ៥–១៩ឆ្នាំ៖ ខ្វះខាត មធ្យម ល្អ
មានសូចនាករពីរដើម្បីវាយតម្លៃ គឺបរិមាណ និងគុណភាពរបស់អាហារ។
គូសប្រអប់ “ខ្វះខាត” បើសិនអតិថិជនតែងតែបរិភោគ ១ពេល ឬអត់សោះ គ្មានអាហារសម្រន់ ទទួលទានទឹកតិចជាង ១លីត្រ និងពិសារមកពី១–២ក្រុមក្នុងមួយថ្ងៃ។
គូសប្រអប់ “មធ្យម” បើសិនអតិថិជនតែងតែបរិភោគអាហារពេល ២ពេល អាហារសម្រន់ ១ដង ទឹកបានយ៉ាងតិច ១លីត្រ ដោយមានអាហារបីក្រុម ជារៀងរាល់ថ្ងៃ។
គូសប្រអប់ “ល្អ” បើសិនអតិថិជនតែងតែបរិភោគយ៉ាងតិចអាហារពេល ៣ពេល អាហារសម្រន់ ២ដង ដោយមានអាហារ៣ក្រុម រួមទាំងទឹកដោះគោ ២លីត្រក្នុងមួយថ្ងៃ។

សកម្មភាព

ប្រើប្រាស់ឧទាហរណ៍របស់អ្នកស្រីប៉េង បំពេញព័ត៌មាននៅក្នុងប្រអប់សំណួរអំពីរបបអាហារ។

  • ជំហានទី៣៖ ផ្តល់យោបល់

ជំហានក្នុងការផ្តល់ប្រឹក្សា

១ វាយតម្លៃ

២ វិភាគ

* ៣ ផ្តល់យោបល់

៤ ចរចារ

៥ តាមដាន

នៅក្នុងជំហានទាំងពីរដំបូងយើងវាយតម្លៃ និងស្វែងយល់ពីបញ្ហាអាហារូបត្ថម្ភរបស់អតិថិជន។ ឥឡូវយើង នឹងឈានចូលជំហានទី៣ “ផ្តល់យោបល់” ដើម្បីកំណត់នូវជម្រើសមួយចំនួនសម្រាប់អតិថិជនដើម្បីផ្លាស់ប្តូររបៀបបរិភោគ និងឥរិយាបថក្នុងការស្វែងរកសេវាថែទាំសុខភាពដើម្បីកែលម្អស្ថានភាពអាហារូបត្ថម្ភរបស់ពួកគេ។

រំកិលផ្កាយនៅលើជំហានលើក្រដាសផ្ទាំងធំ ឬក្តារខៀន ទៅកាន់ជំហានទី៣ “ផ្តល់យោបល់” ដើម្បីបង្ហាញសិក្ខាកាមពីជំហានដែលពួកគេកំពុងរៀន។

ឥឡូវយើងបានដឹងពីបញ្ហារួចហើយ “យើងអាចផ្តល់នូវដំណោះស្រាយមួយចំនួនទៅកាន់អតិថិជន និងចរចារពីវិធីដែលអតិថិជនអាចជំនះបាន ដើម្បីឈានទៅដល់ការអនុវត្តន៍ដំណោះស្រាយដែលបានជ្រើសរើស”។

ប៉ុន្តែមុនពេលយើងចូលទៅសិក្សានូវចំណុចលំអិត យើងនឹងចំណាយពេលខ្លះដើម្បីរៀនអំពីជំនាញទំនាក់ទំនង។ វាមានសារៈសំខាន់សម្រាប់យើងក្នុងនាមជាអ្នកផ្តល់ប្រឹក្សាក្នុងការរៀនជំនាញនេះ ក្នុងគោលបំណងដើម្បី៖

      • ទំនាក់ទំនងឱ្យមានប្រសិទ្ធិភាពអំពីឥរិយាបថក្នុងការពង្រឹងអាហារូបត្ថម្ភ។
      • ជួយឱ្យអតិថិជនព្យាយាមធ្វើសកម្មភាពសមស្រប ដែលពួកគេអាចធ្វើបាន។
      • កំណត់ពេលចាំបាច់ដើម្បីឱ្យណែនាំអតិថិជនទៅជួបជាមួយអ្នកផ្តល់ប្រឹក្សា និងបុគ្គលិកសុខាភិបាលដែលមានបទពិសោធន៍។

        ចំណុចគន្លឹះសំខាន់ៗក្នុងការប្រឹក្សាផ្នែកអាហារូបត្ថម្ភ

      • ផ្តល់ប្រឹក្សាដោយគ្មានការវិនិច្ឆ័យលើការគិតរបស់អតិថិជន។ បង្កើតទំនាក់ទំនងដែលអាទុកចិត្តបាន។ វាមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលពួកគេប្រឈមនឹងការស្អប់ខ្ពើម និងការរើសអើង
      • ផ្តល់ប្រឹក្សាទៅតាមស្ថានភាពអតិថិជន និងជម្រុញឱ្យគាត់ចូលរួមសម្រេចចិត្ត
      • បើអតិថិជានអាចនឹងផ្លាស់ប្តូរឥរិយាបថ ចូរស្នើឱ្យមានការផ្លាស់ប្តូរម្តងមួយៗ ត្រូវធ្វើយ៉ាងណាឱ្យគោលដៅអាចសម្រេចបាន
      • គិតគូរ/ពិភាក្សាជាមួយអតិថិជន ដើម្បីរកមើលឧបសគ្គផ្សេងៗ ដូចជា កត្តាទំនៀមទំលាប់វប្បធម៌ ការប្រើប្រាស់ពាក្យសំដី ភាពមិនទុកចិត្ត កង្វះសមត្ថភាពក្នុងការគិត ឬអក្ខរកម្មទាប រួចពិភាក្សារកដំណោះស្រាយដែលអាចទៅរួច
      • ផ្តល់យោបល់/អនុសាសន៍ជាក់ស្តែងដែលអាចអនុវត្តបាន។ វិធីសាស្ត្ររៀបចំរបបអាហារគួរធ្វើឱ្យសមស្របទៅតាមបរិបទក្នុងស្រុក ដោយគិតគូរទៅលើប្រវត្តិប្រើប្រាស់ឱសថរបស់អតិថិជន អាហារដែលអាចរកបានក្នុងមូលដ្ឋាន និងបញ្ហាគ្រួសារ វប្បធម៌ ហិរញ្ញវត្ថុ ព្រមទាំងជំនឿផ្ទាល់ខ្លួន អំពីអាហារ និងរបបអាហារ
      • រៀបចំការជួបតាមដានបន្ត ឬភ្ជាប់ទំនាក់ទំនងជាមួយក្រុមដែលមានជំនាញផ្សេងៗ ពីព្រោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍មានបញ្ហាប្រឈមច្រើន។

Rollnick និង Masson (ឆ្នាំ ១៩៩៥) បានកំណត់នូវទស្សនៈខុសឆ្គងមួយចំនួនរបស់អ្នកប្រឹក្សា ឬបុគ្គលិកផ្នែកសុខភាព។ ទស្សនៈទាំងនេះអាចបន្ថយប្រសិទ្ធិភាពនៃការប្រឹក្សា និងការអប់រំអំពីអាហារូបត្ថម្ភ៖

      • អតិថិជនរូបនេះគួរតែប្តូរ
      • អតិថិជនរូបនេះចង់ផ្លាស់ប្តូរ
      • អាទិភាពសំខាន់សម្រាប់អតិថិជនរូបនេះគឺត្រូវថែទាំសុខភាពផ្ទាល់ខ្លួន
      • បើពួកគេមិនផ្លាស់ប្តូរទេ នោះការប្រឹក្សានេះនឹងបរាជ័យ
      • អតិថិជនអាចចង់ផ្លាស់ប្តូរទេ ឬមិនចង់ផ្លាស់ប្តូរ
      • ដល់ពេលដែលអតិថិជននេះត្រូវផ្លាស់ប្តូរហើយ
      • ខ្ញុំជាអ្នកជំនាញ ដូច្នេះគាត់ត្រូវតែធ្វើតាមដំបូន្មានរបស់ខ្ញុំ។

សូមចងចាំថា៖ ជំនាញទំនាក់ទំនងល្អមានសារៈសំខាន់ណាស់ ក្នុងការផ្តល់យោបល់អំពីការផ្លាស់ប្តូរឥរិយាបថទៅឱ្យអតិថិជន។ ទំនាក់ទំនងល្អគឺមិនមែនប្រាប់ ឬផ្តល់ដំបូន្មានឱ្យមនុស្សម្នាក់ធ្វើអ្វីដែលពួកគេគួរធ្វើនោះទេ។ វាគឺជាការសហការគ្នាទាំងអស់គ្នា ដើម្បីជួយពួកគេឱ្យសម្រេចចិត្តដោយខ្លួនឯង នូវអ្វីដែលពួកគេគិតថាល្អបំផុត ដែលត្រូវធ្វើនៅក្នុងស្ថានភាពរបស់គាត់។ ការពិភាក្សាអាចរួមបញ្ចូលសមាជិកគ្រួសារដទៃៗ ឬអ្នកថែទាំ ប៉ុន្តែនេះវាអាស្រ័យទៅលើការសម្រេចចិត្តរបស់អតិថិជន។ យើងនឹងអនុវត្តជំនាញទាំងនេះពេលក្រោយ នៅពេលដែលយើងធ្វើអនុវត្តការផ្តល់ប្រឹក្សា។

សកម្មភាព

បន្តប្រើប្រាស់ឧទាហរណ៍របស់អ្នកស្រីប៉េង។

  • កំណត់សម្គាល់

    ការវិភាគពីភាពញឹកញាប់/បរិមាណ និងគុណភាពអាហាររបស់អ្នកស្រីប៉េង នឹងផ្អែកទៅលើចម្លើយរបស់អ្នកស្ម័គ្រចិត្តដែលបានផ្តល់កាលពីពេលមុននៅក្នុងការសំដែង។ សូមប្រើព័ត៌មានដែលបានពីការសំដែង។

សំណួរ៖ ផ្អែកលើការវិភាគ កន្លងមក តើបញ្ហាណាខ្លះដែលថាជាបញ្ហាសុខភាព ឬបញ្ហាពាក់ព័ន្ធនឹងបរិមាណ និងគុណភាពអាហារូបត្ថម្ភ របស់អ្នកស្រីប៉េង?

ចម្លើយ៖ អ្នកស្រីប៉េងស្ថិតនៅក្នុងស្ថានភាពអាហារូបត្ថម្ភខ្សត់ខ្សោយ (សន្ទស្សន៍ម៉ាស់រាងកាយទាប) និងមានសញ្ញានៃការបង្ករោគ (ជំងឺផ្សិតនៅក្នុងមាត់ ធ្វើឱ្យពិបាកក្នុងការបរិភោគ)។ បរិមាណ និងគុណភាពរបបអាហាររបស់គាត់ខ្សោយ ដោយសារគាត់តែងតែបរិភោគអាហារតិចជាង៣ពេល និងទឹកតិចជាង២លីត្រក្នុងមួយថ្ងៃ ព្រមទាំងមិនផ្លាស់ប្តូររបបអាហារទៀត។

សំណួរ៖ ផ្អែកលើព័ត៌មាននេះយើងនឹងនាំគ្នាវិភាគអំពីស្ថានភាពរបស់គាត់។ តើអ្នកគិតថា ការផ្តល់ប្រឹក្សាជាមួយអ្នកស្រីប៉េង គួរផ្តោតលើចំនុចអ្វី?

ចម្លើយ៖ រៀបចំផែនឱ្យគាត់អាចបរិភោគអាហារបន្ថែម ដើម្បីឡើងទម្ងន់។ ហេតុអ្វី? ព្រោះគាត់មានទម្ងន់មិនគ្រប់ (សន្ទស្សន៍ម៉ាស់រាងកាយ ១៧.៥) ហើយគាត់បានស្រកទម្ងន់ ២គីឡូក្រាម ធៀបនឹងខែមុន (ស្រកពី៤៧ ចុះមក ៤៥ គីឡូក្រាម)។ ការស្រកទម្ងន់នេះប្រហែលជាបណ្តាលមកពីជំងឺនៅក្នុងមាត់របស់គាត់ ដែលធ្វើឱ្យគាត់ពិសារអាហារមិនសូវកើត។ ដូច្នេះ ត្រូវផ្តល់ប្រឹក្សាលើការព្យាបាលរោគសញ្ញានេះ។

សំណួរ៖ តើយើងគួរតែបញ្ជូនអ្នកស្រីប៉េងទៅកាន់មណ្ឌលសុខភាពដែរឬទេ?

ចម្លើយ៖ ដោយសារសន្ទស្សន៍ម៉ាស់រាងកាយរបស់គាត់ទាប គាត់ស្រកទម្ងន់ និងមានរោគសញ្ញាជំងឺនៅក្នុងមាត់ អ្នកស្រីប៉េងគួរស្វែករកការថែទាំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីមណ្ឌលសុខភាព និង/ឬពីគ្លីនិកសេវាជំងឺឱកាសនិយម/សេវាព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេដស៍។

ណែនាំឱ្យសិក្ខាកាមមើលទម្រង់តាមដានត្រង់ប្រអប់សំណួរលេខ១៣។ បង្ហាញពីរបៀបចរចាររកដំណោះស្រាយ ជាមួយសិក្ខាកាមស្ម័គ្រចិត្តម្នាក់។ ប្រើអត្ថបទខាងក្រោមជាជំនួយ។

ប្រសិនបើអតិថិជនប្រាប់អ្នកថាពួកគេធ្លាប់មានជំងឺ ឬការបង្ករោគនាពេលថ្មីៗនេះពួកគេត្រូវការនូវការថែទាំត្រឹមត្រូវ។ សម្រាប់ស្ថានភាពបន្តិចបន្តួចនេះ យើងអាចយកព័ត៌មានពីប័ណ្ណរស់នៅប្រកបដោយសុខភាពល្អ ដូចជាគ្រុនក្តៅ ពេលមានជំងឺរាក ឬពេលមានជ្រាំងអណ្តាត មកពិភាក្សា។ ប្រសិនបើស្ថានភាពនៅតែបន្ត ឬមានសភាពកាន់តែធ្ងន់ធ្ងរអតិថិជនត្រូវការបញ្ជូនជាមន្ទាន់ទៅកាន់មណ្ឌលសុខភាព។ បើអតិថិជនមានការស្រកទម្ងន់នាពេលថ្មីៗនេះ ក៏ជាសញ្ញាមួយនៃការបង្ករោគដែរ គួរតែបញ្ជូនគាត់ទៅមណ្ឌលសុខភាព ឬគ្លីនិកសេវាព្យាបាលជំងឺឱកាសនិយម/សេវាព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគ (OI/ART) ឱ្យបានទាន់ពេល។ ក្រៅពីផ្តល់ដំបូន្មានដល់អតិថិជនឱ្យស្វែងរកការថែទាំភ្លាមៗ អ្នកអាចជួយពួកគេធ្វើផែនការដើម្បីទៅទទួលសេវាឱ្យបានភ្លាមៗផងដែរ (ដូចជា ការស្វែងរកមធ្យោបាយធ្វើដំណើរ) ឬប្រសិនបើគាត់មានជំងឺបន្តិចបន្តួច ធ្វើផែនការព្យាបាលនៅផ្ទះដោយប្រើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អ។ ត្រូវបញ្ចូលផែនការបរិភោគអាហារបន្តនៅក្នុងអំឡុងពេលមានជំងឺ ដោយសួរអតិថិជននូវអាហារដែលគាត់មានចង់បរិភោគ (ប្រើប័ណ្ណអាហារតូចៗ) រួចពិនិត្យមើលប័ណ្ណរស់នៅប្រកបដោយសុខភាពល្អអំពីបង្កើនចំណង់បរិភោគ។

ជាចុងក្រោយ ក្នុងអំឡុងពេលងើបពីឈឺវាជាការរំខានណាស់ដែលយើងត្រូវចរចាជាមួយអតិថិជនឱ្យបង្កើនការបរិភោគចំណីអាហាររហូតទទួលបានមកវិញនូវទម្ងន់ដែលបានបាត់បង់ និងរក្សាទម្ងន់បន្តទៅទៀត។ ពិភាក្សាជាមួយអតិថិជនអំពីសកម្មភាពដែលត្រូវធ្វើ ពាក់ព័ន្ធនឹង “ភាពញឹកញាប់” និង “គុណភាព” នៃអាហារ។

តើអ្នកទាំងអស់គ្នាយល់ពីរបៀបចរចារជាមួយអតិថិជន ឱ្យគាត់ស្វែងរកការថែទាំភ្លាមៗនៅពេលមានជំងឺ ឬការបង្ករោគដែរឬទេ?

បង្ហាញ និងពន្យល់សិក្ខាកាមដោយប្រើប្រាស់ក្រដាសផ្ទាំងធំ ដែលមានសរសេរទម្រង់តាមដាន ដែលពួកគេត្រូវបំពេញលំអិតអំពីប័ណ្ណរស់នៅប្រកបដោយសុខភាពល្អ។

បន្តប្រើករណីរបស់អ្នកស្រីប៉េង។ ឧទាហរណ៍ថា បើអ្នកស្រីប៉េងព្រមព្រៀងថាគាត់នឹងខ្ពុលមាត់ដោយទឹកអំបិលរៀងរាល់ថ្ងៃសម្រាប់រយៈពេលមួយសប្តាហ៍ សូមគូសនៅក្នុងប្រអប់ “ស្វែករកការថែទាំភ្លាមៗនៅពេលមានការបង្ករោគ”។

កត់ត្រានូវផែនការដើម្បីស្វែងរកការថែទាំនៅកន្លែងទំនេរនៅលើទម្រង់តាមដាន។

អ្នកស្រីប៉េង នឹងទៅមណ្ឌលសុខភាពនៅថ្ងៃអង្គារក្នុងសប្តាហ៍នេះ។ គាត់នឹងសុំឱ្យប្អូនប្រុសរបស់គាត់យកម៉ូតូជូនគាត់ទៅ។ គាត់នឹងខ្ពុលមាត់ដោយទឹកអំបិលរៀងរាល់ថ្ងៃសម្រាប់រយៈពេលមួយសប្តាហ៍។

ធ្វើបង្ហាញ៖ ស្វែងរកការថែទាំឱ្យបានសមស្របនៅពេលមានជំងឺ ឬការបង្ករោគ

ឧទាហរណ៍របស់អ្នកស្រីប៉េង

សុំសិក្ខាកាមស្ម័គ្រចិត្តចិត្តម្នាក់ធ្វើជាអ្នកផ្តល់ប្រឹក្សាផ្តល់ដំបូន្មានអំពីការស្វែងរកការថែទាំឱ្យបានសមស្របនៅពេលមានជំងឺ ឬការបង្ករោគ និងសិក្ខាកាមម្នាក់ទៀតធ្វើជាអតិថិជន។ សុំឱ្យអ្នកផ្តល់ប្រឹក្សាចរចាសកម្មភាពដែលត្រូវធ្វើ ទៅតាមជំហានដែលមាននៅក្នុងឯកសារមេរៀនទី៥។ សុំឱ្យអ្នកស្ម័គ្រចិត្តបង្ហាញទៅសិក្ខាកាមពីទីកន្លែងត្រូវកត់ត្រានូវផែនការដែលបានព្រមព្រៀងនៅលើទម្រង់តាមដាន។

ក្នុងឧទាហរណ៍របស់យើងកាលពីមុនមានបញ្ហាជាច្រើនដែលយើងបានរកឃើញ។ វាជាការសំខាន់ដែល យើងត្រូវទទួលស្គាល់ថាយើងនឹងមិនអាចដោះស្រាយបញ្ហាទាំងអស់ក្នុងពេលផ្តល់ប្រឹក្សាមួយដងនោះទេ។ អ្នកត្រូវជ្រើសរើសយកយ៉ាងច្រើនបំផុត នូវសកម្មភាពចំនួនបីដើម្បីធ្វើការប្រឹក្សា។ ប្រសិនបើអតិថិជនមានបញ្ហាអាហារូបត្ថម្ភ ឬសុខភាព ជម្រុញឱ្យមានសកម្មភាព «ស្វែងរកការថែទាំឱ្យបានទាន់ពេលវេលា»។ អ្នកអាចបញ្ជាក់សកម្មភាពពាក់ព័ន្ធនឹងភាពញឹកញាប់ ឬបរិមាណអាហារ និងគុណភាពអាហារ។ សូមគូសនៅក្នុងប្រអប់សកម្មភាពដែលអ្នកចង់ផ្តល់ប្រឹក្សានៅពេលនេះ។

សូមសរសេរព័ត៌មានខាងក្រោមលើក្រដាសផ្ទាំងធំដើម្បីរំលឹកជំហានទី៣។

ប្រសិនបើអតិថិជនមានបញ្ហាស្រកទម្ងន់សន្ទស្សន៍ម៉ាស់រាងកាយទាប ឬមានសញ្ញានៃជំងឺ/ការឆ្លងរោគ ជានិច្ចកាលត្រូវជ្រើសរើសយក «ស្វែងរកការព្យាបាលភ្លាមនៅពេលមានបង្ករោគ» សម្រាប់ផ្តល់យោបល់ និងចរចាជាមួយអតិថិជន។

នៅពេលផ្តល់យោបល់ វាជាការសំខាន់ក្នុងការសួរទៅអតិថិជនថា៖

  1. តើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរចំពោះការផ្តល់យោបល់នេះ?
  2. តើអ្នកអាចធ្វើបានឬទេនូវអ្វីដែលអ្នកសម្រេចចិត្តថានឹងព្យាយាមធ្វើ?

ផ្តោតលើសកម្មភាពមួយ ឬពីរ អា្រស័យទៅតាមស្ថានភាពដែលពួកគេអាចធ្វើបាន និងព្រមព្រៀងអនុវត្ត។

បន្តជាមួយឧទាហរណ៍របស់អ្នកស្រីប៉េង៖

ដោយផ្អែកលើការវិភាគដែលយើងបានធ្វើសម្រាប់ករណីអ្នកស្រីប៉េង តើសកម្មភាពមួយណាដែលអ្នកគួរផ្តល់យោបល់ឱ្យគាត់ដើម្បីផ្លាស់ប្តូរ? សូមគូសសញ្ញានៅក្នុងប្រអប់សកម្មភាពនៅក្នុងទម្រង់តាមដាន។

ការវិភាគ

យោបល់អំពីការផ្លាស់ប្តូរ

អ្នកស្រីប៉េងស្រកទម្ងន់ និងមានសញ្ញានៃការឆ្លងរោគ

ស្វែករកការព្យាបាលភ្លាម

អ្នកស្រីប៉េងបរិភោគអាហារតិចជាង៣ពេល

បរិភោគអាហារ៣ពេលក្នុងមួយថ្ងៃ

អ្នកស្រីប៉េងបរិភោគទឹកតិចជាង ២លីត្រ

ទទួលទានទឹកឱ្យបាន ២លីត្រ រៀងរាល់ថ្ងៃ

អ្នកស្រីប៉េងស្រកទម្ងន់/ មានសញ្ញានៃការឆ្លងរោគ

បរិភោគបាយ និង/ឬសម្លដែលមានគុណភាពឱ្យបានច្រើន ឬបន្ថែមគ្រឿងផ្សំបន្ថែមជីវជាតិ

អ្នកស្រីប៉េង មិនបានបរិភោគក្រុមអាហារពណ៌ក្រហម

បរិភោគក្រុមអាហារពណ៌ក្រហម រាល់ពេល

អ្នកស្រីប៉េងមិនបានបរិភោគសម្លខាប់ទៅដោយជីវជាតិ/គុណភាព

បន្ថែមអាហារផ្សេងៗ (បន្លែ ឬគ្រឿងផ្សំបន្ថែមជីវជាតិ)

ពន្យល់សិក្ខាកាមថា៖ អ្នកស្រីប៉េងមានចំនុចដែលត្រូវផ្លាស់ប្តូរច្រើន ប៉ុន្តែគាត់ទំនងជាមិនអាចប្តូរទាំងអស់ក្នុងពេលតែមួយបានទេ ដូច្នេះល្អបំផុតត្រូវជ្រើសរើសយកសកម្មភាពយ៉ាងច្រើនបំផុតចំនួន៣។ ដោយសារគាត់មានសញ្ញានៃការបង្ករោគ និងស្រកទម្ងន់ គួរលើកទឹកចិត្តគាត់ឱ្យស្វែងរកការព្យាបាលភ្លាមឱ្យបានត្រឹមត្រូវ។ ប្រសិនបើគាត់មិនចង់អនុវត្តនូវអ្វីដែលអ្នកជ្រើសរើស ចូរផ្តល់ឱ្យគាត់នូវជម្រើស ផ្សេងៗ។ ឱ្យសិក្ខាកាមជ្រើសរើសសកម្មភាពចំនួន៣ដែលនឹងត្រូវផ្តល់ប្រឹក្សាដល់អ្នកស្រីប៉េង តែក្នុងនោះត្រូវតែមានការ“ស្វែងរកព្យាបាលឱ្យបានទាន់ពេល”។

ធ្វើបង្ហាញ៖

សំដែងជាមួយនឹងអ្នកស្ម័គ្រចិត្តម្នាក់ អំពីរបៀបផ្តល់យោបល់ចំនួន៣ដល់អ្នកស្រីប៉េង។ សូមកុំភ្លេចសួរសំណួរទាំងពីរខាងក្រោម៖

  1. តើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរចំពោះការផ្តល់យោបល់នេះ?
  2. តើអ្នកអាចធ្វើបានឬទេនូវអ្វីដែលអ្នកសម្រេចចិត្តថានឹងព្យាយាមធ្វើ?
  • ជំហានទី៤៖ ចរចារ

ជំហានក្នុងការផ្តល់ប្រឹក្សា

១ វាយតម្លៃ

២ វិភាគ

៣ ផ្តល់យោបល់

* ៤ ចរចារ

៥ តាមដាន

ពន្យល់សិក្ខាកាម៖ យើងបានវិភាគស្ថានភាព និងស្វែងរកឃើញសកម្មភាពដែលត្រូវផ្លាស់ប្តូរហើយ។ ឥឡូវនេះយើងនឹងឈានចូលដល់ជំហានទី៤ “ចរចារ”។ ក្នុងជំហាននេះ យើងនឹងត្រូវប្រើសម្ភារៈនៅក្នុងកញ្ចប់ដើម្បីជួយដល់អតិថិជនក្នុងការកំណត់ជម្រើស និងជំនះឧបសគ្គនានា ដើម្បីឱ្យគាត់អាចផ្លាស់ប្តូរការប្រព្រឹត្ត។ នេះគឺជាជំហានមួយដែលសំខាន់។

រំកិលផ្កាយនៅលើជំហានលើក្រដាសផ្ទាំងធំ ឬក្តារខៀន ទៅកាន់ជំហានទី៤ “ចរចារ” ដើម្បីបង្ហាញសិក្ខាកាមពីជំហានដែលពួកគេកំពុងរៀន។

ការធ្វើបង្ហាញ៖ ភាពញឹកញាប់ និងគុណភាព

ពន្យល់សិក្ខាកាមថា៖ យើងនឹងបន្តរៀនពីរបៀបសកម្មភាពចរចារសម្រាប់សកម្មភាពនីមួយៗនៅក្នុងផ្នែកភាពញឹកញាប់ និងគុណភាព។ ដើម្បីឱ្យងាយស្រួលជាងនេះបន្តិចយើងនឹងបែងចែកជាក្រុមៗ។

សេចក្តីណែនាំរបស់អ្នកសម្របសម្រួល៖

បែងចែកសិក្ខាកាមជាពីរក្រុម។ ឱ្យមួយក្រុមទៅចុងម្ខាងនៃបន្ទប់ ដោយមានអ្នកសម្របសម្រួលម្នាក់ និងមួយទៀតទៅផ្នែកម្ខាងនៃបន្ទប់ដោយមានអ្នកសម្របសម្រួលម្នាក់ទៀតនៅជាមួយ។ អ្នកសម្របសម្រួលម្នាក់ធ្វើបង្ហាញពីការចរចារអំពីបំលាស់ប្តូរការប្រព្រឹត្ត សកម្មភាពលេខ១–៣ (តារាងសកម្មភាពផ្តល់យោបល់ដើម្បីផ្លាស់ប្តូរការប្រព្រឹត្ត)។ អ្នកសម្របសម្រួលម្នាក់ទៀតធ្វើបង្ហាញពីសកម្មភាពចរចារអំពីបំលាស់ប្តូរការប្រព្រឹត្ត សកម្មភាពលេខ៤–៧ ក្នុងតារាងលេខ៦។ បង្ហាញសិក្ខាកាមពីកន្លែងដែលត្រូវកត់ត្រាអំពីផែនការ

តារាងសកម្មភាពផ្តល់យោបល់ដើម្បីផ្លាស់ប្តូរការប្រព្រឹត្ត

ការវិភាគ

ល.រ

ការផ្តល់យោបល់ដើម្បីផ្លាស់ប្តូរការប្រព្រឹត្ត និងឧបករណ៍សម្រាប់ចរចារ

បើអតិថិជនបរិភោគ អាហារតិចជាង ៣ពេល

បរិភោគអាហារឱ្យបាន ៣ពេលឬច្រើនជាងនេះរៀងរាល់ថ្ងៃ។

ប្រើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អលេខ១៣ និងប័ណ្ណអាហារតូចៗដើម្បីរកមើលនូវអាហារដែលគាត់អាចរកបាន និងមានតម្លៃសមរម្យ និងធ្វើផែនការបន្ថែមអាហារពេល។

បើអតិថិជនបរិភោគអាហារសម្រន់ ឬបង្អែម
តិចជាង ២ដង

បរិភោគអាហារសម្រន់ ឬបង្អែមបន្ថែមឱ្យបាន២ដង រាល់ថ្ងៃ។

ប្រើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អលេខ១៣ និងប័ណ្ណអាហារតូចៗ ដើម្បីរកមើលនូវអាហារដែលគាត់អាចរកបាន និងមានតម្លៃសមរម្យ និងធ្វើផែនការបន្ថែមអាហារសម្រន់ ។

បើអតិថិជនបរិភោគទឹក តិចជាង ២លីត្រ

បរិភោគទឹក ឬវត្ថុរាវយ៉ាងហោចឱ្យបាន២លីត្រ រាល់ថ្ងៃ (ពី៤–៨កែវ)។

ប្រើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អលេខ១២ ប័ណ្ណរូបភាពកែវទឹក និងប័ណ្ណអាហារតូចៗពណ៌ខៀវ ដើម្បីកំណត់បរិមាណទឹក ឬភេសជ្ជៈដែលត្រូវបរិភោគរាល់ថ្ងៃ។

បើអតិថិជនកំពុងស្រកទម្ងន់ និងមានសន្ទស្សន៍ម៉ាស់រាងកាយក្រោម ១៨.៥ ឬមានរោគសញ្ញានៃជំងឺផ្សេងៗ

បរិភោគបាយ និងសម្លឱ្យបានច្រើន រាល់ពេលអាហារ។

ប្រើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អលេខ១១ និងប័ណ្ណអាហារធំ ដើម្បីបង្ហាញអំពីបរិមាណបាយដែលត្រូវបរិភោគម្តង។ ចរចារឱ្យគាត់បរិភោគឱ្យបានច្រើនជាងមុន (ទៅតាមការចាំបាច់)។

ពិនិត្យឡើងវិញនូវប្រភេទសម្លដែលអតិជិជនតែងបរិភោគជាធម្មតា។ ប្រើប័ណ្ណអាហារតូចៗសម្រាប់ ឱ្យអតិថិជនជ្រើសរើសអាហារ ដែលពួកគេ អាចរកបាន ឬមានតម្លៃសមរម្យសម្រាប់បន្ថែមទៅក្នុងសម្លរបស់គាត់។

ដាក់គ្រឿងផ្សំបន្ថែមជីវជាតិ (ខ្ទិះដូង ប្រេង/ខ្លាញ់ សណ្តែកបារាំង សណ្តែកដី ជាដើម) ទៅក្នុងសម្ល ឬមុខម្ហូបផ្សេងៗ។

ប្រើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អលេខ១១ ដើម្បីឱ្យអតិថិជន ជ្រើសរើសគ្រឿងផ្សំបន្ថែមជីវជាតិ ដែលពួកគេអាចស្វែងរកបាន ឬមានតម្លៃសមរម្យ (ប័ណ្ណពណ៌ស្វាយ) និងចរចារឱ្យគាត់បន្ថែមគ្រឿងផ្សំទាំងនោះឱ្យបានខ្លះទៅក្នុងអាហារ។

បើអតិថិជនមិនបាន បរិភោគអាហារទាំងបីក្រុម

បរិភោគអាហារទាំង៣ក្រុម រាល់ពេលអាហារនីមួយៗ (ព្យាយាមបញ្ចូលអាហារក្រុមពណ៌ ស ក្រហម បៃតង ឬលឿង)

ប្រើប័ណ្ណរូបភាពសម្ល និងប័ណ្ណអាហារតូចៗ ដើម្បីឱ្យ អតិថិជនជ្រើសរើសអាហារដែលពួកគេអាចស្វែងររកបាន ឬមានតម្លៃសមរម្យ សម្រាប់បន្ថែមឱ្យអាហាររបស់គាត់មានភាពចម្រុះពណ៌។

បើអតិថិជនបរិភោគ
សម្លទឹករាវខ្លាំង ឬខាប់ល្មម

បរិភោគអាហារ ឬសម្លដែលមានសារជាតិចិញ្ចឹមខ្ពស់

ប្រើប័ណ្ណរូបភាពសម្ល និងប័ណ្ណអាហារតូចៗ ពណ៌ក្រហម បៃតង និងស្វាយ ដើម្បីឱ្យអតិថិជនជ្រើសរើសអាហារដែល ពួកគេអាចស្វែងរកបាន ឬមានតម្លៃសមរម្យ សម្រាប់បង្កើន គុណភាពសម្លរបស់គាត់។

ដែលបានព្រមព្រៀងរវាងអ្នកផ្តល់ប្រឹក្សា និងអតិថិជននៅក្នុងទម្រង់តាមដាន។

ទុកពេលឱ្យសិក្ខាកាមអនុវត្តសកម្មភាពនីមួយៗជាគូរ ដោយប្រើប្រាស់ទម្រង់តាមដានថ្មីដែលមិនទាន់បំពេញ។ ធានាថាសិក្ខាកាមបានកត់ត្រានូវផែនការនានា តាមទីកន្លែងសមស្របនៅក្នុងទម្រង់តាមដាន។ អ្នកសម្របសម្រួលគួរដើរពិនិត្យមើលតាមគូរនីមួយៗ និងផ្តល់ការណែនាំ និងបញ្ជាក់តាមភាពចាំបាច់។

សេចក្តីណែនាំសម្រាប់ការអង្កេតរបស់អ្នកសម្របសម្រួល៖

នៅពេលដែលអ្នកដើរពិនិត្យមើលសិក្ខាកាមកំពុងអនុវត្តន៍ការប្រឹក្សាតាមគូរនីមួយៗ អ្នកត្រូវកត់ចំណាំនូវចំណុចមួយចំនួនដូចខាងក្រោម៖

  • តើសិក្ខាកាមបានប្រើប័ណ្ណជាជំនួយនៅក្នុងការចរចាដែរឬទេ?
  • តើអតិថិជនជាអ្នកព្រមព្រៀងខ្លួនឯង ឬសិក្ខាកាមជាអ្នកប្រាប់អតិថិជនឱ្យធ្វើតាម?
  • តើសិក្ខាកាមបានកត់ត្រាការណែនាំសំខាន់ៗលើទម្រង់តាមដានទេ?

អ្នកសម្របសម្រួលគួរផ្តល់សេចក្តីណែនាំ និងការកែតម្រូវសម្រាប់ព័ត៌មានដែលខ្វះចន្លោះ។ សរសើរសិក្ខាកាមនៅពេលដែលពួកគេធ្វើកិច្ចការបានល្អ។ ធ្វើការកែតម្រូវដោយប្រុងប្រយ័ត្ន និងលើកទឹកចិត្តសិក្ខាកាមបើសិនពួកគេមានកំហុស។

ក្រោយពីអ្នកសម្របសម្រួលបញ្ចប់ការបង្ហាញក្នុងក្រុមនិមួយៗ ចូរផ្លាស់ប្តូរទីកន្លែងគ្នា ដើម្បីឱ្យពួកគេអាចរៀនពីសកម្មភាពចរចារសម្រាប់សកម្មភាពដទៃ។

អត្ថបទខាងក្រោមអាចជួយអ្នកនៅក្នុងការធ្វើសកម្មភាពបង្ហាញ។

ក្រុមទី១

១. ប្រសិនបើអតិថិជនបរិភោគអាហារតិចជាង៣ពេល ឬប្រសិនបើគាត់ត្រូវការឡើងទម្ងន់ គាត់គួរព្យាយាមបន្ថែមអាហារ។ តើអ្នកត្រូវធ្វើដូចម្តេចប្រសិនបើអតិថិជនបានបរិភោគអាហារបីពេលហើយនៅតែត្រូវការឡើងទម្ងន់បន្ថែមទៀត? អ្នកអាចលើកទឹកចិត្តគាត់ឱ្យបរិភោគអាហារឱ្យបាន៤ពេលក្នុងមួយថ្ងៃ ឬក៏បន្ថែមអាហារសម្រន់ ក៏ប៉ុន្តែអ្នកត្រូវប្រាកដថា គាត់ខ្លួនឯងពិតជាមានបំណងបង្កើនចំនួនពេលអាហារ។ សួរគាត់ថា តើគាត់ធ្វើផែនការដូចម្តេចដើម្បីបរិភោគអាហារឱ្យបានបីពេល ឬច្រើនជាងនេះ ក្នុងមួយថ្ងៃ។ ប្រសិនបើមានសូមសរសេរផែនការលម្អិត នៅក្នុងចន្លោះទំនេរ។ ធ្វើបង្ហាញជាឧទាហរណ៍នៃសកម្មភាពចរចារទៅតាមជំហាន។

តើអ្នកទាំងអស់គ្នាយល់ពីរបៀបចរចារសម្រាប់សកម្មភាពនេះឬនៅ?

២. ប្រសិនបើអតិថិជនបរិភោគអាហារសម្រន់ ឬបង្អែមតិចជាង២ដង ឬអតិថិជនត្រូវការឡើងទម្ងន់ គាត់គួរតែព្យាយាមបរិភោគអាហារសម្រន់ ឬបង្អែមយ៉ាងតិចឱ្យបានពីរដងរៀងរាល់ថ្ងៃ។ តើអ្នកត្រូវធ្វើដូចម្តេចប្រសិនបើអតិថិជនបរិភោគអាហារសម្រន់ពីរដង ហើយនៅតែត្រូវការឡើងទម្ងន់ទៀត? អ្នកអាចលើកទឹកចិត្តគាត់ឱ្យបរិភោគអាហារសម្រន់ឱ្យបានបីដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ។ វាជាការល្អដែល អ្នករស់នៅជាមួយមេរោគអេដស៍បរិភោគអាហារសម្រន់តិចៗ តែឱ្យបានច្រើនដង។ សួរពួកគេអំពីអ្វីដែលពួកគេអាចបរិភោគ និងថាតើពួកគេធ្វើផែនការដូចម្តេចដើម្បីបរិភោគអាហារសម្រន់ឱ្យបានពីរដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ។ ប្រើប្រាស់ប័ណ្ណអាហារតូចៗដើម្បីរកមើលថា តើអាហារសម្រន់មួយណាដែលអតិថិជនអាចរកបាន។ អាហារសម្រន់ងាយៗខ្លះដែលគួរលើកទឹកចិត្តឱ្យបរិភោគមានដូចជា ផ្លែឈើ គ្រប់ប្រភេទ និងអាហារដែលមានលក់ដូរតាមផ្លូវ ដូចជាចេកអាំង ឬចេកស្ងោរ និងបាយដំណើប ៘ ប្រើប័ណ្ណអាហារធំ (រូបភាពបបរនៅក្នុងចានចង្កឹះ) ដើម្បីបង្ហាញពីចំនួនអាហារសម្រន់ ឬបង្អែម ដែលពួកគេត្រូវបរិភោគ។ តើអាហារសម្រន់អ្វីខ្លះមានតម្លៃថោកដែលអ្នកអាចចរចាជាមួយអតិថិជនរបស់អ្នក? ធ្វើបង្ហាញជាឧទាហរណ៍នៃសកម្មភាពចរចារទៅតាមជំហាន។

តើអ្នកទាំងអស់គ្នាយល់ពីរបៀបចរចារសម្រាប់សកម្មភាពនេះឬនៅ?

៣. ប្រសិនបើអ្នកជំងឺទទួលទានទឹកតិចជាង២លីត្រ គាត់គួរតែព្យាយាមបរិភោគទឹកឱ្យបានច្រើន។ ពន្យល់អ្នកជំងឺថា ការបរិភោគទឹកច្រើននឹងជួយឱ្យខ្លួនយើងប្រឆាំងនឹងជំងឺ និងជួយឱ្យថ្នាំធ្វើការបានល្អ។ បង្ហាញប័ណ្ណដែលមានរូបភាពកែវទឹកដែលគេនិយមប្រើ។ សួរទៅអ្នកជំងឺថា តើកែវទឹកទំហំប៉ុណ្ណាដែលពួកគេតែងតែប្រើ។ តើពួកគេគួរតែបរិភោគទឹកប៉ុន្មានកែវដើម្បីឱ្យបានចំណុះ ២លីត្រ? ជួយអ្នកជំងឺក្នុងការធ្វើផែនការនូវអ្វីដែលពួកគេបរិភោគ និងពីរបៀបដែលពួកគេចាំថាត្រូវបរិភោគទឹកចំនួនប៉ុន្មានក្នុងមួយថ្ងៃ។ បញ្ជាក់ថា ទឹកត្រូវដាំឱ្យឆ្អិន និងរក្សាទុកឱ្យមានសុវត្ថិភាព។ អ្នកអាចប្រើប័ណ្ណពណ៌ខៀវ ដើម្បីជួយអតិថិជនក្នុងការស្វែងរកសារធាតុរាវដទៃទៀតក្រៅពីទឹក និងទឹកតែដែលពួកគេអាចទទួលទានបាន។ ធ្វើបង្ហាញជាឧទាហរណ៍នៃសកម្មភាពចរចារទៅតាមជំហាន។

តើអ្នកទាំងអស់គ្នាយល់ពីរបៀបចរចារសម្រាប់សកម្មភាពនេះឬនៅ?

ក្រុមទី ២៖ គុណភាព

៤. ប្រសិនបើអ្នកជំងឺត្រូវការឡើងទម្ងន់ មានប្រការមួយទៀតដែលគាត់អាចព្យាយាម គឺបរិភោគបាយ និងសម្លឱ្យបានច្រើនរៀងរាល់ពេលបាយ។ សូមមើលរូបភាពក្នុងប័ណ្ណអាហារធំស្តីអំពីបាយ និងសម្ល។ ប្រសិនបើអ្នកជ្រើសរើសយកការចរចាពីបំលាស់ប្តូរនេះជាមួយនឹងអតិថិជន ត្រូវលើកទឹកចិត្តពួកគេឱ្យបរិភោគបាយច្រើនជាងពួកគេធ្លាប់បរិភោគធម្មតា។ បង្ហាញអតិថិជនពីបរិមាណ ដោយប្រើប្រាស់ប័ណ្ណអាហារធំ (ចានបាយ) ដោយចង្អុលលើចានដែលតម្រៀបជាជួរ ធ្វើដូចនេះ ពួកគេងាយស្រួលចងចាំ។ ត្រូវប្រាកដថាអ្នកបានកត់ត្រាបរិមាណបាយដែលពួកគេត្រូវបរិភោគនៅពេលបន្ទាប់។ ឧទាហរណ៍អ្នកជំងឺព្យាយាមបរិភោគបាយដែលមានបរិមាណ ២៥០មីលីក្រាមដើម្បី (កាលពីមុនបរិភោគត្រឹមតែ ២០០មីលីក្រាម) នៅរៀងរាល់ពេលបាយម្តងៗ។

លើកទឹកចិត្តពួកគេផងដែរដែរឱ្យបរិភោគសម្លមួយចានពេញរៀងរាល់ពេលបាយ។ សម្លគួរតែខាប់ដោយមានបន្លែច្រើន (ក្រុមពណ៌បៃតង) និងសាច់ត្រី សាច់មាន់ ឬសាច់មកពីក្រុមក្រហម (អាហារស្ថាបនារាងកាយ)។ អាហារជាច្រើនអាចដូចជា ត្រកួន កូនត្រី និងខ្យងអាចរកបានពីវាលស្រែ ៘ បង្ហាញអ្នកជំងឺនូវ រូបភាពសម្លខាប់ដោយប្រើប័ណ្ណអាហារធំ (ចានគោមដាក់សម្ល)។ សម្លក៏អាច “ត្រូវធ្វើឱ្យខាប់” ដោយប្រើគ្រឿងផ្សំបន្ថែមជីវជាតិ (ប័ណ្ណពណ៌ស្វាយ) ផងដែរ។ ធ្វើបង្ហាញជាឧទាហរណ៍នៃសកម្មភាពចរចារទៅតាមជំហាន។

តើអ្នកទាំងអស់គ្នាយល់ពីរបៀបចរចារសម្រាប់សកម្មភាពនេះឬនៅ?

៥. ប្រសិនបើអតិថិជនត្រូវការឡើងទម្ងន់ ប្រការមួយដែលគាត់អាចព្យាយាមគឺបន្ថែមគ្រឿងផ្សំបន្ថែមជីវជាតិ ដែលជួយបង្កើនថាមពលទៅក្នុងសម្ល ឬម្ហូបផ្សេងៗ។ សូមមើលប័ណ្ណអាហារតូចៗដែលមានពណ៌ស្វាយ។ ប្រសិនបើអ្នកជ្រើសរើសយកការចរចារអំពីចំនុចនេះជាមួយអ្នកជំងឺ សូមរកនូវគ្រឿងផ្សំបន្ថែមជីវជាតិដែលគាត់ចូលចិត្ត ហើយអាចប្រើបាន និងប្រាប់ពីររបៀបប្រើផង។ ធ្វើបង្ហាញជាឧទាហរណ៍នៃសកម្មភាពចរចារទៅតាមជំហាន។

តើអ្នកទាំងអស់គ្នាយល់ពីរបៀបចរចារសម្រាប់សកម្មភាពនេះឬនៅ?

៦. តើធ្វើដូចម្តេចទើបដឹងថាអ្នកជំងឺមិនបានបរិភោគអាហារមកពីក្រុមទាំងបីរៀងរាល់ពេលបាយរៀងរាល់ថ្ងៃ? អ្នកសួរគាត់អំពីអាហារដែលពួកគេបានបរិភោគកាលពីម្សិលមិញ ដោយឱ្យគាត់មើលប័ណ្ណអាហារតូចៗ។ រំលឹកពួកគាត់ថាជាការសំខាន់ណាស់ដែលត្រូវបរិភោគអាហារដែលមានតុល្យភាព។ ពណ៌តំណាងក្រុមអាហារ៖ ពណ៌ស គឺអាហារថាមពល ពណ៌ក្រហមគឺអាហារស្ថាបនារាងកាយ និងពណ៌បៃតង ឬលឿង គឺអាហារការពារ។ ប្រសិនបើគាត់មិនបានបរិភោគអាហារពណ៌ណាមួយ ឱ្យគាត់ជ្រើសរើសអាហារពីក្នុងប័ណ្ណ (ពីក្នុងក្រុមពណ៌នោះ) ដែលគាត់អាចរកបាន និងមានតម្លៃសមរម្យសម្រាប់គាត់។ បំផុសគំនិតជាមួយគាត់ដើម្បីណែនាំអំពីវិធីបញ្ចូលអាហារទាំងនោះទៅក្នុងអាហារពេល និង អាហារសម្រន់របស់ពួកគេ។ ធ្វើបង្ហាញជាឧទាហរណ៍នៃសកម្មភាពចរចារទៅតាមជំហាន។

តើអ្នកទាំងអស់គ្នាយល់ពីរបៀបចរចារសម្រាប់សកម្មភាពនេះឬនៅ?

៧. តើធ្វើដូចម្តេចទើបយើងថាអ្នកជំងឺមិនបានបរិភោគអាហារដែលមានសារជាតិចិញ្ចឹមខ្ពស់? ឱ្យគាត់ជ្រើសរើសប័ណ្ណរូបចានសម្លដែលស្រដៀងទៅនឹងសម្លដែលគាត់បានបរិភោគកាលពីម្សិលមិញ។ ប្រើរូបភាពចានសម្ល និងប័ណ្ណអាហារតូចៗ ដែលមានពណ៌ស ក្រហម បៃតង និងលឿង ដើម្បីឱ្យគាត់ជ្រើសអាហារ ដែលគាត់អាចរកបាន និងមានតម្លៃសមរម្យ សម្រាប់បន្ថែមគុណភាពសម្លរបស់គាត់។

តើអ្នកទាំងអស់គ្នាយល់ពីរបៀបចរចារសម្រាប់សកម្មភាពនេះឬនៅ?

ប្រាប់សិក្ខាកាម៖ មានការផ្លាស់ប្តូរច្រើនដែលអតិថិជនរបស់អ្នកអាចនឹងត្រូវធ្វើ។ កិច្ចការរបស់អ្នកគឺពិភាក្សាជាមួយគាត់មើលថា តើការផ្លាស់ប្តូរបែបណាដែលសមរម្យ និងអាចធ្វើទៅបាន។ បន្ថែមលើនេះ ត្រូវផ្តល់ប្រឹក្សាឱ្យអ្នកជំងឺស្វែងរកការព្យាបាលឱ្យបានសមស្របប្រសិនបើចាំបាច់។ សូមចរចារតែសកម្មភាពកែប្រែមួយ ឬពីរបានហើយក្នុងពេលជួបប្រឹក្សាម្តងៗ។ ត្រូវចងចាំថា ការផ្លាស់ប្តូរលើសពី៣ចំណុច (រួមទាំងការស្វែងរកការព្យាបាលឱ្យបានសមស្រប) ក្នុងពេលជួបប្រឹក្សាម្តងគឺច្រើនពេកសម្រាប់គាត់។ ទុកការផ្លាស់ប្តូរដទៃទៀតសម្រាប់ជួបប្រឹក្សាលើកក្រោយទៀត។

  • ជំហានទី៥៖ តាមដាន

ជំហានក្នុងការផ្តល់ប្រឹក្សា

១ វាយតម្លៃ

២ វិភាគ

៣ ផ្តល់យោបល់

៤ ចរចារ

* ៥ តាមដាន

ពន្យល់សិក្ខាកាម៖ ពេលនេះអ្នកមានកំណត់ត្រាអំពីសកម្មភាពថ្មីដែលអតិថិជនយល់ព្រមសាកល្បងអនុវត្ត។ នៅក្នុងពេលជួបប្រឹក្សាពេលក្រោយ អ្នកផ្តល់ប្រឹក្សាអាចពិនិត្យសារឡើងវិញនូវកិច្ចព្រមព្រៀងទាំងនេះ ដោយរកមើលថា តើអតិថិជនអាចអនុវត្តន៍សកម្មភាពថ្មីឬទេ។ សកម្មភាពនេះគឺជា “ការតាមដាន” (ជំហានទី៥)។

រំកិលផ្កាយនៅលើជំហានលើក្រដាសផ្ទាំងធំ ឬក្តារខៀន ទៅកាន់ជំហានទី៥ “តាមដាន” ដើម្បីបង្ហាញសិក្ខាកាមពីជំហានដែលពួកគេកំពុងរៀន។

ពន្យល់ដល់សិក្ខាកាមអំពីរបៀបបំពេញព័ត៌មានក្នុងសំណួរទី១៣ដូចខាងក្រោម។

ពន្យល់ដល់សិក្ខាកាមអំពីរបៀបបំពេញព័ត៌មានក្នុងសំណួរទី១៣ដូចខាងក្រោម។

១៣. ត្រួតពិនិត្យ និងតាមដានជាបន្តបន្ទាប់៖
១ខែម្តង ៣ខែម្តង ៦ខែម្តង ផ្សេងៗ _______
កំណត់ភាពញឹកញាប់នៃការត្រួតពិនិត្យ និងតាមដាន។ ពេលវេលាសំខាន់ៗ ដែលអ្នករស់នៅជាមួយមេរោគអេដស៍គួរទទួលបានការវាយតម្លៃ និងប្រឹក្សាអាហារូបត្ថម្ភ៖

  • ជួបប្រឹក្សាលើកដំបូង
  • អាស្រ័យទៅតាមដំណាក់កាលនៃមេរោគអេដស៍៖
    • អរោគសញ្ញា (គ្មានរោគសញ្ញា)៖ រៀងរាល់៦ខែ
    • រោគសញ្ញា៖ រៀងរាល់ខែ ឬរៀងរាល់៣ខែម្តង
  • នៅពេលចាប់ផ្តើម ឬប្តូរការព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគអេដស៍

ធ្វើការណាត់ជួបដើម្បីតាមដានជាមួយអតិថិជន ទៅលើសកម្មភាពដែលបានព្រមព្រៀង។

ពន្យល់សិក្ខាកាមអំពីការពិចារណាបន្ថែមចំពោះការវាយតម្លៃអាហារូបត្ថម្ភសម្រាប់កុមារ។ ការវាយតម្លៃអាហារូបត្ថម្ភជួយក្នុងការត្រួតពិនិត្យដំណើរវិវត្តន៍នៃជំងឺចំពោះកុមារ។ កុមារមានផ្ទុកមេរោគអេដស៍ជាញឹកញាប់ត្រូវបានគេដឹង នៅពេលពួកគេបង្ហាញសញ្ញា និងរោគសញ្ញាធ្ងន់ធ្ងរ។ កុមារដែលរស់នៅជាមួយមេរោគអេដស៍ គួរតែបញ្ជូនទៅមណ្ឌលថែទាំសុខភាព នៅពេលដែលដឹងអំពីតម្រូវការច្បាស់លាស់ ឬក៏បញ្ជូនទៅបុគ្គលិកសេវាសុខភាពដែលមានជំនាញច្បាស់លាស់ ឬប្រភពផ្សេងទៀតទៅតាមការចាំបាច់។ ទារកគ្រប់រូបគួរមានការត្រូតពិនិត្យទម្ងន់របស់ពួកគេប្រចាំខែ នៅក្នុងឆ្នាំដំបូង និងយ៉ាងហោចណាស់ឱ្យបានរៀងរាល់៣ខែម្តងនៅក្នុងឆ្នាំទី២ និងទី៣ ជាពិសេសសម្រាប់កុមារដែលមិនបៅដោះម្តាយ។ បន្ទាប់ពីពេលនេះ គួរបន្តតាមដានការលូតលាស់រហូតដល់ពួកគេធំពេញវ័យ។

ពេលវេលាដែលត្រូវយកទៅពិនិត្យតាមដានសុខភាព

លក្ខខណ្ឌ

ចន្លោះពេលពិនិត្យ

យោបល់

កុមារដែលមានសុខភាពល្អ និងមានការលូតលាស់ល្អ

ពី២–៣ខែ

លើកលែងតែត្រូវ ទៅទទួលការព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគអេដស៍ ឬផ្តល់បន្ថែមនូវឱសថ/ជីវជាតិវីតាមីន

កុមារដែលកំពុងប្រើថ្នាំប្រឆាំងមេរោគអេដស៍

៣ខែ

ប្រសិនបើឡើងទម្ងន់ និងគ្មានបញ្ហាអ្វីផ្សេង

ពី២–៤សប្តាហ៍

ប្រសិនបើមិនឡើងទម្ងន់

កុមារមិនមានសុខភាពល្អ និង/ឬ កំពុងបង្ហាញសញ្ញានៃការក្រិន ឬធ្លាប់មានជំងឺរាក

ពី២–៤សប្តាហ៍

អាចតម្រូវឱ្យមានពិនិត្យឱ្យបានញឹកញាប់ អាស្រ័យទៅលើស្ថានភាពកុមារ និងសេវាសុខភាពដែលអាចផ្តល់ជូន

ប្រភព៖ Guidelines for an Integrated approach to the nutritional care of HIV-Infected Children (6 months -14years), WHO 2009

បញ្ហាសំខាន់ៗដែលជាប់ពាក់ព័ន្ធនឹងការប្រឹក្សាអំពីអាហារូបត្ថម្ភ គឺរៀបផែនការបន្តការ ត្រួតពិនិត្យ និងតាមដាន។ បញ្ហាអាហារូបត្ថម្ភមួយចំនួនរូចអាចត្រូវបានដោះស្រាយជាបន្ទាន់។ បញ្ហាអាហារូបត្ថម្ភច្រើនមានភាពស្មុគស្មាញ នឹងទាមទារឱ្យមាននូវការបន្តប្រឹក្សាអំពីបញ្ហាអាហារូបត្ថម្ភជុំវិញបញ្ហា ប្រចាំសប្តាហ៍ ឬប្រចាំខែ។ ការតាមដាន និងការត្រួតពិនិត្យបញ្ហាអាហារូបត្ថម្ភនឹងជួយឱ្យអ្នកផ្តល់ប្រឹក្សា និងអតិថិជនបានដឹងនៅពេលពួកគាត់សម្រេចគោលដៅ (ឧទាហរណ៍ មានការផ្លាស់ប្តូរការប្រព្រឹត្ត) និងអាចឈានទៅដល់ការកំណត់ស្វែងបញ្ហាថ្មីៗដែលត្រូវដោះស្រាយ។

ស្ថានភាពរបស់អតិថិជនអាចនឹងមានការផ្លាស់ប្តូរគ្រប់ពេលវេលា ដែលធ្វើឱ្យពួកគេត្រូវប្រឈមមុខនឹងបញ្ហារាំងស្ទះថ្មីៗ ក្នុងខណពេលកំពុងអនុវត្តបំលាស់ប្តូរការប្រព្រឹត្ត។ ដូច្នេះ តាមការត្រួតពិនិត្យទៅលើអតិថិជន អាចជួយអតិថិជនស្វែងរកឃើញបញ្ហា និង និងដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព។

សកម្មភាព៖

ផ្តល់ពេលវេលា១៥នាទីសម្រាប់ការសំដែងតួ និង២០នាទីសម្រាប់ពិភាក្សាយោងតាមឈុតឆាកសំដែងតួនៅក្នុងឧបសម្ព័ន្ធទី១៤។

បែងចែកសិក្ខាកាមជាក្រុមៗដោយមួយក្រុមមានគ្នា៣នាក់។ ពួកគេនឹងសំដែងជាអតិថិជនម្នាក់ ជាអ្នកសង្កេតម្នាក់ និងជាអ្នកផ្តល់ប្រឹក្សាម្នាក់។ ផ្តល់ពេល៥នាទីដល់អ្នកដើរតួជា“អតិថិជន” ដើម្បីអានឈុតឆាកសំដែង។ សុំឱ្យសិក្ខាកាមសំដែងតួទៅតាមព័ត៌មានដែលបានផ្តល់ឱ្យនៅក្នុងឈុតឆាកសំដែង។ សិក្ខាកាមដែលកំពុងសំដែងជា“អ្នកផ្តល់ប្រឹក្សា” នឹងអនុវត្តផ្តល់ប្រឹក្សាពេញលេញ ដែលរួមមានសកម្មភាពដូចជា កត់ត្រារង្វាស់កម្ពស់ កត្រាទម្ងន់ គណនាសន្ទស្សន៍ម៉ាស់រាងកាយ (ជាមួយម៉ាស៊ីនគិតលេខ ឬប្រើតារាងសន្ទស្សន៍ម៉ាស់រាងកាយ)។

អតិថិជនគួរឆ្លើយសំណួរនីមួយៗ និងផ្តល់ព័ត៌មានដល់អ្នកផ្តល់ប្រឹក្សាទៅតាមភាពចាំបាច់។ “អ្នកសង្កេត” នឹងប្រើទម្រង់តាមដាន(ឧបសម្ព័ន្ធទី១៤) ដើម្បីផ្តល់មតិកែលម្អទៅលើការសំដែងតួ និងផ្តល់ព័ត៌មានត្រលប់ទៅកាន់អ្នកផ្តល់ប្រឹក្សា និងអតិថិជន។

សង្កេតមើលសិក្ខាកាមដើម្បីឱ្យប្រាកដថា ពួកគេបានអនុវត្តទៅតាមជំហានប្រឹក្សាទាំងប្រាំ ដោយប្រើប្រាស់ទម្រង់តាមដានថ្មី ដែលមិនទាន់បំពេញ។ អ្នកប្រឹក្សាគួរតែបានគូសឱ្យបានសមស្របនៅក្នុងប្រអប់សកម្មភាពដើម្បីធ្វើការកែប្រែ នៅលើទម្រង់តាមដាន(ប្រអប់សំណួរទី១៣)។ គួរមានសកម្មភាពផ្លាស់ប្តូរច្រើនបំផុតចំនួនពីរ និងប្រសិនបើចាំបាច់ អាចបន្ថែមនូវសកម្មភាពស្តីអំពី «ការស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា»។

ធានាថា សិក្ខាកាមបានសួរអតិថិជនរបស់ពួកគេនូវសំនួរទាំងពីរខាងក្រោម៖

  1. តើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរចំពោះការផ្តល់យោបល់នេះ?
  2. តើអ្នកអាចធ្វើបានឬទេនូវអ្វីដែលអ្នកសម្រេចចិត្តថានឹងព្យាយាមធ្វើ?

ប្រសិនបើពេលវេលាអំណោយផល ផ្តល់ឱកាសឱ្យសិក្ខាកាមម្នាក់ៗបានផ្លាស់ប្តូរវេនគ្នាសំដែងឱ្យបានគ្រប់តួនាទី៖ អ្នកផ្តល់ប្រឹក្សា អតិថិជន និងអ្នកសង្អេត។

សង្ខេបខ្លឹមសារ៖

រំលឹកជំហានក្នុងការប្រឹក្សាអំពីអាហារូបត្ថម្ភជាមួយនឹងសិក្ខាកាមនៅលើក្រដាសផ្ទាំងធំ និងនៅលើទម្រង់តាមដានផងដែរ។

ជំហានក្នុងការផ្តល់ប្រឹក្សាពីអាហារូបត្ថម្ភ៖

  1. វាយតម្លៃ៖ វាតយតម្លៃ/ប៉ាន់ប្រមាណសុខភាពរបស់អតិថិជន និងទម្លាប់នៃការហូបចុករបស់ពួកគេ
  2. វិភាគ៖ ដោយផ្អែកលើការវាយតម្លៃ កំណត់រកបញ្ហា និងមធ្យោបាយសម្រាប់ដោះស្រាយត្រឹមត្រូវ (ឧ. ការផ្លាស់ប្តូរឥរិយាបថ ឬការណែនាំ)
  3. ផ្តល់យោបល់៖ ផ្តល់ជម្រើសពីរ ឬបីដល់អតិថិជនសម្រាប់យកទៅអនុវត្ត
  4. ចរចារ៖ ជម្រុញឱ្យអតិថិជនយកជំនះបានចំពោះឧបសគ្គរាំងស្ទះក្នុងការអនុវត្តន៍នូវជម្រើស និងធ្វើផែនការសកម្មភាព
  5. តាមដាន៖ កំណត់ពេលជួបប្រឹក្សាអតិថិជនម្តងទៀត ដើម្បីសិក្សាមើលថា តើគាត់បានអនុវត្តទៅតាមចំនុចដែលបានកំណត់ឬទេ និងជួយគាត់ក្នុងការបន្តការផ្លាស់ប្តូរការប្រព្រឹត្ត។

ឱ្យសិក្ខាកាមអាន “ឯកសារមេរៀនទី៥” (សៀវភៅសម្រាប់សិក្ខាកាម)។ ឱ្យសិក្ខាកាមសិក្សាឯកសារមេរៀននេះ និងទម្រង់តាមដាន ដែលបានរៀនថ្ងៃនេះជាកិច្ចការផ្ទះដើម្បីត្រៀមអនុវត្តន៍ជាក់ស្តែងដែលនឹងធ្វើឡើងក្នុងមេរៀនក្រោយ។

ឱ្យសិក្ខាកាមសួរសំណួរ ហើយឆ្លើយ/ពិភាក្សា/បញ្ជាក់ តាមដែលត្រូវការចាំបាច់។

ចែកសំណួរ តេស្តសាកល្បងឱ្យ សិក្ខាកាមបំពេញដោយមិនឱ្យលើសពី១០នាទី។ សិក្ខាកាមម្នាក់ៗត្រូវធ្វើកិច្ចការនេះដោយខ្លួនឯងបន្ទាប់មក ផ្តល់ចម្លើយកំណែរជាក្រុម។ ឆ្លើយបញ្ជាក់សំនួររបស់សិក្ខាកាមប្រសិនបើមាន។

អបអរសាទរសិក្ខាកាមទាំងអស់ដែលបានរៀនពីរបៀបប្រើកញ្ចប់សម្ភារៈអាហារល្អសម្រាប់ប្រឹក្សាអំពីអាហារូបត្ថម្ភ។

ប្រាប់សិក្ខាកាមថា៖ យើងនឹងរៀនអំពីជំហានមួយទៀតក្នុងដំណើរការប្រឹក្សាក្នុងមេរៀនក្រោយ (មេរៀនទី៦) ដែលទាក់ទងនឹងព័ត៌មានសំខាន់ៗស្តីអំពីការរស់នៅប្រកបដោយសុខភាពល្អសម្រាប់អតិថិជនរបស់យើង។

Did you find apk for android? You can find new Free Android Games and apps.