logo
logo

អារម្ភកថា (Facilitator KH)

Want create site? With Free visual composer you can do it easy.

សៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួល

កញ្ចប់សម្ភារៈអាហារល្អ

food

សៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលអំពីកញ្ចប់សម្ភារៈអាហារល្អនេះត្រូវបានបង្កើត​ឡើង​លើក​ទី​មួយ​ក្នុង​ឆ្នាំ​២០០៩ ហើយឯកសារនេះគឺជាការត្រួតពិនិត្យលើកទីពីរដែលមានការកែសម្រួល និង​​ធ្វើ​បច្ចុប្បន្នកម្ម នៅចុងឆ្នាំ២០១៤។
ការត្រួតពិនិត្យលើកទីមួយ បង្កើតឡើងក្រោមទឹកចិត្តសប្បុរសរបស់ប្រជាជនអាមេរិកតាមរយៈ​មូលនិធិ​របស់​ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) និងមូនិធិសកលប្រយុទ្ធនឹង​ជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ (GFATM) ។
ការត្រួតពិនិត្យលើកទីពីរនៃសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលនេះបានទទួលការគាំទ្រដោយ កម្មវិធីស្បៀងអាហារពិភពលោកប្រទេសកម្ពុជារបស់អង្គការសហប្រជាជាតិ ដែលមានការកែសម្រួល ការធ្វើបច្ចុប្បន្នកម្មបកប្រែ បោះពុម្ព និង​ផ្សព្វផ្សាយ។
ការត្រួតពិនិត្យលើកទីពីរនៃសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលនេះអាចចម្លងបាន និងចែកជូន​តាមតម្រូវការ​ក្នុងករណីដែលមានការបញ្ជាក់ពីប្រភពច្បាស់លាស់។

បោះពុម្ពលើកទីមួយ ឆ្នាំ​២០០៩
ត្រួតពិនិត្យ និងបោះពុម្ពឡើងវិញ ឆ្នាំ​២០១៤ (លើកទី ២)
ត្រួតពិនិត្យ​ឡើងវិញ ឆ្នាំ​២០១៧ (លើកទី ៣)

អារម្ភកថា

សេចក្តីថ្លែងអំណរគុណ

កញ្ចប់សម្ភារៈអាហារល្អ និងសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួល ដែលត្រូវបានបោះពុម្ពឡើងលើកទីពីរនេះត្រូវបានរៀបរៀងឡើងដោយមានកិច្ចសហការរវាងដៃគូជាច្រើនដែលទទួលបន្ទុកផ្នែកមេរោគអេដស៍ និងអាហារូបត្ថម្ភនៅកម្ពុជា។ ការបោះពុម្ពផ្សាយនេះបង្ហាញនូវកិច្ចប្រឹងប្រែងដ៏ធំធេង និងគួរឲ្យកោតសរសើរនៅក្នុងការកែប្រែឲ្យប្រសើរឡើង និងពង្រីកវិសាលភាពខ្លឹមសារ ដើម្បីឆ្លើយតបទៅតាមគោលនយោបាយ និងគោលគំនិតថ្មីៗពាក់ព័ន្ធនឹងមេរោគអេដស៍ និងអាហារូបត្ថម្ភ។ កិច្ចសម្របសម្រួលនេះត្រូវបានដឹកនាំដោយ វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងវេជ្ជបណ្ឌិត ឡាន វ៉ាន់សេង នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ រួមសហការជាមួយ ក្រុមការងារស្នូលទទួលបន្ទុកផ្នែកអាហារូបត្ថម្ភសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍។ ការគាំទ្រផ្នែកបច្ចេកទេសត្រូវបានផ្តល់ដោយកម្មវិធីស្បៀងអាហារពិភពលោកកម្ពុជា ជាពិសេស លោកស្រី Dessa Shuckerow និងលោកស្រី ឌិន ស៊ាងឡាយ ដោយមានការគាំទ្រពីការិយាល័យប្រចាំតំបន់អាស៊ីនៃកម្មវិធីស្បៀងអាហារពិភពលោក។ ការធ្វើបច្ចុប្បន្នភាពនេះ អាចធ្វើទៅបានដោយសារមានការគាំទ្រពីមូលនិធិសប្បុរសរបស់ UNAIDS។

កញ្ចប់សម្ភារៈអាហារល្អ និងសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលនេះត្រូវបានបោះពុម្ពលើកទី១ ក្នុងឆ្នាំ២០០៩។ ការកែប្រែសម្រួលឡើងវិញក្នុងឆ្នាំ២០១៤ ដោយរួមបញ្ចូលនូវមេរៀនបទពិសោធន៍ដែលទទួលបានពីការអនុវត្តន៍ផ្ទាល់ គោលគំនិតថ្មីៗអំពីអាហារូបត្ថម្ភសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ និងការផ្លាស់ប្តូរនៅក្នុងគោលនយោបាយជាតិស្តីអំពីមេរោគអេដស៍។ ឯកសារនេះបានពង្រីកវិសាលភាពខ្លឹមសារ ដោយរួមបញ្ចូលនូវក្រុមគោលដៅបន្ថែមរួមមាន ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ដែលមានរស់នៅជាមួយមេរោគអេដស៍ ទារកដែលប្រឈមនឹងមេរោគអេដស៍ កុមាររស់នៅជាមួយមេរោគអេដស៍ និង កុមារកំព្រា និងកុមារងាយរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍។

សូមថ្លែងអំណរគុណដល់សមាជិកក្រុមការងារស្នូលទទួលបន្ទុកអាហារូបត្ថម្ភសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ ដែលបានរួមចំណែកនៅក្នុងការកែសម្រួលលើកទីពីរនេះរួមមាន៖ កម្មវិធីជាតិអាហារូបត្ថម្ភ កម្មវិធីបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន អង្គការ Cambodian HIV/AIDS Education and Care (CHEC) អង្គការ Khmer HIV/AIDS NGO Alliance (KHANA) អង្គការ Caritas អង្គការ CRS (Catholic Relief Service) អង្គការ Family Health International (FHI) 360 អង្គការ Clinton Health Access Initiative (CHAI) អង្គការ Cambodian People living with HIV Network (CPN+) អង្គការ សុខភាពពិភពលោក (WHO) អង្គការយូនីសេហ្វ (UNICEF) និងអង្គការយូអិនអេដស៍ (UNAIDS)។

សូមថ្លែងអំណរគុណដល់ Lia Purnomo, Amanda Justice, Katherine Coote និង Charmaine Turton នៃមជ្ឈមណ្ឌល Albion នៅប្រទេសអូស្ត្រាលី ដែលបានផ្តល់នូវជំនាញបច្ចេកទេស ក្នុងការកែប្រែការបោះពុម្ពផ្សាយលើកទីពីរនេះ និងជឹម ចំរើន សម្រាប់ការថតរូប លម្អរូបភាព និងរចនាទំព័រ។

សូមថ្លែងអំណរគុណជាពិសេសដល់ អ្នកផ្តល់សេវា ក្រុមថែទាំតាមផ្ទះ ក្រុមជួយខ្លួនឯង និងអ្នករស់នៅជាមួយមេរោគអេដស៍ផ្ទាល់ ជាច្រើននាក់ដែលមិនបានរៀបរាប់ឈ្មោះនៅទីនេះ ដែលបានផ្តល់ជាបទពិសោធន៍ជាក់ស្តែងដែលជាមូលដ្ឋាននៃព័ត៌មាននៅក្នុងការបោះពុម្ពផ្សាយលើកទីពីរនេះ។ ជាទីបញ្ចប់ សូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រ ម្តងទៀតចំពោះបុគ្គល​និងស្ថាប័នទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងការបង្កើតឲ្យមាននូវកញ្ចប់សម្ភារៈអាហារល្អ និងសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួល ដែលបានបោះពុម្ពលើកទីមួយ។

តារាងពាក្យបំព្រួញ និងអក្សរកាត់

AIDSជំងឺអេដស៍ (Acquired Immune Deficiency Syndrome)
AHEADអង្គការសកម្មភាពអភិវឌ្ឍន៍ដើម្បីសុខភាព (Action for Health and Development)
ARTការព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍ (Anti-retroviral Therapy)
ARVឱសថប្រឆាំងនឹងមេរោគរោគអេដស៍ (Anti-retroviral Drugs)
BCGការផ្តល់វ៉ាក់សាំងប្រឆាំងនឹងជំងឺរបេង (Bacillus Calmette-Guerin Vaccination)
BFCIសហគមន៍ ស្រឡាញ់ទារក (Baby Friendly Community Initiative)
BDFអង្គការព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍ (Buddhism for Development)
BMIសន្ទស្សន៍ម៉ាស់រាងកាយ (Body Mass Index)
CHAIClinton Health Access Initiative
CHCសហគមន៍សុខភាពកម្ពុជា (Community Health Cambodia)
CHECអង្គការកម្ពុជាអប់រំ និង ថែទាំជំងឺអេដស៍ (Cambodian HIV/AIDS Education and Care)
CRSCatholic Relief Service
DNADeoxyribonucleic Acid
HBCការថែទាំតាមផ្ទះ (Home-Based Care)
HCមណ្ឌលសុខភាព (Health Center)
HCWអ្នកថែទាំសុខភាព (Health Care Worker)
H/Aកម្ពស់ធៀបនឹងអាយុ (Height-for-Age)
HIVមេរោគអេដស៍ (Human Immunodeficiency Virus)
HKIអង្គការ ហេឡែន ខេលល័រ អន្តរជាតិ Helen Keller International
FANTAជំនួយបច្ចេកទេសអាហារូបត្ថម្ភ និងស្បៀងអាហារ ( Food and Nutrition Technical Assistance)
FAOអង្គការកសិកម្ម និងស្បៀងអាហារ (Food and Agriculture Organization)
FHI 360360 Family Health International
KHANAអង្គការខាណា (Khmer HIV/AIDS NGO Alliance)
LBWកើតមិនគ្រប់ទម្ងន់ (Low Birth Weight)
MoHក្រសួងសុខាភិបាល (Ministry of Health )
MSGក្រុមគាំទ្រមាតា (Mother Support Group)
MUACរង្វាស់ពាក់កណ្តាលដើមដៃ (Mid-Upper Arm Circumference)
NCHADSមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (National Center for HIV/AIDS, Dermatology and Sexually Transmitted Infection)
NGOអង្គការមិនមែនរដ្ឋាភិបាល (Non-Governmental Organization)
NAAអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (National AIDS Authority)
NMCHCមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក (National Maternal and Child Health Center)
NNPកម្មវិធីជាតិអាហារូបត្ថម្ភ (National Nutrition Program)
OI/ARTគ្លីនិក​ផ្តល់​សេវាព្យាបាលជំងឺឱកាសនិយម/សេវាព្យាបាលដោយប្រើឱសថប្រឆាំង​នឹងមេរោគ អេដស៍ (Opportunistic Infection/antiretroviral Therapy Clinic)
OIជំងឺឱកាសនិយម (Opportunistic Infection)
ORSការបង្គ្រប់ជាតិទឹកតាមមាត់ (Oral Rehydration Solution)
OVCកុមារកំព្រា និងកុមារងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ (Orphans and Children Made Vulnerable by HIV/AIDS)
PCដៃគូសប្បុរសនៅកម្ពុជា (Partners in Compassion/Cambodia)
PCRប្រតិកម្មច្រវាក់ប៉ូលីមែរ (Polymerase Chain Reaction)
PLHIVអ្នករស់នៅជាមួយមេរោគអេដស៍ (People Living with HIV)
PMTCTកម្មវិធីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន (Prevention of Mother-to-Child Transmission)
SCCមជ្ឈមណ្ឌលសហសង្គ្រោះកម្ពុជា (Salvation Center Cambodia)
SHGក្រុមជួយខ្លួនឯង (Self-Help Group)
SITមូលនិធិសង្គ្រោះកុមារអសមត្ថភាព (Save Incapacity Teenager)
TOTការបណ្តុះបណ្តាលគ្រូបង្គោល (Training of Trainers)
WAOការិយាល័យភូមិភាគខាងលិច (Western Area Office)
W/Aទម្ងន់ធៀបនឹងអាយុ (Weight-for-Age )
WFPអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme)
W/Hទម្ងន់ធៀបនឹងកម្ពស់ (Weight-for-Height )
WHOអង្គការសុខភាពពិភពលោក (World Health Organization)

ប្រវត្តិរបស់“កញ្ចប់សម្ភារៈអាហារល្អ”

មានការទទួលស្គាល់យ៉ាងច្បាស់ថាអាហារូបត្ថម្ភល្អនឹងនាំឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មានគុណភាពជីវិតរស់នៅកាន់តែប្រសើរឡើង។ ក្នុងខណៈពេលដែលកម្ពុជាទទួលបានយ៉ាងឆាប់រហ័សជាសកលនូវថ្នាំប្រឆាំងនឹងមេរោគអេដស៍ អាហារូបត្ថម្ភដើរតួនាទីកាន់តែសំខាន់ក្នុងការធានាឱ្យជីវិតរស់នៅបានយូរអង្វែងជាងមុន និងមានផលិតភាពប្រសើរជាងមុន។

នៅកម្ពុជា គេអាចស្វែងរកអាហារបាននៅតាមសហគមន៍ក្នុងតម្លៃទាប។ បញ្ហាប្រឈមគឺ ត្រូវស្វែងរក និងផ្សព្វផ្សាយអំពីអាហារទាំងនេះនៅក្នុងសហគមន៍របស់អ្នករស់នៅជាមួយមេរោគអេដស៍។ ការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភអាចជាមធ្យោបាយសំខាន់មួយក្នុងការធ្វើឱ្យប្រសើរឡើងនូវទម្លាប់បរិភោគអាហារ បង្កើនរបបអាហារ ណែនាំអំពីការគ្រប់គ្រងរោគសញ្ញាតាមរយៈអាហារូបត្ថម្ភ និងផ្តល់នូវការគាំទ្របន្ថែមដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមគ្រួសាររបស់ពួកគេ។

កញ្ចប់សម្ភារៈអាហារល្អត្រូវបានបោះពុម្ពផ្សាយលើកដំបូងក្នុងឆ្នាំ ២០០៩។ កញ្ចប់សម្ភារៈអាហារល្អនេះត្រូវបានបង្កើតឡើងដើម្បីជាជំនួយដល់សមាជិកក្រុមថែទាំតាមផ្ទះ (នៅក្នុងឯកសារនេះ យើងហៅពួកគាត់ថាជាអ្នកផ្តល់ប្រឹក្សា) ដែលជាអ្នកជួយដល់អ្នករស់នៅជាមួយមេរោគអេដស៍ឱ្យស្វែងរកអាហារក្នុងមូលដ្ឋានរបស់ពួកគេ និងដើម្បីជួយធ្វើឱ្យមានការកែប្រែការប្រព្រឹត្ត ដើម្បីឱ្យសុខភាពភាពប្រសើរឡើង។ ការត្រួតពិនិត្យលើកទីពីរក្នុងឆ្នាំ២០១៤ នេះត្រូវបានកែសម្រួល ធ្វើបច្ចុប្បន្នកម្មខ្លឹមសារ និងពង្រីកខ្លឹមសារបន្ថែមដោយរាប់បញ្ចូលទាំងសុខភាពមាតា និងទារកដែលអាចប្រើដើម្បីជាជំនួយដល់សមាជិករបស់ក្រុមថែទាំតាមផ្ទះ បុគ្គលិកមណ្ឌលសុខភាព បុគ្គលិកគ្លីនិកសេវាព្យាបាលជំងឺឱកាសនិយម/ព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល (NGO) ដែលផ្តល់ការថែទាំ និងការគាំទ្រសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍។

ក្រុមគោលដៅចម្បងសម្រាប់កញ្ចប់សម្ភារៈនេះមានបីក្រុម។ ក្រុមទីមួយ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលជាមនុស្សពេញវ័យមានសុខភាពល្អមធ្យម និងរស់នៅធម្មតា។ កញ្ចប់សម្ភារៈនេះបង្កើតដើម្បីជួយឱ្យអ្នកទាំងនេះមានសុខភាពល្អថេរ និងបន្តរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ ឱ្យបានកាន់តែប្រសើរឡើង។ ក្រុមគោលដៅទីពីរគឺស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលកំពុងបំបៅដោះកូនដែលរស់នៅជាមួយមេរោគអេដស៍។ ចំណែកក្រុមគោលដៅទីបីគឺទារកប្រឈមនឹងការឆ្លងមេរោគអេដស៍ កុមាររស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និងកុមារងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ មនុស្សពេញវ័យ និងកុមារដែលកំពុងឈឺធ្ងន់ដោយសារមេរោគអេដស៍ និងកំពុងសម្រាកនៅលើគ្រែមិនត្រូវបានរាប់បញ្ចូលក្នុងកញ្ចប់សម្ភារៈនេះទេ។ កញ្ចប់សម្ភារៈនេះគឺជាវិធីសាស្ត្រមួយក្នុងការចូលរួមកែប្រែទម្លាប់ ដោយប្រើប័ណ្ណតូចៗដែលមានរូបអាហារក្នុងសហគមន៍ និងរូបភាពទំហំពិតនៃបាយ និងសម្លផងដែរ។ កញ្ចប់សម្ភារៈនេះ អាចឱ្យអតិថិជនស្វែងរកអាហារសមស្របនៅក្នុងសហគមន៍ ដែលពួកគាត់អាចលៃលកទិញបាន។ កញ្ចប់សម្ភារៈនេះក៏អាចជួយឱ្យអ្នកផ្តល់ប្រឹក្សាអាចចរចាអំពីទម្លាប់ថ្មីៗជាមួយអតិថិជនរបស់ពួកគេ ដូចជា បន្ថែមអាហារពេល ឬអាហារសម្រន់ បន្ថែមបរិមាណបាយ ឬសម្លដែលសម្បូរទៅដោយជីវជាតិ និងដាក់“គ្រឿងផ្សំបន្ថែម”ទៅក្នុងម្ហូបដើម្បីផ្តល់កាឡូរី និងសារជាតិចិញ្ចឹមបន្ថែម ដូចជា៖ ប្រេងឆា សណ្តែកដី គ្រាប់ល្ង គ្រាប់ធុញ្ញជាតិ សៀង និងសណ្តែកកួរ ។ល។ ការផ្តល់ប្រឹក្សាយោបល់អាចអនុវត្តទៅតាមទម្រង់តាមដាន ដែលផ្តោតសំខាន់ទៅលើការវាយតម្លៃអំពីអាហារូបត្ថម្ភ និងសុខភាព ព្រមទាំងភាពញឹកញាប់ និងគុណភាពរបស់អាហារ។ លើសពីនេះទៅទៀត កញ្ចប់សម្ភារៈនេះក៏មានផងដែរនូវ ប័ណ្ណរស់នៅប្រកបដោយសុខភាពល្អដែលបានរៀបចំឡើងដើម្បីលើកកម្ពស់អនាម័យនិងការថែទាំសុខភាព។

ការប្រើប្រាស់ឯកសារនេះ

គោលបំណង

សៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលនេះផ្តល់នូវការណែនាំ និងជាឧបករណ៍មួយក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពេញលេញមួយលើការប្រើប្រាស់កញ្ចប់សម្ភារៈអាហារល្អ។ វាត្រូវបានបង្កើតឡើងសម្រាប់គ្រូបង្គោល និងបុគ្គលិករដ្ឋ និងបុគ្គលិកកម្មវិធីថែទាំ និងគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍។ អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះគួរមានទាំងបុគ្គលិកដែលបម្រើការនៅសេវាសុខភាព កម្រិតមូលដ្ឋាន នៅសហគមន៍ និងនៅតាមផ្ទះរបស់អ្នករស់នៅជាមួយមេរោគអេដស៍។ ប្រាកដណាស់ ឯកសារនេះត្រូវបានបង្កើតឡើងសម្រាប់សមាជិកក្រុមថែទាំតាមផ្ទះ ឬអ្នកផ្តល់ប្រឹក្សា ប៉ុន្តែយើងមិនកំណត់តែត្រឹមហ្នឹងទេ។ គេក៏អាចយកកញ្ចប់សម្ភារៈនេះទៅបណ្តុះបណ្តាលបុគ្គលិកមណ្ឌលសុខភាព បុគ្គលិកសេវាព្យាបាលជំងឺឱកាសនិយម/សេវាព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍ ឬបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលដែរ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញគាំទ្រ និងថែទាំដោយប្រើប្រាស់អាហារូបត្ថម្ភ ដល់អ្នកទាំងឡាយដែលមានតួនាទីផ្តល់ព័ត៌មានទូទៅអំពីអាហារូបត្ថម្ភ និងផ្តល់ការថែទាំគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។

សៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ជំនាញចាំបាច់ និងចំណេះដឹងក្នុងការផ្តល់ប្រឹក្សាដែលឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន។ វគ្គបណ្តុះបណ្តាលចាប់ផ្តើមដោយផ្តល់ព័ត៌មានមូលដ្ឋានអំពីអាហារូបត្ថម្ភ និងមេរោគអេដស៍ កសាងជំនាញក្នុងការវាស់វែងទិន្នន័យអំពីរាងកាយ និងបណ្តុះជំនាញផ្តល់ប្រឹក្សាជាមួយនឹងកញ្ចប់សម្ភារៈ។ ការផ្តល់ប្រឹក្សាត្រូវបានរៀបចំជាវិធីសាស្ត្រដែលមានប្រាំជំហាន ដែលមានបែងចែកច្បាស់នៅក្នុងទម្រង់តាមដាន ដែលផ្តល់ជាការណែនាំងាយស្រួលសម្រាប់អ្នកផ្តល់ប្រឹក្សាអនុវត្តតាម។ វគ្គបណ្តុះបណ្តាលនេះ បង្រៀនអំពីរបៀបវាយតម្លៃទៅសកម្មភាពរបស់អតិថិជនពាក់ព័ន្ធទៅនឹងរបបអាហារ និងការថែទាំសុខភាពរបស់ពួកគេ និងដើម្បីផ្តល់ការណែនាំយោងទៅតាមការវាយតម្លៃនេះ។ ប័ណ្ណរស់នៅប្រកបដោយសុខភាពល្អចំនួន២៥ មានបង្ហាញរូបភាពពណ៌ ដែលផ្តល់នូវសារគន្លឹះក្នុងការរក្សាសុខភាពឱ្យបានល្អ គ្រប់គ្រងរោគសញ្ញាជំងឺផ្សេងៗ និងជម្រុញការស្វែងរកសេវាថែទាំសុខភាពទាន់ពេល។ ប័ណ្ណជំនួយទាំងនេះគឺសម្រាប់ប្រើក្នុងពេលវេលាជាក់ស្តែងណាមួយ ទៅតាមអាទិភាពដែលបានកំណត់ក្នុងអំឡុងពេលផ្តល់ប្រឹក្សាដល់អតិថិជន។

ការបណ្តុះបណ្តាលនេះផ្តល់នូវឱកាសជាច្រើនដល់សិក្ខាកាមក្នុងការអនុវត្តន៍នូវជំនាញថ្មីក្នុងការផ្តល់ប្រឹក្សា និងបញ្ចប់ដោយការចុះអនុវត្តន៍ផ្ទាល់ជាមួយអតិថិជនជាក់ស្តែង។ គួរកត់សម្គាល់ថា ការផ្តល់ប្រឹក្សាមានប្រសិទ្ធភាពបំផុតគឺនៅពេលដែលមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងអ្នកផ្តល់ប្រឹក្សា និងអតិថិជន។ ការស្តាប់ ការយល់ ការបង្រៀន និងការផ្តល់ដំបូន្មានគឺមាននៅក្នុងកញ្ចប់សម្ភារៈអាហារល្អ។ អ្នកផ្តល់ប្រឹក្សាត្រូវបានជំរុញឱ្យផ្តល់យោបល់ពិភាក្សា និងចរចាជាមួយអតិថិជន អំពីជម្រើសក្នុងការលើកកម្ពស់របបអាហារ និងសុខភាព ដែលសមស្របបំផុតទៅតាមធនធានដែលពួកគាត់មាន។ កញ្ចប់សម្ភារៈ និងសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលយកលំនាំតាមគោលការណ៍ណែនាំដែលអនុញ្ញាតឱ្យអ្នករស់នៅជាមួយមេរោគអេដស៍ទទួលបានបទពិសោធន៍ និងកែប្រែវិធីរស់នៅរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ ចុងក្រោយនេះយើងអាចនិយាយបានថាកញ្ចប់សម្ភារៈអាហារល្អមិនគ្រាន់តែជាការណែនាំក្នុងការបរិភោគអាហារដោយមានសុខភាពល្អនោះទេ វាក៏ជាឧបករណ៍សម្រាប់ការសិក្សា ការផ្តល់ប្រឹក្សា ការដោះស្រាយបញ្ហា និងការផ្លាស់ប្តូរឥរិយាបថដែលនឹងជួយដល់អ្នកផ្តល់ប្រឹក្សាក្នុងកិច្ចគាំពារដល់អ្នករស់នៅជាមួយមេរោគអេដស៍ ដើម្បីកំណត់ និងស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាសុខភាព និងរបបអាហារដែលពួកគេជួបប្រទះប្រចាំថ្ងៃ។ នៅពេលដែលមានភាពស្ទាត់ជំនាញលើមូលដ្ឋានប្រើប្រាស់កញ្ចប់សម្ភារៈហើយ គ្រូបង្គោល និងអ្នកផ្តល់ប្រឹក្សាគួរស្វែងរកនូវវិធីថ្មីៗទៀតក្នុងការប្រើប្រាស់កញ្ចប់សម្ភារៈនេះ។ លទ្ធភាពដែលអាចធ្វើទៅបានគឺគ្មានដែនកំណត់ទេ។

សៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលនេះត្រូវបានរៀបចំឡើងសម្រាប់អនុវត្តនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែវាប្រាកជាមិនអាចរួមបញ្ជូលបានទាំងអស់នូវភាពខុសៗគ្នាតាមមូលដ្ឋាន ដែលមានបរិបទ វប្បធម៌ សាសនា និងសេដ្ឋកិច្ចសង្គមខុសៗគ្នានោះទេ។ ភាពខុសគ្នាក៏អាចកើតមានដោយសារប្រព័ន្ធសុខាភិបាល និងធនធានតាមមូលដ្ឋានមានភាពខុសគ្នាដែរ។ កម្រិតធនធានខុសគ្នា ជាពិសេសធនធានអាហារ ក៏បង្កឱ្យមានភាពខុសគ្នាទៅលើការគ្រប់គ្រងអាហារូបត្ថម្ភដែរ។ ភាពខុសប្លែកគ្នាទាំងនេះមានឥទ្ធិពលទៅលើការថែទាំ និងគាំទ្រផ្នែកអាហារូបត្ថម្ភ សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា និងកុមារងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ដូច្នេះ វគ្គបណ្តុះបណ្តាលនេះត្រូវសម្របទៅតាមបរិបទមូលដ្ឋាន។ អ្នកសម្របសម្រួលអាចអញ្ជើញអ្នកមានបទពិសោធន៍បណ្តុះបណ្តាលឱ្យចូលរួមក្នុងវគ្គ ដើម្បីឱ្យពួកគេផ្តល់មតិកែលម្អក្នុងការកែប្រែកញ្ចប់សម្ភារៈឱ្យសមស្របទៅតាមតម្រូវការមូលដ្ឋាន ឧទាហរណ៍ ដកស្រង់ករណីសិក្សាចេញពីបទពិសោធន៍ជាក់ស្តែងក្នុងមូលដ្ឋាន។

ព័ត៌មានសំខាន់សម្រាប់អ្នកសម្របសម្រួល

មេរៀននីមួយៗនៅក្នុងសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួលនេះមានព័ត៌មានដូចខាងក្រោម៖

  • ការរៀបចំសម្រាប់អ្នកសម្របសម្រួល៖ ពន្យល់ពីថេរវេលាប៉ាន់ស្មានរបស់មេរៀនសម្ភារៈដែលត្រូវការ និងវិធីសាស្ត្របង្រៀន។
  • ជំហាននៃការណែនាំ៖ រួមបញ្ចូលទាំងការណែនាំរបស់មេរៀន គោលបំណងនៃមេរៀន និងការជំហានណែនាំពីរបៀបនៃសម្របសម្រួលដល់ការរៀនសូត្ររបស់សិក្ខាកាម។
  • សំណួរសាកល្បង៖ នៅចុងបញ្ចប់នៃមេរៀននីមួយៗ មានសំណួរគន្លឹះមួយចំនួនដើម្បីវាយតម្លៃការសិក្សារបស់សិក្ខាកាម។ ចម្លើយត្រឹមត្រូវមាននៅចុងបញ្ចប់នៃសំណួរ។ ក្រៅពីសំណួរសាកល្បងសម្រាប់មេរៀន ក៏មានសំណួរសាកល្បងសម្រាប់មុន និងក្រោយវគ្គ (ឧបសម្ព័ន្ធទី១) សម្រាប់ធ្វើការវាយតម្លៃការយល់ដឹងរបស់សិក្ខាកាម មុន និងក្រោយពេលវគ្គបណ្តុះបណ្តាល។
  • ទម្រង់វាយតម្លៃវគ្គប្រចាំថ្ងៃ(ឧបសម្ពន្ឋ័ទី២) សម្រាប់សិក្ខាកាមបំពេញរាល់ថ្ងៃ ដើម្បីប្រមូលមតិកែលម្អអំពីការរៀបចំ ការសម្របសម្រួល ខ្លឹមសារវគ្គបណ្តុះបណ្តាល និងការអនុវត្តនូវចំណេះ និងជំនាញ។
  • ទម្រង់វាយតម្លៃការចុះអនុវត្តន៍នៅមូលដ្ឋាន(ឧបសម្ពន្ឋ័ទី៣) សម្រាប់សិក្ខាកាមបំពេញ នៅពេលចុងបញ្ចប់នៃការចុះអនុវត្តន៍ ដើម្បីប្រមូលមតិកែលម្អអំពីការរៀបចំ ការគ្រប់គ្រង អត្ថប្រយោជន៍នៃការអនុវត្តន៍ផ្ទាល់ ក៏ដូចជាគំនិតផ្សេងៗរបស់សិក្ខាកាមបានរៀនសូត្រពេលអនុវត្តផ្ទាល់។
  • ទម្រង់តាមដានបញ្ចប់នៃវគ្គបណ្តុះបណ្តាល(ឧបសម្ពន្ឋ័ទី៤) សម្រាប់ធ្វើឡើងនៅពេលបញ្ចប់ គឺថ្ងៃចុងក្រោយនៃវគ្គ ដើម្បីប្រមូលមតិកែលម្អ និងសម្រាប់វាស់វែងលើបទពិសោធន៍រៀនសូត្ររបស់សិក្ខាកាមដោយប្រើវិធីសាស្ត្រវាយតម្លៃដោយមានការចូលរួម។
  • ឯកសារនេះ ក៏រួមមានផងដែរនូវ ឧបករណ៍សម្រាប់វាយតម្លៃអាហារូបត្ថម្ភ ទម្រង់តាមដាន អត្ថបទសម្រាប់ដើរតួសម្តែង ដែលអាចអនុវត្តក្នុងពេលបណ្តុះបណ្តាល។

ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមវគ្គបណ្តុះបណ្តាល អ្នកសម្របសម្រួលចាំបាច់គួរធ្វើការរៀបចំដូចខាងក្រោម៖

  1. ពិនិត្យ និងរៀបចំសម្ភារៈដែលត្រូវការប្រើសម្រាប់មេរៀននីមួយៗ ដូចជា៖ ក្រដាសធំ ហ្វឺតសរសេរ ស្កុត ក្រដាសA៤ បាល់ គ្រាប់សណ្តែក ផ្ទាំងរូបភាព ម៉ែត្រវ៉ាស់…៘
  2. ថតចម្លងទម្រង់វាយតម្លៃប្រចាំថ្ងៃឱ្យបានគ្រប់ចំនួនសម្រាប់សិក្ខាកាមទាំអស់
  3. បោះពុម្ពវិញ្ញាបនប័ត្របញ្ចាក់ការសិក្សាសម្រាប់សិក្ខាកាម ដោយមានចុះហត្ថលេខាបើចាំបាច់
  4. សរសេរគោលបំណងមេរៀននីមួយៗ នៅលើក្រដាសផ្ទាំងធំ មុនពេលវគ្គបណ្តុះបណ្តាល ទុកសម្រាប់បង្ហាញនៅពេលចាប់ផ្តើមមេរៀន
  5. អាន និងសិក្សានូវផែនការបង្រៀនដោយហ្មត់ចត់ ដើម្បីយល់ច្បាស់ និងអាចដឹកនាំសកម្មភាពក្នុងវគ្គ។ រៀបចំកំណត់ត្រាខ្លីៗសម្រាប់ខ្លួនឯង ដើម្បីចងចាំជំហានសំខាន់ៗ ឬចំនុចដែលត្រូវនិយាយ។
  6. រៀបចំបន្ទប់រៀន ដោយរៀបកៅអីជារាងជាអក្សរ U ឬជារង្វង់ ដែលអាចឱ្យសិក្ខាកាមមើលឃើញគ្នា ដើម្បីជំរុញការពិភាក្សា។ ព្យាយាមចៀសវាងការអង្គុយជាជួរ បែរមុខទៅរកទិសតែមួយ
  7. រៀបចំ អាហារ ភេសជ្ជៈ និងអាហារសម្រន់សម្រាប់សិក្ខាកាម
  8. រៀបចំកិច្ចការរដ្ឋបាលផ្សេងៗ (សោហ៊ុយធ្វើដំណើរ ប្រាក់ឧបត្ថម្ភ បញ្ជីវត្តមាន …៘)
  9. រៀបចំសម្រាប់“ការចុះអនុវត្តន៍នៅមូលដ្ឋាន” ដែលនឹងត្រូវធ្វើនៅថ្ងៃចុងក្រោយនៃវគ្គ។ គិតមើលថា តើនឹងចុះទៅភូមិណា? អ្នករស់នៅជាមួយមេរោគអេដស៍ណាដែលអ្នកចង់ជួប? សូមផ្តល់ព័ត៌មានអំពីពេលវេលា និងគោលបំណងរបស់អ្នក ដល់សហគមន៍ដែលអ្នកនឹងចុះទៅ។ ផ្តល់ឱកាសឱ្យសិក្ខាកាមគ្រប់អនុវត្តជំនាញដែលគេបានរៀន។

កាលវិភាគសម្រាប់ការបណ្តុះបណ្តាល(អនុសាសន៍)

កម្មវិធីបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានដែលចាំបាច់សម្រាប់អ្នកផ្តល់ប្រឹក្សា ដើម្បីផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ ការថែទាំសុខភាព និងការគាំទ្រឱ្យមានប្រសិទ្ធភាពដល់អ្នករស់នៅជាមួយមេរោគអេដស៍។ ខាងក្រោមនេះជាកាលវិភាគជាអនុសាសន៍ សម្រាប់ការបណ្តុះបណ្តាល៖

  • ថ្ងៃទី ១៖ មេរៀនទី១ ទី២ និងទី៣
  • ថ្ងៃទី ២៖ មេរៀនទី៣ និងទី៤
  • ថ្ងៃទី ៣៖ មេរៀនទី៥
  • ថ្ងៃទី ៤៖ មេរៀនទី៦ និងការរៀបចំចុះអនុវត្តន៍នៅមូលដ្ឋាន
  • ថ្ងៃទី ៥៖ ចាត់ចែងការចុះអនុវត្តន៍នៅមូលដ្ឋាន(ព្រឹក) សង្ខេប និងចែកវិញ្ញាបនប័ត្រ (រសៀល)

សូមឱ្យមានពេលវេលាគ្រប់គ្រាន់នៅក្នុងវគ្គបណ្តុះបណ្តាលដើម្បីប្រើឱ្យអស់នូវសម្ភារៈទាំងអស់។ កុំប្រញាប់ប្រញាល់។ ប្រសិនបើមិនអាចផ្តល់វគ្គបណ្តុះបណ្តាលក្នុងរយៈពេល៥ថ្ងៃជាប់គ្នាទេ អ្នកអាចពិចារណាបែងចែកជា៣វគ្គដែលមានរយៈពេល២ថ្ងៃក្នុងមួយវគ្គ។

កាលវិភាគសម្រាប់វគ្គបណ្តុះបណ្តាល

ថ្ងៃទី១

ម៉ោង

រយៈពេល

មេរៀន

៨.០០-៨.៤០

៤០ នាទី

កម្មវិធីបើកវគ្គ (បើកកម្មវិធី ទិដ្ឋភាពទូទៅ និងល្បែងថាមពល)

៨.៤០-៩.០០

២០ នាទី

សំណួរសាកល្បងមុនពេលរៀន

៩.០០-៩.៣០

៣០ នាទី

មេរៀនទី១៖ សេចក្តីផ្តើមនៃកញ្ចប់សម្ភារៈអាហារល្អ– គោលបំណងរបស់កញ្ចប់សម្ភារៈអាហាល្អ

៩.៣០-៩.៤៥

១៥ នាទី

សម្រាក

៩.៤៥ -១០.០០

១៥ នាទី

មេរៀនទី១៖ សេចក្តីផ្តើមនៃកញ្ចប់សម្ភារៈអាហារល្អ– ក្រុមគោលដៅ និងក្រុមគោលដៅចំបងសម្រាប់ប្រឹក្សាផ្នែកអាហារូបត្ថម្ភ

១០.០០-១០.១៥

១៥ នាទី

មេរៀនទី១៖ សេចក្តីផ្តើមនៃកញ្ចប់សម្ភារៈអាហារល្អ ខ្លឹមសាររបស់កញ្ចប់សម្ភារៈអាហារល្អ

១០.១៥-១០.៣០

១៥ នាទី

មេរៀនទី២៖ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ
ពាក្យមូលដ្ឋានសំខាន់ៗរបស់អាហារូបត្ថម្ភ

១០.៣០-១១.៣០

៦០ នាទី

មេរៀនទី២៖មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ– អាហារទាំង៣ក្រុម

១១.៣០-១៣.៣០

១២០ នាទី

សម្រាកអាហារថ្ងៃត្រង់

១៣.៣០-១៤.០០

៣០ នាទី

មេរៀនទី២៖ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ– តម្រូវការថាមពល

១៤.០០-១៥.០០

៦០ នាទី

មេរៀនទី២៖ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ– អាហារូបត្ថម្ភក្នុងវដ្តជីវិត

១៥.០០-១៥.១៥

១៥ នាទី

សម្រាក

១៥.១៥-១៦.០០

៤៥ នាទី

មេរៀនទី២៖ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ– អាហារូបត្ថម្ភក្នុងវដ្តជីវិត

១៦.០០-១៦.៣០

៣០ នាទី

មេរៀនទី៣៖ អាហារូបត្ថម្ភ និងមេរោគអេដស៍– ទំនាក់ទំនងរវាងមេរោគអេដស៍ និងអាហារូបត្ថម្ភ

១៦.៣០-១៧.០០

៣០ នាទី

សរុបប្រចាំថ្ងៃ និងការវាយតម្លៃវគ្គប្រចាំថ្ងៃ

១៧.០០

ចប់ថ្ងៃទី១

ថ្ងៃទី២

ម៉ោង

រយៈពេល

មេរៀន

៨.០០-៨.១៥

១៥ នាទី

រំលឹកមេរៀនថ្ងៃទី១

៨.១៥-៨.៤៥

៣០ នាទី

មេរៀនទី៣៖ អាហារូបត្ថម្ភ និងមេរោគអេដស៍– តម្រូវការថាមពល និងកំណើនភាគរយសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍

៨.៤៥-៩.៣០

៤៥ នាទី

មេរៀនទី៣៖ អាហារូបត្ថម្ភ និងមេរោគអេដស៍– វដ្តនៃជំងឺអេដស៍ ភាពចុះខ្សោយនៃអាហារូបត្ថម្ភ និងការឆ្លងជំងឺ

៩.៣០-៩.៤៥

១៥ នាទី

សម្រាក

៩.៤៥-១០.៣០

៤៥ នាទី

មេរៀនទី៣៖ អាហារូបត្ថម្ភ និងមេរោគអេដស៍– ព័ត៌មានមិនពិតអំពីអាហារូបត្ថម្ភ សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍

១០.៣០-១១.៣០

៦០ នាទី

មេរៀនទី៤៖ មនុស្សមាត្រវិធី– ការប៉ាន់វាយតម្លៃបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់មនុស្សពេញវ័យ

១១.៣០-១៣.៣០

១២០ នាទី

អាហារថ្ងៃត្រង់

១៣.៣០-១៥.០០

៩០ នាទី

មេរៀនទី៤៖ មនុស្សមាត្រវិធី– ការវាយតម្លៃបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារ

១៥.០០-១៥.១៥

១៥ នាទី

សម្រាក

១៥.១៥-១៦.៣០

៧៥ នាទី

មេរៀនទី៤៖ មនុស្សមាត្រវិធី– ការវាយតម្លៃបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារ

១៦.៣០-១៧.០០

៣០ នាទី

សរុបប្រចាំថ្ងៃ និងការវាយតម្លៃវគ្គប្រចាំថ្ងៃ

១៧.០០

ចប់ថ្ងៃទី២

ថ្ងៃទី៣

ម៉ោង

រយៈពេល

មេរៀន

៨.០០-៨.១៥

១៥ នាទី

រំលឹកមេរៀនថ្ងៃទី២

៨.១៥-៩.៣០

៧៥ នាទី

មេរៀនទី៥៖ របៀបប្រើប្រាស់កញ្ចប់សម្ភារៈអាហារល្អ– ជំហានទាំង៥នៃការផ្តល់ប្រឹក្សា

៩.៣០-៩.៤៥

១៥ នាទី

សម្រាក

៩.៤៥-១១.០០

៧៥ នាទី

មេរៀនទី៥៖ របៀបប្រើប្រាស់កញ្ចប់សម្ភារៈអាហារល្អ– ការប្រើប្រាស់ប័ណ្ណអាហារតូច

១១.០០-១១.៣០

៣០ នាទី

មេរៀនទី៥៖ របៀបប្រើប្រាស់កញ្ចប់សម្ភារៈអាហារល្អ– ការប្រើប្រាស់ប័ណ្ណអាហារធំ

១១.៣០-១៣.៣០

១២០ នាទី

អាហារថ្ងៃត្រង់

១៣.៣០-១៣.៤០

១០ នាទី

ល្បែងថាមពល

១៣.៤០-១៥.០០

៨០ នាទី

មេរៀនទី៥៖ របៀបប្រើប្រាស់កញ្ចប់សម្ភារៈអាហារល្អ– ការបំពេញទម្រង់តាមដាន

១៥.០០-១៥.១៥

១៥ នាទី

សម្រាក

១៥.១៥-១៦.៣០

៧៥ នាទី

មេរៀនទី៥៖ របៀបប្រើប្រាស់កញ្ចប់សម្ភារៈអាហារល្អ– ការបំពេញទម្រង់តាមដាន

១៦.៣០-១៧.០០

៣០ នាទី

សរុបប្រចាំថ្ងៃ និងការវាយតំលៃប្រចាំថ្ងៃ

១៧.០០

ចប់ថ្ងៃទី៣

ថ្ងៃទី៤

ម៉ោង

រយៈពេល

មេរៀន

៨.០០-៨.១៥

១៥ នាទី

រំលឹកមេរៀនថ្ងៃទី៣

៨.១៥-៩.៣០

៧៥ នាទី

មេរៀនទី៦៖ ការរស់នៅប្រកបដោយសុខភាពល្អសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍– ប័ណ្ណរស់នៅប្រកបដោយសុខភាពល្អ

៩.៣០-៩.៤៥

១៥ នាទី

សម្រាក

៩.៤៥-១១.៣០

១០៥ នាទី

មេរៀនទី៦៖ ការរស់នៅប្រកបដោយសុខភាពល្អ សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍– ប័ណ្ណរស់នៅប្រកបដោយសុខភាពល្អ

១១.៣០-១៣.៣០

១២០ នាទី

អាហារថ្ងៃត្រង់

១៣.៣០-១៣.៤០

១០ នាទី

ល្បែងថាមពល

១៣.៤០-១៥.០០

៨០ នាទី

មេរៀនទី៦៖ ការរស់នៅប្រកបដោយសុខភាពល្អ សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍– មូលដ្ឋានគ្រឹះនៃជំនាញក្នុងការប្រាស្រ័យទាក់ទង

១៥.០០-១៥.១៥

១៥ នាទី

សម្រាក

១៥.១៥-១៦.១៥

៦០ នាទី

រៀបចំសម្រាប់ការចុះអនុវត្តន៍នៅមូលដ្ឋាន

១៦.១៥-១៦.៣៥

២០ នាទី

សំណួរសាកល្បងក្រោយមេរៀន

១៦.៣៥-១៧.០០

២៥ នាទី

សរុបប្រចាំថ្ងៃ

១៧.០០

ចប់ថ្ងៃទី៤

ថ្ងៃទី៥

ម៉ោង

រយៈពេល

មេរៀន

៨.០០-១១.៣០

២១០ នាទី

ការអនុវត្តន៍នៅមូលដ្ឋាន

១១.៣០-១៣.៣០

១២០ នាទី

សម្រាកអាហារថ្ងៃត្រង់

១៣.៣០-១៤.៣០

៦០ នាទី

សំណួរពាក់ព័ន្ធនឹងការអនុវត្តន៍នៅមូលដ្ឋាន

១៤.៣០-១៥.០០

៤០ នាទី

វាយតម្លៃវគ្គបណ្តុះបណ្តាល និងការអនុវត្តន៍ផ្ទាល់នៅមូលដ្ឋាន

១៥.០០-១៥.១៥

១៥ នាទី

សម្រាក

១៥.១៥-១៦.០០

៤៥ នាទី

កម្មវិធីចែកវិញ្ញាបនបត្របញ្ចាក់ការសិក្សា

១៦.០០-១៧.០០

៦០ នាទី

សរុប និងបិទកម្មវិធី

១៧.០០

ចប់វគ្គបណ្តុះបណ្តាល

ការបណ្តុះបណ្តាលគ្រូបង្គោល

មេរៀនសម្រាប់បណ្តុះបណ្តាលនេះគួរតែប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលគ្រប់កម្រិតរួមទាំងការបណ្តុះបណ្តាលគ្រូបង្គោល។ វិធីសាស្ត្រ និងសកម្មភាពផ្សេងៗដែលបានប្រើក្នុងវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិកសេវាសុខភាពកម្រិតមូលដ្ឋាន នៅតាមសហគមន៍ និងផ្ទះរបស់អ្នករស់នៅជាមួយមេរោគអេដស៍។ សកម្មភាពភាគច្រើនទាក់ទងនឹងការធ្វើបទបង្ហាញមេរៀនតាមរយៈ ការស្តាប់ ការមើល ការធ្វើបទបង្ហាញខ្លីៗ ការពិភាក្សារូបភាព ការធ្វើបង្ហាញ ល្បែង ការសម្តែងតួ និងលំហាត់អនុវត្តន៍។

ការបណ្តុះបណ្តាលគ្រូបង្គោលគួរធ្វើនៅដំណាក់កាលទីពីរ។ ក្នុងដំណាក់កាលទីមួយសិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃពេញ។ សិក្ខាកាមដែលជាអនាគតគ្រូបង្គោលក៏គួរតែឆ្លងកាត់នូវសកម្មភាពបណ្តុះបណ្តាលដូចគ្នាដែរ។ ត្រូវទុកពេលវេលាឱ្យសិក្ខាកាមបានអនុវត្តន៍នូវអ្វីដែលពួកគេបានរៀនក្នុងរយៈពេល៥ថ្ងៃ។ សិក្ខាកាមគួរចាំបាច់អនុវត្តន៍ផ្ទាល់ឱ្យបានយ៉ាងតិច៦ខែ បន្ទាប់ពីការបណ្តុះបណ្តាលលើកទី១ មុនពេលទទួលយកការបណ្តុះបណ្តាលបន្ទាប់។

ក្នុងដំណាក់កាលទីពីរ សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលបន្ថែមដើម្បីធានាថាពួកគេមានជំនាញ និងទំនុកចិត្តលើសមត្ថភាពខ្លួនឯង ក្នុងការបណ្តុះបណ្តាល និងផ្តល់ព័ត៌មានដល់អ្នកផ្សេងៗទៀត។ ការបណ្តុះបណ្តាលកម្រិតនេះផ្តល់ឱកាសជាច្រើនដល់សិក្ខាកាមដែលជាអនាគតគ្រូបង្គោល ដើម្បីបណ្តុះបណ្តាលគ្នាទៅវិញទៅមក ដោយអនុវត្តន៍នូវអ្វីដែលពួកគេបានរៀន។

គម្រោងមេរៀនទី១

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀន សិក្ខាកាមនឹងអាចរៀបរាប់អំពី៖

  1. គោលបំណងនៃកញ្ចប់សម្ភារៈអាហារល្អ
  2. ក្រុមគោលដៅត្រឹមត្រូវសម្រាប់ការធ្វើការប្រឹក្សាអំពីអាហារូបត្ថម្ភដោយប្រើប្រាស់កញ្ចប់សម្ភារៈនេះ
  3. សមាសភាពចម្បងៗដែលមាននៅក្នុងកញ្ចប់សម្ភារៈអាហារល្អ

មាតិកា

  • ប្រវត្តិរបស់ “កញ្ចប់សម្ភារៈអាហារល្អ”
  • គោលបំណងនៃការប្រើ “កញ្ចប់សម្ភារៈអាហារល្អ”
  • ក្រុមគោលដៅនៃ “កញ្ចប់សម្ភារៈអាហារល្អ”
  • ខ្លឹមសារនៃ “កញ្ចប់សម្ភារៈអាហារល្អ”
  • សំណួរសាកល្បង

វិធីសាស្ត្របង្រៀន

  • ការបំផុសគំនិត
  • ការធ្វើបង្ហាញ
  • ការពិភាក្សាក្រុម និង
  • ការធ្វើបទបង្ហាញរបស់សិក្ខាកាម

សម្ភារៈជំនួយបង្រៀន

  • “កញ្ចប់សម្ភារៈអាហារល្អ”
  • ច្បាប់ចម្លងនៃកូនសៀវភៅស្តីពី “ការថែទាំខ្លួនឯង” របស់អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI)
  • ច្បាប់ចម្លងនៃឯកសារជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពី “អាហារូបត្ថម្ភ និងមេរោគអេដស៍របស់អង្គការខាណា (KHANA)”
  • ច្បាប់ចម្លងនៃសៀវភៅស្តីពី “ការចិញ្ចឹមបីបាច់បន្ថែមសម្រាប់ក្មេងអាយុពី៦ទៅ២៣ខែ” របស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO)
  • ច្បាប់ចម្លងនៃសៀវភៅផ្ទាំងរូបភាពស្តីពី “ការលើកកម្ពស់ ការគាំទ្រការចញ្ចឹម និងថែទាំទារក និងកុមារតូចៗនៅក្នុងសហគមន៍ស្រឡាញ់ទារក (BFCI)” របស់កម្មវិធីជាតិអាហារូបត្ថម្ភ
  • ច្បាប់ចម្លងស្តីពី “ឯកសារជំនួយបង្ហាញការដាំស្ល”
  • ក្រដាសផ្ទាំងធំ ឬក្តារខៀន
  • ហ្វឺតសម្រាប់សរសេរ
  • ស្ទីកគ័រពណ៌

រយៈពេល៖ ១ ម៉ោង

ការវាយតម្លៃ៖ សំណួរសាកល្បង

គម្រោងមេរៀនទី២

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀន សិក្ខាកាមនឹងអាច៖

  1. កំណត់និយមន័យពាក្យគន្លឹះទាក់ទងនឹងមូលដ្ឋាននៃអាហារូបត្ថម្ភ
  2. ប្រាប់ឈ្មោះក្រុមអាហារទាំងបីក្រុមដោយរៀបរាប់ពីតួនាទីរបស់ក្រុមអាហារនីមួយៗ
    នៅក្នុងរាងកាយ និងផ្តល់ឧទាហរណ៍ដែលមាននៅក្នុងអាហារក្រុមនីមួយៗ
  3. អាចរៀបរាប់បានថា “តើថាមពលជាអ្វី” និងរៀបរាប់ពីតម្រូវការថាមពលសម្រាប់ក្រុមមនុស្សផ្សេងគ្នា
  4. យល់អំពីការផ្លាស់ប្តូរនៃតម្រូវការអាហារូបត្ថម្ភក្នុងវដ្តជីវិតរបស់មនុស្ស

មាតិកា

  • មូលដ្ឋាននៃអាហារូបត្ថម្ភ
  • អាហារទាំងបីក្រុម
  • អាចរៀបរាប់បានថា “តើថាមពលជាអ្វី?”
  • យល់អំពីការផ្លាស់ប្តូរនៃតម្រូវការអាហារូបត្ថម្ភក្នុងវដ្តជីវិតរបស់មនុស្ស
  • ការចិញ្ចឹមទារក

វិធីសាស្ត្របង្រៀន

  • ការធ្វើបទបង្ហាញដោយមានការចូលរួម
  • ការបំផុសគំនិត
  • ពិភាក្សាក្រុម
  • ល្បែង

សម្ភារៈជំនួយបង្រៀន

  • “កពា្ចប់សម្ភារៈអាហារល្អ”
  • ផ្ទាំងរូបភាពអំពីអាហារទាំងបីក្រុមរបស់អង្គការ ហេឡែនខេលល័រអន្តរជាតិ/កម្មវិធីជាតិអាហារូបត្ថម្ភ
  • ក្រដាសផ្ទាំងធំ ឬក្តារខៀនសម្រាប់សរសេរហ្វឺត
  • ហ្វឺតសម្រាប់សរសេរ
  • កូនបាល់
  • រូបភាពបាយក្នុងចានយកចេញពីកញ្ចប់សម្ភារៈ
  • រូបភាពដើមស្រូវដែលលូតលាស់ល្អ (ខ្ពស់) និងលូតលាស់មិនល្អ (ទាប)
  • បង់ស្អិត ឬម្ជុល

រយៈពេល៖ ៣ ម៉ោងកន្លះ

ការវាយតម្លៃ៖ សំណួរសាកល្បង

គម្រោងមេរៀនទី៣

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀន សិក្ខាកាមនឹងអាច៖

  1. យល់អំពីទំនាក់ទំនងរវាងមេរោគអេដស៍ និងអាហារូបត្ថម្ភ
  2. រៀបរាប់ពីវដ្តនៃមេរោគអេដស៍ បញ្ហាកង្វះអាហារូបត្ថម្ភ និងការឆ្លងរោគ
  3. ពិភាក្សាអំពីកត្តារារាំងក្នុងការទទួលបានអាហារូបត្ថម្ភល្អ
  4. ពិភាក្សាពីវិធី៧យ៉ាងដើម្បីបង្កើន ឬរក្សាទម្ងន់ប្រកបដោយសុខភាពល្អ (មនុស្សពេញវ័យ និងកុមារ) ឬដើម្បីរក្សាឱ្យមានការលូតលាស់ល្អ (កុមារ)
  5. យល់ដឹងអំពីព័ត៌មានមិនត្រឹមត្រូវអំពីមេរោគអេដស៍ និងអាហារ និងផ្តល់ព័ត៌មានត្រឹមត្រូវ

មាតិកា

  • ទំនាក់ទំនងរវាងមេរោគអេដស៍ អាហារូបត្ថម្ភ និងការឆ្លងរោគ
  • ថាមពលបន្ថែមដែលជាតម្រូវការទាមទារបស់អ្នករស់នៅជាមួយមេរោគអេដស៍
  • ឱសថប្រឆាំងនឹងមេរោគអេដស៍ និងអាហារូបត្ថម្ភ
  • របៀបថែរក្សាទម្ងន់ (មនុស្សពេញវ័យ) ឬរក្សាការលូតលាស់ល្អ (កុមារ) ឬដើម្បីបង្កើន និងរក្សាទម្ងន់ឱ្យនៅធម្មតា (មនុស្សពេញវ័យ និងកុមារ)
  • ការយល់ខុសអំពីអាហារូបត្ថម្ភ និងព័ត៌មានដែលត្រឹមត្រូវពិត

វិធីសាស្ត្របង្រៀន

  • ដោយមានការចូលរួម
  • ការបំផុសគំនិត
  • បទបង្ហាញ
  • ល្បែង
  • ការពិភាក្សាក្រុមតូចៗ
  • ការពិភាក្សាដោយចំហក្នុងក្រុមធំ

សម្ភារៈជំនួយបង្រៀន

  • គោលបំណងមេរៀនដែលបានសរសេរលើក្រដាសផ្ទាំងធំ
  • បណ្ណ័ពណ៌ស្វាយបង្ហាញពីគ្រឿងផ្សំដែលជួយបង្កើនថាមពលមកពីកញ្ចប់សម្ភារៈ
  • រូបភាពចានសម្លមកពីកញ្ចប់សម្ភារៈ និងឯកសារសម្រាប់បណ្តុះបណ្តាល
  • រូបភាពបាយពីកញ្ចប់សម្ភារៈ
  • ក្រដាសផ្ទាំងធំ ក្រដាសតូច បង់ស្អិត និងហ្វឺត

រយៈពេល៖ ២ ម៉ោងកន្លះ

ការវាយតម្លៃ៖ សំណួរសាកល្បង

គម្រោងមេរៀនទី៤

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀន សិក្ខាកាមនឹងអាច៖

  1. ប្រាប់ពីវិធី ៣យ៉ាងក្នុងការប៉ាន់ប្រមាណកម្រិតអាហារូបត្ថម្ភរបស់មនុស្សពេញវ័យ និងកុមារ
  2. វាស់ និងកត់ត្រាបានត្រឹមត្រូវនូវកម្ពស់ និងទម្ងន់របស់មនុស្សពេញវ័យ
  3. គណនាសន្ទស្សន៍ម៉ាស់រាងកាយ(BMI) ដោយប្រើកម្ពស់ និងទម្ងន់របស់មនុស្សពេញវ័យ
  4. វាស់ កត់ត្រា និងបកស្រាយរង្វាស់ពាក់កណ្តាលដើមដៃស្ត្រីមានផ្ទៃពោះ ឬទើបសម្រាលកូនរួចក្នុងអំឡុង៦ខែ និងកុមារអាយុពី ៦-៥៩ខែ
  5. វាស់ និងបកស្រាយប្រវែង កម្ពស់ និងទម្ងន់កុមារអាយុចាប់ពី ៦-៥៩ ខែ និងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុរបស់កុមារអាយុចាប់ពី ៥-១៩ ឆ្នាំ

មាតិកា

  • ហេតុអ្វីបានជាត្រូវវាយតម្លៃកម្រិតអាហារូបត្ថម្ភរបស់អ្នករស់នៅជាមួយមេរោគអេដស៍?
  • បញ្ហាកង្វះអាហារូបត្ថម្ភរបស់អ្នករស់នៅជាមួយមេរោគអេដស៍
  • វិធីប៉ាន់ប្រមាណបញ្ហាកង្វះអាហារូបត្ថម្ភរបស់អ្នករស់នៅជាមួយមេរោគអេដស៍
  • ការវាស់មនុស្សពេញវ័យ
  • ការវាស់កុមារ និងក្មេងជំទង់

វិធីសាស្ត្របង្រៀន

  • បទបង្ហាញ
  • ការធ្វើបង្ហាញ
  • ការអនុវត្តន៍ផ្ទាល់

សម្ភារៈជំនួយបង្រៀន

  • គោលបំណងមេរៀនដែលបានសរសេរលើក្រដាសផ្ទាំងធំ
  • សៀវភៅគ្របរឹង ឬក្ដារតម្បៀតខ្ទាស់ ទំហំប៉ុនគ្នា (មួយសម្រាប់មួយក្រុម)
  • តារាងទម្ងន់គំរូ របស់មន្ទីរព្យាបាលជំងឺឱកាសនិយម/ព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេសដ៍
  • តារាងសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់មនុស្សពេញវ័យ (មួយសម្រាប់សិក្ខាកាមម្នាក់)
  • តារាងសន្ទស្សន៍ម៉ាស់រាងកាយកុមារ និងក្មេងជំទង់
  • ម៉ាស៊ីនគិតលេខ
  • បង់ស្អិត ក្រដាសផ្ទាំងធំ ប៊ិច ឬហ្វឺតដែលមានចុងតូច ហ្វឺតពណ៌ ប៊ិចសេរសេរ និងប៊ិចចុងធំ
  • ម៉ែត្រវាស់ (ស.ម) (ម៉ែត្រ១សម្រាប់សិក្ខាកាមមួយក្រុមតូច)
  • រង្វាស់ពាក់កណ្តាលដើមដៃសម្រាប់កុមារអាយុ៦–៥៩ខែ
  • ម៉ែត្ររង្វាស់ពាក់កណ្តាលដើមដៃសម្រាប់មនុស្សពេញវ័យ
  • ក្តាររង្វាស់កម្ពស់ និងទម្ងន់
  • ជញ្ជីងយូនីស្កេល
  • ជញ្ជីងថ្លឹងទារក
  • កំណត់ត្រាសុខភាពរបស់អង្គការសុខភាពពិភពលោក
  • ទារកជ័រសម្រាប់ការហាត់វាស់ ឬអ្នកក្នុងភូមិដែលអាចឱ្យសិក្ខាកាមហាត់វាស់បាន (បើសមស្រប)

រយៈពេល៖ ៣ម៉ោង ៤៥នាទី

ការវាយតម្លៃ៖ សំណួរសាកល្បង

គម្រោងមេរៀនទី៥

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀន សិក្ខាកាមនឹងអាច៖

  1. ធ្វើបទបង្ហាញពីជំហានទាំង៥សម្រាប់ការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ
  2. បំពេញទម្រង់តាមដានកញ្ចប់សម្ភារៈ

មាតិកា

  • ខ្លឹមសារកញ្ចប់សម្ភារៈអាហារល្អ
  • ជំហានទាំង៥សម្រាប់ការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ
  • អនុវត្តន៍ទ្រឹស្តី៖ ការសំដែងតួ

វិធីសាស្ត្របង្រៀន

  • រំលឹកមេរៀន
  • បទបង្ហាញ
  • ការធ្វើបង្ហាញ
  • លំហាត់អនុវត្តន៍ផ្ទាល់

សម្ភារៈជំនួយបង្រៀន

  • កញ្ចប់សម្ភារៈអាហារល្អ (សិក្ខាកាមម្នាក់មួយច្បាប់)
  • គោលបំណងមេរៀនដែលបានសរសេរលើក្រដាសផ្ទាំងធំ
  • ទម្រង់តាមដានការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ (៣ច្បាប់សម្រាប់សិក្ខាកាមម្នាក់ៗ)
  • ទម្រង់តាមដានសរសេរនៅលើក្រដាសផ្ទាំងធំ២សន្លឹក ឬលើក្តារខៀន ឬឧបករណ៍បញ្ចាំងស្លាយ
  • ជំហាននៃការផ្តល់ប្រឹក្សាស្តីពីអាហារូបត្ថម្ភនៅលើក្រដាសផ្ទាំងធំ ឬក្តារខៀន
  • រូបផ្កាយធ្វើពីក្រដាសពណ៌
  • ហ្វឺតសរសេរ
  • បង់ស្អិត

រយៈពេល៖ ៥ម៉ោង ៣៥នាទី

ការវាយតម្លៃ៖ សំណួរសាកល្បង

គម្រោងមេរៀនទី៦

គោលបំណងមេរៀន

នៅចុងបញ្ចប់នៃមេរៀន សិក្ខាកាមនឹងអាច៖

  1. រៀបរាប់ពីសារៈសំខាន់នៃការអនុវត្តការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីរក្សាទម្ងន់ និងសុខភាពឱ្យបានល្អ
  2. រៀបរាប់អំពីរបបអាហារ និងវិធីសាស្ត្រគ្រប់គ្រងរោគសញ្ញាមេរោគអេដស៍
  3. ស្វែងយល់អំពីជំនាញនៃការទំនាក់ទំនងល្អ និងពីរបៀបប្រើជំនាញនេះ
    ក្នុងការប្រឹក្សាយោបល់
  4. ប្រើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អដើម្បីប្រឹក្សាយោបល់ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងរបៀបរស់នៅស្អាតដើម្បីបង្ការជំងឺ
  5. ប្រើប័ណ្ណរស់នៅប្រកបដោយសុខភាពល្អដែលសមស្របសម្រាប់ប្រឹក្សាយោបល់ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ ទៅតាមស្ថានភាពជាក់ស្តែងរបស់គាត់។

មាតិកា

  • ការរស់នៅប្រកបដោយសុខភាពល្អសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍
  • របបអាហារ និងវិធីសាស្ត្រផ្សេងៗ ដើម្បីគ្រប់គ្រងរោគសញ្ញាមេរោគអេដស៍
  • ការប្រឹក្សាយោបល់ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ អំពីការរស់នៅប្រកបដោយសុខភាពល្អ
  • ជំនាញទំនាក់ទំនងល្អ

វិធីសាស្ត្របង្រៀន

  • ការធ្វើបង្ហាញ
  • ការធ្វើបទបង្ហាញ
  • ការពិភាក្សា ល្បែង និងការសម្តែងតួ

សម្ភារៈជំនួយបង្រៀន

  • គោលបំណងមេរៀនដែលបានសរសេរលើក្រដាសផ្ទាំងធំ
  • ក្រដាសផ្ទាំងធំ ឬក្តារខៀន និងហ្វឺតសម្រាប់សរសេរ
  • ក្រដាសរ៉ាមទំហំA៤ ប៊ិច និងខ្មៅដៃសម្រាប់សិក្ខាកាមម្នាក់
  • ទម្រង់តាមដានសរសេរលើក្រដាសផ្ទាំងធំ(ដូចក្នុងមេរៀនទី៥)
  • ថង់សណ្តែក(យ៉ាងតិចត្រូវមានសណ្តែក១៥គ្រាប់សម្រាប់សិក្ខាកាមម្នាក់ )
  • រង្វាន់សម្រាប់អ្នកឈ្នះល្បែងបើអាចបង្ហាញពីរបៀបលាងដៃទឹកស្អាត (ឬធុងទឹក និងការដងទឹក)
  • សាប៊ូដុំ ឬផេះ

រយៈពេល៖ ៤ ម៉ោង ២០នាទី

ការវាយតម្លៃ៖ សំណួរសាកល្បង

Did you find apk for android? You can find new Free Android Games and apps.