logo
logo

មេរៀនទី៥ របៀបប្រើ“កញ្ចប់សម្ភារៈអាហារល្អ” (Participant KH)

Want create site? With Free visual composer you can do it easy.

ជំហានទាំង៥ក្នុងការផ្តល់ប្រឹក្សាពីអាហារូបត្ថម្ភ

  1. វាយតម្លៃ៖ វាយតម្លៃ ឬប៉ាន់ប្រមាណសុខភាពរបស់អតិថិជន និងទម្លាប់នៃការហូបចុករបស់ពួកគេ
  2. វិភាគ៖ ដោយផ្អែកលើការវាយតម្លៃ កំណត់រកបញ្ហា និងមធ្យោបាយសម្រាប់ដោះស្រាយត្រឹមត្រូវ (ឧ. ការផ្លាស់ប្តូរឥរិយាបថ ឬការណែនាំ)
  3. ផ្តល់យោបល់៖ ផ្តល់ជម្រើសពីរ ឬបីដល់អតិថិជន
  4. ចរចារ៖ ជម្រុញឱ្យអតិថិជនយកជំនះបានចំពោះឧបសគ្គរាំងស្ទះក្នុងការអនុវត្តន៍នូវជម្រើស និងធ្វើផែនការសកម្មភាព
  5. តាមដាន៖ កំណត់ពេលជួបប្រឹក្សាអតិថិជនម្តងទៀត ដើម្បីសិក្សាមើលថា តើគាត់បានអនុវត្តទៅតាមចំនុចដែលបានកំណត់ឬទេ និងជួយគាត់ក្នុងការបន្តការផ្លាស់ប្តូរការប្រព្រឹត្ត។

ការប្រើប្រាស់ប័ណ្ណអាហារ

តើក្រុមពណ៌នៅក្នុងប័ណ្ណអាហារតូចៗមានន័យដូចម្តេច?

  • ក្រហម៖ តំណាងឱ្យអាហារស្ថាបនារាងកាយ
  • បៃតង៖ តំណាងឱ្យបន្លែ ដែលជាអាហារការពាររាងកាយ
  • លឿង៖ តំណាងឱ្យផ្លែឈើ ក៏ជាអាហារការពាររាងកាយដែរ
  • ស៖ តំណាងឱ្យអាហារថាមពល
  • ស្វាយ៖ ប័ណ្ណពណ៌ស្វាយមិនមែនជាក្រុមអាហារទេ វារួមបញ្ចូលទាំង “គ្រឿងផ្សំដែលជួយបង្កើនថាមពល” ដែលអាចបង្កើនកាឡូរី និង/ឬតម្លៃនៃសារធាតុចិញ្ចឹមនៃសម្ល និងអាហារផ្សេងៗទៀត។ គ្រឿងផ្សំដែលជួយបង្កើនថាមពលមានដូចជា ដូង ខ្ទិះដូង ប្រេងឆា/ខ្លាញ់ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ខាប់ សៀង និងសណ្តែក។
  • ខៀវ៖ បង្ហាញនូវឧទាហរណ៍នៃភេសជ្ជៈដែលអ្នកផ្ទុកមេរោគអេដស៍គួរបរិភោគ ដើម្បីបង្គ្រប់បាននូវជាតិទឹកចំនួនពីរលីត្រក្នុងមួយថ្ងៃ។

របៀបប្រើប្រាស់ប័ណ្ណអាហារតូច

១. ដាក់ប័ណ្ណទាំងអស់នៅលើតុពីមុខអតិថិជនដោយ ដាក់រូបភាពទាំងអស់ផ្ងារឡើងលើ ដើម្បីឱ្យពួកគាត់អាចមើលឃើញ។

២. សុំឱ្យអតិថិជនជ្រើសរើសប័ណ្ណដែលបង្ហាញពីអាហារ ឬភេសជ្ជៈដែលគាត់អាចរកបាននៅជុំវិញផ្ទះរបស់គាត់។ យកប័ណ្ណដែលគាត់មិនជ្រើសរើសចេញសិន។ បន្ទាប់មកសុំឱ្យអតិថិជនដកយកប័ណ្ណរូបអាហារ ដែលពួកគាត់ត្រូវការ តែមិនអាចទិញបានកាលពីពេលកន្លងមក។ យកប័ណ្ណទាំងនោះចេញ។ ប័ណ្ណដែលនៅសល់គឺជាប្រភេទអាហារដែលអាចរកបានក្នុងស្រុក ដែលគ្រួសារគាត់អាចរកទិញអាហារទាំងនោះប្រចាំថ្ងៃ ប្រសិនបើពួកគេត្រូវការ។

៣. ពិនិត្យមើលថាតើពណ៌នៃក្រុមអាហារទាំងអស់ (ពណ៌ក្រហម ពណ៌បៃតង ពណ៌លឿង ពណ៌ស ពណ៌ស្វាយ និងពណ៌ខៀវ) មាននៅក្នុងប័ណ្ណដែលពួកគាត់បានជ្រើសរើសឬទេ?

៤. ប្រសិនបើពណ៌ទាំងនោះមិនមាននៅក្នុងប័ណ្ណដែលគាត់បានជ្រើសរើសទេនោះ ពិភាក្សាជាមួយគាត់ ដើម្បីរកមើលអាហារណាក្នុងក្រុមពណ៌ដែលគាត់មិនបានជ្រើសយក ប៉ុន្តែគាត់អាចរកទិញបានម្តងម្កាល (ឧ. មួយ ឬពីរសប្តាហ៍ម្តង)។ បញ្ចូលប័ណ្ណទាំងនោះទៅក្នុងប័ណ្ណ ដែលពួកគេបានជ្រើសរើស។ ជួនកាលអាហារទាំងនេះ គឺជាអាហារដែលពួកគាត់អាចដាំដុះដោយខ្លួនឯង ឬទិញ/ដោះដូចជាមួយអ្នកដទៃ។

របៀបប្រើប័ណ្ណអាហារធំ

១. សូមដកយករូបភាពចានបាយ (ប័ណ្ណរូបភាពទំហំពិត)។ ដាក់ប័ណ្ណទាំង៥នោះនៅពីមុខអតិថិជន ហើយសុំឱ្យ ពួកគាត់បង្ហាញអ្នកពីបរិមាណបាយ ដែលពួកគាត់បរិភោគជាធម្មតាក្នុងពេលអាហារម្តងៗ។

២. បន្ទាប់មកដកយករូបភាពចានសម្ល ដាក់នៅពីមុខអតិថិជន ហើយសុំឱ្យពួកគាត់បង្ហាញប្រភេទសម្ល ដែលពួកគាត់បានបរិភោគជាមួយបាយ។

៣. បន្ទាប់ពីបានជួបលើកទីមួយដោយប្រើប្រាស់កញ្ចប់សម្ភារៈអាហារល្អរួចមកក្រុម ថែទាំតាមផ្ទះ/ អ្នកផ្តល់ប្រឹក្សាអាចសួរសំណួរទៅអតិថិជនដើម្បីពិនិត្យមើលឡើងវិញនូវអាហារដែលគាត់អាចររកបានពីមុន ប៉ុន្តែឥឡូវមិនអាចរកទិញបាន ឬក៏ អាហារដែលមិនអាចរកទិញបានពីមុន ប៉ុន្តែឥឡូវអាចរកទិញបាន។

៤. ត្រង់ចំណុចនេះ ក្រុមថែទាំតាមផ្ទះ/ អ្នកផ្តល់ប្រឹក្សាមានព័ត៌មានគ្រប់គ្រាន់ដែលអាចយកមកវិភាគពី របបអាហាររបស់អតិថិជន និងចរចាអំពីវិធីធ្វើឱ្យប្រសើរមួយចំនួន។

ការបំពេញទម្រង់តាមដាននៃកញ្ចប់សម្ភារៈអាហារល្អ

មានទម្រង់តាមដានចំនួនបី សម្រាប់កត់ត្រានូវការផ្លាស់ប្តូរផ្នែកអាហារូបត្ថម្ភសម្រាប់ក្រុមគោលដៅខាងក្រោម៖

  1. មនុស្សពេញវ័យ (ទាំងពីរភេទ) និងស្ត្រីដែលសម្រាលកូនរួចលើសពី៦ខែ
  2. មនុស្សពេញវ័យជាស្ត្រីមានផ្ទៃពោះ និងដែលសម្រាលកូនរួចក្នុងអំឡុងពេល៦ខែ
  3. កុមារ និងក្មេងជំទង់អាយុពី០-១៩ឆ្នាំ

 

១. មនុស្សពេញវ័យទាំងពីរភេទ និងស្ត្រីសម្រាលកូនរួចបន្ទាប់ពី៦ខែ (ទម្រង់វាយតម្លៃតាមសហគមន៍)

ព័ត៌មានទូទៅ

១. ថ្ងៃពិនិត្យ៖ កាលបរិច្ឆេទដែលការប្រឹក្សាត្រូវបានធ្វើឡើង

២. ឈ្មោះអតិថិជន៖ ឈ្មោះរបស់អតិថិជនដែលអ្នកត្រូវជួបប្រឹក្សា

៣. អាយុ៖ អាយុរបស់អតិថិជនដែលអ្នកបានជួបប្រឹក្សា (គិតជាឆ្នាំ)

៤. ភេទ៖ គូសនៅក្នុងប្រអប់ត្រឹមត្រូវ។ បើជាស្ត្រី សូមបញ្ជាក់ថាជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន។

៥. អាស័យដ្ឋាន៖ អាស័យដ្ឋានរបស់អតិថិជន។

ជំហានទី១ និងទី២៖ វាយតម្លៃ និងវិភាគ

៦. បញ្ហាដែលអតិថិជនប្រាប់៖
នេះគឺជាសំណួរបើក។ សួរអតិថិជនអំពីបញ្ហារបស់គាត់។ កត់ត្រាប្រភេទនៃបញ្ហា ផលរំខាន ឬរោគសញ្ញាដែលគាត់កំពុងតែមាន។

៧. ការប្រើប្រាស់ឱសថ ART/OI៖
គូសសញ្ញាបាទ ចាស ឬទេ។ សម្រាប់ការបំពេញសំណួរនេះ អ្នកផ្តល់ប្រឹក្សាមិនចាំបាច់មើល ឬកត់ត្រាប្រភេទថ្នាំដែលអតិថិជនកំពុងប្រើទេ។ ប៉ុន្តែ សមាជិកក្រុមថែទាំតាមផ្ទះ គួរកត់ត្រានៅលើឯកសារដាច់ដោយឡែក ប្រសិនបើពួកគេបានឃើញអតិថិជនប្រើថ្នាំ។ នេះគឺជាផ្នែកមួួយ នៃកំណត់ត្រាថែទាំតាមផ្ទះ ដើម្បីតាមដានការប្រើប្រាស់ថ្នាំ ART ឱ្យបានត្រឹមត្រូវ។

៨. ក. ទម្ងន់ថ្ងៃនេះ៖
បញ្ចូលទម្ងន់អតិថិជនជាគីឡូក្រាម។

ខ. កម្ពស់របស់អតិថិជន៖
បញ្ចូលកម្ពស់របស់អតិថិជនជាសង់ទីម៉ែត្រ។ បញ្ចូលកម្ពស់ជាម៉ែត្រប្រសិនបើអ្នកគណនាសន្ទស្សន៍ម៉ាស់រាងកាយតាមរូបមន្ត។

គ. សន្ទស្សន៍ម៉ាស់រាងកាយ (BMI) របស់អ្នកជំងឺ៖
គេអាចគណនា BMI របស់អ្នករស់នៅជាមួយមេរោគអេដស៍បាន បើមានកម្ពស់ និងទម្ងន់។ BMI អាចគណនាដោយប្រើរូបមន្ត ទម្ងន់ជាគីឡូក្រាម ចែកនឹងកំពស់ជាម៉ែត្រការ៉េ (គក្រ/ម២) ឬប្រើតារាង BMI (ក្នុងមេរៀនទី៤)។ ការគណនា BMI ដោយប្រើរូបមន្តគួរទុកសម្រាប់បុគ្គលិកស្ថាប័ន និង/ឬបុគ្គលិកមណ្ឌលសុខភាពជាអ្នកធ្វើ

៩. ស្ថានភាពអាហារូបត្ថម្ភ
ប្រើប្រាស់ព័ត៌មានក្នុងសំណួរលេខ៨ រួចគូសនៅក្នុងប្រអប់ត្រឹមត្រូវ៖
មិនគ្រប់ទម្ងន់/ខ្វះអាហារូបត្ថម្ភ BMI តិចជាង១៨.៥០
ធម្មតា BMI ពី១៨.៥០–២៤.៩៩
លើសទម្ងន់ BMI ២៥.០+

បើអតិថិជនមានសន្ទស្សន៍ម៉ាស់រាងកាយក្រោម ១៨.៥ គេអាចសនិដ្ឋានបានថា អតិថិជនទទួលបានអាហារមិនគ្រប់គ្រាន់។ ក្រៅពីការប្រឹក្សាផ្នែកអាហារូបត្ថម្ភ ត្រូវបញ្ជូនអតិថិជនរូបនេះត្រូវទៅកាន់មណ្ឌលសុខភាព ឬមន្ទីរព្យាបាល OI/ART។

១០. ក. ជាធម្មតា តើអតិថិជនបរិភោគអ្វីខ្លះជាប្រចាំ?
គូសក្នុងប្រអប់ដែលសមរម្យ អំពីម្ហូបដែលអតិថិជនបរិភោគសម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាច និងបង្អែម/អាហារសម៉្រន់/ភេសជ្ជៈ

ខ. បរិភោគអាហារពេលក្នុង១ថ្ងៃ ប៉ុន្មានពេល?
ឱ្យអតិថិជនរៀបរាប់ពីអ្វីដែលពួកគេបរិភោគប្រចាំថ្ងៃ “តើមួយថ្ងៃអ្នកតែងតែបរិភោគអាហារប៉ុន្មានពេល?” គូសសញ្ញាក្នុងប្រអប់ដែលសមរម្យ។

គ. បរិភោគអាហារសម្រន់ក្នុង១ថ្ងៃ ប៉ុន្មានដង?
សួរអតិថិជនថាតើមួយថ្ងៃអ្នកតែងតែបរិភោគអាហារសម្រន់ប៉ុន្មានដង? គូសសញ្ញាក្នុងប្រអប់ដែលសមរម្យ។

ឃ. បរិមាណសារធាតុរាវ (ក្រៅពីទឹក) ដែលបរិភោគក្នុង១ថ្ងៃ
សួរអតិថិជនថាតើមួយថ្ងៃអ្នកពិសារទឹកឬសារធាតុរាវប៉ុន្មានកែវ? បង្ហាញរូបភាពកែវទឹកទៅអតិថិជន ហើយសួរពួកគេថាកែវមួយណាដែលមានទំហំដូចនឹងកែវដែលគេប្រើប្រចាំថ្ងៃ។ សួរអតិថិជនថាតើ មួយថ្ងៃអ្នកពិសារទឹកប៉ុន្មានកែវ? (រួមទាំង តែទឹកថ្នាំផងបើមាន)។ បើអតិថិជនបរិភោគទឹកស្មើនឹង៨កែវពណ៌ខៀវក្នុងមូយថ្ងៃ ចូរគូសនៅក្នុងប្រអប់«២លីត្រ ឬលើសពីនេះ»។ កត់ត្រាបរិមាណទឹក(គិតជាចំនួនកែវ) ដែលបានពិសារប្រចាំថ្ងៃ។

១១. របបអាហារ៖ ខ្វះខាត មធ្យម ល្អ
មានសូចនាករពីរដើម្បីវាយតម្លៃគឺ បរិមាណ និងគុណភាពរបស់អាហារ។

គូសប្រអប់ “ខ្វះខាត” បើអតិថិជនតែងតែបរិភោគ១ពេល ឬអត់សោះ មិនបរិភោគអាហារសម្រន់ បរិភោគទឹកតិចជាង១លីត្រ និង/ឬ បរិភោគអាហារតែ១-២ក្រុមរាល់ថ្ងៃ។

គូសប្រអប់ “មធ្យម” បើសិនអតិថិជនតែងតែបរិភោគ២ ពេលអាហារសម្រន់ ១ដង និងទឹកបាន១លីត្រ និងមានអាហារទាំងបីក្រុម រៀងរាល់ថ្ងៃ។

គូសប្រអប់ “ល្អ” បើសិនអតិថិជនតែងតែបរិភោគយ៉ាងតិច៣ពេល អាហារសម្រន់២ដង ទឹក/សារធាតុរាវយ៉ាងតិច២លីត្រ ដោយមានអាហារបីក្រុម ក្រុមថាមពល (ពណ៌ស) ក្រុមស្ថាបនារាងកាយ (ពណ៌ក្រហម) និងក្រុមការពាររាងកាយ (ពណ៌លឿង/បៃតង)។

ជំហានទី៣ និងទី៤៖ ស្នើយោបល់ និងចរចារ

១២. ដំបូន្មានគន្លឹះដែលអ្នកផ្តល់ប្រឹក្សាផ្តល់ឱ្យ៖
ផ្អែកលើការវាយតម្លៃ (ជំហានទី១) និងការវិភាគ (ជំហានទី២) កំណត់នូវប្រភេទបញ្ហាដែលកើតមាន ពាក់ព័ន្ធនឹងស្ថានភាពសុខភាព ឬអាហារូបត្ថម្ភ និងផ្តល់នូវដំណោះស្រាយមួយចំនួនដល់អតិថិជន។
ផ្តល់នូវអនុសាសន៍ និងចរចារជាមួយគាត់នូវសកម្មភាពដែលគាត់អាចធ្វើបាន និងបង្កើតផែនការសកម្មភាព។ ចំនុចសំខាន់គឺ ត្រូវផ្តល់អនុសាសន៍ ដែលគាត់អាចអនុវត្តបាន សមស្របទៅតាមធនធាន និងលទ្ធភាពរបស់អតិថិជន។ យើងនឹងមិនអាចដោះស្រាយបញ្ហាទាំងអស់ នៅពេលផ្តល់ប្រឹក្សាតែមួយដងនោះទេ។
ជ្រើសរើសប័ណ្ណមួយ ឬច្រើនដែលសាកសមទៅតាមបញ្ហា និងក្រុមគោលដៅ ដើម្បីប្រើប្រាស់នៅក្នុងការប្រឹក្សាយោបល់។ សូមមើលតារាងជំនួយសម្រាប់ជ្រើសរើសប័ណ្ណ។ ជួយអតិថិជនជ្រើសរើសនូវសកម្មភាពមួយ ឬពីរដែលគាត់អាចធ្វើបាន
និងព្រមធ្វើ។

គូសក្នុងប្រអប់សកម្មភាពដែលបានពិភាក្សាគ្នា និងដែលគាត់ព្រមព្រៀងធ្វើ។ ឱ្យអតិថិជននិយាយឡើងវិញនូវសកម្មភាពដែលគាត់នឹងសាកល្បងធ្វើ ដើម្បីឲ្យច្បាស់ទាំងអស់គ្នា។ បកស្រាយចម្លើយដល់គាត់ប្រសិនបើគាត់មានសំណួរ។

ជំហានទី៥៖ តាមដាន

១៣. ត្រួតពិនិត្យ និងតាមដានជាបន្តបន្ទាប់៖
១ខែម្តង ៣ខែម្តង ៦ខែម្តង ផ្សេងៗ _______
កំណត់ភាពញឹកញាប់នៃការត្រួតពិនិត្យ និងតាមដាន។ ពេលវេលាសំខាន់ៗ ដែលអ្នករស់នៅជាមួយមេរោគអេដស៍គួរទទួលបានការវាយតម្លៃ និងប្រឹក្សាអាហារូបត្ថម្ភ៖

  • ជួបប្រឹក្សាលើកដំបូង
  • អាស្រ័យទៅតាមដំណាក់កាលនៃមេរោគអេដស៍៖
    • អរោគសញ្ញា (គ្មានរោគសញ្ញា)៖ រៀងរាល់៦ខែ
    • រោគសញ្ញា៖ រៀងរាល់ខែ ឬរៀងរាល់៣ខែម្តង
  • នៅពេលចាប់ផ្តើម ឬប្តូរការព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគអេដស៍
  • ធ្វើការណាត់ជួបដើម្បីតាមដានជាមួយអតិថិជនទៅលើសកម្មភាពដែលបានព្រមព្រៀង។

២.១. ស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួចក្នុងអំឡុង៦ខែ(ទម្រង់វាយតម្លៃតាមសហគមន៍)

សម្គាល់៖ ទម្រង់តាមដានសម្រាប់ក្រុមគោលដៅទី២ (សម្រាប់សហគមន៍) មានសំណួរដូចគ្នាភាគច្រើនដូចគ្នាទៅនឹងទម្រង់ទី១ដែរ ប៉ុន្តែមានសំណួរខុសគ្នាមួយចំនួនដូចនៅក្នុងសេចក្តីពន្យល់សម្រាប់ខាងក្រោម (សំណួរទី៨-៩)។

៨. ប្រវែងរង្វាស់ពាក់កណ្តាលដើមដៃរបស់អតិថិជន៖
វាស់ប្រវែងរង្វាស់ពាក់កណ្តាលដើមដៃ គិតជាសង់ទីម៉ែត្រ រួចកត់ត្រាទុកដោយបំពេញនៅក្នុងចន្លោះដែលត្រូវបំពេញ។

៩. ស្ថានភាពអាហារូបត្ថម្ភ៖
ប្រើប្រាស់ព័ត៌មានក្នុងសំណួរលេខ៩ រួចគូសនៅក្នុងប្រអប់ត្រឹមត្រូវ៖
ទម្ងន់មិនគ្រប់/កង្វះអាហារូបត្ថម្ភ– MUACតិចជាង២៣ស.ម
ធម្មតា– MUAC ចាប់ពី ២៣ស.មឡើងទៅ
គេមិនប្រើសន្ទស្សន៍ម៉ាស់រាងកាយចំពោះស្ត្រីមានផ្ទៃពោះទេ ព្រោះទម្ងន់របស់គាត់ប្រែប្រួលទៅតាមការលូតលាស់របស់ទារកក្នុងផ្ទៃ។ គេវាស់ MUAC ជំនួសវិញ។ តើរង្វាស់ពាក់កណ្តាលដើមដៃរបស់អតិថិជនក្រោម២៣ស.ម ឬទេ? ប្រសិនបើក្រោម២៣ស.ម គេអចសន្និដ្ឋានបានថាអតិថិជនរូបនោះខ្វះអាហារូបត្ថម្ភ។ ក្រៅពីការប្រឹក្សាផ្នែកអាហារូបត្ថម្ភ ត្រូវបញ្ជូនអតិថិជនរូបនេះត្រូវទៅកាន់មណ្ឌលសុខភាព។

២.២. ស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួចក្នុងអំឡុង៦ខែ (ទម្រង់វាយតម្លៃតាមស្ថាប័ន)

សម្គាល់៖ ទម្រង់តាមដានសម្រាប់ក្រុមគោលដៅនេះ (សម្រាប់ស្ថាប័ន) មានសំណួរបន្ថែមដូចខាងក្រោម។

៨. គ. ទម្ងន់មុនពេលមានផ្ទៃពោះ និងកំណើនទម្ងន់មកត្រឹមឥឡូវ
សូមកត់ត្រាទម្ងន់មុនពេលមានផ្ទៃពោះជាគីឡូក្រាម (គ.ក)។
យកទម្ងន់ឥឡូវ ដកទម្ងន់មុនពេលមានផ្ទៃពោះ គិតជាគីឡូក្រាម ដើម្បីរកទម្ងន់ដែលគាត់បានកើនឡើងកន្លងមក។ ប្រសិនបើអតិថិជនគ្មានផ្ទៃពោះទេ ត្រូវសរសេរ «គ្មាន» នៅក្នុងផ្នែកនេះ។

៣. កុមារ និងក្មេងជំទង់អាយុពី០-១៩ឆ្នាំ

ព័ត៌មានទូទៅ

១. ថ្ងៃពិនិត្យ៖ កាលបរិច្ឆេទដែលការប្រឹក្សាត្រូវបានធ្វើឡើង

២. បំពេញឈ្មោះ ភេទ និងអាយុកុមារ

៣. អាណាព្យាបាល/ត្រូវជា៖ ឈ្មោះអាណាព្យាបាល និងនិងទំនាក់ទំនង
(ឧ. ត្រូវជាម្តាយ ឪពុក ជីដូន ឬជីតា)

៤. អាស័យដ្ឋានរបស់អតិថិជន

៥. ស្ថានភាពមេរោគអេដស៍៖ កត់ត្រាស្ថានភាពមេរោគអេដស៍របស់កុមារ ដោយគូសក្នុងប្រអប់ឱ្យបានត្រឹមត្រូវ និងកត់កាលបរិច្ឆេទពិនិត្យសុខភាពលើកចុងក្រោយ។

ជំហានទី១ និងទី២៖ វាយតម្លៃ និងវិភាគ

៦. បញ្ហាដែលអាណាព្យាបាលកុមារបានប្រាប់៖
នេះគឺជាសំណួរបើក។ សួរអាណាព្យាបាលអំពីបញ្ហារបស់កុមារ។ កត់ត្រាប្រភេទនៃបញ្ហា ផលរំខាន ឬរោគសញ្ញាដែលកុមារកំពុងតែមាន។

៧. ការប្រើប្រាស់ឱសថ ART/OI៖
គូសសញ្ញាបាទ ចាស ឬទេនៅក្នុងប្រអប់។ សម្រាប់ការបំពេញសំណួរនេះ អ្នកផ្តល់ប្រឹក្សាមិនចាំបាច់មើល ឬកត់ត្រាប្រភេទថ្នាំដែលអតិថិជនកំពុងប្រើទេ។ ប៉ុន្តែ សមាជិកក្រុមថែទាំតាមផ្ទះ គួរកត់ត្រានៅលើឯកសារដាច់ដោយឡែក ប្រសិនបើពួកគេបានឃើញអតិថិជនប្រើថ្នាំ។ នេះគឺជាផ្នែកមួួយ នៃកំណត់ត្រាថែទាំតាមផ្ទះ ដើម្បីតាមដានការប្រើប្រាស់ថ្នាំ ART ឱ្យបានត្រឹមត្រូវ។

៨. សម្រាប់កុមារអាយុ០–៦ខែ
អំពីការហើម ចូរគូសក្នុងប្រអប់មាន ឬគ្មាន។ ប្រសិនបើមានហើមសង្កត់ជើងហើយមានស្នាមទ្រុឌទាំងសងខាង នោះមានន័យថាកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងគួរតែបញ្ជូនទៅមណ្ឌលសុខភាព។

សម្រាប់កុមារអាយុ៦–៥៩ខែ
គេវាស់រង្វាស់ពាក់កណ្តាលដើមដៃនៅដៃខាងឆ្វេង ដោយប្រើម៉ែត្រវាស់ពាក់កណ្តាលដើមដៃ។ កត់តត្រាខ្នាតរបស់វាគិតសង់ទីម៉ែត្រ។ តើរង្វាស់ពាក់កណ្តាលដើមដៃតិចជាង ១១.៥ សង់ទីម៉ែត្រឬ? បើតិចជាងមែន អតិថិជននោះខ្វះអាហារូបត្ថម្ភ។

ចំណាត់ថ្នាក់

រង្វាស់ពាក់កណ្តាលដើមដៃ

ធម្មតា/ លូតលាស់បានល្អ

លើសពី ១២.៥ស.ម ឡើងទៅ

កង្វះអាហារូបត្ថម្ភមធ្យម

ពី១១.៥– តូចជាងឬស្មើ១២.៥ស.ម

បញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ក្រោម ១១.៥ស.ម

សម្រាប់កុមារ និង ក្មេងជំទង់អាយុ៥–១៩ឆ្នាំ
រក BMI កុមារ ដោយប្រើតារាងមើលសន្ទស្សន៍ម៉ាស់រាងកាយរបស់អង្គការហ្វាន់តា និងប្រើសន្ទស្សន៍ម៉ាស់រាងកាយតាមនឹងអាយុរបស់កុមាររបស់អង្គការសុខភាពពិភពលោក (តារាងនេះខុសគ្នាពីតារាងសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់មនុស្សពេញវ័យ)។

ចំណាត់ថ្នាក់

សន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ

ធម្មតា/ លូតលាស់បានល្អ

ធំជាងឬស្មើ -២SD

កង្វះអាហារូបត្ថម្ភមធ្យម

ចន្លោះ -៣ និង -២SD

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ស្មើឬតិចជាង -៣SD

៩. ស្ថានភាពអាហារូបត្ថម្ភ

ប្រើប្រាស់ព័ត៌មានក្នុងសំណួរលេខ៨ រួចគូសនៅក្នុងប្រអប់ត្រឹមត្រូវ។ បើកុមារហើមទ្រុតជើងទាំងសងខាង ត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាព។

១០. ជាធម្មតា តើកុមារបរិភោគអ្វីខ្លះជាប្រចាំ?
សម្រាប់កុមារអាយុពី ០–៦ខែ
បំបៅដោះសុទ្ឋ? បំបៅទឹកដោះគោជំនួស? បើកុមារបៅទឹកដោះម្សៅ តើបានលាយផ្សំតាមរូបមន្តត្រឹមត្រូវទេ? មានអនាម័យដែរឬទេ?
ចូរគូសក្នុងប្រអប់ បាទ/ចាស ឬ ទេ ដោយផ្អែកលើការបំបៅដែលផ្តល់ឱ្យកុមារអាយុក្រោម៦ខែ។

សម្រាប់កុមារអាយុពី ៦–៥៩ខែ ឬកុមារ និងក្មេងជំទង់អាយុ៥–១៩ឆ្នាំ
គូសក្នុងប្រអប់ដែលសមរម្យដើម្បីបង្ហាញតើអាហារអ្វីដែលកុមារ បរិភោគសម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាច និងអាហារសម្រន់
បរិភោគអាហារពេលក្នុង១ថ្ងៃ ប៉ុន្មានពេល?
ស្នើឱ្យឪពុកម្តាយ/អ្នកថែរក្សារៀបរាប់ពីអ្វី ដែលកុមារទទួលទានជាធម្មតាប្រចាំថ្ងៃ។ គូសក្នុងប្រអប់ដែលសមរម្យ។
បរិភោគអាហារសម្រន់ក្នុង១ថ្ងៃ ប៉ុន្មានដង?
កត់ត្រាចំនួនដងនៃអាហារសម្រន់ដែលបរិភោគក្នុងមួយថ្ងៃដោយគូសក្នុងប្រអប់ត្រឹមត្រូវ។
សារធាតុរាវ (ក្រៅពីទឹក) និងបរិមាណទឹកបរិភោគ ដែលបរិភោគក្នុង១ថ្ងៃ៖
សាកសួរឪពុកម្តាយ/អាណាព្យាបាលថា តើមួយថ្ងៃកុមារបរិភោគទឹក ឬសារធាតុរាវប៉ុន្មានកែវ? បង្ហាញរូបភាពកែវទឹក ហើយសួរពួកគេថា កែវមួយណាដែលមានទំហំដូចនឹងកែវដែលកុមារប្រើប្រចាំថ្ងៃ។ បើកុមារបរិភោគទឹកស្មើនឹងកែវពណ៌ខៀវ ៤ដងក្នុងមួយថ្ងៃ ចូរគូសនៅក្នុងប្រអប់១លីត្រ កត់ត្រារួមទាំង ចំនួនកែវទឹកដែលបានពិសារប្រចាំថ្ងៃ។ សម្រាប់កុមារអាយុ៦–៥៩ខែ ចូរផ្តោតសំខាន់លើធាតុរាវ (ទឹកដោះគោ ទឹកដោះគោម្សៅ) ដោយគិតរង្វាស់ជាពែង ឬកែវ។

តើមានអាហារទាំងបីក្រុម នៅក្នុងអាហារពេលនិមួយៗឬទេ?
នៅក្នុងប្រអប់នេះវាយតម្លៃក្រុមអាហារណាមួយដែលអតិថិជនតែងតែបរិភោគជា្របចាំ។ សម្រាប់សំណួរនេះ អ្នកផ្តល់ប្រឹក្សាត្រូវបង្ហាញប័ណ្ណអាហារតូចៗនៅលើតុ។ ដោយមើលម្តងមួយពណ៌ ឬដោយមើលប័ណ្ណទាំងអស់ដាក់ចំរុះចូលគ្នានៅលើតុ ឱ្យអតិថិជនដកយកប័ណ្ណអាហារដែលពួកគាត់តែងតែបរិភោគ។ អ្នកអាចសួរសំណួរខ្លះអាចសួរដូចជា តើសម្លរបស់អ្នកដាក់អ្វីខ្លះ? ដាក់បន្លែអ្វី? មានត្រី ឬខ្យងខ្ចៅ ឬសាច់អ្វីទេ? តើអ្នកដាក់ប្រេង/ខ្លាញ់ដែរឬទេ? ដាក់ជីទេ? ដាក់ម្ទេសទេ? បើអតិថិជនបានបរិភោគក្រុមអាហារទាំងអស់ ចូរគូសប្រអប់“មាន”។

តើអតិថិជនបរិភោគអាហារសំបូរជាតិដែក (សាច់ ស៊ុត បន្លែបៃតង) ដែរឬទេ?
នៅក្នុងប្រអប់នេះវាយតម្លៃអាហារដែលមានជាតិដែកដែលអតិថិជនតែងតែងបរិភោគ។ សម្រាប់សំណួរនេះ អ្នកផ្តល់ប្រឹក្សាអាចប្រើប្រាស់ប័ណ្ណអាហារតូច ដើម្បីបង្ហាញនូវអាហារដែលមានជាតិដែក សម្រាប់បង្ហាញអតិថិជន។

១១. របបអាហារ៖
កុមារទើបកើតរហូតដល់អាយុ៦ខែគត់៖ ខ្វះខាត ល្អ
គូសប្រអប់ “ខ្វះខាត” បើសិនអតិថិជនមិនកំពុងបំបៅដោះទារក ឬការបំបៅជំនួសគ្មានសុវត្ថិភាព។
គូសប្រអប់ “ល្អ” បើសិនអតិថិជនបំបៅដោះទារក ឬការបំបៅជំនួសមានសុវត្ថិភាព។
កុមារអាយុ៦–៥៩ខែ៖ ខ្វះខាត មធ្យម ល្អ
មានសូចនាករពីរដើម្បីវាយតម្លៃ គឺបរិមាណ និងគុណភាពរបស់អាហារ។
គូសប្រអប់ “ខ្វះខាត” បើសិនអតិថិជនតែងតែបរិភោគ អាហារពេល និងអាហារសម្រន់តិចជាង ២ដងក្នុងមួយថ្ងៃ និង/ឬ បរិភោគតែអាហារមួយក្រុម និងទឹកដោះគោ០–១កែវក្នុងមួយថ្ងៃ និងមិនបៅដោះសោះ។
គូសប្រអប់ “មធ្យម” បើសិនអតិថិជនតែងតែបរិភោគ អាហារពេល ២ពេល អាហារសម្រន់១–២ដង និងទឹក១–២ កែវ អាហារ១–២ក្រុមក្នុងមួយថ្ងៃ។
គូសប្រអប់ “ល្អ” បើសិនអតិថិជនតែងតែបរិភោគអាហារពេល យ៉ាងតិច៣ពេល ជាមួយអាហារសម្រន់ពីរដង ដោយមានអាហារមកពីក្រុមទាំងបី យ៉ាងតិចទឹកដោះគោ២កែវ(បើមិនបានបៅដោះ) ក្នុងមួយថ្ងៃជាប្រចាំ។
កុមារចាប់ពីអាយុ ៥–១៩ឆ្នាំ៖ ខ្វះខាត មធ្យម ល្អ
មានសូចនាករពីរដើម្បីវាយតម្លៃ គឺបរិមាណ និងគុណភាពរបស់អាហារ។
គូសប្រអប់ “ខ្វះខាត” បើសិនអតិថិជនតែងតែបរិភោគ ១ពេល ឬអត់សោះ គ្មានអាហារសម្រន់ ទទួលទានទឹកតិចជាង ១លីត្រ និងពិសារមកពី១–២ក្រុមក្នុងមួយថ្ងៃ។
គូសប្រអប់ “មធ្យម” បើសិនអតិថិជនតែងតែបរិភោគអាហារពេល ២ពេល អាហារសម្រន់ ១ដង ទឹកបានយ៉ាងតិច ១លីត្រ ដោយមានអាហារបីក្រុម ជារៀងរាល់ថ្ងៃ។
គូសប្រអប់ “ល្អ” បើសិនអតិថិជនតែងតែបរិភោគយ៉ាងតិចអាហារពេល ៣ពេល អាហារសម្រន់ ២ដង ដោយមានអាហារ៣ក្រុម រួមទាំងទឹកដោះគោ ២លីត្រក្នុងមួយថ្ងៃ។

សម្គាល់៖ សម្រាប់សំណួរទី១២ និង១៣ (នៃជំហានទី៣ ទី៤ និងទី៥) សូមមើលការណែនាំនៅក្នុងទម្រង់វាយតម្លៃសម្រាប់មនុស្សពេញវ័យទាំងពីរភេទ។

Did you find apk for android? You can find new Free Android Games and apps.